ឧស្សាហ៍​មាន​ភាព​តានតឹង​នៅ​កន្លែងធ្វើការ​គួ​ដោះស្រាយ​បែបណា​?

 
 

​ស្ត្រេ​ស ឬ​ភាព​តានតឹង​នៅ​កន្លែងធ្វើការ​ពិតជា​អាច​ប៉ះពាល់​ដល់​ជីវិត​ផ្ទាល់ខ្លួន​របស់​អ្នក​បាន​។ មនុស្ស​គ្រប់គ្នា​ត្រូវ​តែ​ចេះ​ដោះស្រាយ​នឹង​បញ្ហា​ពិបាក​, សម្ពាធ​ការងារ ។​ល​។ នៅ​កន្លែងធ្វើការ​។ មានរឿង​ច្រើនណាស់​ដែល​នាំអោយ​មានភាព​តានតឹង​ក្នុង​អារម្មណ៍​។ ស្ត្រេ​ស​អាចមាន​ឥទ្ធិពល​អវិជ្ជមាន​ដល់​សុខភាព និង​ផ្លូវចិត្ត​របស់​មនុស្ស តែ​ក៏​មាន​ផល​អាក្រក់​ដល់​សង្គម​គ្រួសារ​ផង​ដែរ​។ យក​ល្អ​គួរតែ​គ្រប់គ្រង​ស្ត្រេ​ស​នេះ​អោយបាន ដើម្បី​ទទួលបាន​តុល្យភាព​នៃ​ជីវិត​ការងារ​។​

សម្រាក​
មិន​ត្រូវ​ចេះ​តែ​បណ្តោយ​ខ្លួន​ធ្វើការ​ជាប់​រហូត​នោះ​ទេ​។ ការងារ​ដែល​ធ្វើ​មិនចេះ​សម្រាក​សោះ​នោះ នឹង​ធ្វើអោយ​មាន​ភាព​តានតឹង​ទាំង​រាងកាយ និង​ផ្លូវចិត្ត ហើយ​ផលិតផល​ក៏​ថយចុះ​ដែរ​។ ដូចគ្នានេះដែរ ចូរ​ចំនាយ​ពេលវេលា​វិស្សមកាល​អ្នក​អោយ​ឆ្ងាយ​ពី​ការងារ​ផង ពេល​នោះ​អ្នកនឹង​ទទួលបាន​ពេលវេលា​ល្អៗ​ក្នុង​ជីវិត​។​

រៀន​និយាយថា ទេ ខ្លះ​ទៅ​
វា​តែងតែ​មាន​ការងារ​ច្រើន​ធ្វើ​ជាប់​រហូត​បើសិន​ជា​អ្នក​ចេះ​តែ​ទទួល​យក​សំណើរ​ពី​គេ​។ មិន​ត្រូវ​ព្យាយាម​ធ្វើអោយ​នរណា​ម្នាក់​សប្បាយចិត្ត ហើយ​យក​ការងារ​មក​ធ្វើ​ខ្លួនឯង​ជ្រុល​ពេក​ឡើយ​។ ផ្ទុយទៅវិញ ការបញ្ជាក់​យ៉ាង​សុភាព និង​និយាយ​ថា​ហេតុអ្វី​អ្នក​មិន​ធ្វើ​ខ្លួនឯង​ទៅ ឬ​អោយ​អ្នកផ្សេង​ធ្វើ​ជំនួស​ទៅ គឺជា​រឿង​មួយ​ដែល​សាក​សម​បំផុត​ហើយ​។ រឿងនេះ​នឹង​ជួយ​អោយ​អ្នក​អាច​គ្រប់គ្រង​ការងារ និង​បន្ថយ​ស្ត្រេសបាន​យ៉ាង​ល្អ​។​

កំណត់​គោលដៅ​អោយបាន​ច្បាសលាស់​
ទោះបីជា​អ្នក​ចូលចិត្ត​អ្វី​ដែល​អ្នក​ធ្វើ​ក៏ដោយ ក៏​អ្នក​មិន​ត្រូវ​ធ្វើ​វា​ច្រើន​ហួសហេតុ​ដែរ​។ ចូរ​ចាំ​ថា មិន​ត្រូវ​ជម្រុញ​ខ្លួនឯង​អោយធ្វើ​អ្វីៗ​ហួស​ដែន​កំណត់​ឡើយ​។ ការ​កំណត់​គោលដៅ​មិន​ជាក់លាក់​គ្រាន់តែ​បង្កើន​ស្ត្រេ​ស និង​បន្ថយ​សមត្ថ​ផល​របស់​អ្នក​ប៉ុណ្ណោះ​។​

ធ្វើ​រឿង​មួយ​តែម្តង​បាន​ហើយ​
អ្នក​ប្រហែលជា​មាន​រឿង​ច្រើន​ដែល​ត្រូវ​ធ្វើ​ហើយ​។ ស្ថិតក្នុង​ស្ថានភាព​ប្រញាប់​បញ្ចប់រឿង​ទាំងអស់ ចូរ​មិនត្រូវ​ចាប់ផ្តើម​ធ្វើ​រឿង​ទាំងអស់​នោះ​ជាមួយ​គ្នា​ឡើយ ព្រោះ​វា​នឹង​ធ្វើអោយ​អ្នកស្ត្រេស​កាន់តែខ្លាំង​។ ផ្ទុយទៅវិញ ចូរ​ធ្វើ​រឿង​មួយ​ក្នុង​ពេល​តែ​ម្តង ហើយ​អ្នកនឹង​អាច​ទទួលបាន​ជោគជ័យ​កាន់តែច្រើន ដោយ​មិន​ធ្វើអោយ​ស្ត្រេ​ស​ដល់​ខ្លួនឯង​ទៀត​។​

ហាត់ប្រាណ​បែប​ធម្មតាៗ​
ទោះបីជា​នៅ​កន្លែង​ធ្វើការ​ក៏​ដោយ អ្នក​ក៏​អាច​ធ្វើ​ចលនា​ពត់​ខ្លួន​បន្តិចបន្តួច​ដើម្បី​បន្ធូរ​អារម្មណ៍​បានដែរ​។ ការដកដង្ហើម​ជ្រៅៗ​រយៈពេល​ពីរ​បី​នាទី​នឹង​ជួយ​អោយ​អារម្មណ៍​ធូរស្រាល ព្រមទាំង​ក្លាយខ្លួន​ជា​មនុស្ស​ម្នាក់​ថ្មី និង​កំចាត់​មេរោគ​ស្ត្រេ​សពី​ក្នុងខ្លួន និង​ចិត្តគំនិត​បាន​ទៀតផង​។​

រៀប​គម្រោង​ធ្វើ​សកម្មភាព​
នៅពេលដែល​មាន​រឿង​ជាច្រើន​ដែល​ត្រូវ​ធ្វើ ចូរ​រៀបចំ​កាលវិភាគ និង​សម្គាល់​ថា​មួយ​ណា​ត្រូវ​ធ្វើ​មុនគេ និង​មួយណា​ត្រូវ​ធ្វើ​បន្ត​បន្ទាប់​។ រឿងនេះ​នឹង​ផ្តល់​ជា​យោបល​អ្នក​នូវ​អ្វី​ដែល​នឹងត្រូវ​បញ្ចប់​បាន​។ ចូរ​បញ្ចប់​គោលដៅ​ដែល​សំខាន់​ក្នុង​ដៃ​អោយ​អស់​ដើម្បី​អោយមាន​អារម្មណ៍​កាន់តែ​មាន​ផាសុខភាព​, បន្ថយ​ស្ត្រេ​ស និង​ថប់​អារម្មណ៍​។​

ប្រគល់​សិទ្ធ​អោយ​គេ​ធ្វើ​ជំនួស​
ទោះបីជា​អ្នក​ជា​មនុស្ស​ជំនាញ​ឯកទេស​ក៏ដោយ ក៏​អ្នក​មិន​ដែល​ដឹង​រឿង​គ្រប់យ៉ាង​ដែរ​។ ដូច្នេះ​ចូរ​ផ្តល់​ការងារ​ខ្លះ​អោយ​អ្នកផ្សេង​ធ្វើ​ជំនួស​ខ្លះទៅ ព្រោះ​វា​នឹង​ជួយ​បន្ថយ​ធុរៈ​បាន ព្រមទាំង​ស្ត្រេសការ​ងារ​។ មិន​ត្រូវ​ខ្មាស់អៀន​ក្នុង​ការសុំ​គេ​អោយជួយ​ឡើយ​។ ការ​ដែល​មាន​ភាព​ខ្មាស់អៀន​ជាប់​រហូត​មានតែ​បង្កើន​ស្ត្រេ​សកាន់តែ​ខ្លាំង​លើ​វិស័យ​ការងារ​ទៅ​វិញ​ទេ​។​

កុំ​យក​ការងារ​មក​ធ្វើ​នៅផ្ទះ​
ចូរ​ចាំ​ថា ការងារ​ត្រូវ​ធ្វើ​នៅ​កន្លែងធ្វើការ ដូច្នេះ​វា​មិនមែន​ជា​អ្វី​ដែល​អ្នក​ត្រូវ​ប្តូរជីវិត​ទាំងមូល​ធ្វើ​វា​ជាប់​រហូត​នោះទេ​។ មិន​ត្រូវ​ព្យាយាម​ធ្វើ​ការងារ​អ្វី​ដែល​ទាក់ទង​នឹង​បញ្ហា​នៅ​ផ្ទះ​ឡើយ​។ ផ្ទុយទៅវិញ បើ​អ្នក​យក​វា​មក​ធ្វើ​នៅ​ផ្ទះ​ទៀត វា​នឹង​បង្កើតបាន​ជា​សម្ពាធ​ក្នុង​គ្រួសារ ហើយ​មនុស្ស​គ្រប់គ្នា​ក្នុង​ផ្ទះ​ក៏​ត្រូវ​ស្ត្រេ​ស​ដោយ​សារ​អ្នកដែរ​។​

ស្រឡាញ់​ការងារ ឬ​ចង់​ផ្លាស់ប្តូរ​វា​
ចូរ​មិនត្រូវ​បង្ហិន​ពេលវេលា​ចោល​ទទេ​ក្នុងការ​ធ្វើ​អ្វីមួយ​ដែល​អ្នក​មិន​ចូល​ចិត្ត​ឡើយ​។ ទោះបីជា​អ្នក​មិន​មាន​ការងារ​ច្រើន​ធ្វើ​ក៏​ដោយ ក៏​ការងារ​ដែល​អ្នក​មិន​ចូល​ចិត្ត​នៅតែ​ធ្វើអោយ​អ្នកស្ត្រេស​ជា​ប់ដ​ដែល​។ បើសិន​ជា​ស្ត្រេ​ស​នោះ​កើតឡើង​ដោយសារ​ការងារ​ដែល​អ្នក​មិន​ចូល​ចិត្ត ចូរ​ផ្លាស់ប្តូរ​វា​ចេញ​ទៅ​ចប់​ហើយ​៕

ប្រភព៖ Health


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម