ស្វែងយល់​ពី​តម្រូវការ​របស់​អ្នកដទៃ​ដើម្បី​ជោគជ័យ​ទំនាក់ទំនង​

 
 

​អ្វី​ដែល​អ្នក​ត្រូវ​ការស្វែងយល់​អំពី​អ្នក​ដទៃ​

    ការដឹង​អំពី​តម្រូវការ​និង​ចំណង់រ​បស់​អ្នកដទៃ គឺជា​គន្លឹះ​ដ៏​សំខាន់ ដើម្បី​ឆ្ពោះទៅរក​ភាព​ជោគជ័យ​នៃ​ការស្វែងយល់​អំពី​អ្នកដទៃ​។ ប្រសិនបើ អ្នក​អាច​យល់​ចិត្ត​របស់​ពួកគេ​បាន នោះ​អ្នក​នឹងមាន​ឥទ្ធិពល​លើ​ជីវិត​របស់​ពួកគេ​ក្នុង​ផ្លូវ​វិជ្ជមាន​ជា​ពុំខាន​។ អ្វី​ដែល​ខ្ញុំ​រៀន​ទាក់ទង​នឹង​ការស្វែងយល់​អំពី​អ្នក​ដទៃ អាច​ត្រូវបាន​បែងចែក​ជា​ផ្នែក​ផ្សេងៗ​ដូចខាងក្រោម​៖

 

១. អ្នក​គ្រប់គ្នា សុទ្ធ​តែ​ចង់​ក្លាយជា​មនុស្ស​ពិសេស​ម្នាក់​

    គ្មាន​នរណា​ម្នាក់​នៅលើ​លោក​នេះ ដែល​មិន​ចង់​ក្លាយខ្លួន​ជា​មនុស្ស​ពិសេស​នោះ​ទេ​។ សូម្បីតែ​មនុស្ស​ដែល​មាន​មហិច្ឆិតា​ទាប​បំផុតក៏​ដោយ ក៏​ចង់​ឲ្យ​អ្នកដទៃ​ចាត់​ទុក​ខ្លួន​ជា​មនុស្ស​សំខាន់​ដែរ​។ ជាក់ស្តែង កាលពីមុន នៅពេលដែល​ខ្ញុំ​រៀន​នៅ​ថ្នាក់​ទី​៤ ខ្ញុំ​បាន​ទៅ​មើល​ការប្រកួត​បាល់​ជា​លើកដំបូង​។ ខ្ញុំ​បាន​អង្គុយ​នៅលើ​យ៉រ​ជាមួយ​មិត្តភក្តិ​របស់​ខ្ញុំ​។ អ្វី​ដែល​ខ្ញុំ​បាន​ចងចាំ​បំផុត​នោះ មិនមែន​ជា​កីឡា​នោះទេ តែ​វា​ជា​ការប្រកាស​ឈ្មោះ​កីឡាករ​វិញ​ទេ​។ ពួកគេ បាន​បិទ​ភ្លើង​ទាំងអស់ ហើយ​បើកភ្លើង​បញ្ចាំង​នៅ​កណ្តាល​លាន​បាល់បោះ បន្ទាប់មក អ្នក​ប្រកាស បាន​ហៅ​ឈ្មោះ​កីឡាករ ហើយ​ពួកគេ​ក៏​រត់​មក​កណ្តាល​ទីលាន​បាល់បោះ​នោះ ដោយ​មាន​សម្លេង​ហ៊ោរ​កញ្ជ្រាវ​យ៉ាង​កងរំពង​។​

    នៅពេលនោះ ខ្ញុំ​បាន​និយាយាថា “​ខ្ញុំ​ចង់​ឲ្យ​រឿងនេះ​កើត​មក​លើ​រូប​ខ្ញុំ​ណាស់​”​។ ជា​ការពិត​ណាស់ បន្ទាប់​ពី​និយាយ​ចប់ ខ្ញុំ​បាន​និយាយ​ទៅកាន់​មិត្ត​ខ្ញុំ​ឈ្មោះ ប៊ុ​បី វី​ល​ស៊ុន ថា “​ប៊ុ​បី នៅពេលដែល​ខ្ញុំ​ទៅ​រៀន​នៅ​វិទ្យាល័យ ពួកគេ​នឹង​ប្រកាស​ឈ្មោះ​ខ្ញុំ ហើយ​ខ្ញុំ​នឹង​រត់​ទៅ​កណ្តាល​ទីលាន​បាល់បោះ​នោះ​ជា​ពុំខាន ហើយ​អ្នក​គ្រប់គ្នា​នឹង​អបអរ​សារ​ទ​ខ្ញុំ ព្រោះ​ខ្ញុំ​នឹង​ក្លាយជា​មនុស្ស​ពិសេស​ម្នាក់​”​។​

    នៅពេលដែល​ខ្ញុំ​ត្រឡប់ទៅផ្ទះ​វិញ ខ្ញុំ​បាន​ប្រាប់​ប៉ា​ខ្ញុំ​ថា “​ប៉ា កូន​ចង់​ក្លាយជា​កីឡាករ​បាល់បោះ​ម្នាក់​”​។ ពេលនោះ ប៉ា​របស់​ខ្ញុំ​បាន​ទិញ​បាល់បោះ​មួយ​ឲ្យ​ខ្ញុំ និង​ដាក់​ហ្គោល​មួយ​នៅ​កន្លែង​ជួសជុល​ឡាន​របស់គាត់​។ ខ្ញុំ​ធ្លាប់បាន​ចូក​ព្រិល គ្រាន់​តែ​ដើម្បី​ហ្វឹកហាត់​បោះ​ឲ្យ​ត្រង់ ព្រោះ​ខ្ញុំ​មានក្តី​សុបិន្ត​ចង់​ក្លាយជា​មនុស្ស​ពិសេ​សម្នា​ក់​។​

    វា​គួរឲ្យ​អស់សំណើ​ចណាស់​ដែល​ក្តី​ស្រ​ម៉ៃ​បែបនេះ អាច​ជះ​ឥទ្ធិពល​ដល់​ជីវិត​របស់​ខ្ញុំ​។ នៅ​ថ្នាក់​ទី​៦ ខ្ញុំ​បាន​លេង​កីឡាបាល់បោះ​នៅ​សាលា​របស់​ខ្ញុំ​។ ក្រុម​របស់​ខ្ញុំ បាន​យក​ជ័យជំនះ​ពីរ​បី​លើក ដូច្នេះ​ពួក​យើង មាន​ឱកាស​ទៅ​លេង​នៅ​ពហុកីឡាដ្ឋាន Old Mill Street នៅ សឺ​ខ​ល​វី​ល ក្នុង​រដ្ឋ​អូ​ហា​យ៉ូ ដែល​ជា​កន្លែង​ខ្ញុំ​បាន​ទៅ​មើល​ការប្រកួត​បាល់បោះ​ដំបូង​បំផុត ពេល​ខ្ញុំ​រៀន​នៅ​ថ្នាក់​ទី​៤​។ នៅ​ពេល​ពួក​យើង​ទៅ​ដល់​ទីនោះ អ្នកលេង​ទាំងអស់​ឈរ​នៅ​កណ្តាល​ទីលាន​បាល់បោះ​រួចស្រេច ប៉ុន្តែ​ខ្ញុំ​បាន​ដើរ​ទៅ​កន្លែង​អង្គុយ​ដែល​ក្រុម​កីឡាករ​ដែល​ខ្ញុំ​មក​មើល​កាលពី ២​ឆ្នាំមុន​អង្គុយ ហើយ​ពេល​កំពុង​អង្គុយ ខ្ញុំ​បាន​បិទ​ភ្នែក​របស់​ខ្ញុំ​។ នៅពេលនោះ ខ្ញុំ​បាន​ឮ​គេ​ប្រកាស​ឈ្មោះ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​រត់​ទៅ​កណ្តាល​ទីលាន​បាល់បោះ​។​

    ខ្ញុំ​មាន​អារម្មណ៍ល្អ​ណាស់ នៅពេល​ដែល​ឮ​ការអបអរ​សារ​ទ​ដូច​ដែល​ខ្ញុំ​បាន​ស្រ​ម៉ៃ ហើយ​ខ្ញុំ​សន្យាថា  នឹង​ធ្វើ​វា​ម្តងទៀត​។ តាម​ពិត​ខ្ញុំ​បាន​ធ្វើ​វាបី​ដង​មក​ហើយ ហើយ​ភ្លាមៗ​នោះ​ខ្ញុំ​ក៏​ទើបតែ​បាន​ចាប់អារម្មណ៍​ដែរ​ថា មិត្តភក្តិ​របស់​ខ្ញុំ​កំពុងតែ​អង្គុយ​មើល​ខ្ញុំ​លេង​ទាំង​មិន​ជឿ​។ ប៉ុន្តែ ខ្ញុំ​មិន​ខ្វល់​ទេ ព្រោះ​ខ្ញុំ​កំពុងតែ​បោះជំហាន ដើម្បី​ក្លាយទៅជា​មនុស្ស​ដែល​ខ្ញុំ​ស្រមើល៍​ស្រ​ម៉ៃ​ចង់បាន​។​

    មនុស្ស​គ្រប់គ្នា ចង់​បាន​ការគោរព​និង​ការផ្តល់​តម្លៃ​ពី​អ្នកដទៃ ឬក៏​អាច​និយាយ​ម្យ៉ាងទៀត​បាន​ថា អ្នក​គ្រប់គ្នា ចង់​ក្លាយជា​មនុស្ស​ពិសេស​ម្នាក់​។ នៅពេល​ដែល​អ្នក​ចាប់ផ្តើម​គិតគូរ​អំពី​តម្លៃ​ទាំងនេះ អ្នកនឹង​យល់ដឹង​រឿង​ជាច្រើន​អំពី​ហេតុផល​នៅពេល​ដែល​អ្នក​ដទៃ​ធ្វើ​ទង្វើ​អ្វីមួយ​។ នៅពេល​ដែល​អ្នក​ចាត់ទុក​មនុស្ស​ដែល​អ្នក​ជួប​ថា ជា​មនុស្ស​សំខាន់​បំផុត​នៅលើ​លោក នោះ​អ្នក​កំពុងតែ​ប្រាប់​គេ​ថា ពួកគេ​ជា​មនុស្ស​ដែល​ពិសេស​ម្នាក់​សម្រាប់​អ្នក​៕

ប្រភព៖ health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម