ប្រច័ណ្ឌច្រើនជារោគចិត្ដ
ប៉ុន្ដែបើសិនជាការប្រច័ណ្ឌរហូតដល់ការប្រើអំពើហិង្សាវាមិនមែនជារឿងមួយដែលល្អឡើយ ព្រោះករណីនេះអាចទុកថាជាអំពើខុសច្បាប់។ ការប្រច័ណ្ឌហួសហេតុអាចបង្កឱ្យមានផលប៉ះពាល់ជាច្រើន ដូចជាប៉ះពាល់ដល់បុគ្គលខ្លួនឯង ដៃគូប្ដីឬប្រពន្ធ រួមទាំងក្រុម គ្រួសារ ជាពិសេសអាចបណ្ដាលឱ្យកើតមានបញ្ហាផ្លូវចិត្ដឬជម្ងឺផ្លូវចិត្ដថែមទៀតផង។
រូបភាពទស្សនាវដ្តីសុខភាព
នៅលើទំព័រទស្សនាវដ្ដី សុខភាពយើង លេខនេះ លោកវេជ្ជបណ្ឌិត យឹម សុបុត្រា អ្នកឯកទេសវិកលវិទ្យានៃគ្លីនិកសាន់រ៉ាយ នឹងបកស្រាយអំពីភាពប្រច័ណ្ឌអាចបណ្ដាលឱ្យកើតមានរោគចិត្ដ ដើម្បីលោកអ្នកបានយល់នឹងជ្រាបឱ្យកាន់តែច្បាស់អំពីបញ្ហានេះ។
ទំនាក់ទំនងនៃការប្រច័ណ្ឌ និងសុខភាពផ្លូវចិត្ដ
ពាក្យថាប្រច័ណ្ឌវាជាភាសាខ្មែរមួយដ៏សាមញ្ញ ហើយវាកើតឡើងមកពីសេចក្ដីស្រឡាញ់។ ការស្រឡាញ់បុគ្គលណា ក៏ដូចជាបុគ្គលណាដែរ ក្នុងនាមជាដៃគូស្នេហា ក្នុងនាមជាប្ដីប្រពន្ធ កាលណាដែលមានចិត្ដស្រឡាញ់ហើយ គឺតែងតែមានលក្ខណៈ ច្រណែន និងប្រច័ណ្ឌ។ ដូចនេះការប្រច័ណ្ឌគឺមានពីរប្រភេទ៖
១ . ការប្រច័ណ្ឌធម្មតា ៖ បើសិនជាមានលក្ខណៈមួយផ្ដល់សញ្ញាឱ្យដៃគូ ឬក៏រូបភាពណាមួយឱ្យប្ដីប្រពន្ធ ឬក៏ដៃគូឃើញ នូវលក្ខណៈសមហេតុសមផល ការប្រច័ណ្ឌគឺត្រឹមត្រូវ។ នេះគឺជាចិត្ដឬជាអារម្មណ៍របស់មនុស្សម្នាក់ៗ ដែលតែងតែកើតមានការប្រច័ណ្ឌ ពេលវាស្ថិតនៅក្នុងក្របខ័ណ្ឌមានន័យថាធម្មតា។ ហេតុអ្វីបានជាយើងនិយាយថាធម្មតា? ព្រោះដោយសារតែរូបភាពឬក៏សញ្ញាដែលបង្ហាញឱ្យដៃគូបានដឹងឮឬក៏ឃើញសញ្ញាណាមួយ ដែលសមស្របធ្វើឱ្យអារម្មណ៍ផ្លូវចិត្ដប្រច័ណ្ឌ ភាពប្រច័ណ្ឌនេះវានឹងបាត់ ទៅវិញនៅថ្ងៃស្អែកឬក៏ខានស្អែកភ្លាមៗ។ ការប្រច័ណ្ឌនេះមិនបានបន្ដយូរនោះទេ នេះជាអារម្មណ៍ធម្មតារបស់មនុស្សចំពោះការប្រច័ណ្ឌ។
២ . ការប្រច័ណ្ឌខុសពីធម្មតា ៖ ការប្រច័ណ្ឌមួយនេះគឺជាបញ្ហាផ្លូវចិត្ដឬក៏ជម្ងឺផ្លូវចិត្ដ ព្រោះមានជម្ងឺមួយដែលធ្វើឱ្យបុគ្គល ដែលមានបញ្ហាផ្លូវចិត្ដឬក៏ជម្ងឺផ្លូវចិត្ដទៅកើតការប្រច័ណ្ឌខុសពីធម្មតា ខុសពីប្រក្រតី ហើយជម្ងឺនេះអាចជាជម្ងឺធ្ងន់ធ្ងរ។ ការប្រច័ណ្ឌខុសពីធម្មតាដែលនៅតែបន្ដច្រើនខែ អមជាមួយនឹងសញ្ញាផ្សេងៗជាច្រើនទៀត ដូចជាទទួលទានដំណេកមិនបាន អាកប្បកិរិយាចម្លែក ពាក្យសម្ដីប្លែកៗ នេះគឺជាការប្រច័ណ្ឌដែលអាចបណ្ដាលឱ្យមានបញ្ហាផ្លូវចិត្ដ។ ក៏ប៉ុន្ដែមានបុគ្គលមួយចំនួនដោយសារចរិត និង អាកប្បកិរិយារបស់បុគ្គលប្រភេទនេះ ការប្រច័ណ្ឌហាក់ដូចជាជ្រុលខុសពីធម្មតាពីបុគ្គលមួយផ្សេងទៀត បើសិនជាប្រៀបធៀបទៅនឹង បុគ្គលដែលប្រច័ណ្ឌធម្មតា។ យើងមិនអាចចាត់ទុកថាការប្រច័ណ្ឌអាចកើតទៅជាជម្ងឺផ្លូវចិត្ដ ឬបញ្ហាផ្លូវចិត្ដទាំងអស់នោះទេ។ ដូចនេះ វាមានលក្ខណៈចែកដាច់ពីគ្នា ដោយមានការប្រច័ណ្ឌធម្មតាហើយបាត់ទៅវិញ។ ការប្រច័ណ្ឌហួសហេតុពេក ថ្ងៃណាមួយភាពខឹង ភាពក្រេវក្រោធ ច្រណែន នឹងអាចមានជម្ងឺផ្លូវចិត្ដ អាចបង្កឱ្យមានបញ្ហាផ្លូវចិត្ដឬជម្ងឺផ្លូវចិត្ដ ធ្វើឱ្យអារម្មណ៍ទៅជាតានតឹង ឈឺចាប់ ទទួលទានដំណេកមិនបាន ទទួលទានបាយមិនឆ្ងាញ់។ បើមានបញ្ហាណាមួយឬសម្ពាធណាមួយមកចូលរួមទៀតក្នុងពេលដែលប្រច័ណ្ឌ ហួសហេតុទៀត អាចធ្វើឱ្យបុគ្គលប្រភេទនេះកើតមានបញ្ហាផ្លូវចិត្ដ ឬជម្ងឺផ្លូវចិត្ដ។
ផលប៉ះពាល់នៃការប្រច័ណ្ឌចំពោះអ្នកមានវិបត្ដិផ្លូវចិត្ដ
ករណីអ្នកដែលប្រច័ណ្ឌជ្រុលហួសហេតុពេក និងចិញ្ចឹមចិត្ដនៅតែគិតប្រច័ណ្ឌហួងហែងដោយមិនយកហេតុផលមក ពិចារណាឱ្យបានត្រឹមត្រូវ ឧទាហរណ៍ ប្រច័ណ្ឌរហូតទៅដល់ថ្នាក់ប្ដីឬប្រពន្ធចេញពីធ្វើការហើយមិនទាន់មកដល់ផ្ទះ ដោយសារ មានការរវល់ជាមួយនឹងការងារច្រើន ហើយបែរជាប្រច័ណ្ឌខុសរឿងខុសទំនង។ នោះអាចនិយាយបានថាបុគ្គលប្រភេទនេះងាយនឹងមានការប៉ះពាល់បញ្ហាផ្លូវចិត្ដច្រើនចំពោះបុគ្គលខ្លួនឯង ជាពិសេសប៉ះពាល់ប្ដីឬប្រពន្ធឬក៏ដៃគូ។ ព្រោះកាលណាបើសិនជាមួយថ្ងៃៗគិត តែពីប្រច័ណ្ឌ គិតតែពីខឹងនឹងអ្នកដទៃ គឺអាចឈានទៅដល់ការបែកបាក់គ្នា រស់នៅផ្សេងគ្នា ហើយបើអ្នកមានកូនហើយនោះក៏អាច ធ្វើឱ្យមានផលប៉ះពាល់ដល់កូន នៅពេលដែលឪពុកឬម្ដាយដែលប្រច័ណ្ឌខ្លាំងពេកបង្កើតឱ្យមានបញ្ហាក្នុងគ្រួសារ បែកបាក់គ្រួសារ។ ហើយវានឹងផ្ទុះឡើងនូវជម្ងឺផ្លូវចិត្ដពិតៗ នៅពេលក្រោយដែលកើតមានបញ្ហាបែកបាក់គ្នា។ នេះគឺជារូបភាពនៃការប្រច័ណ្ឌ គឺវាអាចបង្កឱ្យមានបញ្ហាបែបនេះ។ ក៏ប៉ុន្ដែការប្រច័ណ្ឌខ្លះគឺវាសមហេតុសមផល ដោយមានការពិចារណាបានត្រឹមត្រូវ។ ចំណែកឯផលប៉ះពាល់មួយទៀតនោះ គឺអាចឈានទៅដល់ការប្រើប្រាស់អំពើហិង្សានៅក្នុងគ្រួសារ ប៉ះពាល់ដល់បញ្ហាសេដ្ឋកិច្ច ឈានទៅដល់ ការបែកបាក់ ឈានទៅដល់បញ្ហាផ្លូវចិត្ដ។ ព្រោះកាលណាបើសិនជាការប្រច័ណ្ឌមិនសមហេតុផល មានបុគ្គលមួយចំនួននោះប្រច័ណ្ឌ រហូតទៅដល់យកខោក្នុងមកហិតមើលឬពិនិត្យមើលក្រែងមានក្លិនអ្វីឬស្លាកស្នាមផ្សេងៗទៀត។ នេះគឺជាអាការៈនៃជម្ងឺពិតប្រាកដ ថ្វី ត្បិតតែយើងពិនិត្យមើលពីខាងក្រៅហើយក៏ដោយ នៅតែអ្នកមានជម្ងឺមានការសង្ស័យតាមដានមើលហួសហេតុ ដែលសង្គមមិនទទួល ស្គាល់ នេះអាចនិយាយបានថាបុគ្គលប្រភេទនេះអាចមានជម្ងឺផ្លូវចិត្ដធ្ងន់ធ្ងរ។
រូបភាពទស្សនាវដ្តីសុខភាព
វិធីព្យាបាលភាពប្រច័ណ្ឌ និងរោគចិត្ដ
ភាពប្រច័ណ្ឌរបស់បុគ្គលខ្លះអាចនឹងមានកម្រិត អ្នកខ្លះមានការប្រច័ណ្ឌនៅក្នុងកម្រិតមួយដែលមិនឈានទៅដល់វិកលចរិត នោះទេ តែអាចនឹងកើតមានជម្ងឺធ្លាក់ទឹកចិត្ដអស់សង្ឃឹម។ ដូចនេះវិធីសាស្ដ្រដែលជួយខ្លួនឯង លោកអ្នកនាងកញ្ញាគួរតែជជែកជាមួយ ដៃគូ ថាតើហេតុផលអ្វីបានជាឱ្យកើតមានការប្រច័ណ្ឌ? តើរឿងរ៉ាវនេះវាកើតមានមែនទេ? ត្រូវតែពិភាក្សាជាមួយប្ដីប្រពន្ធឬក៏ដៃគូ។ បើសិនជាការប្រច័ណ្ឌមិនមែនកើតឡើងដោយការប្រច័ណ្ឌខុស ត្រូវតែរកដំណោះស្រាយ ហើយត្រូវតែបង្កើតការទប់ចិត្ដទុកចិត្ដលើគ្នា ឡើងវិញ។ បើសិនជាដល់ថ្នាក់កម្រិតណាមួយបូកនឹងការប្រច័ណ្ឌនឹងបញ្ហាផ្សេងៗទៀត ដូចជាទទួលទានដំណេកមិនលក់ អស់សង្ឃឹម តូចចិត្ដ អារម្មណ៍ឆេវឆាវខុសពីធម្មតា ដែលប៉ះពាល់ទៅនឹងការងារប្រចាំថ្ងៃ នោះប្រាកដជាមានបញ្ហាផ្លូវចិត្ដធ្ងន់ធ្ងរហើយ។ ករណីនេះ អ្នកជម្ងឺមិនអាចជួយខ្លួនឯងបានទៀតនោះ ត្រូវតែមកជួបជាមួយអ្នកជំនាញ ដើម្បីព្យាបាលតាមរយៈថ្នាំ និងព្យាបាលតាមរយៈចិត្ដ សាស្ដ្រ។
វិធីការពារដើម្បីចៀសវាងបង្កឱ្យមានវិបត្ដិផ្លូវចិត្ដនៅពេលប្រច័ណ្ឌ
ការស្មោះត្រង់ជាមួយគ្នា ចេះយល់ពីហេតុផល ពីពេលវេលាច្បាស់លាស់ លោកអ្នកត្រូវយល់ថាអ្នកនេះកំពុងធ្វើអ្វី ចិត្ដថ្លើមរបស់អ្នកនោះយ៉ាងម៉េច អ្នកនេះត្រូវការអ្វីខ្លះ ការយោគយល់គ្នាសំខាន់ណាស់ ដែលការពារកុំឱ្យមានការប្រច័ណ្ឌ ការពារកុំឱ្យមានវិបត្ដិផ្លូវចិត្ដ។ កាលណាមានការសង្ស័យថាបុគ្គលណាម្នាក់អាចមានវិបត្ដិផ្លូវចិត្ដដែលកើតឡើងដោយសារការប្រច័ណ្ឌនោះ លោកអ្នកនាងកញ្ញាត្រូវតែមកពិភាក្សាជាមួយអ្នកឯកទេសផ្លូវចិត្ដ។
ដំបូន្មានអ្នកជំនាញ
បើសិនជាលោកអ្នកនាងកញ្ញាដែលមានចរិតលក្ខណៈប្រច័ណ្ឌច្រើន ចង្អៀតចង្អល់ច្រើន ចូរក្រឡេកមើលខ្លួនឯងឡើងវិញ ចូរក្រឡេកមើលដៃគូខ្លួនឯងឡើងវិញ ហើយត្រូវសិក្សាអំពីគ្នាឡើងវិញ ថាកើតមានលក្ខណៈខុសឆ្គងត្រង់ណាខ្លះ ដែលធ្វើឱ្យ លោកអ្នកទទួលយកមិនបាន ធ្វើឱ្យលោកអ្នកមិនពេញចិត្ដ។ កាលដែលលោកអ្នករកដំណោះស្រាយបែបនេះបាន អាចធ្វើឱ្យអារម្មណ៍ បានធូរស្រាលឡើងវិញ ព្រោះការប្រច័ណ្ឌអាចធ្វើឱ្យអារម្មណ៍ខ្លួនឯងប៉ះពាល់ ដូចជាឈឺចាប់ខ្លួនឯង គ្រួសារអាចនឹងមានបញ្ហា ហើយប៉ះពាល់ទៅដល់កូនចៅថែមទៀតផង។
By heathcambodia
មើលគួរយល់ដឹងផ្សេងៗទៀត
- ផ្លែក្រូចឆ្មារជាមួយគុណប្រយោជន៍ដ៏ធំធេងចំពោះសុខភាព
- ចង់បានមុខក្មេងជាងវ័យមែនទេ?
- កង្វះអ័រម៉ូនទីរ៉ូអ៊ីត អាចធ្វើឱ្យអ្នកមានអាការៈដូចម្តេចខ្លះ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!