ឆ្លងកាត់ដំណាក់កាល៤យ៉ាងនេះរួច អ្នកអាចរៀបការរស់នៅជាមួយគ្នាដោយសុខសាន្តបាន
ស្រលាញ់គ្នាជាការងាយទេ តែការដែលរក្សាចំណងស្នេហារបស់អ្នកឲ្យបានយូរអង្វែងទៅវិញទេ ដែលជាការលំបាកនោះ។ គិតទៅពាក្យថា ”ស្នេហា” មួយម៉ាត់នេះ មិនមែនងាយស្រួលទេ។ បើអញ្ចឹងដើម្បីអាចរក្សាស្នេហាមួយឲ្យបានល្អ តើយុវវ័យគួរតែធ្វើអ្វីខ្លះទៅ ដើម្បីបង្ហាញថាអ្នកទាំងពីរពិតជាអាចរស់នៅជាមួយគ្នាបាន?
មានយុវវ័យខ្លះឲ្យយោបល់ដូចខាងក្រោម៖
១. ឆាប់ខឹងតែលួងឆាប់ត្រូវគ្នាវិញ
កញ្ញា សុជាតា អាយុ២៥ឆ្នាំ ជាបុគ្គលិកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK បានប្រាប់ពីទស្សនៈរបស់ខ្លួនទាក់ទងទៅនឹងចំណុចនេះថា អ្នកខ្លះស្រលាញ់គ្នា តែឃើញឧស្សាហ៍ឈ្លោះគ្នាណាស់ តែមិនចេះបែកគ្នាសោះ ដោយសារតែពួកគេមានចរិតឆាបឆេវឆាវ ឆាប់ខឹងគ្នា។
រូបតំណាង
សុជាតា បន្តថា៖ “មិត្តភ័ក្តិខ្ញុំម្នាក់ក៏មានរឿងអញ្ចឹងដែរ ស្រលាញ់គ្នាជាង៣ឆ្នាំហើយ ឈ្លោះគ្នាញឹកញាប់ណាស់។ ពេលខ្ញុំសួរថា បើឈ្លោះគ្នាយ៉ាងហ្នឹងម៉េចមិនបែកគ្នាហ្មងទៅ ចាំបាច់នៅទ្រាំដល់ណាទៀត បើនៅជាមួយគ្នា មិនចុះសម្រុងគ្នាអញ្ចឹង ប៉ុន្តែគេប្រាប់ខ្ញុំថា បានអីបែកគ្នាកើត បើសង្សារគេពូកែលួងសឹងអី ហើយគ្នាក៏ជាមនុស្សចិត្តទន់ទៀត ឲ្យតែឈ្លោះគ្នាមិនដែលខឹងគ្នាបានយូរនោះទេ”។
២. មិនចេះមើលងាយគ្នា ទោះឈ្លោះគ្នាបែកផ្សែងក៏ដោយ
ចំណុចខាងលើជាការលើកឡើងរបស់យុវជន ឆោម សុភ័ក្រ អាយុ២៤ឆ្នាំ និស្សិតច្បាប់នៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា និយាយថា៖ “ទោះបីជាយើងស្រលាញ់គ្នាយូរប៉ុណ្ណាក៏ដោយ តែបើសិនជា ចូលចិត្តរំលើកបើកកកាយ មើលងាយគ្នាអញ្ចេះអញ្ចុះ ពេលដែលមានរឿងឈ្លោះគ្នា នោះបញ្ជាក់ថា ស្នេហារបស់អ្នកមិនអាចគង់វង្សយូរអង្វែងបានទៀតទេ។ ខ្ញុំស្រលាញ់សង្សារត្រង់ចំណុចហ្នឹង។ គាត់មិនដែលចេះមើលងាយខ្ញុំសូម្បីតែម្ដង ទោះបីជាពួកយើងមានបញ្ហាឈ្លោះគ្នាយ៉ាងណាក៏ដោយ”។ សុភ័ក្រ បន្ថែមយ៉ាងដូច្នេះ។
៣. ហ៊ានឆ្លើយសំនួរ ដែលគូសង្សារមួយចំនួនពិបាកឆ្លើយ
ភាពស្មោះត្រង់ពិតជាសំខាន់ខ្លាំងណាស់ ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ។ យ៉ាងណាមិញ ស្នេហាក៏អញ្ចឹងដែរ។ លើកឡើងពីបញ្ហានេះ លោក ហ៊ុល កុសល អាយុ២៦ឆ្នាំ ដែលទើបតែរៀបការកាលពីខែមីនាកន្លងទៅនេះ បានប្រាប់ត្រង់ៗថា៖ “កាលពីមុនខ្ញុំរៀបការ ប្រពន្ធរបស់ខ្ញុំក៏សម្ភាសខ្ទេចខ្ទីអស់គ្មានសល់ដែរ។ សំនួរមួយដែលធ្វើឲ្យខ្ញុំស្ទាក់ស្ទើរមិនដឹងថាត្រូវឆ្លើយថា ម៉េចនោះ គឺនៅពេលដែលនាងសួរថា តើខ្ញុំធ្លាប់ដែលប៉ះពាល់ខ្លួននារីណាពីមុនមកឬទេ?”។
“ទម្រាំតែដាច់ចិត្តថាឆ្លើយប្រាប់នាងតាមត្រង់ ខ្ញុំគិតហើយគិតទៀត ថាគួរតែនិយាយតាមត្រង់ ឬ ក៏លាក់មិនឲ្យដឹង។ ចុងក្រោយក៏ប្រាប់ប្រពន្ធខ្ញុំតាមត្រង់ទាំងអស់ តែនាងមិនត្រឹមតែមិនប្រកាន់ទេ ថែមទាំងសរសើរពីខ្ញុំថា ជាបុរសស្មោះត្រង់ ហ៊ានទទួលខុសត្រូវមែន”។ កុសល ថ្លែងតាមត្រង់យ៉ាងដូចនេះ។
៤. បញ្ជាក់ពីក្ដីស្រលាញ់របស់អ្នកដល់គូសង្សារ
អ្នកខ្លះមានទស្សនៈថា បើស្រលាញ់នរណាម្នាក់ ដាច់ខាតមិនត្រូវបញ្ចេញក្ដីស្រលាញ់ខ្លាំងពេកទេ កុំឲ្យគេដឹងចិត្ត។ “បើស្រលាញ់ មិនត្រូវឲ្យគេដឹងចិត្ត” តើពាក្យមួយឃ្លានេះ ពិតជាត្រឹមត្រូវមែនឬ?
យុវជន ហៀក ប៊ុនឃៀង អាយុ២៣ឆ្នាំ និស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា៖ “អ្នកខ្លះគេគិតបែបនេះមែន តែខ្ញុំមិនយល់ដូច្នេះនោះទេ។ បើយើងស្រលាញ់នរណាម្នាក់ត្រូវតែបង្ហាញក្ដីស្រលាញ់នោះដល់គេ មិនថាតាមរយៈកាយវិការ ឬពាក្យសម្ដីនោះទេ ព្រោះមនុស្សស្រលាញ់គ្នា មិនត្រូវមានរឿងលាក់បាំងជាមួយគ្នាជាដាច់ខាត។ បើធ្វើបែបនេះបានមែន ស្នេហារបស់អ្នកនឹងផ្អែមល្ហែមខ្លាំងឡើងៗជាមិនខានឡើយ”៕
ប្រភពសប្បាយ
មើលគួរយល់ដឹងផ្សេងៗទៀត
- ធ្វើដូចម្តេចទើបស្នេហាអ្នកមិនមានភាពធុញទ្រាន់
- ជារឿយៗស្ត្រីមិនខ្វល់ពី“បញ្ហាបេះដូង” ឡើយ
- វិធីបង្កើតគម្រោងអាជីវកម្មមួយទំព័រ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!