អាហារ​ដែល​ល្អ សម្រាប់​សុខភាព​សក់​

 
 

 171

​តើ​ស្ត្រី​គ្រប់រូប មាន​ដឹង​ទេ​ថា របប​អាហារ​ដែល​អ្នក​ទទួល​ទាន​រាល់ថ្ងៃ មាន​ឥទ្ធិពល​ទៅលើ​ការលូតលាស់​របស់​សក់​? តើ​ហេតុអ្វី​ទៅ​? នេះ​ដោយសារ​តែ ជីវជាតិ​គ្រប់គ្រាន់ គឺជា​គន្លឹះ​ដ៏​សំខាន់ ដើម្បី​អាច​ទទួលបាន​ការបំពេញ​មុខងារ ក្នុង​រាងកាយ​បាន​យ៉ាង​ល្អ​។ អ្វី​ដែល​ពិសេស​នោះ​គឺថា សក់​របស់​អ្នក ត្រូវការ​ជីវជាតិ​ជាច្រើន ដើម្បី​អាច​ចៀសផុត​ពី​ការ​ខូច និង​លូតលាស់​បាន​វែង ព្រមទាំង​រឹងមាំ​ថែមទៀត​ផង​។ សំណាង​ដែរ អ្នក​ស្រាវជ្រាវ​ជាច្រើន បាន​ធ្វើ​ការតាមដាន នូវ​ជីវជាតិ​ទាំងអស់នេះ ហើយ​ក៏​រកឃើញ​អាហារ​មួយចំនួន ដែល​ផ្ទុក​ទៅដោយ ជីវជាតិ​សំខាន់ៗ​ទាំង​នេះ​ដែរ​។
​ត្រី​សាល​ម៉ុន​
​ត្រី​សាល​ម៉ុន គឺជា​អាហារ​មួយ​ប្រភេទ ដែល​ផ្ទុក​ទៅ​ដោយ​ខ្លាញ់​អាស៊ីត​អូ​មេហ្គាបី​ច្រើន ហើយ​វា​ក៏​ជា​អ្នក​ជួយ​ទ្រទ្រង់ ទាំង​សុខភាព​ស្បែកក្បាល និង​សរសៃសក់ ឱ្យ​លូតលាស់​កាន់តែច្រើន និង​បន្ថយ​ការខូចខាត​។
​ស៊ុត​
​ជីវជាតិ​ជាច្រើន ដែល​មាន​ក្នុង​ស៊ុត អាច​ជួយ​បង្កើន​សុខភាព​សក់ បាន​ពីរ​របៀប​នោះ​គឺ ការ​លាប និង​ទទួលទាន​។ ប្រូតេអ៊ីន គឺជា​ហេតុផល​ដ៏​ធំ​បំផុត​របស់​ស៊ុត ក្នុង​ការជួយ​ទៅ​ចិញ្ចឹម​សក់ និង​ពង្រឹង​ដល់​ភាពរឹងមាំ​របស់​សក់​តែម្តង​។ ស៊ុត និង​ប្រេង​អូ​លីវ ដែល​ប្រើ​សម្រាប់​ធ្វើ​ជា​ក្រែ​មអប់​សក់ គឺជា​វិធី​ដ៏​ល្អ​មួយ ដើម្បី​ទទួលបាន​សក់​ដ៏​រឹងមាំ​។
​សាច់គោ​
​ទ្រឹស្តី​មួយ ដែល​ទាក់ទង​នឹង​ការ​ជ្រុះ​សក់ គឺថា ភាគច្រើន​បណ្តាល​មកពី កង្វះ​ជាតិ​ដែក និង​ប្រូតេអ៊ីន​។ សាច់​ក្រហម គឺជា​អាហារ​ដ៏​ល្អ​មួយ សម្រាប់​ផ្តល់​នូវ​ជីវជាតិ​អស់ទាំង​នេះ ហើយ​សក់ ក៏​ពេញចិត្ត​នឹង​ទទួលយក​វា​ដែរ​។ វា​ត្រូវ​បាន​គេ​សម្គាល់​ឃើញថា សាច់គោ នឹង​ជួយ​ថែរក្សា​លំហូរ​ឈាម ទៅ​ស្បែកក្បាល ទប់ស្កាត់​ការ​ជ្រុះ​សក់ និង​បង្កើន​ការលូតលាស់​របស់​សក់​។
​ការ៉ុត​
​វីតាមីន A ដ៏​ច្រើន​របស់​ការ៉ុត បាន​ធ្វើឱ្យ​វា​ក្លាយទៅជា មិត្ត​ដ៏​ល្អ​មិន​អាច​ខ្វះ​បាន របស់​សរសៃសក់​អ្នក​។ វីតាមីន​មួយ​នេះ នឹង​ជួយ​ជាតិ​ប្រេង​ក្នុង​ស្បែកក្បាល មួយ​ប្រភេទ​ឈ្មោះថា Sebum សម្រាប់​រក្សា​សំណើម និង​ការពារ​ពី​ការខូចខាត​ទៀតផង​។ ដើម្បី​ទទួលបាន​ឥទ្ធិពល​ដល់​កំពូល ការ៉ុត គួរតែ​ញ៉ាំ​ឱ្យបាន​យ៉ាងហោច​ណាស់ ម្តង​ដែរ​ក្នុង​មួយ​សប្តាហ៍​។ អ្នក​អាច​ញ៉ាំ​ការ៉ុត​ទាំង​ឆៅ និង​ឆ្អិន​បាន​ដូចគ្នា​។
​គ្រាប់​ផ្កាឈូករ័ត្ន​
​នេះ​គឺជា​អាហារ​មួយ ក្នុងចំណោម​អាហារ​ដ៏​ល្អ​បំផុត សម្រាប់​ជួយ​បង្កើន​សុខភាព​សក់​។ ជីវជាតិ​ជាច្រើន​ដូចជា ម៉ាញ៉េ​ស្យូម ប្រូតេអ៊ីន ស័ង្គសី វីតាមីន E សេ​ឡេ​ញ៉ូម ជាតិ​ដែក ប៉ូ​តា​ស្យូម ទង់​ដែង ប៉ាយ​អូ​ទីន វីតាមីន B និង​កាល់ស្យូម សុទ្ធតែ​មាន​ក្នុង​គ្រាប់​ផ្កាឈូករ័ត្ន​ទាំងអស់​។ អ្វី​ដែល​ជា​ដំណឹង​ល្អ​នោះ​គឺថា គ្រាប់​ផ្កាឈូករ័ត្ន គឺជា​អាហារសម្រន់ ដ៏​មាន​ឱ​ជាតិរស និង​ផ្តល់​សុខភាព​ទៀត​។
​ដំឡូងឈ្វា​
​សារធាតុ Beta-carotene ដែល​មាន​ក្នុង​ដំឡូងឈ្វា នឹង​ជួយ​ដល់​កោសិកា សម្រាប់​ពន្លូត​សក់ ឱ្យមាន​សុខភាព​ល្អ​បាន​។ អង់​ទី​អុក​ស៊ីដង់ និង​វីតាមីន A ក្នុង​ដំឡូងឈ្វា ក៏​ដើរតួ​ជា​ភ្នាកងារ ដ៏​មាន​ប្រយោជន៍​ដល់​សុខភាព​សក់​ដែរ​។ នេះ​ដោយសារ​តែ​វា ទៅ​ទប់ស្កាត់​ការ​ពុកផុយ របស់​សរសៃសក់ និង​ផ្តល់​បន្ថែម នូវ​ការលូតលាស់​ស្បែក ដ៏​ស្រស់ស្អែត​ទៀតផង​។
​ផ្លែ​បឺ​
​ផ្លែ​បឺ ផ្តល់​នូវ​អត្ថប្រយោជន៍ ជា​ជាតិ​សំណើម​ដ៏​ល្អ​ខុសគេ​មួយ សម្រាប់​ភាពរឹងមាំ​របស់​សក់ និង​ស្បែកក្បាល​។ វា​មិន​ខុសគ្នា​នឹង​ស៊ុត​ទេ អ្នក​អាច​យក​ផ្លែ​នេះ មក​ទទួល​ទាន និង​លាប​ជា​ក្រែ​មអប់​សក់​ក៏​បាន​ដែរ​។ វីតាមីន E, C និង B6 នឹង​ត្រូវបាន​រំលាយ នៅ​ពេល​អ្នក​ញ៉ាំ​ផ្លែឈើ​មួយ​នេះ​។ ការ​លាប​ផ្លែ​បឺ​លើសក់​ក្បាល នឹង​ជួយ​ថែរក្សា​សក់ និង​ស្បែកក្បាល​ឱ្យ​មាន​សំណើម និង​ជំរុញ​ដល់​ការលូតលាស់​៕

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25 ឧសភា ឆ្នាំ2015


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម