បញ្ហាផ្លូវភេទគួរប្រាប់កូនពេលណា?
ម្យ៉ាងវិញទៀត អ្នកដែលចង់ដឹងចង់ឮពីបញ្ហាភេទ ត្រូវបានគេចាត់ទុកថាជាមនុស្សល្មោភកាម អាសអាភាស ឥតកេរ្ដិ៍ខ្មាស់ទៅវិញ។ ជាពិសេសស្ដ្រីខ្មែរ គឺត្រូវបានកាត់ ផ្ដាច់ពីការយល់ដឹងផងទាំងទ្បាយ ដែលទាក់ទងនឹងបញ្ហាផ្លូវភេទ ដោយសារការខ្មាស់អៀន និងកត្ដាប្រពៃណីសង្គម។ ប៉ុន្ដែបច្ចុប្បន្ន ដោយការរីកចម្រើននៃ វិទ្យាសាស្ដ្រ និងវិវឌ្ឍនៈភាពនៃជម្ងឺទាក់ទងនឹងបញ្ហាភេទ កាន់តែមានសភាពខ្លាំងក្លានោះ ធ្វើឱ្យមនុស្សងាកមកចាប់អារម្មណ៍ និងពិភាក្សាគ្នាពីបញ្ហាផ្លូវភេទ។ ទន្ទឹមនឹងនោះ ក៏មានអាណាព្យាបាលមួយចំនួន បែរជាមានការស្ទាក់ស្ទើរក្នុងការបង្ហាញឱ្យកូនៗ យល់ដឹងពីបញ្ហាភេទ និងមិនដឹងថា តើពេលវេលាណា ដែល សមស្របត្រូវប្រាប់ពួកគេ? ហើយតើត្រូវនិយាយប្រាប់គេថាដូចម្ដេច?
រូបភាពទស្សនាវដ្តីសុខភាព
ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសន៍ជាមួយលោកស្រីវេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកាសេវាកម្មសមាគមថែទាំសុខភាពគ្រួសារកម្ពុជា ហៅកាត់ថា រ៉ាក់ អំពីបញ្ហានេះ ដោយចងក្រងជាអត្ថបទដូចខាងក្រោម ៖
តើអាណាព្យាបាល គួរប្រាប់កូនពីបញ្ហាផ្លូវភេទដែរឬទេ?
បញ្ហាភេទគឺជារឿងសំខាន់ណាស់។ ការពិភាក្សាពីបញ្ហាផ្លូវភេទ អាចមានភាពចម្រូងចម្រាស់ច្រើន ដោយសារមានទស្សនៈផ្សេងៗគ្នា។ ប៉ុន្ដែ ការនិយាយ ពីរឿងភេទ មិនមែនជារឿងអាក្រក់ ដែលជំរុញឱ្យអ្នកស្ដាប់ទៅប្រព្រឹត្ដអំពើនោះទេ ហើយយើងគួរតែបើកចំហរ ឱ្យមនុស្សទូទៅបានដឹង ដើម្បីឱ្យគេអាចការ ពារខ្លួនទុកជាមុន។ ដូចដែលសុភាសិតខ្មែរមួយឃ្លាបានលើកទ្បើងថា “ គោបាត់ទើបធ្វើរបង ” មានន័យថាបើយើងពន្យារពេលនៃការនិយាយរឿងរ៉ាវទាំងនេះ ប្រាប់ដល់កូននោះ មានន័យថាយើងហាក់ដូចជាទុកឱកាសឱ្យបញ្ហាផ្សេងៗអាចកកើតទ្បើង។
តើពេលណា ដែលសមស្របត្រូវប្រាប់កូនពីបញ្ហាផ្លូវភេទ?
អាណាព្យាបាលគួរចាប់ផ្ដើមអប់រំ ឬពិភាក្សាពីបញ្ហាផ្លូវភេទ នៅពេលដែលកូនឈានចូលដល់វ័យជំទង់។ ពោលគឺនៅពេលដែលគេចាប់ផ្ដើមពេញវ័យខ្ទង់ អាយុ១២ឆ្នាំទ្បើងទៅ។ ព្រោះថាពេលនេះ រាងកាយ និងសតិអារម្មណ៍របស់កូន ចាប់ផ្ដើមមានការប្រែប្រួល ហើយពេលវេលានេះ ក៏ជារយៈពេលមួយដែល អាណាព្យាបាលមានការលំបាកក្នុងការគ្រប់គ្រង គឺមាតាបិតាងាយនឹងមានភាពប៉ះទង្គិចជាញឹកញាប់ជាមួយកូន ហើយក៏ជាដំណាក់កាលមួយដែលកូនចាប់ផ្ដើម សាងភាពម្ចាស់ការលើខ្លួនឯង។ ដូច្នេះ ពួកគេងាយប្រឈមមុខនឹងគ្រោះថ្នាក់ផ្សេងៗជាច្រើន រួមទាំងបញ្ហាភេទផងដែរ ប្រសិនបើអាណាព្យាបាលពុំបានផ្ដល់ ពេលវេលាគ្រប់គ្រាន់យកចិត្ដទុកដាក់ថែទាំអប់រំគេនោះទេ។
អាណាព្យាបាល ក៏គួរចេះជ្រើសយកពេលវេលាមកពន្យល់ប្រាប់កូន អំពីបញ្ហានេះឱ្យបានសមស្របទៅតាមស្ថានភាពជាក់ស្ដែងផងដែរ។ ឧទាហរណ៍ ដូចជាការឮកិច្ចសន្ទនាតាមកម្មវិធីវិទ្យុ ទូរទស្សន៍ជាដើម លោកអ្នកអាចឆ្លៀតឱកាសនេះសួរយោបល់ ផ្ដល់ការណែនាំដល់ពួកគេ ឬជ្រើសយកពេលដែលសល់ ពីការសិក្សារបស់កូន។ ប៉ុន្ដែត្រូវសង្កេតមើលថា តើកូនមានចំណាប់អារម្មណ៍ចំពោះបញ្ហានេះដែរឬទេ?
រូបភាពទស្សនាវដ្តីសុខភាព
គួរប្រាប់កូនដោយរបៀបណា?
- អាណាព្យាបាលគួរផ្ដល់ឱ្យគេនូវពត៌មានពិត ចៀសវាងនូវការផ្ដល់ពត៌មានមិនច្បាស់លាស់ ដែលអាចធ្វើឱ្យពួកគេ លំបាកក្នុងការកំណត់ ថាមួយណាពិត ប្រាកដត្រឹមត្រូវ ។
- ក្រៅពីការនិយាយប្រាប់ដោយផ្ទាល់ លោកអ្នកគួរមានរក្សាទុកព្រឹត្ដិបត្រ ខិត្ដប័ណ្ណ ឬសៀវភៅទាក់ទងនឹងសុខភាពផ្លូវភេទនៅផ្ទះរបស់លោកអ្នក ដើម្បីផ្ដល់ឱកាសឱ្យកូនៗបានអាន និងស្វែងយល់ពីបញ្ហានេះដោយខ្លួនឯងនៅពេលគេទំនេរ ពីព្រោះថា កូនឈានចូលដល់វ័យជំទង់ គេមិនចូលចិត្ដធ្វើតាម បង្គាប់ឪពុកម្ដាយទេ ដូច្នេះការផ្ដល់ឯកសារឱ្យគេសិក្សាដោយខ្លួនឯង អាចមានប្រសិទ្ធភាពជាង គ្រាន់តែលោកអ្នក ត្រូវធ្វើការជ្រើសរើសឯកសារឱ្យបានត្រឹមត្រូវ។
- ប្រសិនបើអាច អាណាព្យាបាលគួរធ្វើជាឪពុកម្ដាយផង ជាមិត្ដភក្ដិផង ដើម្បីឱ្យកូនអាចពិភាក្សាពីបញ្ហាទាំងអស់នេះជាមួយលោកអ្នក។
- ការផ្ដល់គំរូប្រសើរជាងការទូន្មាន។ ប្រសិនបើលោកអ្នកចេះតែប្រៀនប្រដៅកុំឱ្យកូនធ្វើនេះធ្វើនោះ ជាឧទាហរណ៍ មិនឱ្យកូនមានដៃគូស្នេហាច្រើន ហើយខ្លួនជាអ្នកប្រព្រឹត្ដវិញនោះ ពាក្យសម្ដីរបស់លោកអ្នកពុំមានឥទ្ធិពលទេ។
- ថ្វីត្បិតថា លោកអ្នកនឹងនិយាយប្រាប់ដោយចំហរពីបញ្ហាផ្លូវភេទមែន ប៉ុន្ដែគួរតែកំណត់ព្រំដែនផងដែរ ដោយផ្អែកទៅតាមកម្រិតយល់ដឹងរបស់ កូន។ ឧទាហរណ៍ ប្រសិនបើកូនចាប់ផ្ដើមឈានចូលដល់វ័យជំទង់ គួរពន្យល់ប្រាប់គេពីការប្រែប្រួល នៅក្នុងរាងកាយប៉ុណ្ណឹងសិនបានហើយ ចាំពេលគេធំបន្ដិច មានចំណេះដឹងពីសង្គមសមល្មម នុះសឹមប្រាប់គេឱ្យបានស៊ីជម្រៅ។ អាណាព្យាបាលខ្លះ ពុំបានយកចិត្ដទុកដាក់ចំពោះការប្រែប្រួលរាងកាយពេលពេញវ័យទេ ដោយគិតថាវាជាកត្ដាធម្មជាតិ កូននឹងដឹងដោយខ្លួនឯង។ ប៉ុន្ដែសូមចងចាំថា ពួកគេអាចនឹងមានការភ័យខ្លាច និងព្រួយបារម្ភចំពោះការប្រែប្រួលនេះ ហើយ មិនបានត្រៀមលក្ខណៈទុកជាមុនទ្បើយសម្រាប់ការពេញវ័យ។
រូបភាពទស្សនាវដ្តីសុខភាព
គួរហាមឃាត់កូនដែរឬទេ ប្រសិនបើគេចង់ទទួលបានបទពិសោធន៍ពីការរួមភេទ?
ការរួមភេទគឺជាកត្ដាធម្មជាតិ។ ជាការពិត នៅពេលដែលក្មេងចាប់ផ្ដើមពេញវ័យគ្រប់ការ គេមានចំណង់ផ្លូវភេទ យើងពិតជាពិបាកហាមឃាត់ខ្លាំងណាស់ ជាពិសេសគឺក្មេងប្រុស។ ទោះបីជាដូច្នេះក៏ដោយ អាណាព្យាបាលក៏មិនត្រូវបណ្ដែតបណ្ដោយទៅតាមចំណង់របស់ពួកគេដែរ។ ថ្វីត្បិតថាលោកអ្នកមិនអាច ហាមឃាត់គេបានមែន ប៉ុន្ដែការនិយាយប្រាប់ពួកគេពីផលវិបាក ដែលបណ្ដាលមកពីការរួមភេទ ដូចជាការមានផ្ទៃពោះវ័យក្មេង ការបង្ខំឱ្យរៀបការដើម្បី ទទួលខុសត្រូវចំពោះអនាគតកូនស្រី ការបង្ខំចិត្ដរំលូតកូន ការឆ្លងរាលដាលនៃជម្ងឺកាមរោគ ជម្ងឺអេដស៍ជាដើម គឺជាបច្ច័យមួយដែលអាចជួយទប់ស្កាត់ការ ឈានទៅដកពិសោធន៍ទាំងងងឹតងងុល របស់យុវជនវ័យក្មេងៗចំពោះការរួមភេទ។
បញ្ហាទាំងនេះ គួរចាប់ផ្ដើមនិយាយតាំងតែពីពេលដំបូង ដែលពួកគេទើបនឹងពេញវ័យ ពោលគឺមុនពេលដែលគេ ចាប់ផ្ដើមមានចំណង់ផ្លូវភេទ។ នៅពេល រាងកាយចាប់ផ្ដើមប្រែប្រួល ពួកគេមិនទាន់មានចំណង់ផ្លូវភេទភ្លាមនោះទេ ដូច្នេះការប្រាប់ជាមុន ជារឿងដែលប្រសើរបំផុត។
សូមកុំគិតថា លោកអ្នកនឹងមិនបានទទួលអ្វីសោះនោះ ពីការប្រាប់កូនអំពីបញ្ហាផ្លូវភេទ។ ជួនកាលលោកអ្នកអាចទទួលបាន ដោយមិនដឹងខ្លួនទៀតផងក៏ មាន។ ប៉ុន្ដែប្រសិនបើបុត្រធីតារបស់លោកអ្នក ប្រឈមមុខនឹងគ្រោះថ្នាក់ដោយសារការមិនបានដឹងអ្វីសោះនោះ វានឹងធ្វើឱ្យលោកអ្នកមានវិប្បដិសារីមិនខាន។ ដូច្នេះ គួរព្យាយាមពន្យល់នឹងផ្ដល់ឱកាសឱ្យពួកគេ បានយល់ដឹងអំពីបញ្ហាផ្លូវភេទបន្ថែមទៀត បើទោះបីជាកម្មវិធីសិក្សានៅសាលារៀនមានហើយក៏ដោយ។ ការជួយតម្រង់ទិសរបស់លោកអ្នក នឹងធ្វើឱ្យកូនៗមានពត៌មានកាន់តែច្រើន និងច្បាស់លាស់ ហើយអាចជួយដល់ការត្រិះរិះពិចារណារបស់ពួកគេឱ្យ កាន់តែខ្ពស់ ក្នុងបញ្ហាភេទ។ លោកអ្នកក៏មិនខកចិត្ដ ចំពោះការប្រព្រឹត្ដរបស់ពួកគេ នៅពេលអនាគតដែរ។
By healthcambodiaមើលគួរយល់ដឹងផ្សេងៗទៀត
- មូលហេតុដែលនាំឱ្យប្រពន្ធមានសហាយ
- វិធីផាត់មុខ ធ្វើឱ្យអ្នកកាន់តែក្មេង
- ទំនាក់ទំនងអវិជ្ជមាន រវាងឪពុកម្តាយ និងកូន
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!