“​សីលធម៌​” នៅ​កន្លែងធ្វើការ​

 
 

​រឿង​ដំបូង​គេ​ដែល​យើង​គួរ​យល់​ដឹង​នោះ​គឺថា គ្មាន​វិធីសាស្ត្រ​ដ៏​អស្ចារ្យ​ណាមួយ​អាច​បង្កើត​អោយ​មនុស្ស​មាន “​សីលធម៌​ល្អ​” ក្នុង​រយៈពេល​តែ​មួយ​យប់​ឡើយ​។

ដើម្បី​ទទួលបាន​សីលធម៌​ដ៏​ល្អ​សម្រាប់​ការងារ​ក្នុង​ការិយាល័យ អ្នក​គួរតែ​ធ្វើ​តាម​ការណែនាំ​ដូចខាងក្រោម​នេះ ៖

​ទំនាក់ទំនង​ដោយ​បើកចំហ​
​អ្នកគ្រប់គ្រង និង​ប្រធាន​គួរតែ​មាន​ការបើកចំហ​ទៅ​លើ​ទំនាក់ទំនង​ជាមួយ​បុគ្គលិក​របស់​ខ្លួន​។ តាមរយៈ​ការបើកចំហ​បែបនេះ យើង​មិនមែន​មានន័យថា ជា​ការស្រែក​គំហក​ដាក់គ្នា​នោះទេ​។ វា​គួរតែ​ជា​ទំនាក់ទំនង​ដែល​មនុស្ស​ទាំង​សងខាង​គួរតែ​អាច​បង្ហាញ​ទស្សនៈ​របស់​ខ្លួន​យ៉ាង​ស្រួល​ដោយ​គ្មាន​ការហាមឃាត់​អ្វី​ទាំងអស់​។

​ការលើកសរសើរ​
​ប្រធាន​គួរតែ​បង្ហាញ​អំពី​ការលើកទឹកចិត្ត និង​ទទួលស្គាល់​ទៅលើ​ការងារ​ដ៏​ឆ្លាត​វៃ​ទាំងអស់​របស់​បុគ្គលិក​ខ្លួន​។ ធ្វើ​ការងារ​បាន​ល្អ និង​ទទួលបាន​លទ្ធផល​លើស​កម្រិត​មធ្យម​គួរតែ​ទទួលបាន​នូវ​ការសរសើរ លើកទឹកចិត្ត និង​មាន​ការអបអរ​។ ការបង្ហាញ​នូវ​ការលើក​សរសើរ​នេះ​អាច​ធ្វើឡើង​តាម​ច្រើន​បែប ច្រើន​វិធី ហើយ​វា​មិនមែន​ចេះតែ​អាចធ្វើ​បាន​តាមរយៈ​ការដំឡើង​ប្រាក់ខែ ឬ​លុយ​បន្ថែម​នោះ​ទេ​។ រឿង​ធម្មតាៗ ដូច​ជា​ការ​សន្ទនា​គ្នា​ទៅវិញទៅមក​ដោយ​ស្មោះត្រង់ ឬ​ការ​ទះ​ស្មា​អោយ​គ្នា​ដោយ​បង្ហាញ​ប្រាប់​គេ​ថា គេ​ធ្វើការ​បាន​ល្អ ច្រើន​តែ​គ្រប់គ្រាន់​ហើយ​សម្រាប់​សីលធម៌​នៅក្នុង​កន្លែងធ្វើការ​។

​សកម្មភាព​បង្កើត​ក្រុមការងារ​
​ការបង្កើត​ក្រុម​ការងារ គឺជា​វិធីសាស្ត្រ​ដ៏​សំខាន់​មួយ​នៃ​ការថែរក្សា​អោយបាន​នូវ​សីលធម៌​ខ្ពស់​ចំពោះ​បុគ្គលិក​។ វា​នឹង​ជម្រុញ​អោយមាន​ការងារ​ជា​ក្រុម ហើយ​មនុស្ស​ជាច្រើន​នឹង​ធ្វើការ​ជាមួយគ្នា​ដើម្បី​សម្រេច​នូវ​គោលដៅ​រួមមួយ​។ ការងារ​ជា​ក្រុម​ដ៏​ល្អ​ភាគច្រើន​តែងតែ​ផ្តល់​នូវ​លទ្ធផល​ល្អ​ដែរ​។ ការប្រើប្រាស់​ពេលវេលា​ខ្លះ​ដើម្បី​បង្កើត​ក្រុមការងារ​មួយ​ដូចជា ការធ្វើដំណើរ ការច្នៃប្រឌិត​ការងារ​នៅ​ខាងក្រៅ សកម្មភាព​ជា​ក្រុម សុទ្ធ​តែ​នឹង​ជួយ​បង្កើន​សីលធម៌​ដល់​បុគ្គលិក​បាន​ទាំងអស់​។

​ការពារ​បុគ្គលិក​
​បុគ្គលិក​ត្រូវការ​ប្រធាន ឬ​អ្នក​ធ្វើការ​ចាស់​ណែនាំ​អោយ​យល់ដឹង​អំពី​ស្ថានភាព​ដែល​ពិបាកៗ​។ ក្នុងនាម​ជា​ប្រធាន វា​គឺជា​តួនាទី​របស់​អ្នក​ហើយ​ដែល​ត្រូវ​ពន្យល់ និង​បង្ហាញ​បុគ្គលិក​របស់​ខ្លួន​ក្នុងករណី​ដែល​មាន​ជម្លោះ​ជាមួយ​អតិថិជន ឬ​បញ្ហា​ណា​ផ្សេង​ដែល​ស្រដៀង​គ្នា​។ បុគ្គលិក​នឹង​អរគុណ​អ្នក​យ៉ាងខ្លាំង​ចំពោះ​ការគាំទ្រ  ជាពិសេស​ការគ្រប់គ្រង​លើ​ស្ថានភាព​ផ្សេងៗ ព្រមទាំង​យល់ដឹង​អំពី​ចំណុច​ខ្វះខាត​របស់​ពួកគេ​តែម្តង​។

​តុល្យភាព​ជីវិត​ការងារ​
​អ្នកគ្រប់គ្រង​គួរតែ​មាន​ការយល់ដឹង​គ្រប់គ្រាន់​ថា បុគ្គលិក​នីមួយៗ​មានជីវិត​រស់នៅ​ខាង​ក្រៅ​ខុសៗ​គ្នា​។ រាល់​ជំហាន​ទាំងអស់​គួរតែ​អោយ​ប្រាកដថា បុគ្គលិក​អាច​មាន​សមត្ថភាព​ទទួល​បាន​តុល្យភាព​ល្អ​មួយ​រវាង​ជំនាញ និង​ជីវិត​ផ្ទាល់ខ្លួន​របស់​ពួកគេ​។ មាន​បុគ្គលិក​ស្រី​ខ្លះ​ដែល​មាន​កូន​ហើយ​ត្រូវការ​យក​កូន​ទៅ​ដាក់​សាលា និង​ចេញពី​សាលា​វិញ​។ ការណែនាំ​នូវ​ម៉ោង​ធ្វើការ​ដែល​អាច​បត់បែន​បាន​អាចជា​រឿង​មាន​ប្រយោជន៍​ក្នុង​ស្ថានភាព​មួយ​នេះ ហើយ​របៀប​ដ៏​ល្អ​មួយ​ដើម្បី​យកឈ្នះ​បញ្ហា​អវិជ្ជមាន​បាន​នោះ គឺ​ការសម្រួល​ដល់​ភាព​មិន​អាច​ទទួលយក​បាន និង​ការ​សាំ​ចិត្ត​ទាំងអស់​នៅ​កន្លែងធ្វើការ​តែម្តង​។

​អោយ​គេ​រិះគន់​
​ចូរ​លើកទឹកចិត្ត​អោយ​បុគ្គលិក​ទាំងអស់​ផ្តល់​នូវ​ការរិះគន់ និង​បង្ហាញ​នូវ​គំនិត​យោបល់​តាមរយៈ​ការស្ទង់មតិ​របស់​បុគ្គលិក​នូវ​ពេលវេលា​ណាមួយ​។ អោយ​ពួកគេ​និយាយ​នូវ​ពាក្យ​ក្នុង​ចិត្ត​ដោយ​បើកចំហ និង​កុំអោយ​ភ័យខ្លាច ឬ​ទប់ស្កាត់​អ្វី​ទាំងអស់​។ កាយវិការ​បែប​នេះ​នឹង​ធ្វើអោយ​ពួកគេ​យល់ថា ខ្លួនឯង​ជា​មនុស្ស​មាន​តម្លៃ មនុស្ស​ដែល​គេ​ត្រូវការ និង​អាច​ជា​វិធី​ពង្រឹង​ដល់​ការលើកទឹកចិត្ត និង​សីលធម៌​បុគ្គលិក​បាន​។ ចំណែកឯ​ប្រធាន​គ្រប់គ្រង​វិញ​ក៏​មិន​ត្រូវ​មាន​ការភ័យខ្លាច​ចំពោះ​ការរិះគន់​ពី​បុគ្គលិក​របស់​ខ្លួន​ដែរ​៕

ប្រភព៖ health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម