វិធីកែទម្លាប់កុមារ

 
 

       សុភាសិត​​ខ្មែរ​បាន​ពោល​ថា “ពត់​ឈើ​ទាន់​នៅ​ខ្ចី​ប្រដៅ​ជន​ប្រុសស្រី​ទាន់​នៅ​ក្មេង” ឬ “ដំដែក​ទាន់​នៅក្ដៅ ប្រដៅ​មនុស្ស​ទាន់​នៅក្មេង”។ ហេតុនេះ ការ​អប់រំ​កូន​ឱ្យមាន​ទម្លាប់​ល្អ ឪពុក​ម្ដាយ​គ្រប់​រូប​ត្រូវ​ទូន្មានណែ នាំ​កូន​តាំង​ពី​កូន​នៅ​តូច​មិនមែន​ចាំ​កូន​ធំ​ពេញវ័យ​ទើប​លោកអ្នក​ទូន្មាន​នោះទេ។

រូបភាពទស្សនាវដ្ដីសុខភាព

លោក​សាស្ដ្រាចារ្យ ផាន់ ចាន់ពៅ អនុបណ្ឌិត​ឯកទេស​ចិត្ដវិទ្យា និង​ជា​នាយក​ក្រុម​ស្រាវជ្រាវ ភីស​ថាយហ្គឺរ មាន​វត្ដមាន ​បកស្រាយ​បំភ្លឺ​ពីវិធី​កែ​ទម្លាប់​កុមារ​ជូន​ប្រិយមិត្ដ​អ្នកអាន​ឱ្យបាន​ស្វែងយល់​តាម​រយៈ​ទស្សនាវដ្ដី សុខភាពយើង។

អ្វីទៅ​ហៅថា ទម្លាប់?

ទម្លាប់ គឺជា​អំពើ​ឆន្ទៈ ឬ​សកម្មភាព​ថ្នឹក​មួយ​ដែល​កើត​ជា​ស្វ័យ​ប្រវត្ដិ​មិន​ប្រែប្រួល​ហើយ​កុមារ​ដូចគ្នា​នឹង​មនុស្សធំ​ដែរ ដែល​តែងតែ​ប្រព្រឹត្ដ​អំពើ ឬ​សកម្មភាព​ទាំង​អស់​នោះ​នៅក្នុង​ជីវភាព​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ។

តើទម្លាប់មានប៉ុន្មានប្រភេទ?

នៅក្នុង​សង្គម ទម្លាប់​ត្រូវបាន​គេចែក​ចេញ​ជា២គឺ ៖


  • ទម្លាប់​វិជ្ជមាន ​(ទម្លាប់​ល្អ) ៖ សំដៅ​ទៅ​លើ​កុមារ​ចូលចិត្ដ​តែ​ប្រព្រឹត្ដ​អំពើល្អ មោះមុត​ជាមួយ​សកម្មភាព​រហ័ស​រហួន​នៅ​ក្នុង​ជីវិត​រស់​នៅ​ប្រចាំថ្ងៃ ហើយ​ទម្លាប់​ល្អនេះ​នាំឱ្យ​ទទួល​បាន​នូវភាព​ជោគជ័យ និង​បង្កើន​កេរ្ដិ៍​ឈ្មោះ។
  • ទម្លាប់​អវិជ្ជមាន​ (ទម្លាប់​មិនល្អ) ៖ សំដៅ​ទៅលើ​កុមារ​មាន​ភាព​ខ្ជិល​ច្រអូស ចូលចិត្ដ​តែ​អ្វី​ដែល​ផ្ទុយពី​សង្គម​ឱ្យ​តម្លៃ​មិនមាន​​សកម្មភាព​រហ័ស​រហួន​នៅក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ។
  • កត្ដា​ដែល​នាំឱ្យ​កុមារ​មាន​ទម្លាប់​មិនល្អ

    កុមារ​ប្រៀប​ដូចជា​ក្រដាសស​​មួយ​សន្លឹក​ដែល​រង់ចាំ​តែការ​គូសវាស​នៅលើ​ក្រដាស​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ។ អាណា​ព្យាបាល​គ្រប់​រូប​រមែង​តែង​មាន​ចម្ងល់​ថា ហេតុអី​បាន​ជា​កូន​មាន​ទម្លាប់​មិន​ល្អ​បែប​នេះ ឬ​កូន​មាន​ទម្លាប់​ល្អ​បែប​នោះ។ ដូចនេះ​ឪពុក​ម្ដាយ ឬ​អ្នក​ដែល​នៅ​ជុំវិញ​កុមារ​ត្រូវ​ដឹង​ថា ប្រសិន​បើ​យើង​គូស​រូបភាព​អ្វី​មួយ​នៅ​លើ​ក្រដាស​ស ​ក្រដាស​សនោះ​នឹង​ដិត​ជាប់​នូវ​រូបភាព​នោះ។ មាន​ន័យថា យើង​ជា​ឪពុក​ម្ដាយ យើង​ជា​គ្រូប​ង្រៀន យើង​ជា​សង្គម យើង​ជា​អ្នក​ដែល​នៅ​ក្បែរ​កុមារ បើសិន​ជា​យើង​គូស រូប​យក្ស កុមារ​នឹង​ក្លាយ​ទៅជា​យក្ស។ បើ​យើង​គូស​រូប​ជា​ចោរ កុមារ​នឹង​ក្លាយ​ទៅជា​ចោរ។ បើគូស​ជារូប​អ្នកមាន​គតិ​បណ្ឌិត កុមារ​នឹង​ក្លាយ​ជា​កំពូល​បញ្ញវន្ដ បើ​គូស​កុមារ​ម្នាក់​ដែល​មាន​ទម្លាប់​មិនល្អ កុមារ​នឹង​ក្លាយ​ទៅ​ក្មេង​មាន​ទម្លាប់​មិនល្អ។ នេះជា​ទម្លាប់​របស់ កុមារ​ដែលរង់​ចាំតែ​ការអនុវត្ដ​តាម​រូបភាព​ដែល​ចង្អុល​ប្រាប់។ ម្យ៉ាងទៀត​កុមារ​មាន​ទម្លាប់​មិនល្អ​គឺ​ដោយសារ​បញ្ហា​ចរិត​លក្ខណៈ​នៅ ក្នុង​ខ្លួន​មាន​រួចជា​ស្រេច តាំង​ពីកុមារ​ចាប់បង្ក​កំណើត​នៅក្នុង​ផ្ទៃ​ដែល​អាណា​ព្យាបាល​ជាអ្នក​ផ្ដល់​ឱ្យកូន ហើយ​រង់​ចាំតែ​កើត​មក កុមារ​នឹងមាន​សារធាតុ​ទម្លាប់​ដែលម្ដាយ​ផ្ដល់ឱ្យ។ មាន​ន័យថាស្ដ្រី​ជាម្ដាយ​នៅពេល​ដែល​មាន​ផ្ទៃពោះ​តែងតែ​ខ្ជិល​ច្រអូស​មាន​ទម្លាប់​មិនល្អ ។ ភាព​​ខ្ជិល​​ច្រអូស​​ទម្លាប់​​មិនល្អ​​នេះ វា​បណ្ដាល​ឱ្យ​កូន​នៅ​ក្នុង​ផ្ទៃ​មាន​សភាព​ដូច​ម្ដាយ​ដែរ នៅ​ពេល​ដែល​កូន​កើត​មក។

    វិធី​សាស្ដ្រ​កែប្រែ​កុមារ​មាន​ទម្លាប់​មិនល្អ

    កូន​ដែល​មាន​ទម្លាប់​មិនល្អ ពិតជា​ធ្វើឱ្យ​អ្នក​ចិញ្ចឹម​បីបាច់​ថែរក្សា​មាន​ការ​មិន​សប្បាយ​ចិត្ដ។ ហេតុនេះ ​ឪពុក​ម្ដាយ​មិនគួរ​បណ្ដោយ​កូន​ឱ្យ​នៅ​មាន​ទម្លាប់​មិនល្អ​បែប​នេះ​ត​ទៅទៀត​ឡើយ។ ទោះបី​ជាការ​ផ្លាស់ប្ដូរ​ទម្លាប់​កូន​ដោយ​សង្ឃឹម​មាន​ប្រសិទ្ធ​ភាព​តិចក៏​ដោយ ឪពុក​ម្ដាយ​ចាំបាច់​ត្រូវតែ​អប់រំ​ទូន្មាន​កូន ប្រាប់​កូន​ពី​ចរិត​លក្ខណៈ​មិនល្អ ឱ្យ​ប្ដូរ​ឥរិយាបថ​ដែល​អ្នក​ដទៃ​ពិបាក​មើល។ ប្រការ​ដែល​សំខាន់អ្នក​ដែល​នៅ​ក្បែរ​កុមារ​មុននឹង​ប្រើ​វិធីសាស្ដ្រ​កែ​ទម្លាប់​កុមារ ចាំបាច់​ត្រូវតែ​ធ្វើ​ខ្លួនឯង​ឱ្យមាន​ទម្លាប់​ល្អដើម្បី​ជា​គំរូ​ទៅដល់​កុមារ​ជា​មុន​សិន។ ឧទាហរណ៍ ឪពុក​ម្ដាយ​ដែលមាន​ភាព​ខ្ជិល​ច្រអូស​ចូលចិត្ដ​និយាយ​ដើមគេ ចូលចិត្ដ​ប្រើពាក្យ​សម្ដី្ដ​គំរោះ​គំរើយ ​ត្រូវផ្លាស់​ប្ដូរ​ទង្វើ​អាក្រក់​ទាំងអស់​នេះ​ចោល ប្រសិន​បើចង់​ឱ្យ​កូនមាន​ទម្លាប់​ល្អ ចង់ឱ្យ​អ្នកដទៃ​ស្រឡាញ់​សរសើរ​ដល់​កូន។ ព្រោះ​ការ​រីក​លូតលាស់​ខាងផ្នែក​ទម្លាប់​របស់​កុមារ គឺ​តាមរយៈ​នៃ​ការ​ធ្វើ​ត្រាប់​តាម​មនុស្ស​ធំ។ ហេតុ​នេះ​ឪពុក​ម្ដាយ គ្រូ​បង្រៀន ឬ​អ្នក​ដែល​នៅ ជុំវិញ​ខ្លួន​កុមារ ត្រូវ​ធ្វើខ្លួន​ឱ្យមាន​ទម្លាប់​ល្អជា​មុន​សិន ដើម្បី​ឱ្យ​កុមារ​ធ្វើ​ត្រាប់​តាម។

    វិធីបង្ការទម្លាប់មិនល្អរបស់កុមារ

    ដើម្បី​ឱ្យកុមារ​មាន​ទម្លាប់​ល្អ មាន​សីលធម៌​ល្អ មាន​បញ្ញា មាន​សកម្មភាព​រហ័ស​រហួន អាណា​ព្យាបាល​គ្រប់រូប​ត្រូវគិត​គូរ​តាំងពី​កុមារ​ចាប់​បង្ក​កំណើត​នៅក្នុង​ផ្ទៃ ដើម្បី​បង្ការ​កូន​កើត​មក​មាន​ទម្លាប់​មិនល្អ ពាលា​អាវា​សែ ខ្ជិល​ច្រអូស​ជា​ដើម។ ដូច​នេះ ស្ដ្រី​នៅពេល​ដែលមាន​ផ្ទៃពោះ ត្រូវ​ត្រៀមខ្លួន​ធ្វើ​កិច្ចការ​ណា​ដែល​អាចធ្វើ​បាន​ដោយ​សកម្មភាព​រហ័សរ​ហួន ទទួល​របប​ចំណី​អាហារ​ឱ្យ​បាន គ្រប់​គ្រាន់ ទទួល​យក​តែ​ភាព​រីករាយ​នៅក្នុង​ខ្លួន ត្រូវ​អាន​សៀវភៅ​ណា​ដែល​មាន​អត្ថន័យ​ល្អៗជា​ដើម។ ស្ដ្រី​ដែលមាន​ផ្ទៃពោះ​ត្រូវតែ ធ្វើ​បែប​នេះ គឺ​ដើម្បី​ឱ្យកូន​នៅក្នុង​ផ្ទៃ​ទទួល​យក​នូវ​អារម្មណ៍​ការ​ស្ដាប់ ការ​អាន​របស់​ម្ដាយ។ មិន​ត្រូវ​មានភាព​ស្មុគស្មាញ ភាព​ទុក្ខ​សោក​សង្រែក ហើយ​ត្រូវ​ចៀសវាង​មើល​រូបភាព​សិចស៊ី មើល​រឿង​អាសអាភាស ច្រណែន​ឈ្នានីស រឿង​ដែល​តក់ស្លុត​គួរ​ឱ្យភ័យ​រន្ធត់ រឿង​គំនុំ​គុំគួន​ចងអាឃាត​បាញ់​សម្លាប់​ជាដើម។ ព្រោះ​កាល​បើមើល​រឿង​ទាំង​អស់​នេះ នាំ​ឱ្យជះ​ឥទ្ធិពល​អាក្រក់​ឆ្លង​ទៅដល់​កូន​នៅក្នុង ផ្ទៃ។

    ផល​វិបាក​របស់​កុមារ​មាន​ទម្លាប់​មិនល្អ

    ប្រសិន​បើ​កុមារ​មាន​ទម្លាប់​មិនល្អ បង្ក​ឱ្យ​មាន​ផល​វិបាក​ជា​ចម្បង​ទៅលើ​ខ្លួនឯង ព្រោះ​កាល​បើ​មាន​ទម្លាប់​ខ្ជិល​ច្រអូស​ហើយ នាំឱ្យ​ការងារ​មិន​រីក​ចម្រើន​ទៅ​មុខ​ឡើយ ហើយ​ក៏​ធ្វើឱ្យ​ខ្លួនឯង​គ្មាន​កិត្ដិយស​ដែរ។ ដោយ​សារ​តែ​កុមារ​ធ្វើខ្លួន​មិន​ចូល​សង្គម ធ្វើ​ឱ្យ​អ្នក ដែល​នៅ​ជុំវិញ​ខ្លួន​កុមារ​មិន​ចូល​ចិត្ដ​ស្រឡាញ់​វា។ ម្យ៉ាង​ទៀត​កុមារ​អាច​បង្ក​ឱ្យ​ឪពុក​ម្ដាយ​ឈឺក្បាល ព្រោះ​តែ​គិត​ច្រើន​នឹងទម្លាប់​កូន ទៀត​ផង។

    ដំបូន្មានអ្នកឯកទេស

    ទម្លាប់​ជាចំណុច​សំខាន់​មួយ​ដែល​ឪពុក​ម្ដាយ​គ្រប់​រូប​ត្រូវ​ស្វែង​យល់ ហើយ​អ្វីៗ​ដែល​លោក​អ្នក​ទាំង​ពីរ​បាន​ធ្វើ​ពិត​ជាមាន​ឥទ្ធិពល​ទៅដល់​កូន​មិន​មែន​តែមជ្ឈដ្ឋាន​ខាង​ក្រៅ​នោះ​ទេ

    គឺ​កុមារ​អាច​ធ្វើត្រាប់​តាម​តាំង​ពី​ចាប់​បង្ក​កំណើត​នៅ​ក្នុង​ផ្ទៃមក​ម្ល៉េះ។
    By healthcambodia

     
     
    មតិ​យោបល់
     
     

    មើលគួរយល់ដឹងផ្សេងៗទៀត

     
    ផ្សព្វផ្សាយពាណិជ្ជកម្ម៖

    គួរយល់ដឹង

     
    (មើលទាំងអស់)
     
     

    សេវាកម្មពេញនិយម

     

    ផ្សព្វផ្សាយពាណិជ្ជកម្ម៖
     

    បណ្តាញទំនាក់ទំនងសង្គម