ប្រាំ​ចំណុច​បង្ហាញ​ថា​ ស្នេហា​របស់​អ្នក​បរាជ័យ​តាំង​ពី​ចាប់​ផ្ដើម​ដំបូង​

 
 

ស្នេហា​ខ្លះ​មាន​អាយុ​កាល​ត្រឹម​តែ​មួយ​ខែ​ ឬ​១០​ថ្ងៃ​ក៏​មាន​ ក៏​បែក​បាក់​គ្នា​ប្រៀប​ដូច​ស្នេហា​ភ្លើង​ចំបើង​ ដែល​ទើប​តែ​ផ្ដើម​មិន​បាន​ប៉ុន្មាន​ផង​ ក៏​ឆេះ​រលត់​បាត់​អស់​ទាំង​មិន​ទាន់​បាន​ត្រៀម​លក្ខណៈ​ស្រួល​បួល​។ ទាំង​នេះ​សុទ្ធ​តែ​ជា​សញ្ញា​ដែល​យុវវ័យ​មិន​ចង់​បាន។ បើ​ដូច្នេះ​ អ្វី​ខ្លះ​ជា​កត្តា​បង្ក​ហេតុ​ នាំ​ឲ្យ​ឈាន​​ទៅ​រក​បញ្ហា​បែប​នេះ?

រូប​តំណាង

លង់​នឹង​រូប​សម្បត្តិ​ខាង​ក្រៅ​ (សង្ហា ​សិច​ស៊ី​ មាន​មន្ត​ស្នេហ៍)
កញ្ញា​ ដួង សុវណ្ណថា​ អាយុ​២០​ឆ្នាំ​ សិស្ស​រៀន​ថ្នាក់​ទី​១២​នៃ​វិទ្យាល័យ​វត្ត​កោះ​ បាន​ប្រាប់​ពី​សញ្ញា​បរាជ័យ​តាំង​ពី​ពេល​ចាប់​ផ្ដើម​ស្នេហា​ដំបូង​ថា​៖ “ស្ត្រី​មួយ​​ចំនួន​តែង​តែ​ចាញ់​សម្រស់​ទាក់​ទាញ​ពី​សំបក​ក្រៅ​របស់​បុរស​ ដូច​ជា​ទេពកោសល្យ​ខាង​លេង​តន្ត្រី​ អាជីព​ មុខ​ស្រស់​សង្ហារ​ ឬ​ម៉ូដ​សក់​ឡូយ​ ដែល​គួរ​ឲ្យ​ឈ្លក់​វង្វេង។ ស្នេហ៍​ពិត​គឺ​យើង​ទុក​​ចិត្ត​គ្នា​ គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​យើង​ស្រលាញ់​នៅ​ត្រង់​ចរិត​ពិត​របស់​គេ​ និង​​ស្រលាញ់​​ខាង​ក្នុង​ខ្លួន​​របស់​គេ​ មិន​មែន​តែ​ផ្នែក​ខាង​ក្រៅ​នោះ​ទេ​ ព្រោះ​សំបក​ក្រៅ​​មិន​ស្ថិតស្ថេរ​ឡើយ”។

ចិត្ត​របស់​អ្នក​ទាំង​ពីរ​ដូច​គ្នា​តែ​រឿង​មួយ​ចំនួន​ប៉ុណ្ណោះ​

រីឯ​យុវជន​ ផៃ បញ្ញារិទ្ធ​ អាយុ​១៨​ឆ្នាំ ​សិស្ស​រៀន​ថ្នាក់​ទី​១២​នៃ​វិទ្យាល័យ​សន្ធរម៉ុក​ បាន​ប្រាប់​ទាក់​ទង​នឹង​បញ្ហា​នេះ​ថា​៖ “គូ​ស្នេហា​ដែល​មាន​ចំណាប់​អារម្មណ៍​រឿង​ដូច​គ្នា​ មិន​ប្រាកដ​ថា​អាច​រស់​នៅ​ស្រលាញ់​គ្នា​បាន​ទេ។ ឧទាហរណ៍​ យើង​ និង​គេ​ស្ថិត​នៅ​ក្នុង​ការ​ប្រជុំ​ទាមទារ​សិទ្ធ​មនុស្ស។ ​គេ​បញ្ចេញ​ទស្សនៈ​ប្រហាក់​ប្រហែល​នឹង​អ្វី​ដែល​យើង​កំពុង​តែ​គិត​ដែរ។ យើង​ និង​គេ​មាន​​អារម្មណ៍​ចំពោះ​គ្នា​ជា​ខ្លាំង​​ ហើយ​តែង​គិត​ថា​គេ​ និង​យើង​មាន​ចិត្ត​ដូច​គ្នា​ ប៉ុន្តែ​យើង​មិន​បាន​​គិត​ថា​ ផ្នែក​ផ្សេង​ទៀត​ដែល​នៅ​សល់​ក្នុង​ជីវិត​របស់​អ្នក​ទាំង​ពីរ​ស៊ី​ចង្វាក់​គ្នា​ឬ​អត់?“។

ដើរ​តួ​ជា​វីរបុរស​ជួយ​នារី​ក្រ​ខ្សត់​
ចំពោះ​លោក​ ណាល់ និរិទ្ធ​ អាយុ​១៨​ឆ្នាំ​ សិស្ស​រៀន​នៅ​វិទ្យាស្ថាន​ប៊ែលធី​ ថ្នាក់​ទី​១២​ និយាយ​ប្រាប់​ថា៖ “នៅ​ពេល​ដែល​យើង​ធ្វើ​ល្អ​ដាក់​នារី​ណា​ម្នាក់​ក្នុង​ន័យ​​ឲ្យ​អ្នក​ដទៃ​សម្លឹង​ និង​កោត​​សរសើរ​ថា​ ជា​បុរស​មាន​​សន្តាន​ចិត្ត​ល្អ​ ចេះ​យក​អាសា​ រហូត​ដល់​ការ​សំដែង​នេះ​ផុង​ជ្រុល​ក្លាយ​ជា​ស្នេហា​។ ទី​បញ្ចប់​បរាជ័យ​នឹង​កើត​មាន​ឡើង“។

យក​សង្សារ​ថ្មី​បញ្ឈឺ​ចិត្ត​សង្សារ​ចាស់​ 
សម្រាប់​កញ្ញា​ទី​ ដាណេ​ សិស្ស​ថ្នាក់​ទី​១១​នៃ​វិទ្យាល័យ​ហ៊ុន​សែន​បុរី​១០០​ខ្នង​ បាន​បញ្ចេញ​យោបល់​ទាក់ទង​​នឹង​បញ្ហា​នេះ​ថា​៖ “ស្នេហា​ប្រភេទ​នេះ​មិន​ត្រឹម​តែ​មិន​អាច​ដំណើរការ​ទៅ​មុខ​រួច​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បន្សល់​នូវ​វិប្បដិសារី​ទាំង​សង​ខាង​ ហើយ​ចុង​ក្រោយ​អ្នក​របួស​ខ្លាំង​ជាង​គេ ​គឺ​យើង​ដែល​ជា​អ្នក​ផ្ដើម”។

រូប​តំណាង

លើក​តម្កើង​គូ​ស្នេហ៍​ទុក​នៅ​លើ​ហ៊ឹង​
ដោយ​ឡែក​យុវសិស្ស​ យឹម សុភក្រ្តា​ អាយុ​១៧​ឆ្នាំ​ សិស្ស​វិទ្យាល័យ​ជាស៊ីម​បឹង​កេងកង​ ពន្យល់​ប្រាប់​ថា៖​ ”ស្នេហា​ដែល​មិន​ស្មើ​ភាព​គ្នា​តាំង​ពី​ចាប់​ផ្ដើម​ស្រលាញ់​មក​ម្ល៉េះ​ ជា​ស្នេហា​មិន​ធម្មតា។ ​ទោះ​ជា​ខាង​ក្រៅ​មើល​ទៅ​ពួក​គេ​កៀក​កើយ​គ្នា​ក្ដី​ តែ​ក្នុង​ចិត្ត​បាន​លើក​តម្កើង​គូ​ស្នេហ៍​ទុក​ខ្ពស់​រហូត​ឈោង​មិន​ដល់។ អ្នក​ដែល​លើក​គូ​ស្នេហ៍​ខ្ពស់​ជាង​ខ្លួន​ គេ​តែង​សង្កត់​ខ្លួន​ឯង​ឲ្យ​ទាប​ជាង​គូ​ស្នេហ៍​ ទ្រ​គេ​ខ្លាំង​ពេក​ទាំង​មិន​ហ៊ាន​សូម្បី​ខឹង​ទោះ​គេ​ខុស​ក៏​ដោយ​ ព្រោះ​ស្រលាញ់​ផ្កាប់​មុខ“។

ប្រភពសប្បាយ


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម