អ្នក​មាន​បំផុត​​នៅ​​អាស៊ី​ប្រាប់​គន្លឹះ​​ទិញ​​​ផ្ទះ ​និង​រថយន្ត​​បាន​ក្នុង​រយៈពេល៥​ឆ្នាំ​

 
 

ថ្ងៃ​នេះ​ Sabay ​នឹង​លើក​យក​ការ​ចែករំលែក​របស់​មហាសេដ្ឋី​ហុងកុង​លោក ​Li Ka-Shing ​​ដើម្បី​រៀបចំ​ជីវិត​អ្នក​ឲ្យ​កាន់​តែ​ប្រសើរ​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ។ ​​អ្នក​​មាន​បំផុត​របស់​អាស៊ី ​​​(ទ្រព្យសម្បត្តិ​ ៣៥,២ ​ពាន់​លាន​ដុល្លារ) ​បាន​ផ្ដល់​​​បច្ច័យ​​គំនិត​​ដើម្បី​​ផ្លាស់​ប្ដូរ​ជីវិត​បាន​ប្រសើរ​ជាង​មុន​​ដូច​ខាងក្រោម៖

ឧបមា​ថា ​អ្នក​មាន​ចំណូល​ ២០០ ដុល្លារ​ក្នុង​មួយ​ខែ ​អ្នក​នៅ​តែ​អាច​រស់​បាន​ដោយ​ប្រសើរ។ ​​ដំបូង​អ្នក​ត្រូវ​បែងចែក​ប្រាក់​នោះ​ទៅ​ជា​ ៥ ​ចំណែក ​​៨០​ដុល្លារ ​​២០ ​ដុល្លារ ​​​៣០ ​ដុល្លារ ​​២០ ​ដុល្លារ ​និង​ ៥០ ​ដុល្លារ។

​ចំណែក​ទី​១ ​គឺ​ប្រើ​សម្រាប់​ចំណាយ​លើ​ការ​ហូបចុក។ ​​ព្យាយាម​ចំណាយ​ឲ្យ​ធម្មតា​តាម​ដែល​អាច​ធ្វើ​បាន។ ​​អ្នក​អាច​បែងចែក​ ៨០ ​ដុល្លារ​​ដែល​អ្នក​មាន​ទៅ​នឹង​ចំនួន ៣០ ​ថ្ងៃ​ក្នុង​មួយ​ខែ ​មាន​ន័យ​ថា ​មួយ​ថ្ងៃ​អ្នក​អាច​ចំណាយ​បាន​ជិត​ ៣​ ​ដុល្លារ​ប៉ុណ្ណោះ។ ​វិធី​ដ៏​ល្អ​បំផុត​គឺ​ត្រូវ​ញ៉ាំ​អាហារ​នៅ​ផ្ទះ​ជា​ប្រចាំ​ជៀសវាង​ការ​ចំណាយ​ញ៉ាំ​អាហារ​នៅ​ខាងក្រៅ​ដែល​ចំណាយ​ច្រើន។ ​នៅ​ពេល​អ្នក​នៅ​ក្មេង​ រាងកាយ​របស់​អ្នក​មាំទាំ​អាច​ទ្រាំទ្រ​នឹង​ការ​ញ៉ាំ​របៀប​នេះ​បាន​ច្រើន​ឆ្នាំ។

​ចំណែក​ទី ២ ​​គឺ​ប្រើ​សម្រាប់​ការ​ពង្រីក​បណ្ដាញ។ ​​២០ ​ដុល្លារ​ដែល​អ្នក​​មាន​អាច​យក​មក​ប្រើ​​សម្រាប់​ទិញ​អាហារ​សម្រន់ ​​ឬ​ប៉ាវ​មិត្តភ័ក្ដិ​ញ៉ាំ​អាហារ​ម្ដង​ ​ឬ​ពីរ​ដង​ក្នុង​មួយ​ខែ។​ សេដ្ឋី​ចិន​​រូប​នេះ​បាន​ពន្យល់​​ថា ​​​មនុស្ស​ដែល​អ្នក​គួរ​ទិញ​អាហារ​ឲ្យ​​​គួរ​ជា​មនុស្ស​ដែល​មាន​​ក្ដី​ស្រមៃ​ធំ​ជាង​អ្នក ​មាន​ជាង​អ្នក។ ​​ធ្វើ​បែប​នេះ​ប្រហែល​មួយ​ឆ្នាំ​ អ្នក​នឹង​​​ទទួល​បាន​នូវ​កេរ្តិ៍ឈ្មោះ​ ​​ឥទ្ធិពល​ ​​និង​តម្លៃ​ពីអ្នក​ដទៃ។ ​​មិន​តែ​ប៉ុណ្ណោះ​អ្នក​ក៏​ស្គាល់​មនុស្ស​ល្អៗ​ ដែល​ជា​ផ្ដល់​ឱកាស​ត្រឡប់​មក​អ្នក​វិញ​នៅ​ថ្ងៃ​ណាមួយ​នា​អនាគត​ដែរ។ ​គេ​នឹង​មើល​មក​អ្នក​ថា ​ជា​មនុស្ស​ល្អ ​និង​មាន​សន្ដានចិត្ត។
​​​​​​​​​
ចំណែក​ទី​ ៣ ​គឺ​ប្រើ​​ទៅ​លើ​ការ​បង្កើន​ចំណេះដឹង​របស់​ខ្លួន។

​​អ្នក​អាច​យក​ចំណែក​ ៣០​ដុល្លារ​នេះ​ទៅ​ទិញ​សៀវភៅ ​​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល ​ឬ​សិក្ខា​សាលា​ដែល​អាច​ឲ្យ​អ្នក​ពង្រីក​ចំណេះដឹង​បន្ថែម​កាន់​តែ​ទូលាយ។ ​​​ពេល​ទិញ​សៀវភៅ​អ្នក​គួរ​អាន​វា​ដោយ​យក​ចិត្ត​ទុកដាក់ ​ឬ​បើ​អាច​គួរ​សង្ខេប​មក​ជា​ភាសា​កំណើត​របស់​អ្នក ​ហើយ​ចែករំលែក​ដល់​អ្នក​ដទៃ។ ​​ការ​ចែករំលែក​ដល់​អ្នក​ដទៃ​​ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​មក​វិញ​នូវ​ការ​ឲ្យ​តម្លៃ ​ការ​ជឿ​ទុកចិត្ត​ ​និង​ភាព​ជិតស្និទ្ធ។​ ​ពេល​ចំណូល​របស់​អ្នក​កើន​ឡើង​ ​គួរ​ព្យាយាម​ចូល​វគ្គ​បណ្ដុះបណ្ដាល​​ដែល​ល្អៗ​ជាង​មុន​ថែម​ទៀត។ ​នៅ​ទីនោះ​អ្នក​នឹង​ជួប​មនុស្ស​ជា​ច្រើន​ដែល​អាច​ធ្វើ​​ឲ្យ​ការ​ប្រាស្រ័យ​ទាក់ទង​របស់​អ្នក​នឹង​មនុស្ស​នៅ​ជុំវិញ​កាន់​តែ​ប្រសើរ​ជាង​មុន ​និង​ទទួល​បាន​ចំណេះដឹង​កាន់​តែ​ទូលាយ។

​​ចំណែក​ទី ៤ ​គឺ​ប្រើ​ទៅ​​ការ​ដើរ​លេង។​​​លើក​ទឹកចិត្ត​ខ្លួន​ឯង​ដោយ​ការ​​ដើរ​លេង​​យ៉ាង​ហោច​ម្ដង​ក្នុង​មួយ​ឆ្នាំ។ ​​ការ​ដើរ​លេង​នៅ​ក្រៅ​ប្រទេស​ ឬ​កន្លែង​ផ្សេង​គ្នា​នឹង​ផ្ដល់​មក​ឲ្យ​អ្នក​វិញ​នូវ​បទ​ពិសោធន៍​ថ្មី​ៗ​នៃ​ជីវិត។ ​​គួរ​ស្នាក់នៅ​ផ្ទះ​សំណាក់​ថោកៗ​ដើម្បី​សន្សំសំចៃ។ ​​​បើ​អាច​​ អ្នក​គួរ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ដើម្បី​​ប្រៀបធៀប​ថា​ ​តើ​ប្រទេស​ដទៃ​មាន​ការ​រីកចម្រើន​ខុស​ពី​ប្រទេស​អ្នក​ប៉ុណ្ណា ​មាន​ចំណុច​ល្អ​ ឬ​ឱកាស​មួយ​ណា​ដែល​អ្នក​អាច​ទាញ​យក​ពី​​ការ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ទាំង​នោះ។
​​
ចំណែក​ទី ៥ ​គឺ​ទុក​សម្រាប់​វិនិយោគ។
​​គួរ​សន្សំ​ប្រាក់​មួយ​ចំណែក​នៃ​ចំណូល​​របស់​​អ្នក​ដាក់​ក្នុង​គណនី​មួយ​ដែល​មិន​អាច​ដក​បាន។ ​​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​អ្នក​អាច​យក​ប្រាក់​នោះ​មក​ធ្វើ​ជា​ទុន​បើក​អាជីវកម្ម​ដ៏​តូច​មួយ។ ​​​អាជីវកម្ម​ទ្រង់ទ្រាយ​តូច​គឺ​មាន​សុវត្ថិភាព​​ជាង​ទ្រង់ទ្រាយ​ធំ​ត្រង់​ថា ​​បើ​អ្នក​ខាត​បង់​អ្នក​ខាតបង់​ដើមទុន​តិចតួច​ប៉ុណ្ណោះ​ តែ​បើ​ចំណេញ​វិញ​​វា​នឹង​បើក​ផ្លូវ​ឲ្យ​អ្នក​​សម្លឹង​កាន់​តែ​ឆ្ងាយ​ក្នុង​ការ​វិនិយោគ​បន្ត។ ​អ្នក​មាន​បំផុត​លំដាប់​ទី​ ១៣ ​របស់​ពិភពលោក​បាន​ណែនាំ​ថា ​សម្រាប់​ដើម​ទុន​តិចតួច​អ្នក​គួរ​ស្វែងរក​ផលិតផល​ណា​ដែល​អ្នក​គិត​ថា ​​មាន​ទីផ្សារ​​ដើម្បី​​ទិញ​យក​ទៅ​លក់​បន្ត។ ​​ពេល​អ្នក​ចាប់ផ្ដើម​ទទួល​បាន​ចំណូល​ពី​អាជីវកម្ម​តូច​របស់​អ្នក​ ​នោះ​អ្នក​នឹង​កាន់​តែ​មាន​​ទំនុក​ចិត្ត ​និង​ភាព​ក្លាហាន​ខ្ពស់​ជាង​មុន។

​បន្ថែម​ក្រៅ​ពី​​ការ​បែង​ចែក​ប្រាក់​ចំណូល​ខាង​លើ​ លោក​ Li Ka-Shing ​ក៏​បាន​បន្ថែម​ពី​ការ​ដាក់​ពិន័យ​ទៅ​លើ​ខ្លួន​ឯង​ដែរ។ ​​លោក​ថា ​​បើ​ឆ្នាំ​មុន​អ្នក​មាន​ចំណូល​ ២០០ ​ដុល្លារ​ នៅ​ឆ្នាំ​បន្ទាប់​អ្នក​ត្រូវ​ប្រឹងប្រែង​ដើម្បី​ឲ្យ​បាន ​៣០០ ​ដុល្លារ​ ​ឬ​ខ្ពស់​ជាង​នោះ។ ​​​​​អ្នក​មាន​ដែល​ផ្ដើម​ចេញ​ពី​ជីវិត​ក្រីក្រ​ដដែល​បញ្ជាក់​ថា ​បើ​ធ្វើ​មិន​បាន​មាន​ន័យ​ថា ​អ្នក​គួរ​តែ​ខ្មាស​ខ្លួន​ឯង​ដែល​នៅ​តែ​ដដែល​គ្មាន​ការ​អភិវឌ្ឍ​​ ​និង​មួយ​ទៀត​ចំណូល​ដដែល​មិន​អាច​​ឲ្យ​អ្នក​រស់នៅ​បាន​ស្រួល​តាម​ការ​កើន​ឡើង​នៃ​អតិផរណា ឬ​ការ​កើន​ឡើង​នៃ​តម្លៃ​ប្រេងសាំង ​ម្ហូបអាហារ​នោះ​ឡើយ។

មិន​ថា ​អ្នក​កើន​ចំណូល​ប៉ុណ្ណា​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ការ​បែងចែក​ប្រាក់​ចំណូល​ជា​ ៥ ​ចំណែក​ដូច​ខាងលើ។ ​នេះ​ជាសារ​ចុងក្រោយ​ពី​លោក Li Ka-Shing៕


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម