វិធី​ណាត់​ជួប​​គូ​សង្សារ​យ៉ាង​​​រ៉ូ​មែន​​​ទិក​​បំ​ផុត​ ​ទោះ​ជា​អ្នក​គ្មាន​លុយ​សោះ

 
 

ធម្មតា​ ពេល​ណាត់​មនុស្ស​ជា​ទី​ស្រលាញ់​ដើរ​លេង​ទាល់​តែ​មាន​លុយ​ទើប​អាច​ណាត់​បាន​។ ចុះ​បើ​អ្នក​មិន​មាន​លុយ​ តើ​អ្នក​មាន​តិចនិក​យ៉ាង​ណា​អាច​​ណាត់​ជួបគ្នា​បាន​​​យ៉ាង​សប្បាយ​រីករាយ​ទៀត​? តាម​ពិត​មាន​តិចនិក​ អាច​ណាត់​ជួប​គ្នា​បាន​ ដោយ​មិន​បាច់​ចាំ​មាន​លុយ។ បើ​​ប្រិយ​មិត្ត​​មិន​​ទាន់​ដឹង​ សាក​​មើល​​ខាង​​ក្រោម​​នេះ​​ទាំង​​អស់​​គ្នា​​ណា៖

បើ​តាម​លោក​ ឡុង​ ចាន់​ដា​រា​ អតីត​និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ជំនាញ​វិទ្យាសាស្ត្រ​​កុំព្យូទ័រ​ ប្រាប់​ថា ​​ដូចជា​ជិះ​កង់​ជាមួយ​នាង​លេង​តាម​ដង​ផ្លូវ បន្ទាប់មក​ទៅ​អង្គុយ​មើល​ថ្ងៃ​រៀប​លិច​ទាំង​អស់​គ្នា​ ជជែក​គ្នា​ពី​នេះ​ពី​នោះ​ បើ​មាន​រឿង​កំប្លែង​គួរ​យក​មក​និយាយ​ឲ្យ​សើច​សប្បាយ​ជាមួយ​គ្នា។ ប្រសិន​បើ​អាច​មាន​ផ្កា​នៅ​ជិត​នោះ​ទៀត ​កាច់​មួយ​ទង​ឲ្យ​នាង ប្រាកដ​ជា​នាង​រីករាយ​ និង​ចង​ចាំ​អនុស្សាវរីយ៍​នេះ​ជាក់​ជា​មិន​ខាន​ឡើយ​។

រូប​តំណាង​

រីឯលោក សត្យា​ អាយុ​២៤ឆ្នាំ មាន​រូបរាង​ស្រស់​សង្ហា​ ជា​បុគ្គលិក​លក់​ម៉ូតូ​ធំ​នៅ​ម្ដុំ​បឹង​កេង​កង​ ​បញ្ចេញ​យោបល់​​ថា​​៖ “អ្នក​ណា​ក៏​តែង​និយាយ​ថា​លេង​ហ្គេម​សប្បាយ​ បំបាត់​ស្រ្តេស ​ចឹង​លេង​ហ្គេម​ជាមួយ​មិត្ត​ស្រី​ តែ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​នាង​ឈ្នះ​ដោយ​មិន​ដឹង​ខ្លួន​ ហើយ​សរសើរ​នាង​ថា​ អូន​ពិត​ជា​ពូកែ​មែន​ មិន​ត្រឹម​តែ​ស្អាត​ទេ​ថែម​ទាំង​គួរ​ឲ្យ​ស្រលាញ់​ទៀត​ ឬ​អាច​បង្កើត​ប្រស្នា​លេង​ជាមួយ​នាង​ ដូចជា​សាក​ទាយ​ល​មើល​ថា​ពាក្យ​ I Love You មាន​ន័យ​ថា​ម៉េច​?”។

ការ​ដើរ​លេង​ជាមួយ​គូ​សង្សារ​មិន​ប្រាកដ​ថា​ ទាល់​តែ​មាន​លុយ​ទើប​អាច​ដើរ​លេង​ជាមួយ​គ្នា​បាន​ឡើយ ​ បើ​អ្នក​ឆ្លាត​ អ្នក​អាច​ធ្វើ​ឲ្យ​ស្ថាន​ភាព​បែប​នេះ​ប្រែ​ក្លាយ​ជា​ការ​ចង​ចាំ​មួយ​ល្អ​​ក្នុង​ជីវិត​ពោរពេញ​ដោយ​ក្ដី​រីករាយ​ និង​រឹត​តែ​ស្រលាញ់​គ្នា​ជាង​មុន​ទៅ​ទៀត​។

លើស​ពី​នេះ​ កញ្ញា ​កឹម​ ច័ន្ទ​ថា​វី និស្សិត​សាកល​វិទ្យាល័យ​កម្ពុជា​​ (UC) បាន​ប្រាប់ ​Sabay​ ទាក់​ទង​នឹង​រឿង​នេះ​ថា៖ “យើង​អាច​ទៅ​មើល​គេ​រាំ​ហាត់​ប្រាណ​នៅ​វត្ត​បទុម​​ដោយ​សារ​ពេល​មើល​កាយវិការ​គេ​រាំ​ ចេះ​តែ​ចង់​សើច។ បើ​មិន​អញ្ចឹង​ទេ​ នាំ​សង្សារ​ចូល​រាំ​ជាមួយ​គេ​​ក៏​ម៉្យាង​ដែរ​ ព្រោះ​ចំណាយ​តែ​មួយ​ពាន់​រៀល​ប៉ុណ្ណោះ រីករាយ​ជាមួយ​គ្នា​ និង​មាន​សុខ​ភាព​ល្អ​ទៀត​ផង​។ ក្រៅ​ពី​នេះ​ ពេល​រាំ​ចប់​យើង​អាច​ដើរ​បណ្ដើរ​គ្នា​តាម​មាត់​ទន្លេ​ទៅ​ផ្សារ​រាត្រី រួច​ដើរ​​មើល​ឥវ៉ាន់​នៅ​ទីនោះ”។

រូប​តំណាង​

ចំណែក ភឺម រចនា អាយុ​២២ឆ្នាំ និស្សិត​ជំនាញ​អក្សរសាស្ត្រ​អង់គ្លេស​នៅ IFL និយាយ​ថា​៖ “ប្រសិន​បើ​គូ​សង្សារ​ស្រលាញ់​គ្នា លុយ​មិន​មែន​ជា​គ្រឿង​រារាំង​សម្រាប់​ពួក​គេ​ឡើយ​។  រឿង​រ៉ូ​មែន​ទិក​ជា​ច្រើន​សម្រាប់​និស្សិត ដូច​ជា​ពួក​គេ​អាច​ណាត់​គ្នា​ទៅ​បណ្ណាល័យ​ ស្រាវ​ជ្រាវ​ឯក​សារ​ជាមួយ​គ្នា ទៅ​សារមន្ទីរ​  អង្គុយ​ក្រោម​ដើម​ឈើ​ ចែក​រំលែក​ភាព​សប្បាយ​រីក​រាយ​ជា​មួយ​គ្នា​ ឬ​ជជែក​គ្នា​ពី​នេះ​ពី​នោះ​​​អី​ជា​ដើម​”៕


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម