ជួបប្រទះវិបត្តិ ឬក៏បញ្ហាផ្លូវចិត្ត? បណ្តាញទូរស័ព្ទ ជំនួយកុមារ កម្ពុជា ពិតជាអាច ជួយអ្នកបាន
ភ្នំពេញ៖ បណ្តាញទូរស័ព្ទ មួយខ្សែដែលមាន អត្ថប្រយោជន៍យ៉ាងច្រើន សម្រាប់កុមារ ក៏ដូចជា យុវវ័យក្នុង ព្រះរាជាណាចក្រ កម្ពុជា របស់យើង ហើយក៏ប្រហែល ជាមានប្រិយមិត្ត មួយចំនួន បានស្គាល់និងដឹង ខ្លះហើយដែរ នោះគឺជា បណ្តាញទូរស័ព្ទ ជំនួយកុមារកម្ពុជា ដែលជាបណ្តាញ ទូរស័ព្ទមួយ ដើរតួយ៉ាងសំខាន់ ក្នុងការប្រឹក្សា និងផ្តល់ជាគំនិតល្អៗ ទៅដល់កុមារ ជាពិសេស អ្នកដែលកំពុង មានបញ្ហាផ្លូវចិត្ត ឬក៏កំពុងជួប វិបត្តិដ៏ធ្ងន់ធ្ងរ អ្វីម្យ៉ាង។
ជួបជាមួយនឹង លោក ស៊ាន សុខផៃ វ័យជាង៣០ឆ្នាំ ដែលជានាយកប្រតិបត្តិ នៃបណ្តាញមួយនេះ បានបញ្ជាក់ប្រាប់ ខ្មែរឡូត ឲ្យដឹងថា បណ្តាញទូរស័ព្ទ ជំនួយកុមារកម្ពុជា ត្រូវបានផ្តួចផ្តើមឡើង ដោយការរួបរួម រវាងអង្គការជាតិ និងអន្តរជាតិ ព្រមទាំងទីភ្នាក់ងារ អង្គការសហប្រជាជាតិ ដែលសរុបមាន ចំនួន១១អង្គការ ដើម្បីបង្កើតបណ្តាញ នេះឡើងក្នុងអំឡុង ឆ្នាំ២០០៧ លើសពីនេះទៀត វាក៏ត្រូវបាន ទទួលស្គាល់ដោយ រដ្ឋាភិបាលនៃ ព្រះរាជាណាចក្រ កម្ពុជា ផងដែរ។ សព្វថ្ងៃនេះ ក្រុមការងារ របស់បណ្តាញមួយនេះ ពង្រីកឡើងជាលំដាប់ ហើយបុគ្គលិកដែល មានភារកិច្ច ក្នុងការលើកទូរស័ព្ទ ដើម្បីធ្វើការពិគ្រោះ និងផ្តល់កម្លាំងចិត្ត ទៅដល់យុវវ័យ ឬកុមារ ដែលមានបញ្ហា នោះសុទ្ធតែជា អ្នកដែលមាន ចំណេះវិជ្ជា និងបទពិសោធន៍ ព្រមទាំងបាន ឆ្លងកាត់ការ បណ្តុះបណ្តាល ជាច្រើនមកហើយ ផងដែរ។
លោកបានបន្ថែមទៀតថា “នៅពេលចាប់ផ្តើម ដំបូងពោលគឺ ចាប់ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១០ បណ្តាញរបស់ពួកយើង គឺស្ថិតនៅក្នុង ការស្ទាបស្ទង់នៅឡើយ តែក្រោយមក ពួកយើងក៏ចាប់ ផ្តើមប្រតិបត្តិការ ពេញសិទ្ធិដោយ មានបំណងផ្តោតលើ ការផ្តល់ជំនួយតាម រយៈការលើកទឹកចិត្ត និងផ្តល់ការប្រឹក្សា ព្រមទាំងជម្រើស សម្រាប់ឲ្យកុមារ ឬក៏យុវវ័យ ដែលកំពុង ជួបប្រទះ វិបត្តិអ្វីមួយ ដែលប៉ះពាល់ផ្លូវអារម្មណ៍ របស់ពួកគេនោះ ធ្វើការសម្រេច ដើម្បីអាចឲ្យ មានភាពល្អប្រសើរ ទៅលើផ្លូវចិត្ត និងអនាគត របស់ពួកគេ”។
បណ្តាញទូរស័ព្ទ ជំនួយកុមារកម្ពុជា មានគោលដៅក្នុងការ ដោះស្រាយរាល់គំលាត នៃបញ្ហា ជាក់ស្តែងដែល កើតមានឡើង សម្រាប់កុមារ និងយុវវ័យក្នុង សង្គមរបស់យើង រាល់ថ្ងៃ។ ថ្វីបើក្នុង ប្រទេសយើង មានអង្គការច្រើន ផ្សេងទៀតដែល មានគោលដៅ ជួយដល់កុមារ ដូចជាការ ប្រឆាំងការជួញដូរកុមារ, ប្រឆាំងអំពើហឹង្សា លើកុមារ ច្រើនយ៉ាងណាក៏ដោយ តែគោលដៅ របស់ពួកគេ គឺមានការ កំណត់ច្បាស់ និងផ្តោតសំខាន់ តែមួយប៉ុណ្ណោះ ដោយឡែកសម្រាប់ បណ្តាញនេះ គឺអាចជួយលើកទឹកចិត្ត និងផ្តល់ការពិភាក្សា ក៏ដូចជាជម្រើសល្អផ្សេងៗ ដើម្បីអាចឲ្យ ពួកគេធ្វើការ ជ្រើសរើសដោយត្រឹមត្រូវ ទាក់ទងទៅនឹង រាល់ចម្ងល់ និងបញ្ហាដែល ពួកគេមាន មិនថាតូច ឬធំនោះឡើយ ឧទាហរណ៍ដូចជា បញ្ហាទំនាក់ទំនង រវាងយុវវ័យដែល មានភេទផ្ទុយគ្នា ឬបញ្ហានៅក្នុងគ្រួសារ ជាដើម។
ហៅទូរស័ព្ទទៅកាន់ លេខ១២៨០ ដោយឥតគិតថ្លៃ ប្រសិនបើអ្នក ជួបប្រទះវិបត្តិ ឬក៏មានបញ្ហា អ្វីមួយ
លោក ស៊ាន សុខផៃ បានបញ្ជាក់បន្ថែមថា “មកទល់ពេលនេះ ក្នុងមួយថ្ងៃៗ មានអ្នកខលចូល មកកាន់បណ្តាញ របស់យើងច្រើន គឺចាប់ពី ២៦០ ទៅដល់៤០០នាក់ ដែលភាគច្រើន ពួកគេមាន វ័យចាប់ពី ១៣ដល់ ១៧ឆ្នាំ ហើយមានបញ្ហា ក្នុងចិត្តដែល មិនអាចនឹង ប្រាប់នរណាផ្សេងបាន ដូច្នេះពួកគេក៏ ខលចូលមក ដើម្បីចង់ស្វែងរក ការជួយលើកទឹកចិត្ត និងការជួយផ្តល់នូវ ជម្រើសដំណោះស្រាយល្អៗ សម្រាប់បញ្ចប់ រាល់បញ្ហាដែល កើតមានទាំងនោះ”។
ជាចុងក្រោយ លោកក៏បានបន្ថែមថា “ខ្ញុំសូមអរគុណ ទៅដល់រដ្ឋាភិបាល កម្ពុជា ដែលបានផ្តល់ នូវការគាំទ្រ យ៉ាងពេញលេញ សម្រាប់បណ្តាញ របស់យើងមួយនេះ ដើម្បីចូលរួមចំណែក មួយក្នុងការ ជួយទៅដល់សង្គម។ លើសពីនេះទៀត សម្រាប់កុមារ ឬក៏យុវវ័យ ទាំងឡាយណា ដែលកំពុងមានវិបត្តិ ឬក៏បញ្ហាផ្លូវចិត្ត និងចម្ងល់អ្វីក៏ដោយ ដែលចង់ទទួលបាន ការពិភាក្សា ឬក៏ ការផ្តល់កម្លាំងចិត្តនោះ ពួកគាត់អាចខលមកកាន់ លេខទូរស័ព្ទ ១២៨០ បានគ្រប់ពេលវេលា ដោយមិនគិតថ្លៃឡើយ”។
ទាំងនេះគឺជា ការណែនាំនូវ បណ្តាញទូរស័ព្ទមួយខ្សែ ដល់បានផ្តល់នូវ អត្ថប្រយោជន៍ ជាច្រើនដល់ សង្គមរបស់យើង ជាពិសេសគឺ សម្រាប់កុមារ និងយុវវ័យ ផ្ទាល់តែម្តង ដើម្បីអាចឲ្យ ពួកគេទទួលបាន ការផ្តល់កម្លាំងចិត្ត និងការប្រឹក្សា ព្រមទាំងជម្រើស ល្អៗក្នុងការសម្រេចចិត្ត និងដើម្បីជៀសផុតនូវ ការសម្រេចចិត្ត ដើរផ្លូវខុស ឬក៏គិតខ្លី ធ្វើអត្តឃាត សម្លាប់ខ្លួន ជាដើម៕
បណ្តាញទូរស័ព្ទ ជំនួយកុមារកម្ពុជា ផ្តល់ការប្រឹក្សា និងជម្រើស ដំណោះស្រាយល្អៗ សម្រាប់យុវវ័យ និងកុមារ
ដោយ៖ សុជាតិ
ខ្មែរឡូត
មើលគួរយល់ដឹងផ្សេងៗទៀត
- តើពេលណាខ្លះដែល អ្នកមិនគួរប្រើអីុមែល?
- ចំនុចទាំង២១យ៉ាងនេះ អាចធ្វើអោយអ្នកក្លាយជា មនុស្សជោគជ័យម្នាក់បាន
- កន្លែងដែលអ្នករស់នៅគឺសំខាន់
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!