៤ចំណុច​​ចាក់​សោ​មិត្ត​​​ប្រុស​​មិន​​ឲ្យ​ដោះ​ដៃ​

 
 


​អូន​ស្មោះ​បង​ស្ម័គ្រ មនុស្ស​ពីរ​នាក់​ស្រលាញ់​គ្នា​ប្រាកដ​ជា​ចង់​រស់​ជាមួយ​គ្នា​ បាន​គ្នា​ជា​គូ​អនាគត​មិន​ខាន​ តែ​ស្នេហា​យុវវ័យ​មិន​មែន​ងាយ​ស្រួល​ ដូច​ការ​គិត​បែប​នេះ​ទេ។ ប្រុស​​ដោះ​ដៃ​ ឯ​ស្រី​បែក​ចិត្ត​ ហឺ! គិត​ទៅ​​ពេល​ដែល​មាន​ស្នេហា​​ខ្លាច​បំផុត​ អា​រឿង​ក្បត់​ចិត្ត​ហ្នឹង​ឯង ជា​ពិសេស​ស្រីៗ​​តែ​ម្ដង ​ដែល​ត្រូវ​តែ​ប្រយ័ត្ន​ប្រយ៉ែង​ខ្លាំង​បំផុត​​ ​ដូច​​​គេ​ថា​ “ការពារ​ប្រសើរ​ជាង​ព្យាបាល”។

បើ​អញ្ចឹង​តើ​នារីៗ​​គួរ​​តែ​មាន​តិចនិក​អ្វី​ខ្លះ​ទៅ ដើម្បី​ចង​​ចិត្ត​សង្សារ​​របស់​ខ្លួន​មិន​ឲ្យ​ដោះ​ដៃ​បាន​នោះ។ ចុះ​យុវតី​ខាង​ក្រោម​បាន​ប្រាប់​ពី​គន្លឹះ​អ្វី​ខ្លះ​ទាក់​ទង​នឹង​បញ្ហា​នេះ៖​​​​

១.​ដាច់​ខាត​មិន​ត្រូវ​ឲ្យ​អង្ករ​ក្លាយ​ជា​បាយ​ទេ

កញ្ញា សម្ផស្ស អាយុ​២៤ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៤ នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា បាន​បង្ហើប​ឲ្យ​ដឹង​ថា ចិត្ត​មនុស្ស​ពិបាក​វាស់​ស្ទង់​ខ្លាំង​​ណាស់ ស្នេហា​ក៏​ដូច​នេះ​ដែរ​ ទោះ​ជា​ស្រលាញ់​គ្នា​ប៉ុណ្ណា​ក៏​ដោយ​ តែ​បើ​សិន​​ត្រឹម​​សង្សារ​ជាមួយ​គ្នា​ទេ មិន​ត្រូវ​បណ្ដោយ​​ឲ្យ​ជ្រុល​ជ្រួស​ខ្លួន​ប្រាណ​ឡើយ។ ប្រុសៗ​ខ្លះ​ចិត្ត​ដូច​កន្លង់​​អញ្ចឹង ប្រយ័ត្ន​​ប៉ះ​ចំ​ប្រុស​ព្រាន ខ្លាច​បាន​ប្រាណ​ហើយ​បោល​ប្រូច​បាត់​ទៅ។ ហើយ​បើ​សិន​ជា​សង្សារ​របស់​អ្នក​ស្រលាញ់​អ្នក​មែន​ គាត់​នឹង​មិន​​បំពាន​លើ​រូប​រាង​កាយ​របស់​អ្នក​ទេ។

២. បើ​អាច​ភ្ជាប់​ពាក្យ​បាន​គួរ​តែ​គិត​គូ​រ​ឲ្យ​ហើយ​ក៏​ល្អ​ដែរ

​ទោះ​ជា​ស្ថិត​ក្នុង​​ដំណាក់​កាល​ត្រឹម​តែ​ជា​សង្សារ​ ហើយ​យល់​ចិត្ត​គ្នា​ជ្រាល​ជ្រៅ​យ៉ាង​ណា​​ក៏​ដោយ​ តែ​បើ​សិន​ជា​សង្សារ​របស់​អ្នក​យល់​ព្រម​ គួរ​តែ​និយាយ​រឿង​ភ្ជាប់​ពាក្យ​​ជាមួយ​គាត់​ឲ្យ​ហើយ​ក៏​ល្អ​ម្យ៉ាង​ដែរ។ កញ្ញា ហ៊ុល ស្រីណា អាយុ​២៣ឆ្នាំ ជា​បុគ្គលិក​នៃ​ក្រុម​ហ៊ុន​ទេសចរណ៍​មួយ​បាន​និយាយ​ថា៖ “បើ​សិន​​ជា​ស្រលាញ់​គ្នា​យូរ​​គួរ​សម ហើយ​មើល​ចិត្ត​គ្នា​ទៅ​ល្មម​ថា​អាច​រស់​នៅ​ជាមួយ​គ្នា​បាន​ ខ្ញុំ​ថា​គួរ​តែ​ពិភាក្សា​គ្នា​រឿង​ភ្ជាប់​ពាក្យ​ ឬ​រៀប​ការ​ឲ្យ​ហើយ​ទៅ។ ធ្វើ​ដូច​នេះ​យើង​នឹង​អាច​ដឹង​ច្បាស់​ថា​ តើ​សង្សារ​របស់​អ្នក​ស្រលាញ់​អ្នក​ស្មោះ​ ឬ​ក៏​អត់”។

រូប​តំណាង


៣. គួរ​ណែនាំ​គាត់​​ឲ្យ​ស្គាល់​គ្រួសារ​របស់​អ្នក​ឲ្យ​ហើយ

ដោយ​ឡែក​កញ្ញា យ៉ាយ៉ា អាយុ​២៥ឆ្នាំ អតីត​និស្សិត​ជំនាញ​ធនាគារ និង​ហិរញ្ញវត្ថុ​​នៃ​​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ បាន​លើក​ឡើង​ជុំ​វិញ​បញ្ហា​នេះ​ថា ​គួរ​តែ​ណែនាំ​សង្សារ​ឲ្យ​បាន​ស្គាល់​ សមាជិក​គ្រួសារ មិត្តភ័ក្តិ និង​អ្នក​​ធ្វើ​ការ​​ងារ​ជាមួយ​​គ្នា។​ ធ្វើ​ដូច​នេះ​​អ្នក​ទាំង​ពីរ​អាច​នឹង​មាន​ទំនុក​ចិត្ត​ខ្លាំង​ជាង​មុន។ ហើយ​ប្រសិន​បើ​អាច​ គួរ​តែ​ទៅ​លេង​សាច់​ញាតិ​ខាង​គាត់​ផង​កាន់​តែ​ល្អ ព្រោះ​​បើ​សិន​ជា​បាន​ចាស់ៗ​ទាំង​សងខាង​ដឹង​ឮ​ នោះ​អ្នក​នឹង​មិន​សូវ​ព្រួយ​បារម្ភ​នោះ​ទេ។

៤. ត្រូវ​ចេះ​ថែ​រក្សា​ខ្លួន​កុំ​ឲ្យ​បាក់​សម្រស់

មែន​ទែន​ទៅ​ សម្រស់​របស់​នារីៗ​​ពិត​ជា​សំខាន់​ខ្លាំង​ណាស់ លៃ​យ៉ាង​ណា​នៅ​ក្នុង​ដំណាក់​កាល​ជា​សង្សារ​នឹង​គ្នា​ មិន​ត្រូវ​បណ្ដោយ​ឲ្យ​​រូប​សម្ផស្ស​ធ្លាក់​ចុះ​ជា​ដាច់​ខាត។ និយាយ​ដល់​បញ្ហា​សម្រស់​នេះ​ កញ្ញា ពៅ មុន្នីរចនា អាយុ​២២ឆ្នាំ និស្សិត​ឆ្នាំ​ទី​៣នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង ​និយាយ​ថា បុរស​ណា​ក៏​ប្រាថ្នា​ចង់​បាន​សង្សារ​ដែល​មាន​​សម្រស់​ស្រស់​ស្អាត​ដែរ អញ្ចឹង​បើ​ចង់​ចង​ចិត្ត​សង្សារ​របស់​ខ្លួន​ ត្រូវ​ចេះ​ update រូប​សម្រស់​របស់​ខ្លួន​ជានិច្ច។ បើ​សិន​ជា​ធ្វើ​៤​ចំណុច​ខាង​លើ​បាន​មែន​ ស្នេហា​របស់​អ្នក​ច្បាស់​ជា​មិន​សូវ​ប្រឈម​នឹង​ហានិភ័យ​​ប៉ុន្មាន​នោះ​ទេ មើល​ទៅ!

ចុះ​ប្រិយមិត្ត​វិញ​យល់​យ៉ាង​ណា​ដែរ?
ប្រភពសប្បាយ

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម