អាថ៌កំបាំងនៃសុភមង្គលក្នុងជីវិតអាពាហ៍ពិពាហ៍ គឺដោយសារ ស្វាមីដែលមានភាពវៃឆ្លាត ខាងផ្នែកអារម្មណ៍ (EQ)
លោកវេជ្ជបណ្ឌិត John Gottman បានធ្វើការសិក្សារយៈពេលវែងមួយ លើគូស្វាមីភរិយាថ្មីថ្មោងចំនួន ១៣០ គូ និងបានរកឃើញថា ស្វាមី ដែលសម្រេចចិត្តទទួលរងឥទ្ធិពលពីភរិយា គឺមានសុភមង្គលក្នុងជីវិតអាពាហ៍ពិពាហ៏ជាង។ ការដែលពួកគេ សុខចិត្តទទួលរងឥទ្ធិពលពីភរិយា ក៏ព្រោះតែពួកគេមានមានវៃឆ្លាតម៉្យាង ខាងផ្នែកអារម្មណ៍ដែលហៅថា EQ (Emotional Intelligence)។
របកគំហើញនេះ មិនត្រឹមតែកំណត់តែលើគូស្វាមីភរិយា ដែលមានភេទផ្ទុយគ្នាប៉ុណ្ណោះទេ។ សូម្បីតែ ទំនាក់ទំនងស្នេហា រវាងអ្នកស្រលាញ់ភេទដូចគ្នា ក៏មានលក្ខណៈដូចគ្នាដែរ ប៉ុន្តែគ្រាន់តែ ពួកគេមានភាពចុះសម្រុងគ្នាច្រើនជាង គូស្នេហ៏ដែលមានភេទផ្ទុយគ្នា មកជាមួយស្រាប់តែម្តង។
EQ (Emotional Intelligence) ឬភាពវៃឆ្លាតខាងអារម្មណ៍ ត្រូវបានបង្កឡើងដោយជំនាញ ៤ នៅក្នុងសមត្ថភាពចម្បង ២ ធំៗគឺ សមត្ថភាពផ្ទាល់ និងសមត្ថភាពសង្គម។ អ្នកអាចនឹងពិបាកយល់បន្តិច ហេតុនេះទើបយើងបានវិភាគពីចំនុចសំខាន់ៗមួយចំនួន ដើម្បីឲ្យអ្នកងាយស្វែងយល់ពីប្រភេទមនុស្សមាន EQ ខ្ពស់ ៖
• ពួកគេមានគំនិតវិជ្ជមានជាប់ជានិច្ច
• ពួកគេគិតមុននិយាយ (ដើម្បីចៀសវាងការប្រើពាក្យខុស តាមអារម្មណ៍)
• ពួកគេមិនច្រឡោតខឹងផ្តេសផ្តាសឡើយ (ជាពិសេស នៅពេលមានជម្លោះ)
• ពួកគេតែងតែខ្វល់ខ្វាយពីអ្នកដទៃ
• ពួកគេចូលចិត្តបង្កភាពសប្បាយរីករាយ
• ពួកគេជាមនុស្សដែលមានភាពរឹងមាំ (មានទំនុកចិត្ត និងមិនងាយកាច់បំបាក់បានឡើយ)។
• ពួកគេមិនបណ្តោយនរណាម្នាក់ មកវាយតម្លៃអាក្រក់ល្អលើពួកគេទេ ។
បន្ទាប់ពីស្វែងយល់ ពីប្រភេទមនុស្សមាន EQ រួចមក យើងនឹងលើកករណីសិក្សាមួយជូនប្រិយមិត្តអ្នកអាន ដើម្បីជួយវិនិច្ឆ័យទាំងអស់គ្នា។
Steven ដែលជាស្វាមីរបស់ Lauren បាននិយាយទៅកាន់ប្រពន្ធថា ៖ “បងនឹងមិត្តភក្តិ បានណាត់គ្នាទៅស្ទូចត្រីចុងសប្តាហ៍នេះ ហើយបងនឹងធ្វើដំណើរចេញទៅយប់នេះហើយ” ។ Lauren ជាប្រពន្ធក៏បានតបថា ៖ “ប៉ុន្តែមិត្តភក្តិរបស់អូន នឹងមកលេងពួកយើងនៅថ្ងៃសុក្រនេះ ហើយអូនត្រូវការបងជួយសំអាតផ្ទះ ជាមួយគ្នាយប់នេះ។ យើងបាននិយាយគ្នារួចហើយតើ! ហេតុអ្វីបានជាបងភ្លេច? បងអាចចេញទៅព្រឹកស្អែកវិញបានអត់?” ។ Steven បែរជានិយាយទៅវិញថា ៖ “ចុះម៉េចក៏អូនមិនចាំថាបងត្រូវទៅជាមួយមិត្តភក្តិ? បងមិនអាចដូរពេលចេញដំណើរបានទេ។ តិចទៀតបងត្រូវចេញទៅហើយ។”
Lauren ក៏ផ្ទុះកំហឹងយ៉ាងខ្លាំង និងថា Steven ជាមនុស្សអាត្មានិយម ព្រមជាមួយសម្លេងបោកឆ្នាំង បោកចានពីផ្ទះបាយទៀតផង។ ដោយអារម្មណ៍ធុញថប់ពេក Steven ក៏អង្គុយផឹកស្រាវីស្គី មើលបាល់ទាត់ មិនស្តាប់ មិនឆ្លើយ Lauren ដែលចេញពីផ្ទះបាយ មកនិយាយជាមួយឡើយ។ នៅពេលដែលនាងចាប់ផ្តើមយំ Steven ក៏បើកទ្វារចេញទៅជាមួយមិត្តភក្តិបាត់ទៅ។
ការឈ្លោះគ្នាបែបនេះ គឺពេញទៅដោយការចោទប្រកាន់ដាក់គ្នា ដែលកាន់តែធ្វើឲ្យពិបាកកំណត់ថា មូលហេតុមកពីអ្វីទៀតផង។ ប៉ុន្តែអ្វីដែលច្បាស់បំផុតនោះគឺ Steven មិនមានបំណងទទួលឥទ្ធិពល (មិនព្រមទទួលស្តាប់) ប្រពន្ធរបស់ខ្លួន។
គេនិយាយថា បើមិនឈ្លោះគ្នា មិនប្រកែកគ្នា គេមិនហៅថាការរៀបការនោះទេ។ ប៉ុន្តែផ្ទុយទៅវិញ ដៃគូស្វាមីភរិយា គួរតែចេះផ្សះផ្សា លើកបញ្ហាឡើងមកនិយាយគ្នា ជាជាងធ្វើខ្លាំងរៀងខ្លួន ឬធ្វើឲ្យមានបញ្ហាកាន់តែធំ។
របៀបដែល Steven ឆ្លើយតបទៅ Lauren មិនមែនមានន័យថា គាត់មិនបានឮប្រពន្ធរបស់គាត់ផ្តល់យោបល់នោះទេ។ តែគាត់បែរជាឆ្លើយយករួចខ្លួនថា ហេតុអ្វីបានជា Lauren មិនចាំផែនការធ្វើដំណើររបស់គាត់ទៅវិញ។ ការនិយាយរិះគន់ ការឆ្លើយយករួចខ្លួន ការនិយាយបែបមើលងាយ និងការមិនខ្វល់មិននិយាយស្តី គឺសុទ្ធតែជាសញ្ញាដែលបញ្ជាក់ថា បុរសម្នាក់នោះមិនព្រមទទួលរងឥទ្ធិពលរបស់ប្រពន្ធឡើយ ឬអាចនិយាយឲ្យស្រួលស្តាប់បានថា មិនសម្របជាមួយប្រពន្ធ។
ប៉ុន្តែ នេះមិនមានន័យថា យើងចង់បន្ទោស ឬប្រមាថ ដល់បុរសៗជាស្វាមីទាំងអស់នោះទេ។អាពាហ៍ពិពាហ៍ ដែលអាចស្ថិតស្ថេរយូរអង្វែង គឺបានមកពីភាគីប្តីប្រពន្ធ ទាំងសងខាង ជាពិសេស ប្រពន្ធត្រូវចេះផ្តល់កិត្តិយស និងការគោរពដល់ស្វាមី គឺជារឿងសំខាន់បំផុត។ បើយោងតាមការសិក្សារបស់ Dr. Gottman លោកបានបញ្ជាក់ថា ស្រ្តីទាំងអស់សុទ្ធតែផ្តល់កិត្តិយស និងការគោរពដល់ស្វាមីជានិច្ច មិនថាគូស្វាមីភរិយាណានោះទេ។ នេះក៏មិនមែនមានន័យថា ស្រ្តីមិនចេះខឹងនឹងស្វាមីនោះដែរ។ នេះមានន័យថា ពួកគេទទួលឥទ្ធិពល ឬសម្របតាមការសម្រេចចិត្តរបស់ស្វាមី និងចេះយកចិត្តស្វាមីដាក់ចិត្តខ្លួន។ ទិន្នន័យការសិក្សាបានបង្ហាញដែរថា រីឯស្វាមីវិញ ធ្វើមិនបានដូចជាភរិយាទាល់តែសោះ។ យោងតាមការស្រាវជ្រាវ Dr. Gottman បានបន្តថា ៨១% នៃជម្លោះក្នុងជីវិតអាពាហ៍ពិពាហ៍ គឺបណ្តាលមកពី ស្វាមី មិនផ្តល់អំណាច មិនផ្តល់សិទ្ធិទៅឲ្យប្រពន្ធខ្លះ។
ស្វាមីដែលខ្វះ EQ គឺប្រាកដជាបដិសេធ រាល់បញ្ហា និងដំណោះស្រាយរបស់ប្រពន្ធ ក៏ព្រោះតែស្វាមីប្រភេទនេះ ខ្លាចចាញ់ ខ្លាចបាត់បង់អំណាច។ ផ្ទុយមកវិញ ស្វាមីដែលមាន EQ ខ្វល់ខ្វាយពីអារម្មណ៍របស់ប្រពន្ធ ដោយសារតែគាត់ផ្ដល់កិត្ដិយស និងការគោរពឲ្យប្រពន្ធ។ ជាពិសេស មិនច្រឡោតទៅប្រពន្ធ ដែលកំពុងខឹងនោះទេ ដោយឡែក ពួកគេនឹងព្យាយាមធ្វើយ៉ាងណាឲ្យត្រជាក់ចិត្តជាមុនសិន។ ស្វាមីប្រភេទនេះនឹងធ្វើឲ្យទំនាក់ទំនងប្តីប្រពន្ធ ជីវិតផ្លូវភេទ និងសុភមង្គលគ្រួសារទាំងមូល ប្រែជាស្រស់បំព្រងជាមិនខាន។
ហេតុនេះនៅពេលដែលកើតមានជម្លោះម្តងៗ គន្លឹះក្នុងការដោះស្រាយគឺ ត្រូវស្វែងយល់ពីគោលបំណងរបស់ដៃគូ និងត្រូវមានឆន្ទៈក្នុងការសម្រុះសម្រួល ជាពិសេស ត្រូវរកចំណុចដោះស្រាយណាមួយ ដែលអ្នកទាំងពីរយល់ស្របរួមគ្នា។ ឧទាហរណ៍ តាមរយៈករណីខាងលើ Steven គួរតែស្វែងយល់ថា Lauren កំពុងរងបញ្ហាស្រ្តេស ជាមួយនឹងភាពរញ៉េរញ៉ៃក្នុងផ្ទះ។ ហើយប្រសិនបើ Steven មិនអាចពន្យារពេលដល់ពេលព្រឹកបានទេនោះ គាត់គួរតែជួយរៀបចំផ្ទះ ជាមួយប្រពន្ធជាមុនសិន រួចពន្យារម៉ោងចេញដំណើរបន្តិចក៏បាន។ ឬក៏ Lauren អាចសុខចិត្តលះបង់ សម្អាតតែម្នាក់ឯង នៅពេលព្រឹក មុនពេលមិត្តភក្តិរបស់នាងមកដល់ក៏បាន ដើម្បីឲ្យប្តីរបស់នាង មិនខកខានក្នុងការចេញដំណើរ។
ការសម្របខ្លួនតាមបែប EQ នេះនឹងធ្វើឲ្យអ្នក មានជីវិតអាពាហ៍ពិពាហ៍ដ៏មានសុភមង្គល និងស្ថិតស្ថេរយូរអង្វែងជាក់ជាមិនខាន។ ត្រូវចងចាំថា អ្នកត្រូវគិតពីអារម្មណ៍របស់ដៃគូ ជាជាងគិតតែពីចង់ឈ្នះ ដោយខ្លួនឯង!
ប្រភព៖ Business Insider | The Huffington Post
ខ្មែរឡូត
មើលគួរយល់ដឹងផ្សេងៗទៀត
- ចង់រៀបការគួរសន្សំលុយបែបណាទៅទើបគ្រប់?
- ស្ដ្រីមាន ផ្ទៃពោះ គួរជៀសវាង បរិភោគ ក្ដាម
- គន្លឹះងាយៗ រស់នៅប្រកបដោយ សុខភាពល្អ (វគ្គ១)
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!