ដឹង​អត់​ថា​ Bill Gates ចូលចិត្ត​​អាន​សៀវភៅ​​ណា​ជាងគេ​ទេ? (វីដេអូ)

 
 

អ្នកណា​ក៏​ដឹង​ដែរ​ថា លោក​ Bill Gates គឺ​ជា​មហាសេដ្ឋី​​អាមេរិក​ដ៏​ជោគជ័យ និង​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាងគេ​​ម្នាក់​​នៅ​លើ​ពី​ពិភពលោក ពោល​គឺ​​​មាន​ប្រាក់​​​ដល់​ទៅ​ ​​៨៣,៣ ពាន់​លាន​ដុល្លារ​អាមេរិក។ ទន្ទឹម​នឹង​នេះ​​​គាត់​ក៏​​ជា​បុគ្គល​មួយ​រូប​ដែល​បាន​​បរិច្ចាគ​ទឹកប្រាក់​​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ ​ដើម្បី​ធ្វើ​សកម្មភាព​មនុស្សធម៌​ជួយ​ជន​ក្រីក្រ​នៅ​ជុំវិញ​ពិភពលោក ​ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​​​ដែរ។

​អាថ៌កំបាំង​នៃ​ភាព​ជោគជ័យ​របស់​លោក ​បាន​ធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា ជា​ពិសេស​សហគ្រិន អ្នក​ជំនួញ រួម​ទាំង​បញ្ញវន្ត​វ័យក្មេង​ចង់​ស្វែង​យល់​ពី​គន្លឹះ​ដែល​ធ្វើ​ឲ្យ​មហាសេដ្ឋី​វ័យ៥៩​ឆ្នាំ​រូប​នេះ អាច​ក្លាយ​ជា​​បុគ្គល​​មាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន​មហាសាល​​បែប​នេះ​។

សម្រាប់​​ប្រិយមិត្ត​វិញ​ដែល​​​មាន​បំណង​​ចង់​​ស្គាល់​​ Bill Gates ឲ្យ​កាន់តែ​ច្បាស់​មែន​នោះ លោកអ្នក​អាច​សាកល្បង​ស្វែងយល់​ពី​សកម្មភាព ឬ ទម្លាប់​របស់​​លោក​មួយ​ចំនួន​​ដូច​ជា​ការ​​អាន​សៀវភៅ​​ជា​ដើម ព្រោះ​ថា​កាល​ពី​ពេល​​ថ្មីៗ​នេះ​មហាសេដ្ឋី​រូប​នេះ​បាន​​បង្ហាញ​ពិភពលោក​ពី​សៀវភៅ​មួយ​ក្បាល​ដែល​គាត់​ចូលចិត្ត​អាន​បំផុត។ តើ​​នោះ​គឺ​ជា​សៀវភៅ​អ្វី?

ដោយ​បាន​ចុះផ្សាយ​នៅ​លើ​គេហទំព័រ​សារព័ត៌មាន The Wall Street Journal ​លោក​ប៊ីលហ្គេត​បាន​​បង្ហើប​ថា សៀវភៅ​ដែល​លោក​ចូលចិត្ត​បំផុត​នោះ​មាន​ចំណង​ជើង​ថា «Business Adventures ឬ ដំណើរ​ផ្សងព្រេង​នៃ​មុខ​ជំនួញ»។

អ្វី​ដែល​គួរឲ្យ​ចាប់អារម្មណ៍​នោះ ​គឺ​ថាសៀវភៅ​នេះ​មិន​មែន​ជា​សៀវភៅ​ដែល​ទើប​នឹង​បោះពុម្ពផ្សាយ​នៅ​ពេល​ថ្មីៗ​នេះ​ឡើយ។​ ​វា​​ត្រូវ​បាន​និពន្ធ​ឡើង​ដោយ​លោក John Brooks និង​បោះពុម្ពផ្សាយ​កាល​ពី​អំឡុង​ទសវត្ស​ទី​៦០។ សៀវភៅ​​នេះ​មិន​មាន​ការ​បោះពុម្ព​ផ្សាយ​លក់​​បន្ត​ទៀត​ឡើយ​​​ចាប់តាំង​ពី​​ ឆ្នាំ​១៩៧១​មក។

ទោះបីជា​យ៉ាង​នេះ​ក្ដី លោក​ប៊ីលហ្គេត​បាន​បញ្ជាក់​ថា ​សំណាង​ល្អ​លោក​​បាន​សៀវភៅ​នេះ​​​នៅ​ក្នុង​ដៃ​នា​​ឆ្នាំ​១៩៩១។ ​លោក​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​វា​នៅតែ​មាន​តម្លៃ​​​​ស្រប​តាម​បរិបទ​សម័យ​បច្ចុប្បន្ន​សម្រាប់​អ្នក​ជំនួញ ឬ​សហគ្រិន​ទាំងឡាយ​ដែល​ចង់​ស្វែង​យល់​ពី​​មុខ​ជំនួញ។

លោក​បាន​​បន្ថែម​ថា​សៀវភៅ «Business Adventures​» បរិយាយ​អំពី​ភាព​ខ្លាំង និង ភាព​ខ្សោយ​របស់​អ្នក​ដឹកនាំ​ដែល​ត្រូវ​ប្រឈម​មុខ​ ដែល​ផ្ដោត​ភាគច្រើន​នៅ​ក្នុង​វិស័យ​មុខ​ជំនួញ​ដែល​មាន​តម្លៃ​ជា​អត្ថន័យ តែ​មិន​មែន​មាន​តម្លៃ​លើ​អាយុកាល​របស់​វា​នោះ​ឡើយ។

សូម​​បញ្ជាក់​ថា​សៀវភៅ « Business Adventures​ » ក៏​​ជា​សៀវភៅ​សំណព្វ​​ចិត្ត​​មួយ​ក្នុង​ចំណោម​សៀវភៅ​ល្អៗ​ជា​ច្រើន​ទៀត​ដែល​មហាសេដ្ឋី​​ជាប់​ចំណាត់​ថ្នាក់​ទី​ពីរ​នៅ​លើ​លោក​របស់​មិកស៊ីកូ ​គឺ​​លោក Carlos Slim ​​​ធ្លាប់​បាន​អាន​​​មុន​លោក Bill Gates ​ទៅ​ទៀត៕




 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម