បី​សំណួរ​ត្រូវ​សួរ​​ខ្លួន​ឯង​មុន​នឹង​​​សម្រេច​ចិត្ត​រៀបការ​

 
 

រៀបការ​គឺ​ជា​រឿង​ធំ​បំផុត​ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់ៗ។ ​បើ​ចេះ​តែ​ឆិនឆៃ​ធ្វើ​តាម​តែ​ចិត្ត​របស់​ខ្លួន​មួយ​ប្រាវ​ ទៅ​ថ្ងៃ​មុខ​​អ្នក​ងាយ​នឹង​ជួប​រឿង​រកាំរកូស​រហូត​ដល់​ដើរ​ផ្លូវ​ផ្សេងគ្នា​ ​ឬ​មើល​មុខ​គ្នា​មិន​ចំ​ក៏​មាន។ ​​ដូច្នេះ​ដើម្បី​ឲ្យ​សម្ពន្ធភាព​ប្ដី​ប្រពន្ធ​របស់​អ្នក​ស្ថិតស្ថេរ​​យូរ​អង្វែង​ទាមទារ​ឲ្យ​មាន​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​មួយ​មុន​នឹង​កាន់​ដៃ​គ្នា​ចូល​រោងការ។ ​ខាងក្រោម​ជា​សំណួរ​ខ្លី​ ៣ ​​ដែល​អាច​ជួយ​ដល់​ការ​សម្រេចចិត្ត​របស់​អ្នក​ថា ​គួរ​រៀបការ​ ​ឬ​មិន​គួរ?

​១. ​​តើ​ខ្ញុំ​​​ត្រៀម​ខ្លួន​ផ្ដល់​ឲ្យ​គេ​នូវ​អ្វី​ដែល​គេ​ត្រូវ​ការ​បាន​ឬ​នៅ?

​មនុស្ស​ជា​ច្រើន​ចាប់​ដៃ​គ្នា​សម្លឹង​​មើល​ផលប្រយោជន៍​គ្នា​ទៅ​វិញ​ទៅ​មក​ដូចជា​មាន​ទ្រព្យសម្បត្តិ ​រូបសម្បត្តិ ​​​និង​មុខរបរ​នឹង​ធឹង​ដែល​អាច​ពឹង​ពាក់​បាន។ ​តែ​ការ​ចាប់​ដៃ​គ្នា​ជា​គូ​អនាគត​មិន​គួរ​គិត​តែ​ចូល​​​​ម៉្យាង​ទេ ​ត្រូវ​គិត​ថា ​អ្នក​អាច​បំពេញ​តម្រូវការ​របស់​ដៃគូ​របស់​អ្នក​បាន​កម្រិត​ណា? ​​​នៅ​ពេល​ដែល​អ្នក​បំពេញ​តម្រូវការ​ដែល​គេ​ចង់​បាន​ច្រើនលើកច្រើនសា​ ចង់​មិន​ចង់​គេ​នឹង​ធ្វើ​ល្អ​មក​លើ​អ្នក​វិញ​ដូចគ្នា។ ​​​អ្នក​គួរ​សម្លឹង​រក​ដៃគូ​ដែល​មិន​សូវ​គិត​ខ្លួន​ឯង​​ ​មិន​អាត្មានិយម ​និង​ចេះ​យល់​ចិត្ត​គ្នា​ជា​ធំ។

២. ​តើ​យើង​​ស្គាល់​គុណ​តម្លៃ​​គ្នា​ទេ?

​មនុស្ស​ម្នាក់​កើត​មក​មាន​គោលដៅ ​តម្រូវការ ​និង​គុណ​តម្លៃ​ប្លែកៗ​ពី​គ្នា។ ​​ដូច្នេះ​ រយៈពេល​ដែល​អ្នក​ស្វែង​យល់​ចិត្ត​គ្នា​មុន​រៀបការ​ គួរ​ស៊ើបសួរ​គ្នា​ទៅ​វិញ​ទៅ​មក​ពី​ព័ត៌មាន​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​គោលដៅ​រៀងខ្លួន ​ចំណង់ចំណូលចិត្ត​ ​និង​តម្រូវការ​រវាង​គ្នា​និង​គ្នា។ ​​​​បើ​អ្នក​មាន​ចំណុច​ខុស​ប្លែក​គ្នា​ តែ​អាច​រក​ចំណុច​កណ្ដាល​មួយ​​ស្រប​គ្នា​នោះ​មាន​ន័យ​ថា ​អ្នក​ចេះ​ពិភាក្សា ​និង​យល់​ពី​គ្នា​បាន។
​​
​តែ​បើ​ម្នាក់​ៗ​ ​ទាមទារ​ចង់​បាន​អ្វីៗ​តាម​តែ​ចិត្ត​ខ្លួន​ឯង ​ខណៈ​គំនិត​របស់​ដៃគូ​សុទ្ធ​តែ​ឆោតល្ងង់​នោះ ​​ជម្លោះ​នឹង​កើត​មាន​​មិន​ចប់​មិន​ហើយ​​​ ​ហើយ​ថ្ងៃ​មួយ​ប្រាកដ​ជា ​Bye Bye ​ដាក់​​គ្នា​​មិនខាន។ ​​

ឥលូវ​គ្រាន់​តែ​យក​ឧទាហរណ៍​មួយ​មក​ពិចារណា​ក៏​អ្នក​អាច​យល់​បាន​ដែរ។ ​ឧបមា​ថា ​អ្នក​ចង់​បាន​កូន​ភ្លាមៗ​ តែ​ដៃគូ​អ្នក​ចង់​នៅ​ខ្លួន​ទទេ​ដើរ​លេង​ឲ្យ​សប្បាយ​ឆ្អែតឆ្អន់​សិន​ទើប​គិត​គូរ​រឿង​នេះ​ ​ភាព​ប្រទាំង​ប្រទើស​ក៏​អាច​នឹង​អូស​បន្លាយ​រយៈពេល​វែង​ ​ខណៈ​ដែល​បន្លា​ក្នុង​ចិត្ត​នេះ​នឹង​រុកកួន​សុភមង្គល​អ្នក​ដោយ​ជៀស​មិន​ផុត។

អីចឹង​ត្រូវ​សិក្សា​ស្វែង​យល់​រក​ចំណុច​រួម​ដូចគ្នា​ឲ្យ​បាន​កាន់​តែ​ច្រើន​កាន់​តែ​ប្រសើរ​មុន​នឹង​សម្រេច​កាន់​ដៃ​គ្នា​ចូល​រោង។

៣. ​សួរ​ខ្លួន​ឯង ​ថា​ស្រឡាញ់​គេ​ដោយ​ពិត​ប្រាកដ​ដែរ​ឬ​ទេ?

​​រៀបការ​ដោយ​ក្ដី​ស្រឡាញ់ ​និង​រៀបការ​ដោយ​ឪពុកម្ដាយ​ផ្សំផ្គុំ​ឲ្យ​ជា​រឿង​ពីរ​ផ្សេង​គ្នា។ ​សម័យ​បច្ចុប្បន្ន​ ​កូន​កំលោះ​កូន​ក្រមុំ​ច្រើន​ជា​អ្នក​សម្រេច​ចិត្ត​លើ​អាពាហ៍ពិពាហ៍​ខ្លួន​ឯង​ច្រើន​ជាង​ ការ​ទុកដាក់​ដោយ​ឪពុកម្ដាយ។ ​អ្នក​គួរ​ជ្រើសរើស​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ និង​យល់​ចិត្ត​គ្នា​ច្បាស់។ ​​ស្នេហា​ក៏​មិន​ខុស​ពី​ការ​សាងសង់​អគារ​មួយ​​ដែរ​គឺ​តម្រូវ​ឲ្យ​អ្នក​មាន​គ្រឹះ​ដ៏​រឹងមាំ​មួយ​នោះ​គឺ​ ក្ដី​ស្រឡាញ់។ ​បន្ទាប់​ពី​មាន​ក្ដី​ស្រឡាញ់​នេះ​ហើយ​ អ្វី​ៗ​នឹង​កាន់​តែ​ងាយស្រួល។ ​ចំណុច​បន្ទាប់​​ ​អ្នក​អាច​​សម្លឹង​មើល​​​កត្តា​ហិរញ្ញវត្ថុ ​មុខរបរ​ ការងារ​ ដែល​​ចំណុច​ទាំង​អស់​នោះ​ អ្នក​​ទាំង​ពីរ​អាច​កំណត់​ពេលវេលា​ជាក់លាក់​ណាមួយ​សម្រេច​រួម​គ្នា​ឲ្យ​បាន​មុន​​សម្រេច​រៀបការ។ ​ក្ដី​ស្រឡាញ់​ផ្សារភ្ជាប់​នឹង​សេចក្ដី​សុខ​ផ្លូវ​ភេទ ​ផ្លូវចិត្ត​ ដែល​ជា​កត្តា​រួម​ផ្សំ​ដ៏​ធំ​​នៃ​សុភមង្គល​គ្រួសារ​មួយ​ ដូច្នេះ​គួរ​ជ្រើសរើស​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ ​និង​​​ស្រឡាញ់​អ្នក​​ដោយ​ពិតប្រាកដ។

នៅ​មាន​ចំណុច​ ណា​ទៀត​ដែល​ប្រិយមិត្ត​ចង់​បន្ថែម?


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម