ស្វែងយល់​ពី​មូលហេតុ នាំ​ឱ្យ​គេង​បាត់​ដង្ហើម

 
 

 6

​ការ​គេង​បាត់​ដង្ហើម គឺ​ជំងឺ​ដែល​កើតមាន​ជា​ញឹកញាប់ និង​ធ្ងន់ធ្ងរ ដែលនាំឱ្យ​អ្នកជំងឺ ឈប់​ដកដង្ហើម​ម្តង​ហើយ​ម្តង ក្នុងពេល​គេង​ទៀត​ចាប់ពី ១០ វិនាទី​ឡើងទៅ​។ ជំងឺ​នេះ នឹង​ធ្វើ​ឱ្យ​ចំនួន​អុកស៊ីសែន​ក្នុង​ឈាម​ថយចុះ និង​អាច​ធ្វើឱ្យ​អ្នកជំងឺ ភ្ញាក់​ពី​គេង​នៅពេល​យប់​ទៀតផង​។ ការ​គេង​បាត់​ដង្ហើម មាន​មូលហេតុ​ខុសៗ​គ្នា​ច្រើន​ណាស់​។
​ចំពោះ​មនុស្ស​ពេញវ័យ មូលហេតុ​ដែល​កើតមាន​ជា​ញឹកញាប់​បំផុត​នោះ​គឺ ធាត់​ជ្រុល ដែល​រឿង​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​ជាលិកា​ទន់ៗ​នៅ​មាត់ និង​បំពង់​ក​។ ពេល​គេង ជា​ពេលវេលា​មួយ ដែល​សាច់ដុំ​បំពង់ក និង​អណ្តាត​កាន់តែ​ធូរ ដូច្នេះ វា​អាច​នឹង​ធ្វើឱ្យ​ផ្លូវដង្ហើម​ស្ទះ​បាន​។ ប៉ុន្តែ មាន​កត្តា​ផ្សេងៗ​ទៀត ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ជំងឺ​នេះ​ដែរ​។
​ចំពោះ​កូន​ក្មេង​វិញ មូលហេតុ​នៃ​ការ​គេង​បាត់​ដង្ហើម​ញឹកញាប់​មានដូចជា ក្រពេញ​អាមីដាល ឬ​ក្រពេញ​អាដេណូ​អ៊ី​តរីក​ធំ និង​មាន​បញ្ហា​ធ្មេញ​។ មូលហេតុ​ដែល​មិនសូវ​កើតមាន​នោះ មានដូចជា ដុំ​សាច់ ឬ​ការ​ដុះ​អ្វីមួយ នៅក្នុង​ផ្លូវដង្ហើម និង​ខូច​ផ្លូវដង្ហើម​ពី​កំណើត​ដូចជា ជំងឺ​មិន​គ្រប់​សតិ (Down Syndrome) និង​ជំងឺ Pierre-Robin Syndrome ដែល​ជា​ហេតុនាំឱ្យ រចនាសម្ព័ន្ធ​រាងកាយ​រីក​ធំៗ​ដូចជា អណ្តាត និង​ថ្គាម​។ ទោះបី​ក្មេង​ធាត់​ជ្រុល ប្រហែល​ជា​បណ្តាល​ឱ្យ​គេង​ស្ទះដង្ហើម​ដែរ ប៉ុន្តែ វា​មិន​ទំនង​ជា​កើត​មាន​ញឹកញាប់ ដូច​មនុស្ស​ធំ​ឡើយ​។
​បើ​យើង​មិន​គិត​អំពី​អាយុ​ទេនោះ ការ​មិន​បាន​ព្យាបាល​អាការៈ គេង​បាត់​ដង្ហើម អាច​នឹង​បណ្តាលឱ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ដូចជា ជំងឺ​បេះដូង​សរសៃឈាម គ្រោះថ្នាក់​ដោយ​ចៃដន្យ និង​ស្លាប់​មុន​ពេញវ័យ​។ ដូច្នេះ យក​ល្អ មនុស្ស​គ្រប់គ្នា​ដែល​មាន​រោគសញ្ញា​គេង​បាត់​ដង្ហើម ជាពិសេស ការ​គេង​ស្រមុក​លឺ​ខ្លាំង និង​ឧស្សាហ៍​ភ្ញាក់​ពេល​គេង​យប់​ឡើង និង​ងងុយគេង​ពេល​ថ្ងៃ​ខ្លាំង គួរតែ​មាន​ការវាយតម្លៃ ខាង​វេជ្ជសាស្ត្រ​ឱ្យបាន​សមរម្យ​ទៅ​។
​លើសពីនេះទៅទៀត ក្រៅពី​ភាពធាត់​ជ្រុល រចនាសម្ព័ន្ធ​រាងកាយ​មិន​ធម្មតា ដែល​ទាក់ទង​នឹង​ដំណរ​ពូជ​ដូចជា បំពង់​ក​រួម​តូច សាច់​កញ្ចឹងក​ក្រាស់ និង​ក្បាល​មូល ក៏​ជាប់ទាក់ទង​នឹង​ការ​គេង​បាត់​ដង្ហើម​ដែរ​។ កត្តា​ដែល​នាំឱ្យ​មាន​ជំងឺ​នេះ​ដែរ​នោះ មានដូចជា ការ​កង្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ីត ការលូតលាស់​ខុសធម្មតា និង​លូតលាស់​ជ្រុល ដោយសារ​តែ​ការផលិត​អ័រម៉ូន​លូតលាស់​ច្រើនពេក និង​បញ្ហា​អា​លែ​ក​ស៊ី សុទ្ធតែ​បណ្តាលឱ្យ​ស្ទះ​ផ្លូវដង្ហើម​ខាងលើ​បាន​ទាំងអស់​។
​ចំពោះ​មនុស្ស​ធំ ការជក់បារី ផឹកស្រា​ច្រើន និង​ការប្រើ​ថ្នាំ​ងងុយគេង ច្រើនតែ​ជាប់​ពាក់ព័ន្ធ​នឹង​ការគេងបាត់​ដង្ហើមទាំ​ង​អស់​៕

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25 មេសា ឆ្នាំ2015


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម