តោះ! មកស្វែងយល់អំពីការធ្វើនំអន្សម របស់អ្នកខេត្តបាត់ដំបង តើមានអ្វីប្លែក?
ប្រជាជនខ្មែរស្ទើរតែទាំងអស់ពិតជាធ្លាប់ភ្លក់រសជាតិនំអន្សមជ្រូកហើយ ជាពិសេសនៅរដូវបុណ្យបុណ្យភ្ជុំបិណ្ឌម្តងៗ។ នំអន្សមនេះទៀតក៏មានពីរប្រភេទ គឺនំអន្សមជ្រូកមានស្នូលសាច់ជ្រូក និងនំអន្សមចេកមានស្នូលចេក។ សម្រាប់ខេត្តបាត់ដំបង នៅឃុំចម្ការសំរោងជាកន្លែងដែលមានភាពល្បីល្បាញខាងធ្វើនំ ហើយមានប្រវត្ថិមិនក្រោមរយឆ្នាំនោះទេ តែបើរបៀបធ្វើក៏មានលក្ខណពិសេសប្លែកពីគេទៅតាមរបៀបអ្នកខេត្តបាត់ដំបងផងដែរ។
អ្នកមីង បូរ៉ាន ប្រាប់ភ្នាក់ងារSabayទាំងដៃកំពុងរៀបស្លឹកចេកថា គ្រួសារគាត់ធ្វើនំអន្សមលក់តាំងពីគេមិនទាន់កសាងផ្សារណាត់មកម្ល៉េះ បើគិតមកទល់សព្វថ្ងៃ គឺប្រហែល១០០ឆ្នាំហើយ ហើយគាត់នៅតែបន្តរបរនេះមកដល់បច្ចុប្បន្ន។ អ្នកមីងបានរៀបរាប់អោយដឹងពីរបៀបធ្វើនំដូចតទៅ
-គ្រឿងផ្សំសម្រាប់នំអន្សមមាន ដូង អង្ករដំណើប សណ្ដែក ស្ករនិងអំបិល
-មុនដំបូង យើងត្រាំអង្ករកន្លះម៉ោង និងសណ្ដែកត្រូវលាងត្រាំអោយស្អាត ហើយស្រង់វាទុកអោយស្ងួតទឹក
-បន្ទាប់មក យើងយកវាទៅកូរឆាជាមួយនឹងអំបិល ស្ករនិងខ្ទះដូងអោយចូលជាតិគ្នា។ ហើយគេយកវាមកវេចរុំស្លឹកចេក និងបាយដំណើបនៅខាងក្រៅ និងមានសណ្ដែក និងស្នូលនៅខាងក្នុង។ បន្ទាប់ពីវេចហើយ ត្រូវយកទៅស្ងោរភ្លាមៗ ដើម្បីអោយសណ្ដែកបានផុយល្អ។
ចំពោះនំអន្សមជ្រូក គេត្រូវធ្វើស្នូលសាច់ជ្រូកដោយផ្សំគ្រឿងដូចជាម្រេច ខ្ទឹម អំបិល ប៊ីចេង និងសាច់ជ្រូកហើយដាក់សណ្ដែកសៀង។ បើគេចង់បានអន្សមចេក គឺយកចេកជាស្នូលក្នុងវិញ និងប្រើសណ្តែកបាយ ឬសណ្ដែកខ្មៅ។ អន្សមចេកនេះគេថែមអំបិលនិងស្ករអោយប្រៃផ្អែមជាងនំអន្សមជ្រូក។ សម្រាប់នំអន្សមធំមួយត្រូវការពេលស្ងោរប្រហែល៥ម៉ោង។
បើតាមអ្នកមីង បូរ៉ាន ដើម្បីបាននំអន្សមដែលមានរសជាតិឆ្ងាញ់ពុំមែនជាការងាយស្រួលនោះទេ គឺត្រូវជ្រើសរើសគ្រឿងផ្សំដែលមានគុណភាពល្អហើយអ្នកធ្វើមានរបៀបធ្វើ និងវេចខ្ចប់បានត្រឹមត្រូវថែមទៀត។ អ្នកមីងបានប្រាប់ថា គាត់ជ្រើសរើសតែគ្រឿងផ្សំល្អៗមកធ្វើប៉ុណ្ណោះដូចជាសណ្ដែក និងអង្ករជាដើម ដើម្បីនំដែលមានរសជាតិឆ្ងាញ់តាមការចង់បានរបស់អ្នកទិញ។ ចំពោះការវេចខ្ចប់វិញ អ្នកមីងបាននិយាយថា ការវេចខ្ចប់ក៏ជាការសំខាន់ដែរ។ គេប្រើខ្សែព្រាលហើយចង់រឹតពីក្រៅស្លឹកចេកដើម្បីអោយនំតឹងហើយណែនល្អ ដើម្បីនំមិនងាយផ្អូមហើយទុកបានយូរ។
គេមានវិធីពីរយ៉ាងដើម្បីរក្សាទុកនំនេះអោយបានយូរ។ កាលពីសម័យចាស់បុរាណ ពេលស្ងោរនំឆ្អិន ចាស់ៗទុកវាអោយត្រជាក់ហើយគាត់យកវាទៅឆ្អើរភ្លើង។ ចំណែកសព្វថ្ងៃ គេយកនំទៅក្លាស់សេក្នុងទូទឹកកកក៏បាន។ នៅពេលចង់ញាំ គេយកនំមកចំហុយឬយកទៅចៀនក៏បាន។
ដោយនំអន្សមរបស់អ្នកមីងបូរ៉ានមានរសជាតិឆ្ងាញ់ និងការធ្វើឲ្យមានអនាម័យល្អ ធ្វើអោយគាត់លក់នំនេះដាច់ណាស់ហើយពេលខែបុណ្យទានម្តងៗមានគេកុម្ម៉ង់ទិញយ៉ាងច្រើនថែមទៀត។ អ្នកមីងបានប្រាប់ថា នៅថ្ងៃធម្មតា ខ្ញុំវេចអង្ករប្រហែល ៣០ ទៅ ៤០កំប៉ុង បានប្រហែល១០០នំ។ បើនៅថ្ងៃបុណ្យទានដូចជា ថ្ងៃសែនក្បាលទឹក បុណ្យភ្ជុំបិណ្ឌអីជាដើម មានគេកុម្ម៉ង់ទិញច្រើន ហើយមានអ្នកខ្លះនៅស្រុកគេដូចជាអាមេរិក បារាំងអីជាដើម គេកុម្ម៉ង់ទិញច្រើន។ នៅក្នុងខេត្តក៏មានអ្នកកុម្ម៉ង់ទិញច្រើនដែរដូចជា មានសិក្ខាសាលាអីជាដើមគេមកលើកទៅច្រើនហើយមានអ្នកធំៗខ្លះក្នុងខេត្តក៏និយមចូលចិត្តនំមីងដែរ៕
អត្ថបទ៖ ហួន ទីណារ័ត្ន
មើលគួរយល់ដឹងផ្សេងៗទៀត
- ៧យ៉ាងបង្ហាញថា គេស្រលាញ់អ្នកព្រោះតែលុយ
- សង្ស័យថាមានផ្ទៃពោះ?
- តើមានពាក្យអ្វីខ្លះ ដែលស្វាមីអ្នកចង់ឱ្យអ្នកនិយាយ ទៅកាន់រូបគេ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!