ទង្វើ​របស់​ស្ដ្រី​ដែល​បុរស​មិនពេញ​ចិត្ដ

 
 

            ចំណែក​ឯការ​សិក្សា​ទៀតសោត​គឺគ្មាន​តែម្ដង ដូចពាក្យ​ចាស់​មួយឃ្លា​ពោលថា ស្ដ្រី​បង្វិល​ចង្ក្រាន​មិនជុំ។ ឥឡូវនេះ​ស្ដ្រី​សម័យថ្មី​មានភាព​រឹងប៉ឹង​ដែលអាច​ឈរជើង​លើ​តួនាទី​សំខាន់ៗ និង​ជាដៃគូ​មិនអាច​ខ្វះបាន​របស់​បុរស។ ប៉ុន្ដែ​ក្នុងនាម​ជាដៃគូ​ក៏មាន​ទង្វើខ្លះ​មិនបាន ជាទី​ពេញចិត្ដ​របស់​បុរស​ខ្លះដែរ។

រូបភាពទស្សនាវដ្ដីសុខភាព

ដើម្បី​ស្វែងយល់​ឱ្យ​កាន់តែ​ច្បាស់​អំពី​ទង្វើ​របស់ស្ដ្រី​ដែលធ្វើ​ឱ្យបុរស​មិន​ពេញចិត្ដ​នេះ ទស្សនាវដ្ដី សុខភាពយើង សូម​លើកយក​ខ្លឹមសារ​នៃបទសម្ភាសន៍​ជាមួយ​លោក​សាស្ដ្រាចារ្យ មៀច ប៉ុណ្ណ ទីប្រឹក្សា​នៃវិជ្ជា​ឋានពុទ្ធសាសន​បណ្ឌិត្យ​មក​បង្ហាញ​ជូនដូច​តទៅ។

អត្ថន័យ​ទង្វើ​របស់​ស្ដ្រី​ដែល​បុរស​មិនពេញ​ចិត្ដ

ដូចមិត្ដ​អ្នកអាន​ជ្រាប​រួចមក​ហើយ ការ​កសាង​ភ្ជាប់​វាសនា​ជាដៃគូរ​វាងបុរស និង​ស្ដ្រី គឺសុទ្ធតែ​មាន​គោល​បំណង​ចង់ឱ្យ​ជីវិត​របស់​គេ​រស់នៅ​ក្នុងភាព​សុខដុម​រមនា ល្អូកល្អឺន​ផ្អែមល្ហែម។ ផ្ទុយ​ទៅវិញ​មាន​គូភាគី​ខាងស្រី​ខ្លះ បែរជា​មិនបាន​សម្រប​សម្រួល ទៅតាម​បំណង​ប្រាថ្នារបស់​បុរស​ឡើយ ធ្វើឱ្យ​ទំនាស់​វិបត្ដិ​កើតឡើង រហូត​ដល់មាន​ការ​ជ្រុលជ្រួស​ប្រព្រឹត្ដ​អំពើ​ហិង្សា​ជាដើម។

មូលហេតុ​ដែល​បុរស​មិនពេញ​ចិត្ដទង្វើ​របស់ស្ដ្រី

ករណី​ស្ដ្រី​ប្រព្រឹត្ដ​នូវអំពើ​អ្វីដែល​ផ្ទុយនឹង​ទស្សនៈ​របស់ខ្លួន និង​ធ្វើអ្វី​ដែល​ទំនាស់​នឹងផល​ប្រយោជន៍​គ្រួសារ ដូច​យ៉ាង ៖

  • ចាត់ចែង​ការងារ​ឱ្យមាន​ការ​ច្របូក​ច្របល់ មិនមាន​សណ្ដាប់​ធ្នាប់ និង​មិនមាន​របៀប​រៀបរយ
  • ដើរចោល​ផ្ទះសម្បែង​ទៅ​សេពគប់​នឹងអ្នក​ដទៃដែល​ពុំមាន​សីលធម៌
  • បង្ក​ទំនាស់​ជាមួយ​អ្នក​ជិតខាង ជាហេតុ​ធ្វើឱ្យ​ខូច​ទំនាក់ទំ​នង​ល្អរវាង​ញាតិ​ព្រៀងលាន។

សកម្មភាព​អាកប្ប​កិរិយា​ស្ដែងឡើង​របស់ស្ដ្រី​ធ្វើឱ្យ​បុរស​មិន​ពេញចិត្ដ

ស្ដ្រី​គប្បី​ចៀសវាង​អាកប្ប​កិរិយា​អវិជ្ជមាន​មួយចំនួន​ជាអាទិ ៖

  • ពោល​សម្ដី​ទ្រគោះ​បោះបោក រម៉ោក​រមាំង គំរោះ​គំរើយ បញ្ជោះ​បន្សោក​ទៅរកប្ដី
  • ចាយវាយ​ខ្ជះខ្ជាយ​ហួស​ចំណូល​កម្រៃ​ដែលខ្លួន​រកបាន ធ្វើឱ្យ​បាត់បង់​តុល្យភាព​សេដ្ឋកិច្ច​គ្រួសារ។

រូបភាពទស្សនាវដ្ដីសុខភាព

ផល​ប៉ះពាល់​ដល់ភាព​សុខសាន្ដ​របស់​គ្រួសារ

រាល់ទង្វើ​ណាដែល​ទំនាស់​មិន​អធ្យាស្រ័យ​នឹង​ទឹកចិត្ដ​ស្វាមី នឹងអាច​នាំមក​នូវ ៖

  • ការ​អាក់អន់​ស្រពន់ចិត្ដ​ពីសំណាក់​ស្វាមី ធ្វើឱ្យ​អារម្មណ៍​គេមាន​កករល្អក់ រខិត​សៅហ្មង
  • ការ​បាត់បង់​នូវ​ទំនុកចិត្ដ​របស់ប្ដី​ចំពោះ​ប្រពន្ធ ការ​កត់សម្គាល់​នូវ​កំហុស​របស់​ប្រពន្ធ​បានកាន់​ច្រើន​ឡើងៗ
  • បរិយាកាស​អាប់អួរ​វាងប្ដី​ប្រពន្ធ ដែលមាន​កំណួច​ចិត្ដចង​គំនុំ​កាន់តែ​ស្រួចស្រាល ហើយ​នៅទីបំផុត​ទំនាស់​ឬ​ជម្លោះ​ក៏នឹង​ផ្ទុះឡើង ដែល​នឹងនាំ​ទៅដល់​អំពើ​ហិង្សា​ជាយថាហេតុ។

វិធី​ទប់ស្កាត់​ទង្វើ​របស់ស្ដ្រី​ដែល​បុរស​មិន​ពេញចិត្ដ

វិធី​ដែលល្អ​អាច​ចៀសវាង​នូវ​ទំនាស់​វិបត្ដិ​ការឈ្លោះ​ទាស់ទែង​គ្នា រវាង​ភាគីប្ដី​ប្រពន្ធ​គ្មានអ្វី​ក្រៅពី ៖

  • នារី​ជាភរិយា​ត្រូវចេះ​កែទម្លាប់​មិនល្អ កែកំហុស​ឆ្គងដែល​នាងបាន​ប្រព្រឹត្ដ​ជ្រុលជ្រួស
  • នាង​ត្រូវតែ​ហ៊ាន​សារភាព​នូវរាល់​កំហុស​ដែលនាង​បាន​ប្រព្រឹត្ដ​ដោយ​ចេតនាក្ដី អចេតនាក្ដី
  • នាង​ត្រូវតែ​ស្វែងយល់​ឱ្យបាន​ដោយខ្លួនឯង​អំពី​អំណោយ​ផលល្អ នៃ​បរិយាកាស​សុខដុមរមនា​ក្នុងជីវិត​គ្រួសារ
  • ស្វាមី​ត្រូវចេះ​អនុគ្រោះ​លស់លា​អធ្យាស្រ័យ អត់ឱន​ខន្ដី​ប្រណី​ដល់ប្រពន្ធ​ដោយចេះ​ប្រើសម្ដីផ្អែម​ល្ហែម
  • ជួបជុំ​ប្ដីប្រពន្ធ​រកវិធី​ដោះស្រាយ​វិបត្ដិ​តូចធំ ក្នុង​ស្មារតី​សហប្រតិបត្ដិការ សន្ដិភាព និង​អហិង្សា
  • ប្ដី​ប្រពន្ធ​ត្រូវបង្ហាញ​ដល់គ្នា​ទៅវិញ​ទៅមក​អំពី​បំណង​ប្រាថ្នា​រៀងៗខ្លួន ហើយ​បន្ទាប់​ពីនោះ​ត្រូវហាត់​ពត់ទប់​កំហឹង ចេះ​សម្រប​សម្រួល​គ្នា ចេះ​យកចិត្ដ​យកថ្លើម​គ្នាទៅវិញ​ទៅមក ឧស្សាហ៍ដាស់​តឿនគ្នា ដោយ​ប្រើ​មធុរវាចា។

សេចក្ដី​សន្និដ្ឋាន

គ្មានអ្នក​ណាល្អ​ឥតខ្ចោះ​នោះឡើយ។ ទស្សន​វិទូ​ម្នាក់ពោល​ថា ៖ មនុស្ស​កើតមក​ល្អបរិសុទ្ធ​ណាស់ ប៉ុន្ដែគឺ​សង្គមទេ​ដែលធ្វើ​ឱ្យមនុស្ស​មានវិបត្ដិ​សៅហ្មង។ ឆ្លងតាម​សច្ចវាចា​ខាងលើនេះ យើងគួរ​អប់រំ​បំពាក់​ឱ្យមនុស្ស​រាល់គ្នា នូវ​គុណសម្បត្ដិ សីលធម៌ វិចារណញ្ញាណ ដើម្បី​ក្លាយ​ទៅជា​មនុស្ស​មាន​ប្រយោជន៍​ក្នុងសង្គម ចែករំលែក​សេចក្ដី​សុខ​ឱ្យគ្នា​នឹងគ្នា និង​កសាង​សង្គមមួយ​សន្ដិភាព និង​អហិង្សា។

ដំបូន្មាន​អ្នកជំនាញ

មិត្ដនារី​គួរ​ព្យាយាម​ធ្វើនូវ​អំពើ​ពេញចិត្ដ​តាម​ប្រពៃណី បំណង​ល្អ ចំណេញ​ដល់​ខ្លួនឯង និង​ក្រុម​គ្រួសារ រក្សាតម្លៃ​ថ្លៃថ្នូរ ចែករំលែក​ផល​ប្រយោជន៍ សេចក្ដីសុខ​ជាមួយ​អ្នក​ជិតខាង អត់ធ្មត់​ដើម្បី​ឱ្យមាន​ភាពចុះ​សម្រុង​ជូន​បុគ្គល​ផ្សេងទៀត​បាន​សុខដុម​រមនាគ្រួសារ​ប្រកប​ដោយ​សុភមង្គល​សង្គមជាតិ​ទាំងមូល​មាន​ភាព​សុខសាន្ដ​រុងរឿង​រីកចម្រើន​បាន។

By healthcambodia

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម