ប្រយ័ត្ន!! គ្រឿងសម្អាង ដែលអ្នកកំពុងប្រើប្រាស់ អាចផ្ដល់គ្រោះថ្នាក់ ដល់ជីវិត
យល់ដឹង៖ សម្រាប់ម្ហូបអាហារ គ្រឿងហូបចុក យើងមានការប្រុងប្រយ័ត្នណាស់ មិនហ៊ានទទួលទានអាហារដែលមិនមានអនាម័យ ឬអាហារមានជាតិគីមីច្រើននោះទេ។ ប៉ុន្តែសម្រាប់គ្រឿងកែសម្ផស្សតុបតែងខ្លួនវិញ យើងទូទៅគ្រាន់តែពិនិត្យមើលលើយីហោផ្សាយប៉ុណ្ណោះថា ផលិតផលទាំងនោះនឹងជំនួយអ្វីខ្លះ ដល់ស្បែកដោយមិនពិនិត្យមើលដិតដល់លើគ្រឿងផ្សំ ថាវាអាចប៉ះពាល់ដល់សុខភាពកំរិតណានោះទេ។ ថ្ងៃនេះ ខ្មែរឡូតសូមបង្វែរអារម្មណ៍ប្រិយមិត្តអ្នកអាន និងស្វែងយល់អំពីគ្រោះថ្នាក់ នៃការប្រើប្រាស់ផលិតផលគ្រឿងសម្អាងមួយចំនួន ដែលប៉ះពាល់ដល់សុខភាព និងវិធីកែខៃឡើងវិញ។
ផលិតផលបំបាត់ក្លិនក្លៀក ប្រភេទស្ប្រៃយ៏ (Spray Deodorant) ៖ កាលពីថ្ងៃទី ៨ មករា ឆ្នាំ ២០១៦ ក្មេងប្រុសជនជាតិអង់គ្លេសម្នាក់ឈ្មោះ ថមម៉ាស ថោនសេន (Thomas Townsend) អាយុ១៦ឆ្នាំ បានបាត់បង់ជីវិត ដោយសារការប្រើប្រាស់ផលិតផល បំបាត់ក្លិនក្លៀកប្រភេទស្ប្រៃយ៏ច្រើន លើសកំរិត (មួយសប្តាហ៏ ប្រើអស់មួយកំប៉ុង) ។ ផលិតផលប្រភេទស្ប្រៃយ៏ មិនថាសម្រាប់បាញ់បំបាត់ក្លិនខ្លួន ឬសម្រាប់បាញ់អោយសក់រឹងទេ សុទ្ធតែមានសារធាតុគីមីតូចៗ ដែលអាចស្រូបចូលក្នុងសួតបានយ៉ាងងាយស្រួល បង្កជាជំងឺមួយចំនួួនដូចជា ប្រតិកម្មនឹងស្បែក ឈឺក្បាល និងក្នុងករណីរបស់ Thomas Townsend អាចបណ្តាលអោយគាំងបេះដូងស្លាប់ទៀតផង។ សម្រាប់ក្មេងប្រុសកំពុងពេញវ័យ ការស្រូបយកសារធាតុគីមីប្រភេទ Formaldehyde ក្នុងស្ប្រៃយ៏បាញ់ខ្លួនជាប្រចាំ នឹងកែប្រែអោយឌីអិនអេក្នុងខ្លួន ធ្វើការខុសប្រក្រតី (DNA Fragmentation) អាចធ្វើឲ្យពួកគេមិនអាចមានកូន បាននាពេលអនាគត ទៀតផង នេះបើតាមការស្រាវជ្រាវរបស់បណ្ឌិត អារមេន ហ្សីនី (Armand Zini) មកពីក្រុមប្រឹក្សារស្រាវជ្រាវឱសថនៃប្រទេសកាណាដា (Medical Research Council of Canada)។
ម៉ាស្ការ៉ា (Mascara) ៖ បំពង់ម៉ាស្ការាមានលក្ខណៈងងឹតហើយសើម ជាទីជម្រករបស់មីក្រុបតូចៗទៅបង្កើតបាក់តេរីគ្រប់ប្រភេទ។ ដុកទ័រ ជូដី ឃ្រូគូស្គី (Dr. Judy Krukowski) មកពីមហាវិទ្យាល័យវេជ្ជសាស្រ្តនៃរដ្ឋកេនសាស់ សហរដ្ឋអាមេរិក បានលើកឡើងថា ៧៩% នៃម៉ាស្ការ៉ាទាំងអស់ប្រើប្រាស់ លើសពី៣ខែឡើងទៅ មីក្រុបនិងបាក់តេរី បានបណ្តុំគ្នាបង្ក និងបណ្តាលឲ្យអ្នកប្រើប្រាស់មានជំងឺ Staph (Staph infection) បាន។ Staph infection ជាជំងឺសើរស្បែកម្យ៉ាង ដែលធ្វើអោយក្រពេញខ្លាញ់ជុំវិញ ភ្នែកហើម ប្រសិនបើវារាលដាលលើផ្នែកផ្សេងៗនៃស្បែកមុខ វាក៏អាចបង្កជាមុនខ្ទុះផងដែរ។ សារជាតិការពារការដុះដាលផ្សិតបាក់តេរី (anti-fungi) ក្នុងម៉ាស្ការ៉ា មានប្រសិទ្ធិភាពបានត្រឹម ៣ខែប៉ុណ្ណោះ ក្រោយការប្រើប្រាស់ដំបូង ដូច្នេះហើយមិនថាម៉ាស្ការ៉ា ដែលអ្នកប្រើប្រាស់មានតម្លៃថ្លៃ និងមានម៉ាកល្បីប៉ុណ្ណាទេ គួរណាស់តែទិញដូរ ផ្លាស់ថ្មី រាល់៣ខែម្តង ដើម្បីជៀសវាងការឆ្លងមេរោគភ្នែក និងស្បែកមុខនានា។
ក្រែមលាបមាត់ ៖ របាយការណ៏ឆ្នាំ ២០០៧ របស់រដ្ឋបាលគ្រប់គ្រងចំណីអាហារ និងឱសថ (Food and Drug Administration - FDA) នៃសហរដ្ឋអាមេរិក បានបង្ហាញថា ៦១%នៃក្រែមលាបមាត់ទាំងអស់ ដែលចរាចរណ៍លើទីផ្សារមានផ្ទុកសារធាតុកាបូន Lead ដែលជាធាតុគីមី ផ្តល់ផលប៉ះពាល់ ដល់សរសៃណឺរ៉ូនខួរក្បាល និងបង្កជាមហាររីកប្រសិនបើប្រើប្រាស់ជាប្រចាំ។ កាបូន Lead មាននៅក្នុងល័ក្ខបន្ថែមពណ៌ (color additive) ក្នុងក្រែមលាបមាត់នីមួយៗ ដូច្នេះហើយ គេមិនអាចនិយាយថាក្រែមម៉ាកណា ដែលមានសារធាតុកាបូន Lead ច្រើនជាងគ្នានោះទេ ប៉ុន្តែ FDA បានបញ្ជាក់ថា សារធាតុកាបូន Lead មានចំនួួនច្រើនបំផុត ក្នុងក្រែមដែលមានពណ៌ដិត ដូចជាពណ៌ក្រហម ស្វាយ (plum) និងពណ៌ត្នោត។ ចំណែកពណ៌ដែលមានសារធាតុ Lead តិចជាងគេ គឺពណ៌ផ្កាឈូកស្រាល និងពណ៌សាច់ (nude color)។ ក្នុងបណ្តាប្រទេសនានា មានតែប្រទេសក្នុងសហគម៍អ៉ឺរ៉ុបប៉ុណ្ណោះ ដែលបានដាក់ច្បាប់មិនឲ្យបន្ថែមសារជាតិកាបូន Lead ទៅក្នុងក្រែមលាបមាត់។
ប្រសិនបើប្រិយមិត្តអ្នកអានចង់ដឹងថា ក្រែមលាបមាត់ ឬគ្រឿងសំអាងណាមួយ ដែលអ្នកកំពុងប្រើប្រាស់ជាប្រចាំ មានជាតិគីមីដែលផ្តល់ផលប៉ះពាល់ ដល់សុខភាពកំរិតណានោះ អ្នកចូលទៅកាន់គេហទំព័រ www.safecosmetics.org ដែលជាគេហទំព័រដំណើរការ ដោយអង្គការត្រួតពិនិត្យសុវត្ថិភាពគ្រឿងសំអាង របស់សហរដ្ឋអាមេរិក (Campaign for Safe Cosmetics)។ ដោយគ្រាន់តែវាយឈ្មោះគ្រឿងសំអាងប៉ុណ្ណោះ វេបសាយនឹងបង្ហាញទិន្នន័យ ដែលគេពិសោធន៍ឲ្យបានឃើញថា គ្រឿងសំអាងនោះ មានគ្រឿងផ្សំអ្វីខ្លះ និងមានមានគ្រោះថ្នាក់កំរិតណា។
ម្ស៉ៅផាត់ប្រភេទម៉ត់ (Mineral powder) ៖ ម្ស៉ៅផាត់មុខប្រភេទនេះ ត្រូវបានគេកិនអោយមានមាឌតូចល្អិតបំផុត (ultra fine particles) ដើម្បីអោយស្បែកមុខមើលទៅ ម៉ត់ស្អាតដូចធម្មជាតិ។ ភាគល្អិតទាំងនេះអាចហិតចូលក្នុងសួត និងបញ្ជូនទៅក្នុងសរីរាង្គផ្សេងៗ ក្នុងខ្លួនបានយ៉ាងងាយ។ ពេលដែលកំទេចតូចៗ នៃម៉្សៅស្រូបចូលក្នុងសួតហើយ មិនមានវិធីដើម្បីលាងវាចេញបានទេ។ តាមការសិក្សាររបស់ កម្មវិធីសិក្សាជាតិពុល (National Toxicology Programme) របស់ប្រទេសអង់គ្លេស ក្នុងឆ្នាំ១៩៩៣ បានធ្វើការសាកល្បងលើកណ្តុរពិសោធន៍ ១០០ក្បាល ឲ្យវារស់នៅក្នុងប្រអប់ និងចាក់បញ្ចូលភាគល្អិតតូចៗ នៃ Mineral Powder កំរិត ១៨មីលីក្រាមក្នុងមួយថ្ងៃ សង្កេតឃើញថា កណ្តុរទាំងនោះ មានប្រតិកម្មស្បែក របកស្បែក កំនរគីសក្នុងសួត (cyst) កំនរវីរុសក្នុងសួត (virus infected in lung interstitium) ធ្វើឲ្យពិបាកដកដង្ហើម និងការឆ្កូតដាច់ស្រទាប់សួត ដែលអាចបង្កជាជំងឺមហារីកបាន (chronic, progressive fibrosis (scarring) of lung interstitium)។ ដូច្នេះហើយ ការផាត់មុខគួរប្រើប្រាស់ម្ស៉ៅទ្រនាប់ប្រភេទទឹក មិនមានភាគល្អិតតូចៗ ដែលអាចប៉ះពាល់ដល់សួត ឬសម្រាប់ស្បែកដែលមានជាតិខ្លាញ់ហើយគួរប្រើម្ស៉ៅផាត់ក្នុងប្រអប់ធម្មតា (compressed powder) ។
ឡេលាបស្បែក ៖ នៅបណ្តាបច្ចឹមប្រទេស និងសហរដ្ឋអាមេរិក ឡេលាបស្បែកត្រូវបានគេប្រើប្រាស់ ដើម្បីផ្តល់សំណើមដល់ស្បែក ឡេប្រភេទនេះមិនផ្តល់ផលប៉ះពាល់អ្វីឡើយ ប៉ុន្តែនៅតាមប្រទេសនានា ក្នុងតំបន់អាស៊ីគេបន្ថែមនូវសារជាតិបារត (Mercury) ដើម្បីផ្គាប់ចិត្តអតិថិជន ដោយសារវប្បធម៌អាស៊ីនិយម ចូលចិត្តស្បែកស។ ក្នុងរបាយការណ៏ អង្គការសហប្រជាជាតិឆ្នាំ ២០០៤ ជាតិគីមី ក្នុងគ្រឿងសំអាងដែលប្រទេសកម្ពុជា កំពុងប្រឈមមុខ គឺសារជាតិបារតនេះផ្ទាល់តែម្តង។ សារធាតុបារត មានសមត្ថភាព ធ្វើឲ្យស្បែកសបានដោយសារវាទប់ស្កាត់អង់ស៊ីម មិនឲ្យបង្កើតមេឡានីនក្នុងស្បែក។ បរិមាណមេឡានីន ក្នុងស្បែកនេះហើយ ដែលកំណត់ថាស្បែកអ្នកមានសំបុរ ស ឬខ្មៅ (មេឡានីនតិចស្បែកស មេឡានីនច្រើនសំបុរខ្មេៅ) ដែលមុខងារសំខាន់ របស់សារធាតុមេឡានីននេះផ្ទាល់ គឺជាអង្គការពាររបស់រាង្គកាយ ទប់ស្កាត់ជំងឺមហារីកស្បែក។ ការប្រើប្រាស់ឡេដែលមានសារធាតុបារត ជាប្រចាំ ធ្វើអោយស្បែកមានប្រតិកម្មខ្លាំង នឹងកំដៅថ្ងៃ ក្នុងករណីមួយចំនួួន អាចប្រតិកម្មដល់បាត់បង់ជីវិតក៏មាន ដូចករណីឆ្នាំ ២០១០ យុវតី ឈួន សុវណ្ណ វ័យ២៣ឆ្នាំមកពីខេត្តបន្ទាយមានជ័យ និងឆ្នាំ ២០១១ យុវតី មាម សៀក មកពីខេត្តកំពង់ស្ពឺ ទាំង២នាក់សុទ្ធតែបានបាត់បង់ជីវិត បន្ទាប់ពីសាកល្បងប្រើប្រាស់ ឡេជំនួយស្បែកអោយស។
ស្បែក ស ម៉ត់ រលោង ជាសេចក្តីប៉ងប្រាថ្នា របស់មនុស្សគ្រប់រូប ទាំងបុរស និង នារី ប៉ុន្តែមុននឹងសម្រេចប្រើប្រាស់ផលិតផលកែប្រែពណ៌ស្បែក គួរពិនិត្យមើលគ្រឿងផ្សំ ឲ្យបានច្បាស់លាស់ និងមើលម៉ាកផលិតផល ថាមានបានធ្វើតេស្តដោយក្រសួងជាតិ និងអន្តរជាតិឬនៅ។ តាមកិច្ចសំភាសរបស់ ដុកទ័រ បារ៉ានខីន (Dr. Barankin) មកពីប្រទេសកាណាដាការប្រើប្រាស់ឡេ ដែលមានវីតាមីន A, E និង B3 គួបផ្សំនឹងការថែរក្សាស្បែក ដោយប្រើផលិតផលធម្មជាតិ សុទ្ធតែជំនួយស្បែកអោយសស្អាត និងមានសុខភាពល្អ ជាងមុនដោយមិនប៉ះពាល់សុខភាព និងទទួលលិទ្ធផលល្អ ក្នុងរយៈពេលយូរទៀតផង៕
តើប្រិយមិត្ត មានមតិយោបល់យ៉ាងណាដែរ?
ប្រភព ៖ UN , Dailymail, Forbes, NIH, CanadianLiving, CNN, Alternet , NEJM, ផ្សេងៗ
ដោយ ៖ លីន
ខ្មែរឡូត
មើលគួរយល់ដឹងផ្សេងៗទៀត
- ការស្វែងរកអតិថិជន សម្រាប់ជំនួញថ្មី
- វិធីដោះស្រាយ កំហឹង
- របៀបរៀបចំមង្គលការចំណាយលុយតិចមិនគួរឲ្យជឿ!
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!