សូមប្រយ័ត្ន! យុវវ័យទទួលទាន តែបៃតង ៣កែវ ក្នុងមួយថ្ងៃ អាចកើតជម្ងឺ រលាកថ្លើម

 
 

អង់គ្លេស៖ ក្មេងស្រីវ័យជំទង់ម្នាក់ បានកើតជម្ងឺរលាកថ្លើម ដោយសារតែមូលហេតុ ដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត នោះគឺ តែបៃតង ដែលនាងញ៉ាំរាល់ថ្ងៃ ដើម្បីសម្រកទម្ងន់។


(រូបតំណាង តែបៃតង)

តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ក្មេងស្រីជំទន់ មិនស្គាល់អត្ដសញ្ញាណម្នាក់ អាយុ១៦ឆ្នាំ មានដើមកំណើត មកពីប្រទេស យ៉េមែន បានទៅពិគ្រោះ ជាមួយគ្រូពេទ្យ បន្ទាប់ពីនាង មានអារម្មណ៍ថា វិលមុខ ក្អួតចង្អោរ ឈឺក្រពះ និងឈឺសន្លាក់។ ក្រោយពីពិនិត្យរួចហើយ គ្រូពេទ្យជឿថា នាងមានរោគនៅផ្លូវទឹកនោម ហើយក៏ចេញថ្នាំ Antibiotics (សម្លាប់មេរោគ) រួចឲ្យនាងត្រលប់ទៅផ្ទះវិញ។ ផ្ទុយទៅវិញ នាង​ញ៉ាំថ្នាំនោះ បានត្រឹមតែ ពីរដងប៉ុណ្ណោះ រោគសញ្ញារបស់នាង កាន់តែអាក្រក់ទៅៗ ហើយនាង ក៏ត្រូវបញ្ជូនភ្លាម ទៅផ្នែកសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យ ក្នុងទីក្រុង Birmingham នៃប្រទេសអង់គ្លេស។

ក្រោយពេលពិនិត្យ ទើបដឹងថា នាងមានជម្ងឺលឿង (Jaundice) ដែលបណ្តាលឲ្យ ស្បែក​ និងភ្នែក របស់នាង ប្រែក្លាយទៅជា ពណ៌លឿង ទាំងអស់។ ស្ថានភាពរបស់នាង គឺពិតជាធ្ងន់ធ្ងរ ខ្លាំងណាស់ ហើយត្រូវទទួល ការពិនិត្យ យ៉ាងយកចិត្តទុកដាក់ ពីគ្រូពេទ្យទើបដឹងថា នាងកំពុងតែប្រឈមមុខ នឹងជម្ងឺរលាកថ្លើម ដោយជម្ងឺនេះ អាចបណ្តាលមកពី មេរោគ ឬដោយសារថ្លើម ត្រូវបានប៉ះពាល់ ទៅនឹងសារធាតុ ដែលបណ្តាលឲ្យខូចខាត ដូចជា គ្រឿងស្រវឹង ជាដើម។  

ទោះបីជាយ៉ាងណា ក្មេងស្រីខាងលើ បានបដិសេធថា មិនបានទទួលទាន ជាតិស្រវឹង និងមិនបានប្រើថ្នាំ ដោយមិនគោរពវេជ្ជបញ្ជា ដូចជា ប៉ារ៉ាសេតាមុល ឬក៏ថ្នាំខុសច្បាប់ នោះទេ។ ជាងនេះទៅទៀត នាងក៏មិនដែល ទៅកំសាន្តនៅ ក្រៅស្រុក ដែលអាចឲ្យនាង ឆ្លងរោគថ្លើម ហើយក៏មិនដែល សូម្បីតែបញ្ចូលឈាម ពីនរណាម្នាក់ ឡើយ។

បន្ទាប់មកគ្រូពេទ្យក៏ព្យាយាម សួរនាងម្តងទៀត នាងក៏បានប្រាប់ឲ្យដឹងថា នាងបានកម្មង់ទិញ តែបៃតងសម្រកទម្ងន់ ពីប្រទេសចិន តាមអ៊ិនធើណេត ចំនួន២ប្រអប់ ដោយក្នុងមួយប្រអប់ មាន ១០០កញ្ចប់។ នាងមិនដឹងទេថា តែបៃតងនោះ មានសារធាតុផ្សំអ្វីខ្លះ តែនាងញ៉ាំ ៣ដង ក្នុងមួយថ្ងៃ អស់រយៈពេល ២ ទៅ ៣ខែ មកហើយ។

ក្រោយពីគ្រូពេទ្យ ធ្វើការស៊ើបអង្កេត យ៉ាងដិតដល់ ទើបដឹងថា តែបៃតងនោះ មានសារធាតុផ្សំម្យ៉ាង ហៅថា Camellia Sinensis នៅក្នុងស្លឹកត្រួយរបស់តែ ដែលគេយកមកធ្វើ ជាភេសជ្ជៈ សម្រាប់ទទួលទាន ដែលជាមូលហេតុ បណ្តាលឲ្យនារីវ័យក្មេង ខាងលើ កើតមានជំងឺ រលាកថ្លើម បែបនេះ។

ជាមួយគ្នានេះដែរ គ្រូពេទ្យក៏បានស្នើរឲ្យនាង បញ្ឈប់ការទទួលទានវា ហើយទទួលការព្យាបាល ដោយសារធាតុរាវ និងថ្នាំ បន្តិចម្តងៗ រហូតដល់ថ្លើម ដែលហើម មកពីការរលាកនោះ ស្រកចុះវិញ។ ក្រោយពីស្នាក់នៅ និងទទួលការព្យាបាល មួយរយៈពេលខ្លី ក្នុងមន្ទីរពេទ្យមក នាងក៏បានធូរស្បើយ ហើយប្រមាណ ២ខែក្រោយមក មុខងារថ្លើមរបស់នាង ក៏ប្រែមកជាធម្មតាវិញ។

គួរបញ្ជាក់ឲ្យដឹងថា ឱសថរុក្ខជាតិ រួមទាំង តែ និងថ្នាំគ្រាប់ ដែលមានសារធាតុ Camellia Sinensis អាចរកបាន ដោយងាយ ពីប្រភពមិនច្បាស់លាស់ ដូចជា តាមអ៊ិនធើណេត ជាដើម។ កាលពីកន្លងមក តែបៃតង ក៏ធា្លប់ជាប់ពាក់ព័ន្ធ រាប់សិបករណីទៅហើយ ក្នុងការធ្វើឲ្យថ្លើមខូច បន្ទាប់ពីដឹងថា មនុស្សភាគច្រើនឈឺ ក្រោយពីទទួលទាន សារធាតុផ្សំ ដែលនៅក្នុងស្លឹកតែ ក៏ដូចជា ម្សៅដែលធ្វើពីស្លឹកតែ​ រួមទាំងសារធាតុ ដែលមាននៅក្នុងអាហារ សម្រាប់សម្រកទម្ងន់ ទាំងនោះ។ ករណីខ្លះ អាចឲ្យជនរងគ្រោះ កើតមានជម្ងឺថ្លើមធ្ងន់ធ្ងរ រហូតដល់តម្រូវឲ្យ ធ្វើការវះកាត់ចេញ និងអាចឈានដល់ស្លាប់ ក៏មានដែរ។

ទោះបីជាយ៉ាងណាក៏ដោយ គេក៏ទទួលស្គាល់ថា តែបៃតង គឺជាភេសជ្ជៈសុខភាព និងមានសុវត្ថិភាព ដល់រាងកាយ ដោយវាមានគុណសម្បត្តិ ក្នុងការប្រឆាំងនឹង អុកស៊ីតកម្ម ផងដែរ។ ប៉ុន្តែបើទទួលទានតែ ដែលមានលាយសារធាតុ Camellia Sinensis នោះ វានឹងអាច បង្កឲ្យមានជម្ងឺ ទៅវិញ៕


(រូបតំណាង)

ប្រភព៖ បរទេស

ដោយ ឌី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម