របៀបរៀបចំមង្គលការចំណាយលុយតិចមិនគួរឲ្យជឿ!
របៀបរៀបចំមង្គលការចំណាយលុយតិចមិនគួរឲ្យជឿ!
ពិធីមង្គលការបានក្លាយជារនាំងសម្រាប់គូស្នេហ៍វ័យក្មេងមួយចំនួន ដោយសារវាទាមទារឲ្យពួកគេត្រូវមានថវិកាសមរម្យ ដើម្បីរៀបចំពិធីនេះឡើង។ បើគ្រួសារខាងស្រីចិត្តទូលាយ ដោយជួយចេញថ្លៃបណ្ដាការពាក់កណ្ដាល នោះមិនអីទេ ប៉ុន្តែបើខាងស្រីតម្រូវឲ្យខាងប្រុសចេញទាំងអស់វិញ ខាងប្រុសច្បាស់ជាធ្ងន់កមិនខាន។
ប៉ុន្តែកន្លងមក មានគួស្នេហ៍ខ្លះមិនត្រឹមតែរៀបចំមង្គលការមួយដោយជោគជ័យប៉ុណ្ណោះទេ ថែមទាំងអាចធ្វើពិធីកាត់ចំណងដៃមួយរោងចប់រួចរាល់ជាស្ថាពរ ដោយគ្មានជំពាក់នរណាមួយរៀលទៀតផង។
ជាក់ស្ដែងប្រធានក្រុមផលិតភាពយន្ត “កុនខ្មែរកូនខ្មែរ“ លោក ស៊ុំ ស៊ីថែន ដែលធ្លាប់យកលុយត្រឹមតែ១៨០០$ ទៅរៀបចំមង្គលការរបស់ខ្លួនបានដោយជោគជ័យកាលពីឆ្នាំ២០១២ ឲ្យដឹងថា ដើម្បីអាចរៀបចំពិធីអាពាហ៍ពិពាហ៍ដោយចំណាយតិចអីចឹងបាន គឺទាមទាឲ្យលោក និងអ្នកដែលពាក់ព័ន្ធពិភាក្សាគ្នាគ្រប់ជ្រុងជ្រោយ។
លោកមានវិធីសាស្ត្រដូចខាងក្រោម៖
@ ដំបូងលោកបានស្រុះស្រួលគ្នាសិនជាមួយសាមីខ្លួនខាងស្រី និងចាស់ទុំទាំងសងខាង ទាក់ទងនឹងការយកលុយថ្លៃទឹកដោះទៅចាត់ចែងសម្រាប់មង្គលការ។
@ បន្ទាប់មក លោកបានជ្រើសជួលសំអាងការសម្រាប់ទាំងពិធីភ្ជាប់ពាក្យ និងពិធីមង្គលការ ដូច្នេះលោកទទួលបានការបញ្ចុះតម្លៃ ដោយគិតត្រឹមតម្លៃឈ្នួលពេលរៀបការប៉ុណ្ណោះ គឺអស់៧០០$ តែលោកកក់សំអាងការតែ២០០$សិន។ ចំណែកជាងថត លោកកក់ត្រឹម២០០$ដែរ លើកលែងអាចារ្យ គឺត្រូវបង់លុយគ្រប់ចំនួន គឺ២០០$។
@ សម្រាប់ចិញ្ចៀនភ្ជាប់ពាក្យវិញ លោករើសយកមួយណាដែលសមរម្យ តម្លៃត្រឹម៥០០$ ព្រោះលោកគិតថា គ្រាន់តែសម្រាប់បង្គ្រប់កិច្ចប៉ុណ្ណោះ។
@ ពេលវាយធៀបការរួច លោកជ្រើសអញ្ជើញតែភ្ញៀវសំខាន់ និងជិតស្និទ្ធនឹងលោក ហើយជឿជាក់ថា គេនឹងមកចូលរួមក្នុងមង្គលការរបស់លោកបាន តែលោកជ្រើសហៅចំនួនភ្ញៀវឲ្យច្រើនជាងចំនួនតុ។ លុយបោះធៀបការ លោកកក់គេតែ២០០$សិន។
@ ចំពោះម្ហូបទទួលភ្ញៀវ លោកជ្រើសយកធន់កណ្ដាល មួយតុតម្លៃ១០០$។ ក្នុងមង្គលការរបស់លោក លោកធ្វើចំនួន ៨០ តុ។ លោកក៏មិនឲ្យលុយទៅម្ចាស់ហាងទទួលធ្វើម្ហូបការមុនទាំងអស់នោះទេ ដោយលោកជ្រើសកក់គេខ្លះសិន គឺតែ៣០០$។ ចំណែកភេសជ្ជៈវិញ លោកក៏មិនឲ្យលុយគេមុនដែរ។ លោករង់ចាំទាល់តែពិធីមង្គលការនោះចប់សិន ទើបយកទាំងលុយ និងគ្រឿងភេសជ្ជៈដែលសេសសល់មកទូទាត់។
@ សម្រាប់ផ្ទះរៀបចំមង្គលការវិញ លោកថា គួរធ្វើនៅផ្ទះខ្លួនឯងតែម្ដង។ ប្រសិនបើផ្ទះខ្លួនមិនសូវសមរម្យ លោកថា គេក៏មិនចាំបាច់ទៅជួលហាងនាំតែអស់លុយដែរ គឺអាចទៅសុំការនៅផ្ទះពូ ឬផ្ទះសាច់ញាតិបាន។
@ ក្រោយពិធីមង្គលការត្រូវបានបញ្ចប់ លោកអាចយកលុយចំណងដៃ ទៅទូទាត់សងថ្លៃម្ហូប ភេសជ្ជៈ ក៏ដូចជាសំអាងការ។
ប៉ុន្តែទន្ទឹមនឹងនោះ លោក ស៊ីថែន ឲ្យដឹងថា គេគួរប្រើរយៈពេលយូរខែ មិនមែនធ្វើដោយតក់ក្រហល់នោះទេ ក្នុងការរៀបចំគម្រោងមង្គលការមួយ។ កម្មវិធីមួយចំនួនដែលមិនចាំបាច់ក្នុងមង្គលការនោះ លោកថា គេគួរតែកាត់ចោលតែម្ដង ព្រោះការចំណាយកាន់តែតិច គឺរឹតតែល្អសម្រាប់គូស្នេហ៍មិនសូវសម្បូរទ្រព្យធន។ លោកថា សូម្បីតែពិធីបំពាក់ចិញ្ចៀន ក៏គេអាចធ្វើសរុបក្នុងពិធីមង្គលការបានដែរ ដូច្នេះគេអាចសន្សំសំចៃបានពិធីភ្ជាប់ពាក្យមួយបានទៅហើយ។
កម្មវិធីកាត់នំ ដែលអាចកាត់ចោលបានសម្រាប់គូស្នេហ៍មិនសូវមានលុយ
អ្នករស់នៅក្រុងកំពង់សោម អ្នកនាង លី សក្ខណា អាយុ២៧ឆ្នាំ ដែលឧស្សាហ៍ចូលរួមក្នុងពិធីមង្គលការ បានមើលឃើញពីការចំណាយខ្ជះខ្ជាយខ្លះៗដូចជា ជួលសំអាងការថ្លៃៗ កម្មវិធីកាត់នំដែលមិនចាំបាច់ ឬការចំណាយច្រើនទៅលើស្រាបៀហួសហេតុពេក។
អ្នកនាង លី សក្ខណា បញ្ជាក់បន្ថែមថា៖ “មង្គលការខ្លះ យកសំអាងការសុទ្ធតែរាប់ពាន់ដុល្លារ។ យើងហៅតែតម្លៃល្មមៗទៅ ក៏ស្អាតដូចតែគ្នាហ្នឹង។ អ្នកខ្លះមានរៀបចំកាត់នំតាមបែបស្ទិលបរទេស តែខ្ញុំគិតថា វាអត់ប្រយោជន៍ទៅវិញ ព្រោះនំ Cake ថ្លៃៗណាស់ ខាតលុយទទេ។ មួយទៀត គឺដាក់ស្រាបៀទទួលភ្ញៀវច្រើនពេក។ ពួកប្រុសៗប៉ិនផឹកណាស់ ដាក់ច្រើនពេក ខាតតែម្ចាស់ដើមការហ្នឹង”។
ម្ចាស់ហាងទទួលធ្វើម្ហូបការយីហោ អឹង គឹមឡេង នៅម្ដុំច្បារអំពៅ លោក អឹង គឹមឡេង បានប្រាប់ថា ដើម្បីចំណាយតិចទៅលើម្ហូបទទួលភ្ញៀវ អ្នកទទួលធ្វើម្ហូបការតែងមានជម្រើសពីរ ឬបីឲ្យម្ចាស់ដើមការសម្រាប់ជ្រើសរើសដែរ។
លោក អឹង គឹមឡេង រៀបរាប់ថា៖ “ម្ហូបការឥលូវរៀងថ្លៃបន្តិច ព្រោះស្អីៗឡើងថ្លៃច្រើន។ នៅកន្លែងខ្ញុំ ម្ហូបមួយតុមានតម្លៃចាប់ពី១០០$ឡើងទៅ។ ១១០$ ជាតម្លៃដែលគេនិយមជួលជាងគេ មានម្ហូប៨មុខ និងបង្អែម ព្រមទាំងបន្ថែមអាហារថ្ងៃត្រង់ផងដែរ។ ប៉ុន្តែក៏មានតុតម្លៃ៨០$ដែរ តែម្ហូបតែ៦មុខប៉ុណ្ណោះ”៕
យ៉ាងម៉េចដែរ គម្រោងរៀបការនេះអាចទៅរួចទេ?
ប្រភព Sabay
មើលគួរយល់ដឹងផ្សេងៗទៀត
- បុរសគ្មានកូន ងាយឆាប់ស្លាប់
- ក្លាយជាសេដ្ឋី ក្នុងរយៈពេល ១០០០ថ្ងៃ ក្រោយពី បរាជ័យមួយចំនួន
- តើបាញ់ទឹកអប់ ដូចម្តេចឲ្យបានត្រឹមត្រូវ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!