១០ ​ការ​ពិត​ដែល​អ្នក​មិន​បាន​ដឹង​​​ពីក្រោយ​អាវុធ​​​ប្រល័យ​លោក​

 
 

១០ ​ការ​ពិត​ដែល​អ្នក​មិន​បាន​ដឹង​​​ពីក្រោយ​អាវុធ​​​ប្រល័យ​លោក​


ប្រិយមិត្ត​ពិត​ជា​ធ្លាប់​ដឹង​ ធ្លាប់​ឮ​​ពី​ឈ្មោះ​អាវុធ​នុយក្លេអ៊ែរ ឬ អាវុធ​ប្រល័យ​លោក​​ដែល​ត្រូវ​បាន​គេ​ពណ៌នា​ថា​ជា​​អាវុធ​ខ្លាំង​ជាង​​គេ​បំផុត​ អាច​បំផ្លាញ​អ្វីៗ​គ្រប់​យ៉ាង​តែ​ក្នុង​មួយ​ពព្រិច​ភ្នែក​តែប៉ុណ្ណោះ។ ទោះបី​ជា​យ៉ាងណា​ក៏ដោយ Sabay ជឿជាក់​ថា មិត្ត​អ្នក​អាន​​ប្រហែល​ជា​មិន​ស្គាល់​ច្បាស់​ពី​​​ទិដ្ឋភាព​អាវុធ​​​នេះ​នោះ​ឡើយ។

ដូច្នេះ ជា​ការ​ផ្ដល់​ចំណេះដឹង Sabay សូម​ណែនាំ​ត្រួសៗ​ដល់​លោក​អ្នក​ឲ្យ​បាន​ស្គាល់​ពី​ទិដ្ឋភាព​ទូទៅ​មួយ​ចំនួន​ជុំវិញ​អាវុធ​ប្រល័យ​លោក​នេះ​ដូច​ខាងក្រោម៖​

១ តើ​អ្វី​ទៅ​ជា​អាវុធ​នុយក្លេអ៊ែរ ឬ អាវុធ​ប្រល័យ​លោក?
អាវុធ​នុយក្លេអ៊ែរ​គឺ​ជា​ឧបករណ៍​ផ្ទុះ​ដែល​កើត​ចេញ​មក​ពី​កម្លាំង​បំផ្លាញ​​ទាំង​ប្រតិកម្ម​​ផ្ទុះ​នុយក្លេអ៊ែរ​ (Nuclear Fission Reaction) ​ឬ ​បំភាយ​កម្ដៅ​នុយក្លេអ៊ែរ (Nuclear Fusion Reactions) ឬ ​​កើត​ចេញ​ពី​​​កម្លាំង​ផ្ទុះ​​និង ​បំភាយ​កម្ដៅ​នុយក្លេអ៊ែរ​បញ្ចូល​គ្នា​ក្នុង​ពេល​តែ​មួយ។

២ តើ​សារធាតុ​អ្វី​ដែល​ត្រូវ​​បាន​គេ​ប្រើប្រាស់​សម្រាប់​ផលិត​អាវុធ​នុយក្លេអ៊ែរ​​?
សារធាតុ​អ៊ុយរ៉ាន្យោម ឬ U-235, Plutonium-239,  អ៊ីដ្រូហ្សែន (​Hydrogen) និង Lithium ត្រូវ​បាន​គេ​យក​មក​​ប្រើប្រាស់​​អាស្រ័យ​ទៅ​លើ​ប្រភេទ​​អាវុធ​នុយក្លេអ៊ែរ​នីមួយៗ។​ សម្រាប់​អ៊ីដ្រូហ្សែន​ត្រូវ​បាន​គេ​បើ​ប្រាស់​ ច្រើន​បំផុត​ដើម្បី​បំភាយ​​​​កម្ដៅ​​​អាវុធ​នុយក្លេអ៊ែរ​នៅ​ពេល​ផ្ទុះ។

៣ តើ​អាវុធ​នុយក្លេអ៊ែរ​​ចេក​ចេញ​ជា​ប៉ុន្មាន​ប្រភេទ?
អាវុធ​នុយក្លេអ៊ែរ​ផលិត​ឡើង​ជា​​​​ប្រភេទ៖

គ្រាប់បែក​បរមាណូAtomic bombs ​(ត្រូវ​បាន​គេ​ស្គាល់​​ផង​ដែរ​ថា​ជា A-bombs) ​បាន​បញ្ចេញ​ឥទ្ធិពល​របស់​វា​តាម​រយៈ​កម្លាំង​ប្រតិកម្ម​ផ្ទុះ​​នុយក្លេអ៊ែរ (Nuclear Fission Reaction)។

គ្រាប់បែក​អ៊ីដ្រូហ្សែន Hydrogen bombs (ត្រូវ​បាន​គេ​​ស្គាល់​ថា H-bombs) បង្ហាញ​កម្លាំង​ផ្ទុះ​របស់​វា​តាម​រយៈ​ប្រតិកម្ម​​ផ្ទុះ​​ចំហាយ​​នុយក្លេអ៊ែរ (Nuclear Fusion Reactions)។ គ្រាប់បែក​ប្រភេទ​នេះ​មាន​កម្លាំង​ខ្លាំង​ជាង​គ្រាប់​បែក​​បរមាណូ​ (Atomic bombs ) រាប់​ពាន់​​ដង​ដូច​ជា​គ្រាប់​បែក​​ Tsar Bomba របស់​អតីត​សហភាព​សូវៀត​ជា​ដើម។​​​​​

៤ តើ​​​អាវុធ​នុយក្លេអ៊ែរ​ណា​មួយ​ដែល​មាន​កម្លាំង​ផ្ទុះ​​ខ្លាំង​ជាងគេ​បំផុត?
គ្រាប់​បែក​នុយក្លេអ៊ែរ​មាន​ឈ្មោះ​ថា Tsar Bomba ឬ ហៅ​ម្យ៉ាង​ទៀត​ថា​ AN602របស់​រុស្ស៊ី​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​អាវុធ​ប្រល័យ​លោក​មាន​កម្លាំង​ខ្លាំង​ជាងគេ​​បំផុត​​​ក្នុង​លោក​ដែល​មាន​ផ្ទុក​​គ្រាប់​បែក​អ៊ីដ្រូហ្សែន​(TNT)ពី ​៥០​ទៅ​៥៨ មេកាតោន ( ៥៨ លាន​តោន)។ គ្រាប់​នុយក្លេអ៊ែរ​នេះ​​មាន​​ចំនួន​ត្រឹមតែ​១​គ្រាប់​តែ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​គេ​ផលិត​ឡើង​ និង​ត្រូវ​បាន​ធ្វើតេស្ត​​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា​ក្នុង​ឆ្នាំ​១៩៦១។

Tsar Bomba មាន​កម្លាំង​ផ្ទុះ​​ខ្លាំង​ជាង​​គ្រាប់​បែក​នុយក្លេអ៊ែរ​​​ដែល​ទម្លាក់​នៅ ​Hiroshima និង​Nagasaki ​​របស់​ជប៉ុន​កាល​ពី​ឆ្នាំ​១៩៤៥ ពី​​​១.៣៥០​ទៅ ១.៥៧០​ដង​

ការ​សាកល្បង​ធ្វើ​តេស្ត​គ្រាប់​បែក​នុយក្លេអ៊ែរ​ខ្លាំង​បំផុត​ក្នុង​លោក​ Tsar Bomba

៥ តើ​អាវុធ​នុយក្លេអ៊ែរ​មាន​កម្លាំង​ខ្លាំង​ប៉ុណ្ណា?
រយៈ​ចម្ងាយ​នៃ​កម្លាំង​ផ្ទុះ​របស់​អាវុធ​នុយក្លេអ៊ែរ​មាន​លក្ខណៈ​ខុសៗ​គ្នា​អាស្រ័យ​ទៅ​​លើ​ការ​ផ្ទុក​គ្រាប់​បែក​TNT នៅ​តាម​ប្រភេទ​អាវុធ និង​ទីកន្លែង​​នីមួយៗ​ដែល​ត្រូវ​បាន​ប្រើប្រាស់​។ គេ​បាន​វាយតម្លៃ​ថា TNT ចំនួន​១ មេកាតោន​ (១​​លាន​តោន) មាន​សមត្ថភាព​អាច​កម្ទេច​អគារ​ផ្សេងៗ​​​ក្នុង​ចម្ងាយ​ជា​មធ្យម​៦,២​គីឡូម៉ែត្រ​ជា​មួយ​នឹង​ចំហាយ​កម្ដៅ​វិទ្យុសកម្ម​ក្នុង​ចម្ងាយ ១០​គីឡូម៉ែត្រ​ជុំវិញ។ សម្រាប់​TNT ២០ មេកាតោន វា​មាន​សមត្ថភាព​អាច​កម្ទេច​អាគារ​ផ្សេងៗ​ក្នុង​ចម្ងាយ​១៧ គីឡូម៉ែត្រ​​ និង​ចំហាយ​កម្ដៅ​វិទ្យុសកម្ម​ក្នុង​រង្វង់​​ចម្ងាយ ៣០​គីឡូម៉ែត្រ​ជុំវិញ។ ​

​​ដូច្នេះ​បើ​គេ​យក​​​អាវុធ​នុយក្លេអ៊ែរ​​ខ្លាំង​បំផុត​របស់​រុស្ស៊ី​( Tsar Bomba) ខាងលើ​ដែល​​ផ្ទុក​គ្រាប់​បែក​TNT រហូត​ដល់ ៥៨​ មេកាតោន (៥៨​លាន​តោន​)មក​វិភាគ​វិញ​គេ​ឃើញ​ថា អាវុធ​នេះ​​មាន​សមត្ថភាព​អាច​បំផ្លាញ​អាគារ​ផ្សេងៗ​បាន​ក្នុង​ចម្ងាយ​ប្រហែល​៥០​ ​គីឡូម៉ែត្រ​ និង​​មាន​ចំហាយ​កម្ដៅ​​វិទ្យុសកម្ម​​​​​ក្នុង​រង្វង់​ជិត​៩០​​គីឡូម៉ែត្រ​ជុំវិញ។​​​

គ្រាប់​បែក​នុយក្លេអ៊ែរ​ខ្លាំង​បំផុត​ចុងក្រោយ​របស់​អាមេរិក  B53

៦ តើ​ពិភពលោក​បច្ចុប្បន្ន​មាន​អាវុធ​​នុយក្លេអ៊ែរ​ចំនួន​ប៉ុន្មាន?
តាម​របាយការណ៍​ចុង​ក្រោយ​​​របស់​​ទីភ្នាក់ងារ​ថាមពល​អាតូមិច​អន្តរជាតិ (IAEA) នៅ​ក្នុង​ឆ្នាំ​២០១៣​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​បច្ចុប្បន្ន​ពិភពលោក​មាន​អាវុធ​នុយក្លេអ៊ែរ​ចំនួន​១៧.៣០០​ដើម។

៧ តើ​ប្រទេស​ណា​ខ្លះ​មាន​​អាវុធ​នុយក្លេអ៊ែរ?
ប្រទេស​ចំនួន​៩ ដែល​​ត្រូវ​បាន​គេ​បញ្ជាក់​ថា មាន​អាវុធ​នុយក្លេអ៊ែរ​នៅ​ក្នុង​ដៃ ក្នុង​នោះ​រួម​មាន​​៖
រុស្ស៊ី ៨.៥០០​ដើម អាមេរិក ៧.៧០០​ដើម បារាំង ៣០០​ ដើម ចិន ២៥០ ដើម អង់គ្លេស ២២៥​ដើម អ៊ីស្រាអែល ៨០ ដើម ប៉ាគីស្ថាន​ពី ១០០​ទៅ ១២០​ដើម ឥណ្ឌា​ពី ៩០​ទៅ ១១០ ដើម ខណៈ​កូរ៉េខាងជើង​វិញ​ត្រូវ​បាន​គេ​វាយតម្លៃ​ថា អាច​មាន​ក្រោម​១០ ដើម​ ប៉ុន្តែ​មិន​ទាន់​​មាន​សមត្ថភាព​គ្រប់គ្រាន់​អាច​បំពាក់​លើ​ក្បាល​គ្រាប់​បាញ់​​ចេញ​ពី​ទីតាំង​បាន​​​នៅ​ឡើយ​ទេ។ ​

ផែនទី​ប្រទេស​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ

៨ តើ​អាវុធ​នុយក្លេអ៊ែរ​ចំនួន​ប៉ុន្មាន​ត្រូវ​បាន​គេ​ធ្វើតេស្ត និង​ប្រើប្រាស់​នៅ​ពេល​កន្លង​មក?
ចាប់តាំង​ពី​ផលិត​ឡើង​ក្នុង​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ ១៩៣៨ ​រហូត​មក​ដល់​បច្ចុប្បន្ន​ អាវុធ​នុយក្លេអ៊ែរ​ចំនួន​២.០៥៣​ដើម​ហើយ​ត្រូវ​បាន​គេ​ធ្វើតេស្ត​​នៅ​​លើ​និង​ក្រោម​ដី ​និង​ក្នុង​ទឹក​សមុទ្រ។ ក្នុង​នោះ​គ្រាប់​បែក​នុយក្លេអ៊ែរ​២​គ្រាប់​ត្រូវ​បាន​អាមេរិក​​ប្រើប្រាស់​ជា​ប្រវត្តិសាស្ត្រ​​ដើម្បី​សម្លាប់​មនុស្ស​នៅ​លើ​ទឹកដី​​ជប៉ុន ​នាទី​ក្រុង Hiroshimaនិង Nagasaki ក្នុង​ឆ្នាំ​១៩៤៥។​​​​

៩ តើ​គេ​ចំណាយ​ថវិកា​ប៉ុន្មាន​ដើម្បី​ផលិត​អាវុធ​នុយក្លេអ៊ែរ?
ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ​គឺ​ជា​រឿង​មួយ​ស្មុគស្មាញ​បំផុត​ ដែល​​​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​នានា​ជា​ពិសេស​អាមេរិក និង​អតីត​សហភាព​សូវៀត (រុស្ស៊ី)​ចំណាយ​ថវិកា​​​រាប់​កោដិ​លាន​ដុល្លារ។ គ្រាន់តែ​អាមេរិក​មួយ​បាន​ចំណាយ​ថវិកា​ប្រមាណ៥,៥​ពាន់​ពាន់​លាន​ដុល្លារ​សម្រាប់​​ផលិត​អាវុធ​នុយក្លេអ៊ែរ​តាំង​ពី​ឆ្នាំ​១៩៤០​ដល់​ឆ្នាំ​១៩៩៨។​​

១០ ហេតុ​អ្វី​ចាំបាច់​ទាមទារ​ឲ្យ​មាន​ការ​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ​ឲ្យ​បាន​ត្រឹមត្រូវ?
បទពិសោធន៍​នៅ​Hiroshima និង​Nagasaki បាន​បង្ហាញ​នូវ​សោកនាដកម្ម​យ៉ាង​អាក្រក់​បំផុត​​ជា​ប្រវត្តិសាស្ត្រ​ដល់​អាយុជីវិត​មនុស្ស​ថា អាវុធ​នុយក្លេអ៊ែរ​​មិន​ត្រូវ​បាន​ប្រើប្រាស់​បន្ត​ទៅ​ទៀត​​នោះ​​​ឡើយ។ ក្រៅ​តែ​ពី​​បំផ្លិចបំផ្លាញ​​​​​ដល់​អាយុជីវិត និង​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាង​មហិមា វា​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សុខភាព​​មនុស្ស​ និង​​បរិស្ថាន​ក្នុង​ពេល​អនាគត​ច្រើន​ឆ្នាំ​បន្ត​​ទៀត។

សោកនាដកម្ម​ក្រោយ​ការ​ទម្លាក់​គ្រាប់​​បរមាណូ​នៅ​ Hiroshima ឆ្នាំ​១៩៤៥

បញ្ហា​មួយ​ទៀត​ដែល​គួរឲ្យ​បារម្ភ​សម្រាប់​​ប្រទេស​មហាអំណាច​មាន​អាវុធ​នុយក្លេអ៊ែរ​នៅ​ពេល​បច្ចុប្បន្ន​នោះ គឺ​ខ្លាច​​អាវុធ​​ប្រភេទ​នេះ​ធ្លាក់​ទៅ​លើ​ដៃ​ក្រុម​ភេរវជន​ដែល​នឹង​អាច​ប្រើប្រាស់​​​វា​​ដើម្បី​បំផ្លាញ​ពិភពលោក​ទាំងមូល។ ដូច្នេះ​ហើយ​បណ្ដា​ប្រទេស​ភាគ​ច្រើន​​ដែល​គ្មាន​​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​គ្រប់គ្រង​អាវុធ​ទាំង​នេះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ផលិត ឬ ចម្រើន​ជាតិ​អ៊ុយរ៉ាន្យោម​នោះ​ឡើយ ហើយ​ក៏​ទាមទារ​ផង​ដែរ​ឲ្យ​ចុះ​សន្ធិសញ្ញា​ស្ដីពី​ការ​មិន​រីកសាយ​ភាយ​​អាវុធ​នុយក្លេអ៊ែរ (Treaty on the Non-Proliferation of Nuclear Weapons) ដែល​មាន​ប្រទេស​១៨៨​ជា​សមាជិក៕

ប្រភពសប្បាយ


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម