ជម្ងឺវិបត្ដិផ្លូវចិត្ដមនុស្សចាស់
លោកអ្នកគួរតែប្រញាប់ប្រញាល់បញ្ជូនអ្នកជម្ងឺទៅពិគ្រោះយោបល់ជាមួយអ្នកមានឯកទេសខាងផ្លូវចិត្ដ ដោយមិនត្រូវអូសបន្លាយពេលវេលាឱ្យអ្នកជម្ងឺមានសភាពធ្ងន់ធ្ងរនោះទេ។
រូបភាពទស្សនាវដ្តីសុខភាព
ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយលោកវេជ្ជបណ្ឌិត យឹម សុបុត្រា អ្នកឯកទេសសកលវិទ្យានៃគ្លីនិកសាន់រ៉ាយ ធ្វើការបកស្រាយអំពីជម្ងឺវិបត្ដិផ្លូវចិត្ដមនុស្សចាស់។
ចំណាត់ថ្នាក់ជម្ងឺផ្លូវចិត្ដ
កាលណានិយាយពីជម្ងឺវិបត្ដិផ្លូវចិត្ដរបស់មនុស្ស តាមការឱ្យនិយមន័យរបស់អង្គការស្បៀងអាហារពិភពលោកត្រូវបានបែងចែកចេញជាបីដំណាក់គឺ ៖
1 . ជម្ងឺវិបត្ដិផ្លូវចិត្ដកុមារ
2 . ជម្ងឺវិបត្ដិផ្លូវចិត្ដមនុស្សពេញវ័យ
3 . ជម្ងឺវិបត្ដិផ្លូវចិត្ដមនុស្សចាស់។
ដូច្នេះមនុស្សដែលមានជម្ងឺវិបត្ដិផ្លូវចិត្ដចាប់ពីអាយុ៥០ឡើងទៅគេចាត់ទុកថាជាជម្ងឺវិបត្ដិផ្លូវចិត្ដមនុស្សចាស់។
មូលហេតុដែលបង្កឱ្យកើតមានជម្ងឺវិបត្ដិផ្លូវចិត្ដមនុស្សចាស់ មូលហេតុដែលបង្កឱ្យកើតមានជម្ងឺវិបត្ដិផ្លូវចិត្ដមនុស្សចាស់មិនខុសអ្វីនឹងបញ្ហា ឬមូលហេតុនៃជម្ងឺផ្លូវចិត្ដកុមារ មនុស្សជំទង់និងមនុស្សពេញវ័យទេ។ មូលហេតុដែលចម្បងនោះរួមមាន៤ចំណុចសំខាន់ៗ
1 . កត្ដាសង្គម និងបរិស្ថានជុំវិញខ្លួន ៖ មនុស្សគ្រប់ៗគ្នាដែលមានជីវិតរស់នៅក្នុងសង្គមមួយមិនអាចរស់នៅតែម្នាក់ឯងបានទេ។ ការរស់នៅបានល្អគឺរស់នៅចាប់ពី២នាក់ឡើងទៅ ជាការទំនាក់ទំនងរវាងមនុស្សពីរនាក់ប្រាកដជាមានផលប៉ះពាល់ល្អ និងផលប៉ះពាល់អាក្រក់ហើយ។ តែប្រសិនបើមនុស្សពីរនាក់មានបញ្ហាផ្លូវចិត្ដ ការទំនាក់ទំនងមិនល្អដូចជាការឈ្លោះទាស់ទែង ការអាក់អន់ចិត្ដដោយក្របខណ្ឌណាមួយ ដូចនេះបុគ្គលណាម្នាក់មួយក្នុងចំណោមបុគ្គលពីរនាក់មានផលប៉ះពាល់ផ្លូវចិត្ដនឹងគ្នា។ ចំពោះការរស់នៅក្រុមគ្រួសារមួយវិញ ច្បាស់ជាមានរកាំរកូសនឹងគ្នា ដោយក្រុមគ្រួសារខ្លះគឺការទំនាក់ទំនងផ្នែកខាងផ្លូវចិត្ដមិនសូវជាបានល្អ ដូចជាមានការឈ្លោះទាស់ទែងនឹងគ្នា ប្រកាន់នឹងបញ្ហាផ្សេងៗដែលជួបប្រទះនៅក្នុងសង្គមសព្វថ្ងៃ កូនមានការឈ្លោះជាមួយឪពុកម្ដាយ កូនដណ្ដើមកេរមរតកនឹងគ្នា ឬកូនឈ្លោះជាមួយឪពុកម្ដាយក្មេក។ ទាំងអស់នេះជាបញ្ហាមួយនៅក្នុងក្រុមគ្រួសារ និងសង្គមជាតិ។
2 . កត្ដាចិត្ដសាស្ដ្រ ៖ មនុស្សម្នាក់ៗមានកត្ដាចិត្ដសាស្ដ្រផ្សេងៗគ្នា អ្នកខ្លះកត្ដាចិត្ដសាស្ដ្ររឹងប៉ឹង អ្នកខ្លះកត្ដាចិត្ដសាស្ដ្រទន់ជ្រាយ។ ដូចនេះអ្នកដែលមានកត្ដាចិត្ដសាស្ដ្ររឹងប៉ឹងអាចប្រឈមមុខនឹងបញ្ហាផ្សេងៗបាន។ ហើយសម្រាប់អ្នកដែលមានកត្ដាចិត្ដសាស្ដ្រទន់ជ្រាយ កាលណាមានសម្ពាធជួបនឹងព្រឹត្ដិការណ៍អ្វីមួយ អាចបណ្ដាលឱ្យគាត់ឆាប់ដួល ឆាប់ចាញ់ ឆាប់ក្លាយទៅជាអ្នកជម្ងឺ ដោយសារកត្ដាចិត្ដសាស្ដ្ររបស់គាត់ផុយស្រួយ ទន់ជ្រាយពេក។
3 . កត្ដាជីវសាស្ដ្រ ៖ វាកើតឡើងដោយសារកត្ដាខាងក្រៅ និងកត្ដាខាងក្នុង។ កត្ដាជីវសាស្ដ្របើនិយាយពីយុវភាពឥឡូវនេះសង្កេតឃើញថាយុវភាពច្រើនណាស់ដែលបាននឹងកំពុងប្រើប្រាស់ថ្នាំញៀន និងប្រើប្រាស់សុរា ដោយមានលាយឡំជាមួយសារជាតិគីមី។ ភាពទាំងនេះធ្វើឱ្យប៉ះពាល់ទៅដល់ប្រព័ន្ធសរសៃប្រសាទ ឬជាដើមហេតុដែលបង្កឱ្យកើតឡើងនូវវិបត្ដិផ្លូវចិត្ដ។
4 . កត្ដាមនុស្ស ឬកត្ដារាងកាយ ៖ ដោយសង្កេតឃើញថា មនុស្សនៅពេលឈានចូលដល់វ័យចាស់តែងតែកើតមាននូវជម្ងឺដោយចៀសមិនផុត ដោយអ្នកខ្លះកើតមានជម្ងឺផ្លូវកាយរ៉ាំរ៉ៃផ្សេងៗ ដូចជាអ្នកកើតជម្ងឺទឹកនោមផ្អែម ជម្ងឺលើសឈាម ជម្ងឺសន្លាក់ ជម្ងឺមហារីក និងជម្ងឺផ្សេងទៀត។ នៅពេលដែលអាយុកាន់តែច្រើន សុខភាពរាងកាយកាន់តែទ្រុឌទ្រោមទៅ នេះក៏ជាមូលហេតុមួយ ដែលបង្កឱ្យកើតមាននូវវិបត្ដិផ្លូវចិត្ដមនុស្សចាស់ដែរ។
សរុបសេចក្ដីមកមូលហេតុទាំងបួននេះឯងដែលបង្កឱ្យកើតមាននូវបញ្ហាជម្ងឺផ្លូវចិត្ដទៅលើមនុស្ស។
រូបភាពទស្សនាវដ្តីសុខភាព
ផលប៉ះពាល់ចំពោះអ្នកកើតមានជម្ងឺវិបត្ដិផ្លូវចិត្ដមនុស្សចាស់
បើសិនជានរណាម្នាក់នៅក្នុងក្រុមគ្រួសារកើតមានជម្ងឺវិបត្ដិផ្លូវចិត្ដ តែងតែធ្វើឱ្យកុមគ្រួសារមិនមានសុភមង្គល ដោយវិបត្ដិនេះអាចធ្វើឱ្យមនុស្សឆាប់មានអារម្មណ៍ឆេវឆាវ ឆាប់ខឹង ឆាប់មួម៉ៅ និងបង្កតែទំនាស់ជាមួយអ្នកដទៃ។ បើប្រៀបធៀបមនុស្សចាស់កើតមាននូវជម្ងឺវិបត្ដិផ្លូវចិត្ដនឹងមនុស្សចាស់ផ្សេងទៀត ដែលមិនកើតជម្ងឺវិបត្ដិផ្លូវចិត្ដ អាចនិយាយបានថាអ្នកដែលកើតជម្ងឺវិបត្ដិផ្លូវចិត្ដមិនសូវមានអាយុវែងជាងមនុស្សដែលមិនកើតមានជម្ងឺវិបត្ដិផ្លូវចិត្ដទេ។ ព្រោះប្រព័ន្ធការពារមានការអន់ថយ ដូចជាកត្ដាចិត្ដសាស្ដ្រ កត្ដាចងចាំ កត្ដារាងកាយ ដោយបណ្ដាលមកពីការសម្រាន្ដមិនបានគ្រប់គ្រាន់ ការទទួលទានមិនសូវបាន រហូតធ្វើឱ្យរាងកាយ ចុះស្គមស្គាំង ដែលធ្វើឱ្យប្រព័ន្ធការពាររបស់អ្នកជម្ងឺមានការចុះថយ ងាយនឹងធ្វើឱ្យកើតមានជម្ងឺផ្លូវកាយ និងមិនមានអាយុវែង។ ភាពទាំងអស់នេះមិនត្រឹមតែធ្វើឱ្យមានផលប៉ះពាល់ដល់ខ្លួនឯងទេ អាចនឹងបង្កឱ្យមានផលប៉ះពាល់ទៅដល់ក្រុមគ្រួសារ និងសង្គមទៀតផង។
មធ្យោបាយទប់ស្កាត់ ឬការពារកុំឱ្យកើតមានជម្ងឺផ្លូវចិត្ដ
បញ្ហាវិបត្ដិផ្លូវចិត្ដនៅក្នុងក្រុមគ្រួសារមួយ លោកអ្នកគួរតែប្រញាប់ប្រញាល់មកពិគ្រោះយោបល់ និងព្យាបាលឱ្យបានរួសរាន់ ទាន់ពេលវេលាជាមួយអ្នកឯកទេសជំនាញ។ បើសិនជាទុកឱ្យកើតមានជម្ងឺផ្លូវចិត្ដចំពោះមនុស្សចាស់យូរអង្វែងពេក ធ្វើឱ្យមានផលប៉ះពាល់ដូចបានរៀបរាប់ខាងដើម។ មធ្យោបាយល្អលោកអ្នកគួរតែឆាប់ព្យាបាលឱ្យទាន់ពេលវេលា តែប្រសិនជាលោកអ្នកមានបញ្ហា វិបត្ដិអ្វីនៅក្នុងក្រុមគ្រួសារ លោកអ្នកឆាប់ស្វែងរកការព្យាបាលជម្ងឺផ្លូវចិត្ដឱ្យបានល្អទើបជាការប្រសើរ។
ដំបូន្មានអ្នកប្រឹក្សា
ក្នុងនាមជាគ្រូពេទ្យឯកទេសម្នាក់ផ្នែកខាងផ្លូវចិត្ដ សូមឱ្យប្រជាជនទូទៅមិនថាមនុស្សចាស់ទេ ឱ្យស្គាល់ពីស្ថានភាពសុខភាព ជាពិសេសសុខភាពផ្លូវចិត្ដសំខាន់ណាស់។ សំខាន់ជាងគេគឺចិត្ដនេះឯង។ បើចិត្ដមានបញ្ហាហើយជម្ងឺផ្លូវកាយក៏ដួលទៅតាមផ្លូវចិត្ដនឹងដែរ។ ដូច្នេះនៅពេលដែលមានបញ្ហានេះកើតមានឡើង ត្រូវស្វែងយល់ពីមូលហេតុនៃផលប៉ះពាល់ និងមធ្យោបាយការពារ។ គឺត្រូវទទួលស្គាល់ខ្លួនឯងថាមានបញ្ហាផ្លូវចិត្ដ រកវិធីសាស្ដ្រដើម្បីជួយខ្លួនឯង និងជួយក្រុមគ្រួសារឱ្យបានប្រសើរ។ អ្នកឯកទេសរង់ចាំអ្នកដែលមាននូវជម្ងឺវិបត្ដិផ្លូវចិត្ដ ឬបញ្ហាផ្លូវចិត្ដមកធ្វើការព្យាបាលឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។
By healthcambodia
មើលគួរយល់ដឹងផ្សេងៗទៀត
- មិននឹកស្មានថា សណ្តែកបារាំង មានអត្ថប្រយោជន៍ ចំពោះសុខភាព ច្រើនដល់ថ្នាក់ នេះសោះ!
- វិធីការពារ ការឆ្លងមេរោគផ្សិត នៅនឹងទ្វារមាស?
- វិធីណាត់ជួបគូសង្សារយ៉ាងរ៉ូមែនទិកបំផុត ទោះជាអ្នកគ្មានលុយសោះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!