តើមានអ្វីកើតឡើងនៅពេល អ្នកឆ្លងវីរុសស៊ីសាច់ Ebola
លោកអ្នកក្តៅខ្លួន និងគ្មានចំណង់អាហារទេ។ ក្បាលរបស់អ្នកឈឺ ហើយបំពង់ករបស់អ្នកក៏ឈឺដែរ។ វាហាក់ដូចជាជំងឺផ្តាសាយកំពុងកើតឡើងដោយមិនបង្ហាញឲ្យដឹងនោះទេ ប៉ុន្តែវីរុសស៊ីសាច់ដ៏កំណាច Ebola បានចាប់ផ្តើមវាយ ប្រហារប្រព័ន្ធភាពស៊ាំរបស់អ្នក ដោយមិនឲ្យអ្នកដឹងខ្លួននោះទេ។
វីរុសនេះបំផ្លាញកោសិកាដូចគ្នាទៅនឹងកោសិកាដែលវាយប្រហារដោយវីរុសហ៊ីវដែរ ទោះយ៉ាងណាជំងឺ Ebola មានលក្ខណៈសាហាវជាង ដោយបំផ្លាញអស់នូវប្រព័ន្ធភាពស៊ាំរបស់រាងកាយ។ វីរុសនេះមានរយៈពេលបង្ករោគរបស់វាមួយ នោះគឺពេលវេលាពីការឆ្លងរហូតដល់ពេលដែលរោគសញ្ញាដំបូងបង្ហាញមុខឡើង ពោលនៅចន្លោះ ២ ទៅ ២១ ថ្ងៃ ដោយវាបង្កើនហានិភ័យនៃការឆ្លងរាតត្បាតជំងឺបង្កដោយមេរោគយ៉ាងខ្ពស់បំផុត។
នៅពេលដែលជនរងគ្រោះចាប់ផ្តើមទទួលរងការវាយប្រហារភ្លាមៗពីជំងឺនេះ មានដូចជាគ្រុនក្តៅ, ឈឺក្បាលស្ទើរបែក និងឈឺសាច់ដុំ នោះវីរុសបានឆ្លងចូលក្នុងខ្លួនរួចទៅហើយ។ វីរុសនេះត្រូវបានចម្លងតាមរយៈការប៉ះពាល់កៀកនឹងឈាម, វត្ថុធាតុ (ដូចជា ទឹកភ្នែក ទឹកនោម ញើស ទឹករំលាយក្នុងក្រពះ ទឹកមាត់ ។ល។), សរីរាង្គ ឬទឹករងៃរបស់សត្វដែលឆ្លងវីរុសនេះ។
នៅពេលណាដែលមនុស្សឆ្លងវីរុសនេះ ជំងឺអាចរីករាលដាលយ៉ាងឆាប់រហ័សក្នុងសហគមន៍ ដោយក្រុមបុគ្គលិកពេទ្យ និងសមាជិកគ្រួសារជនរងគ្រោះមានហានិភ័យខ្ពស់ណាស់។ ការផ្ទុះឡើងវីរុសបច្ចុប្បន្ននេះដែលវាយប្រហារពេញអាហ្វ្រិចខាងលិចបានចាប់ផ្តើមក្នុងភូមិតូចមួយក្នុងប្រទេសហ្គីណេ ហើយចាប់តាំងពីខែកុម្ភៈមក វាបានឆក់យកជីវិតមនុស្ស ៦៧២ នាក់ ដោយបន្សល់ទុកអ្នកឆ្លងវីរុសនេះចំនួន ១.២០០ នាក់ទៀត។
វាបានរាលដាលដល់ប្រទេសជិតខាងសេរ៉ាឡេអូន និង លីបេរីយ៉ា។ ហើយនៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៤ ពលរដ្ឋអាមេរិក លោក Patrick Sawyer បានស្លាប់ក្នុងទីក្រុង ឡាហ្គោស (Lagos) របស់នីហ្សេរីយ៉ា បន្ទាប់ពីបានធ្វើដំណើរទៅទីនោះតាមរយៈយន្តហោះ ក្រោយពីចូលរួមបុណ្យសពប្អូនស្រីរបស់លោក ដោយនាងក៏ស្លាប់ដោយសារជំងឺនេះដែរ។
នេះគឺជាការផ្ទុះវីរុស Ebola ខ្លាំងក្លាបំផុតនាបច្ចុប្បន្ននេះចាប់តាំងពីជំងឺនេះត្រូវបានរកឃើញដំបូងក្នុងឆ្នាំ ១៩៧៦។ ការពិតដែលថាវីរុសនេះលាក់បាំងរោគសញ្ញាផ្តាសាយនៅដំណាក់កាលដំបូងមិនឲ្យដឹងគឺជាកត្តាធ្ងន់ធ្ងរបំផុតដែលធ្វើឲ្យជំងឺនេះពិបាកក្នុងការធ្វើរោគវិនិច្ឆ័យ។
ក្នុងរយៈពេលតែប៉ុន្មានថ្ងៃ រោគសញ្ញាដំបូងនឹងចាប់ផ្តើមឈានទៅដំណាក់កាលបន្ទាប់នៃវីរុស។ ដំណើរការមួយហៅ ថា DIC (Disseminated Intravascular Coagulation) បង្កឲ្យមានកំណកឈាម និងការធ្លាក់ឈាម នៅក្នុងថ្លើម, អណ្តើក (សរីរាង្គម្យ៉ាងក្នុងខ្លួន), ខួរក្បាល និងសរីរាង្គក្នុងដទៃទៀត។
វីរុសនេះជ្រាបចូលសរសៃឈាមធំ និងសរសៃឈាមតូច ដោយបង្ខំឲ្យសរសៃឈាមទាំងនេះហូរឈាមចូលទៅក្នុងជាលិកានៅជុំវិញ។ អ្នកជំងឺនឹងរងការឈឺចាប់ពេញរាងកាយ ឈឺពោះរ៉ាំរ៉ៃ ក្អួតចង្អោរ និងរាគរូស។ បន្ទាប់មកកន្ទួលចាប់ផ្តើមបង្ហាញលើដងខ្លួន ដោយរីករាលដាលយ៉ាងឆាប់រហ័សទៅអវៈយវៈ និងក្បាល។
ក្នុងរយៈពេលតែប៉ុន្មានថ្ងៃ ជំងឺចាប់ផ្តើមឈានដល់ចំណុចកំពូល ជាខណៈពេលមួយដែលអ្នកជំងឺសំណាងល្អមួយ ចំនួននឹងធូរស្បើយឡើងវិញ ចំណែកអ្នកដទៃទៀតនឹងវិវត្តន៍ទៅរកដំណាក់កាលស្លាប់តែម្តង នោះគឺការហូរឈាមឥតឈប់។
ប្រព័ន្ធភាពស៊ាំរបស់រាងកាយចាប់ផ្តើមបើកដោយខ្លួនឯង។ សរសៃឈាមតូចៗផ្ទុះឡើង ដោយបង្កឲ្យអ្នកជំងឺហូរឈាមឥតឈប់ចេញពីភ្នែក មាត់ ត្រចៀក និង រន្ធឬ ប្រហោងដទៃទៀត។ ការហូរឈាមខាងក្នុងរាងកាយទំនងកើតឡើងនៅក្នុងផ្លូវក្រពះនិងពោះវៀនតូច និងសរីរាង្គក្នុងដទៃទៀត។
ផ្នែកពណ៌សនៃភ្នែករបស់អ្នកជំងឺនឹងប្រែទៅជាពណ៌ក្រហម ហើយមានឈាមនៅក្នុងកម្អួត និងលាមករាគ ខណៈពងបែកក្នុងឈាមដ៏ធំវិវត្តន៍នៅក្រោមស្បែក។ ចំពោះអ្នកដែលទ្រាំជំងឺនេះមិនបាន ការស្លាប់ជាធម្មតាបណ្តាលមកពីខូចសរីរាង្គចម្រុះ ឈឺក្បាលស្ទើរបែក ការហូរឈាម ឬ Shock ហើយជាធម្មតាកើតឡើងនៅចន្លោះ ៨ ទៅ ១៧ ថ្ងៃបន្ទាប់ពីមនុស្សចាប់ផ្តើមធ្លាក់ខ្លួនឈឺ។
ចំពោះអ្នកដែលនៅរស់រាន ពួកគេត្រូវតែទទួលការធ្វើតេស្តឲ្យបានជាប្រចាំ ដើម្បីធានាថាវីរុសលែងមានវត្តមានក្នុងទឹករងៃលើរាងកាយរបស់ពួកគេ មុនពេលចាកចេញពីមន្ទីរពេទ្យដោយសុវត្ថិភាព។ វីរុសនេះក៏អាចចម្លងតាមការរួម ភេទដែរក្នុងរយៈពេលរហូតដល់ទៅ ៤០ ថ្ងៃបន្ទាប់ពីមនុស្សបានស្រួលខ្លួនឡើងវិញ។
បច្ចុប្បន្នគ្មានវ៉ាក់សាំងការពារប្រឆាំងនឹងវីរុសនេះទេ។ ហើយនៅពេលគ្មានវត្តមានគម្រោងការព្យាបាល ឬថ្នាំជាក់លាក់ដើម្បីទប់ស្កាត់ជំងឺនេះ វានឹងបង្កហានិភ័យយ៉ាងពិតប្រាកដ៕by: everyday.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- គួរដឹង! ចូលចិត្ត គេងយូរ នៅថ្ងៃចុងសប្តាហ៍ អាចធ្វើឲ្យអ្នក ឆាប់ស្លាប់បាន
- ១០ ការពិតដែលអ្នកមិនបានដឹងពីក្រោយអាវុធប្រល័យលោក
- មាននិស្សិតខ្មែរ៣៧៤នាក់ហើយដែលជាប់អាហារូបករណ៍របស់សហភាពអឺរ៉ុប
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!