៨យ៉ាងរបស់​ស្វាមីល្អ

 
 

      ទាំងនេះ​មិនអាស្រ័យ​ទៅលើ​ភរិយាតែ​ម្ខាងនោះទេ​តែស្វាមី​ជាបុគ្គល​សំខាន់​ដែលត្រូវ​យកចិត្ដ​ទុកដាក់​ហើយនឹង​ត្រូវប្រតិបត្ដិ ខ្លួនឱ្យ​សមជា​ស្វាមីដ៏ល្អ និង​ជាមេគ្រួសារ​ប្រកបដោយ​ភាពជឿជាក់។ តើស្វាមីល្អ​គួរប្រតិបត្ដិខ្លួន​យ៉ាងណាខ្លះ​ចំពោះភរិយា និងក្រុម គ្រួសារ?


វាជារឿង​ធម្មតាទៅ​ហើយដែល​បុរសតែង​គិតថាខ្លួន​ជាភេទខ្លាំង ជាមនុស្ស​រឹងមាំ​អាចធ្វើអ្វីៗ​បានគ្រប់យ៉ាង។ ម្យ៉ាងវិញ​ទៀត​បុរស​តែងតែ​ប្រាថ្នាចង់​បាននារី​ដែលប្រកប​ទៅដោយ​លក្ខណៈ​ល្អឥតខ្ចោះ​មកធ្វើជា​គូជីវិត ក្នុងនោះ​តម្រូវការ​ច្រើនយ៉ាង​ដែលបុរសជា ស្វាមី​ចង់ឱ្យភរិយា​ប្រតិបត្ដិ​មកលើខ្លួន ដូចជាភាព​ស្មោះស្ម័គ្រ ភក្ដី ចេះការងារផ្ទះ​យល់ចិត្ដ​ប្ដីជាដើម។ ប៉ុន្ដែផ្ទុយ​ទៅវិញ​បុរសខ្លួនឯង បែរជា​បំភ្លេច​ចោលនូវអ្វី​ដែលខ្លួន​ត្រូវប្រតិបត្ដិ​ដើម្បីឱ្យ​ក្លាយជា​ស្វាមីដ៏​ល្អម្នាក់។ វិធីងាយៗ​មួយចំនួន​ដែលបុរស​គួរធ្វើ​និង​ប្រតិបត្ដិឱ្យ បានល្អដូចជា ៖

1. ស្មោះត្រង់ និងភក្ដីភាព

អាពាហ៍ពិពាហ៍​ជាចំណង​មួយជីវិត​របស់គូ​ស្វាមីភរិយា។ ភាពមិន​ស្មោះត្រង់​ជារឿង​ដែលមិន​អាចទទួល​យកបាន​មិនថាបុរស ឬ​ស្ដ្រីនោះ​ឡើយ។ ភក្ដីភាព​មិនមែនកើត​មានតែ​ចំពោះ​ភរិយា​ប៉ុណ្ណោះទេ​ស្វាមីក៏ដូចគ្នា​ដែរត្រូវ​មានភក្ដីភាព​ចំពោះភរិយា ស្នេហ៍ស្មោះ មួយនឹងមួយ គ្មានក្រៅ គ្មានចុង ហើយក៏គ្មាន​ពាក្យកុហក​ដោះសារ​នោះដែរ។ ភក្ដីភាព​ក៏អាចធ្វើឱ្យ​ចៀសផុត​ពីជម្ងឺសង្គម​មួយចំនួន បានផងដែរ។

2. លើកកម្លាំង​ចិត្ដភរិយា

គ្មានប្រពន្ធ​បន្ទាប់​ឬ​ប្រពន្ធចុង​ជារឿងដែល​បុរសចាំបាច់​ត្រូវធ្វើឱ្យ​បានដើម្បី​ក្លាយខ្លួន​ជាមេ​គ្រួសារដ៏ល្អ។ ដើម្បីឱ្យ​គ្រួសារកាន់ តែមាន​ការរីក​ចម្រើន អនាគត​រុងរឿង និង​ការរស់​នៅធូរធារ ស្វាមីភរិយា​គួររួមគ្នា​កសាង​ជីវភាព។ ក្នុងគ្រួសារ​ស្ដ្រី​ក៏មាននាទី សំខាន់​ក្នុងការ​សម្រេចចិត្ដ​ធ្វើអ្វីមួយ ឬ​ក៏ផ្ដើម​គំនិត​ធ្វើអ្វីមួយ។ ចំណុចនេះ​ហើយដែលបុ​រសគួរដឹង​និង​ផ្ដល់​កម្លាំងចិត្ដ​ដល់ភរិយា គាំទ្រ និង​លើកសរសើរ​ចំពោះការ​សម្រេច​របស់ភរិយា។ មានកិច្ចការ​ជាច្រើន​រួមទាំងការ​ប្រកបរបរ​រកទទួលទាន​ផងដែរ​ដែលស្ដ្រីអាច សម្រេចបាន​ដោយ​ជោគជ័យ ហើយត្រូវ​ការស្វាមី​ជាអ្នកគាំទ្រ​និង​ផ្ដល់កម្លាំងចិត្ដ​ជាជំហរ​ផងដែរ។ ដូចនេះ​ការផ្ដល់​កម្លាំងចិត្ដ​ជាតួនាទី សំខាន់​របស់ស្វាមី ហើយដែល​ស្វាមី​ត្រូវចូលរួម​ដោយខាន​មិនបាន។

3. ចូលរួមក្នុង​កិច្ចការផ្ទះ

ស្វាមី​ជាមេគ្រួសារ​ដែលមាន​តួនាទី​ចេញទៅ​ប្រកបកិច្ចការ​ខាងក្រៅផ្ទះ​ដើម្បី​ផ្គត់ផ្គង់គ្រួសារ ឯភរិយា​ជាមេផ្ទះ​ទទួល​រ៉ាប់រង គ្រប់កិច្ចការ​ក្នុងផ្ទះទាំងអស់។ តួនាទី​តែម្យ៉ាងនេះ​ហើយដែល​ធ្វើឱ្យបុរស​ជាស្វាមី​មួយចំនួន​មិនចេះ មិនយល់​និង​មិនដឹង​ពីកិច្ចការផ្ទះ ទាល់តែសោះ រហូតគិត​ថាជាកិច្ច​ការតូចតាច កំប៉ិកកំប៉ុក​ថែមទៀតផង។ សព្វថ្ងៃ​នេះបុរស​និង​ស្ដ្រីអាច​ចេញទៅ​ធ្វើការខាង​ក្រៅផ្ទះ បានដូចគ្នា។ អាស្រ័យ​ហេតុនេះ​ហើយបុរស​ត្រូវចូលរួម​រំលែក​កិច្ចការ​ក្នុងផ្ទះ​មួយចំនួន​ជំនួសភរិយា​ដូចជា​មើលថែកូនៗ ចម្អិនម្ហូបអា ហារ បោកគក់​សម្លៀក​បំពាក់ លាងចាន បោស​ជូតផ្ទះ​ជាដើម។ កិច្ចការ​ទាំងនេះ​មិនធ្វើ​ឱ្យអាប់អោន​កិត្ដិយស​អ្វីនោះទេ ហើយក៏ជា រឿងដែល​បុរសមិន​អាចចៀស​ផុតនោះដែរ។ ដូចនេះ​បុរសជាស្វាមី​គួរចាប់ផ្ដើម​ប្រតិបត្ដិ និង​រៀនធ្វើវា​ដើម្បីអនាគត​និង​សុភមង្គល គ្រួសារ។

4. កុំភ្លេច​ថ្ងៃដ៏ពិសេស

ថ្ងៃដ៏ពិសេសៗ​មួយចំនួន​ដែលជាចំណង​សម្រាប់​គូស្វាមីភរិយា ដូចជា​ថ្ងៃអនុស្សាវរីយ៍​នៃក្ដី​ស្រឡាញ់​របស់អ្នក​ទាំងពីរ​ថ្ងៃ អាពាហ៍ពិពាហ៍ ថ្ងៃខួបកំណើត​ជាដើម។ ថ្ងៃទាំង​អស់នេះ​អាចធ្វើឱ្យ​អ្នកនឹក​ឃើញ​ពីអនុស្សាវរីយ៍​នឹកឃើញ​សេចក្ដី​ស្រឡាញ់ រឿងស្នេ ហាពី​អតីតកាល ដែលធ្វើ​ឱ្យជីវិត​អាពាហ៍ពិពាហ៍​របស់លោកអ្នក​កាន់តែ​ផ្អែមល្ហែម។ ដូចគ្នា​នោះដែរ​បុរសមិន​ត្រូវភ្លេច​ថ្ងៃទាំងអស់ នោះទេ ព្រោះការ​ចងចាំថ្ងៃ​នោះជាការ​បញ្ជាក់ឱ្យ​ភរិយាឃើញថា​លោកនៅ​តែស្រឡាញ់​នាង​នៅតែ​យកចិត្ដ​ទុកដាក់​ចំពោះនាង ហើយ រឹតតែមិន​អាចបំភ្លេច​នាងបាន។

5. ស្វាមីត្រូវ​យល់ចិត្ដភរិយា

មិនថា​ការងារខាង​ក្រៅផ្ទះ ឬ​ជាការងារ​ក្នុងផ្ទះ​នោះទេ គឺសុទ្ធតែ​ជាការងារ​នឿយហត់ និង​ត្រូវចំណាយ​កម្លាំងច្រើន។ ដូច នេះបុរស​ជាស្វាមី​ត្រូវយល់​ពីអារម្មណ៍​នឿយហត់​របស់ភរិយា​និង​ស្វែងយល់​អំពីសមភាព​រវាងការងារ​ទាំងនេះ​ឱ្យបាន​ទូលំទូលាយ។ ប៉ុន្ដែអ្វី​ដែលបុរស​ត្រូវដឹង​បន្ថែមទៀតនោះ គឺថាតើ​ភរិយា​ចូលចិត្ដអ្វី និង​មិនចូលចិត្ដអ្វី​ព្រមទាំង​ថាភរិយា​ជាមនុស្ស​បែបណា ចង់ធ្វើអ្វី។ អារម្មណ៍​របស់ស្ដ្រី​ងាយនឹង​ផ្លាស់ប្ដូរ​ណាស់​សូម្បីតែ​ថ្ងៃមក​រដូវក៏ធ្វើ​ឱ្យអារម្មណ៍​ប្រែប្រួលដែរ។ ប៉ុន្ដែសូម​កុំយល់​ច្រឡំថា​ចិត្ដនាង​ផ្លាស់ប្ដូរ ឱ្យសោះ។ វាគ្រាន់​តែជា​បម្រែបម្រួល​ដែលអាស្រ័យ​ទៅលើ​ពេលវេលា ការងារ​និង​សុខភាព​រាងកាយ​តែប៉ុណ្ណោះ។ ត្រង់នេះ​ហើយ ដែលបុរស​ជាស្វាមី​ត្រូវស្វែង​យល់ពីនាង។ ឯបញ្ហា​ភេទសម្ព័ន្ធ​ក៏ដូចគ្នា​នោះដែរ មិនត្រូវបង្ខំ​នាងទេដូច​ជាចង់ឱ្យនាង​ធ្វើអ្វីដែល​នាងមិន ពេញចិត្ដ​ដើម្បី​បម្រើអារម្មណ៍​របស់ខ្លួន​ឯងនោះដែរ។

6. កុំម៉ៅស្វិត​ចំពោះភរិយា

ពាក្យចាស់​លោកថា “សម្លឆ្ងាញ់​ដោយសារ​គ្រឿង ស្វាមីរុងរឿង​ដោយសារ​ភរិយា”។ ពាក្យនេះ​ជាចំណង​មួយដែល​ធ្វើឱ្យប្ដី ប្រពន្ធ​អាចរស់នៅ​ជាមួយគ្នា​ដោយសុខ​សប្បាយ។ ជាការពិត​ស្ដ្រីតែង​ទាមទារ​នូវភាព​ស្រស់ស្អាត ការរស់​នៅសមរម្យ​និយាយ​រួមគឺ អាចចូល​ក្នុងចំណោម​គេបាន។ ក្រោយ​អាពាហ៍ពិពាហ៍ ទោះចង់​ឬ​មិនចង់ការ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាភារកិច្ច​របស់ស្វាមី ប៉ុន្ដែទោះ​បីជា យ៉ាងណា​ស្វាមីមិន​ត្រូវកំណាញ់​ស្វិតជាមួយ​ភរិយា​ឡើយ។ ស្វាមីគួរ​ចែករំលែក​ថវិកា​ដែលរកបាន​ឱ្យភរិយា​ដើម្បី​សម្រិត​សម្រាំងក្នុង ការតុប​តែងកាយ បើបាន​ទិញជា​របស់របរ​ដូចជា​គ្រឿងអលង្ការ​សម្លៀក​បំពាក់​ផ្សេងៗទៀត​ដោយដៃ​លោកអ្នក​ផ្ទាល់រិតតែ​ប្រសើរ ព្រោះវាអាច​បង្ហាញពី​ក្ដីស្រឡាញ់​របស់​លោកអ្នក​ចំពោះភរិយា។

7. កុំខ្ពើមរអើម​ចំពោះភរិយា

ការខ្ពើមរអើម​មិនមែន​ជាអារម្មណ៍​ដែលស្វាមី​ត្រូវមាន​ចំពោះ​ភរិយានោះទេ ពិសេស​នៅពេល​ដែលភរិយា​ឆ្លងទន្លេ​ឬ​មាន រដូវ។ ក្នុងកំឡុង​ពេលនោះ ស្ដ្រីតែង​មានធ្លាក់​ឈាមច្រើន ហើយក៏​មិនបានសម្អាត​ឱ្យបានល្អ​នោះដែរ។ កត្ដានេះ​ហើយដែល​ធ្វើឱ្យកើត មានបញ្ហា​ក្លិនមិនល្អ ឬ​ដែលគេហៅ​ថាក្លិនកូនខ្ចី ធ្វើឱ្យ​ការរស់នៅ​នឹងឃ្លាតឆ្ងាយ​ពីគ្នា។ ករណីនេះ​ប្រសិនបើ​ស្វាមី​បង្ហាញពី​អារម្មណ៍ខ្ពើម រអើម​ចំពោះភរិយា​នោះនឹង​ធ្វើឱ្យភរិយា​តូចចិត្ដ​ហើយមិនចង់​ឱ្យមានកូន​ម្ដងទៀត។ ព្រោះស្ដ្រី​យល់ថា​ប្រសិនបើ​មានថ្ងៃនោះ​ស្វាមីមាន អារម្មណ៍​មិនល្អ និង​ខ្ពើមរអើម​ចំពោះក្លិន​មិនល្អ​របស់ខ្លួន។ មិនយូរ​មិនឆាប់​ចំណងនេះ​នឹងត្រូវ​ដាច់ចេញពី​គ្នាដោយឯងៗ​ជាក់ជាមិន ខានឡើយ។

8. ចៀសវាង​គ្រឿងស្រវឹង និង​អំពើហិង្សា

ការទទួលទាន​សុរា​ដើម្បីសុខភាព​ក្នុងពិធីផ្សេងៗ​ម្ដងម្កាល ជារឿង​ធម្មតា​ដែលស្ដ្រី​អាចទទួល​យកបាន។ ប៉ុន្ដែជា​ទូទៅភរិយា មិនចូលចិត្ដ​ស្វាមីដែល​ស្រវឹងខួបព្រឹក​ល្ងាចនោះ​ឡើយ នេះរាប់​ទាំងការ​ជក់បារី​ផងដែរ។ ម្យ៉ាងទៀត​រឿងដែល​ស្ដ្រីស្អប់ខ្ពើម និងមិន ចង់ជួប គឺការ​ប្រើអំពើ​ហិង្សា​ក្នុងគ្រួសារ។ ប្រការ​ទាំងអស់នេះ​ហើយដែល​បុរសចង់​ធ្វើជាស្វាមី​ដ៏ល្អម្នាក់​គួរចៀសវាង​បញ្ហាទាំងនេះ កុំទទួលទាន​សុរា​ហួសហេតុ​ខុសពេល​វេលា កុំពិសាបារី និង​មិនត្រូវ​ប្រើអំពើ​ហិង្សា​ចំពោះ​ភរិយា។ ទោះជា​មានបញ្ហា​ស្មុគស្មាញ ឬទំ នាស់​ដោយ​ប្រការណា​មួយក៏ដោយ ជាស្វាមី​គួរចេះ​ដោះស្រាយ​ដោយ​សន្ដិវិធី​និង​ដោយ​អហិង្សា នោះទើប​ដំណោះ​ស្រាយទទួល បានជោគជ័យ គ្រួសារ​មានសុភមង្គល។

បណ្ដាំផ្ញើ

ការធ្វើអ្វី​មួយ​ដើម្បី​បំពេញ​បំណង​អ្នកណា​ម្នាក់អាច​ថាជារឿង​លំបាក ប៉ុន្ដែការ​ធ្វើជាស្វាមី​ដ៏ល្អម្នាក់​មិនមែន​ជារឿង​ដែលលំ បាក​រហូតធ្វើ​មិនបាននោះ​ឡើយ វាអាស្រ័យ​ត្រង់ថាបុរស​ជាស្វាមី​នោះចង់​ធ្វើ​ឬ​ក៏អត់តែ​ប៉ុណ្ណោះ។ អ្វីដែល​ទស្សនាវដ្ដី​សុខភាពយើង ជម្រាប​ជូនខាង​លើនេះគ្រាន់​តែជាចំណុចខ្លះៗ​ដើម្បីជា​ការប្រតិបត្ដិ​របស់ស្វាមី​និង​ដើម្បី​ចូលរួម​ចំណែក​កសាង​សុភមង្គល​ក្នុងគ្រួសារតែ របស់​លោកអ្នក​តែប៉ុណ្ណោះ។ នៅមាន​ចំណុចជា​ច្រើនទៀត​ដែលស្វាមី​ត្រូវអនុវត្ដ​ដើម្បី​ឱ្យក្លាយ​ជាស្វាមីដ៏ល្អ ជាសសរ​ទ្រូងសម្រាប់ គ្រួសារ ជាអ្នកស្វែង​រកនូវ​សេចក្ដីសុខ និង​សុភមង្គល​សម្រាប់​ភរិយា និង​ក្រុមគ្រួសារ។

By healthcambodia


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម