១១ អត្ថប្រយោជន៍ នៃការជិះកង់ដែលអ្នក មិនគួរមើលរំលង!

 
 

ជឿថាអ្នកប្រាកដជាចេះជិះកង់ជាមិនខាន ទោះបីមិនពូកែ ឬក៏មិនសូវបានជិះកង់ញឹកញាប់ក៏ដោយ។ មានមនុស្សខ្លះមិនចូលចិត្តជិះកង់ប៉ុន្មានទេ ព្រោះវាហត់នឿយនៅក្នុងការបញ្ចេញកម្លាំងធាក់ដើម្បីឱ្យកង់ទៅមុខ។ តែមិនប្រាកដនោះទេ បើអ្នកបានអានអត្ថបទនេះចប់ហើយ អ្នកអាចនឹងប្រែគំនិតចង់ជិះវាវិញក៏អាចថាបានដែរ ក្រោយពីបានដឹងអត្ថប្រយោជន៍ជាច្រើន៖

១. ជួយឱ្យគេងលក់ស្រួលជាងមុន៖ ការចេញទៅជិះកង់នៅខាងក្រៅផ្ទះ គឺជាការហាត់ប្រាណមួយយ៉ាងល្អប្រសើរ វាជួយបំបាត់អាការគេងមិនលក់ ព្រមទាំងជួយឱ្យគេងលក់ស្រួលលើសដើម។ តាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញនៅសាកលវិទ្យាល័យ Stamford លើមនុស្សដែលមានជំងឺគេងមិនលក់ (Insomnia)បានឱ្យដឹងថា ការជិះកង់នៅពេលព្រឹក ក្នុងរយៈពេល២០-៣០នាទីជារៀងរាល់ថ្ងៃ មានលទ្ធផលឱ្យដឹងថា ជួយឱ្យគេងលក់លឿនជាងមុនដល់ទៅជិត១ម៉ោង ដោយកាលពីដើម ទម្រាំតែគេងលក់ត្រូវរង់ចាំក្នុងរយៈពេលដ៏យូរទើបងងុយ។ តែចាប់តាំងពីបានជិះកង់ហាត់ប្រាណមករាងកាយបានទទួលពន្លឺព្រះអាទិត្យ និងស្រូបយកខ្យល់អាកាសបរិសុទ្ធនៅពេលព្រលឹម បានបណ្តាលឱ្យគេងស្កប់ស្កល់ជាងមុន។

២. ជួយឱ្យមានសម្រស់ក្មេងជាងវ័យ៖ ប្លែកក្នុងចិត្តមែនទេ ថាគ្រាន់តែជិះកង់សោះហេតុអ្វីក៏អាចឱ្យមានសម្រស់ក្មេងខ្ចីបាន? ចំណុចនេះមានន័យថា ការជិះកង់ជួយឱ្យអុកស៊ីសែន និងសារធាតុចិញ្ចឹម នៅក្នុងរាងកាយធ្វើការដឹកជញ្ជូនបានល្អប្រសើរ។ មិនតែប៉ុណ្ណោះវាក៏មានប្រសិទ្ធិភាពដើម្បីពន្លឿនការផលិតខូឡូជែន (collagen) ថែមទាំងជួយកាត់បន្ថយស្នាមជ្រួញលើផ្ទៃមុខទៀតផង។ ហេតុនេះហើយមិនបាច់ឆ្ងល់ថា ហេតុអ្វីបានជាមនុស្សដែលជិះកង់ទៀងទាត់ មើលទៅស្រស់ស្អាត និងពោរពេញដោយពន្លឺរស្មីល្អនោះទេ (ប៉ុន្តែសូមកុំភ្លេចលាបឡេការពារកម្តៅថ្ងៃផង មុនពេលដែលអ្នកចេញទៅជិះកង់ ឬចូលរួមការប្រកួតណាមួយ)។

៣. ជួយបញ្ចេញជាតិពុលពីក្នុងរាងកាយ៖ អ្នកឯកទេសខាងសុខភាពមកពីមហាវិទ្យាល័យ Bristol បានឱ្យការណែនាំថាការជិះកង់នឹងជួយជម្រុញអាហារនៅក្នុងពោះវៀនធំរបស់យើងធ្វើការដុតរំលាយបានយ៉ាងលឿន និងអាចស្រូបយកជាតិទឹកបានល្អជាងមុន មានន័យថាជួយឱ្យលាមកទន់ ងាយបន្ទោរបង់ មិនកករឹង។ មិនតែប៉ុណ្ណោះវាជួយរំញោចដំណើរការ នៃដំណកដង្ហើម បេះដូង ឬពោះវៀនបានយ៉ាងល្អ ជួយឱ្យអ្នកមានអារម្មណ៍ស្រួលខ្លួន ក្រោយការបរិភោគតាមរយៈការបញ្ចេញញើស និងជាពិសេសវាក៏ជួយការពារ ទប់ទល់ប្រឆាំងនឹងជំងឺមហារីកពោះវៀនបានផងដែរ។

៤. បន្ថែមសមត្ថភាពខួរក្បាល៖ តាមការស្រាវជ្រាវបានបង្ហាញថា បើអ្នកជិះកង់ជាប្រចាំនឹងធ្វើឱ្យសមត្ថភាព នៃការគិតរបស់ខួរក្បាលបានល្អជាងធម្មតារហូតទៅដល់១៥%។ ការជិះកង់ជួយកសាងកោសិកាក្នុងខួរក្បាល ផ្នែក Hippocampus ដែលជាផ្នែកមួយជួយបង្កើន ការចងចាំនៅក្រោយអាយុ៣០ឆ្នាំ ជាងនេះទៅទៀតនឹងជួយការពារជំងឺភ្លេចភ្លាំង បានប្រសើរទៀតផង។

៥. ពង្រឹងសមត្ថភាពផ្លូវភេទ៖ ជិះកង់ធ្វើអោយឈាមរត់បានសព្វល្អ និងជួយបង្កើនចំណង់ផ្លូវភេទដល់មនុស្សផងដែរ។ ការសិក្សាដោយសាកលវិទ្យាល័យ Cornell បានរកឃើញថាអត្តពលិកអាមេរិកម្នាក់ មានបញ្ហាស្លាប់ផ្លូវភេទអស់រយៈពេល ៤-៥ ឆ្នាំមកហើយ ក៏កើតមានឡើងវិញ ក្រោយពីបានចំណាយពេលជិះកង់មួយរយៈមក។ ទិន្នន័យបានបញ្ជាក់ទៀតដែរថា បុរស ឬស្រ្តីដែលបានជិះកង់ជាប្រចាំអាចបង្កើនចំណង់ផ្លូវភេទបានច្រើនជាង ៣០%ឯណោះ ទោះបីជាពួគគេមានអាយុច្រើនក៏ដោយ។

៦. មានអាយុវែង៖ ផ្អែកលើការសិក្សារបស់មហាវិទ្យាល័យ King’s College London ធ្វើតេស្តទៅលើកូនភ្លោះ ចំនួន ២,៤០០គូ បានប្រទះឃើញថា អ្នកដែលបានជិះកង់ត្រឹមតែ៤៥នាទី និង៣ដងក្នុងមួយអាទិត្យ គឺមានអាយុវែងជាងអ្នកដែលមិនបានជិះកង់ហាត់ប្រាណរហូតដល់ទៅ៩ឆ្នាំ។ មូលហេតុគឺបណ្តាលមកពីការជិះកង់ជួយឱ្យប្រព័ន្ធឈាមរត់ និងប្រព័ន្ធផ្លូវដង្ហើមមានដំណើរការល្អ ជួយកាត់បន្ថយជំងឺសម្ពាធឈាម ជំងឺធាត់ និងជំងឺមហារីកផ្សេងៗ ហើយថែមទាំងជួយព្យាបាលជំងឺនៅក្នុងខ្លួន ក្នុងប្រសិទ្ធិភាពមួយដ៏ខ្ពស់ចំពោះហានិភ័យ នៃជំងឺបេះដូងបានច្រើនជាង៥០%។

៧. បញ្ចុះទម្ងន់៖ ជិះកង់ជាវិធីម៉្យាង ដែលដុតរំលាយជាតិខ្លាញ់ នៅក្នុងរាងកាយបានយ៉ាងល្អគ្មានគូរប្រៀប។ អ្នកជំនាញបានប្រាប់ឱ្យដឹងថា ក្រោយពេលជិះកង់រួច២ទៅ៣ម៉ោង រាងកាយនឹងចាប់ផ្តើមធ្វើការដុតកម្ទេចជាតិខ្លាញ់ និងបំផ្លាញសារធាតុកកទាំងប៉ុន្មានឱ្យចេញមកក្រៅ ទាំងអស់។ ដូច្នេះបើអ្នកនិយមជិះជាប្រចាំនោះអ្នកនឹងអាយបញ្ចុះខ្លាញ់លើសបានគ្មានសល់។

៨. បន្ថយស្រ្តេស៖ ពេលខ្លះអ្នកមានអារម្មណ៍ធុញថប់ នឿយណាយបាក់ទឹកចិត្ត ឬជួបប្រទះនូវបញ្ហាស្មុគស្មាញណាមួយ ជិះកង់អាចជួយបំបាត់បញ្ហាទាំងអស់នេះបាន ព្រោះនៅពេលដែលអ្នក បានចេញមកខាងក្រៅ ប៉ះជាមួយនឹងធម្មជាត់ស្រស់បំព្រងទុក្ខកង្វល់ក៏បានរសាត់ ទៅឆ្ងាយមួយកម្រិតផងដែរ។

៩. មានមិត្តកាន់តែច្រើន និងបង្កើនចំណងមិត្តភាព៖ សម័យនេះការជិះកង់ចាត់ទុកថាគឺជាផ្នែកមួយ នៃការអភិវឌ្ឍន៏ចំណងមិត្តភាព និងមេត្រីភាពរវាងមនុស្សនៅក្នុងសង្គមខ្មែរ។ កាលណាអ្នកបានធ្វើដំណើរកម្សាន្ត ដោយការជិះកង់ អ្នកនឹងបានជួបមនុស្សជាច្រើននាក់ ដែលមកពីតំបន់ខុសៗគ្នា។ ដោយម្នាក់ៗសុទ្ធតែមានស្នាមញញឹម ភាពរីករាយ និងសេចក្តីសុខសម្រាប់ចែករំលែក ដល់គ្នាទៅវិញទៅមក។ កត្តានេះបានជួយជម្រុញ និងរឹតចំណងសាមគ្គីភាពរបស់មនុស្សជាតិ បានយ៉ាងប្រពៃពោរពេញទៅដោយសក្តានុភាព៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម