​ប្រើ​កុំព្យូទ័រ​ច្រើន គួរ​ថែរក្សា​ភ្នែក​ដូចម្តេចខ្លះ​?

 
 

​កិច្ចការងារ​នៅ​មុខ​កុំព្យូទ័រ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការងារ​ច្រើន​ប្រភេទ​។ ប៉ុន្តែ មាន​មនុស្ស​តិចតួច​ណាស់​ដែល​ដឹង​អំពី​វិធី​ការពារ​ភ្នែក​ពី​ការប្រើប្រាស់​កុំព្យូទ័រ​។ កញ្ចក់​កុំព្យូទ័រ​នឹង​បញ្ជូន​ពន្លឺ​ពណ៌​ខៀវ​ដែល​គ្រោះថ្នាក់​មកអោយ​ភ្នែក​របស់​មនុស្ស ហើយ​ការ​ដែល​ប៉ះពាល់​នឹង​ពន្លឺ​នេះ​យូរ​អាច​នាំអោយ​មាន​បញ្ហា​ដល់​ភ្នែក​របស់​មនុស្ស​បាន​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ ការ​ដែល​អ្នកប្រើប្រាស់​វិធី​ការពារ​ធម្មតាៗ​ដូចខាងក្រោម​នេះ វា​នឹង​ជួយ​កាត់បន្ថយ​ការ​រលាក និង​បញ្ហា​ស្ងួត​ភ្នែក​របស់​អ្នក​បាន ទោះបីជា​អ្នក​ប្រើ​កុំព្យូទ័រ​រយៈពេល​យូរ​ក៏ដោយ​។

​លាង​សម្អាត​កញ្ចក់​កុំព្យូទ័រ​
​ភាពកខ្វក់ ធូលី​ដី និង​ស្នាម​ម្រាមដៃ​លើ​កញ្ចក់​កុំព្យូទ័រ​នឹង​ធ្វើអោយ​អ្នក​កាន់តែ​ពិបាក​មើល​។ បើសិន​ជា​អ្នក​មិន​ខ្វល់​ពី​រឿងនេះ ហើយ​ចេះតែ​បន្ត​វា​ទៀត​នោះ វា​អាច​ក្លាយទៅជា​ទម្លាប់​មួយ ហើយ​អាច​នាំអោយ​មាន​រោគ​ឈឺ​ក្បាល​រ៉ាំរ៉ៃ ក្នុងពេល​ប្រើប្រាស់​កុំព្យូទ័រ​យូរ​ពេក​បាន​។ 
​រឿង​ដែល​ល្អ​នោះ​គឺថា បញ្ហា​នេះ​អាច​ចៀសផុត​បាន​យ៉ាង​ងាយ​។ ចូរ​ចំណាយពេល​មួយនា​ទី​ដើម្បី​លាង​សម្អាត​កញ្ចក់​កុំព្យូទ័រ​របស់​អ្នក​អោយបាន​រាល់​ថ្ងៃ ដើម្បី​បន្ថយ​សម្ពាធ​ក្នុង​ភ្នែក​ពេល​កំពុង​តែ​ប្រើប្រាស់​។

​ប្រើ​ពន្លឺ​អោយបាន​គ្រប់គ្រាន់​
​ពន្លឺភ្លើង​ច្រើនពេក ដែល​ចេញពី​កុំព្យូទ័រ​ផ្ទាល់ និង​ពន្លឺព្រះអាទិត្យ សុទ្ធ​តែ​ធ្វើ​អោយ​ភ្នែក​ធ្វើការ​កាន់តែខ្លាំង ដែល​ដូចគ្នា​នឹង​ការមើល​ពន្លឺព្រះអាទិត្យ​ផងដែរ​។ 
​ដូច្នេះ ចូរ​ដាក់​កុំព្យូទ័រ​អោយ​ឆ្ងាយ​ពី​បង្អួច​ទាំង​ខាង​មុខ ឬ​ខាងក្រោយ​បង្អួច ប៉ុន្តែ​អាច​ដាក់​នៅ​ចំហៀង​បាន ព្រោះ​វា​អាច​ជួយ​បន្ថយ​កុំអោយ​មាន​ពន្លឺ​ចាំង​ខ្លាំង​ជាង​មុន​ដែរ​។

​ឧស្សាហ៍​ព្រិច​ភ្នែក​
​តាមពិត ការ​ដែល​មិនសូវ​ព្រិច​ភ្នែក​ច្រើន​ដង​ក្នុង​ពេល​សម្លឹងមើល​កុំព្យួទ័រ​មិន​មែន​ជា​រឿង​ល្អ​ឡើយ​។ ដូច្នេះ ការ​ព្រិច​ភ្នែក​ជា​ញឹកញាប់ និង​ច្រើនដង​ពិត​ជា​សំខាន់​ណាស់​ក្នុងពេល​ប្រើប្រាស់​កុំព្យូទ័រ ព្រោះ​វា​នឹង​ជួយ​ផ្តល់​សំណើម​ដល់​ភ្នែក និង​បង្ការ​កុំអោយ​មាន​បញ្ហា​ភ្នែក​ស្ងួត និង​រលាក​បាន​។ 
​បើសិនជា​ភ្នែក​នៅ​តែ​មាន​អារម្មណ៍​ថា​ស្ងួត ឬរ​លា​កទៀត ចូរ​ប្រើប្រាស់​ទឹក​បន្តក់​ភ្នែក​ដែល​ចេញ​ដោយ​គ្រូពេទ្យ​។ ហើយ​បើសិនជា​អ្នក​កំពុងតែ​មាន​បញ្ហា​ស្ងួត​ភ្នែក​រ៉ាំរ៉ៃ ឬរ​មាស់​ភ្នែក ចូរ​ប្រើប្រាស់​កុំព្យូទ័រ​យួរដៃ ជំនួស​ការប្រើប្រាស់​កុំព្យូទ័រ​លើ​តុ​វិញ​។ នៅ​ពេល​អ្នក​សម្លឹង​មើល​កុំព្យូទ័រ​យួរ​ដៃ ភ្នែក​ទំនងជា​មាន​សំណើម​កាន់តែ​ច្រើន​ជាង​ធម្មតា​។​

​គោរព​តាម​ក្បួន ២០-២០-២០ 
​វិធីសាស្ត្រ​មួយ​ផ្សេង​ទៀត​ដែល​សាមញ្ញ​នោះ​គឺ​ប្រើ​ពេល​សម្រាក ២០ វិនាទី ជា​រៀងរាល់ ២០ នាទី ដើម្បី​សម្លឹង​អ្វីមួយ​ក្នុង​រយៈ​ចំងាយ ២០ ហ្វីត (៦ ម៉ែត្រ​) ពី​អ្នក​។ វិធីសាស្ត្រ​ដ៏​ងាយ​មួយ​នេះ​នឹង​ជួយ​អោយ​អ្នក​រក្សាបាន​នូវ​ជាតិ​សំណើម​ក្នុង​ភ្នែក​បាន ហើយក៏​អាច​បន្ថយ​សម្ពាធ​ក្នុង​ភ្នែក​ដែរ​។​

​ពិនិត្យ​សុខភាព​ភ្នែក​អោយបាន​រាល់​ឆ្នាំ​
​អ្នក​គួរតែមាន​ទម្លាប់​ទៅ​ជួប​ពេទ្យ​ភ្នែក ដើម្បី​ពិនិត្យ​អោយបាន​យ៉ាងហោច​ណាស់​ម្តង​ដែរ​ក្នុង​មួយឆ្នាំ​។ ព្រោះ​វា​អាច​ជួយ​បង្ការ​កុំអោយ​មាន​បញ្ហា​ភ្នែក​បើសិន​ជា​អ្នក​មិនទាន់​មាន​បញ្ហា​នៅ​ឡើយ ហើយក៏​អាច​តាមដាន​នូវ​អ្វី​ដែល​អ្នក​កំពុងតែ​មាន​បានដែរ​។​

​ញ៉ាំ​អាហារ​ពណ៌​បៃតង​
​ក្រៅ​ពី​វិធី​ដូច​បាន​រៀបរាប់​ខាងលើ មាន​វិធីសាស្ត្រ​ផ្សេង​មួយ​ចំនួន​ទៀត​ដែល​អាច​ជួយ​ថែរក្សា​ភ្នែក​របស់​អ្នក​បាន នោះ​គឺ​ការ​បន្ថែមបន្លែ​ពណ៌​បៃតង​ដូចជា ស្ពៃ​ស្ពីណា​ច ប្រូ​ខូលី សណ្តែក​ខៀវ ... ក្នុង​របប​អាហារ​។ វា​គឺជា​រឿង​សំខាន់​ណាស់​ដែល​ការបង្ការ និង​ការថែរក្សា​ភ្នែក​ចាប់ផ្តើម​នៅ​ពេលវេលា​ដែល​ត្រឹមត្រូវ​៕ 

ប្រភព៖ health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម