ថ្នាំ​គ្រាប់​វីតាមីន D អាច​ពន្យឺត ដល់​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត​

 
 

 8

​ការស្រាវជ្រាវ​ថ្មី​តូច​មួយ បានបង្ហាញ​ថា ថ្នាំ​គ្រាប់​វីតាមីន D អាច​ពន្យឺត ឬ​ការពារ​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត​ពី​ការវិវត្ត​។​
​វេជ្ជបណ្ឌិត ប្រ៊ូ​ស ហូ​លី​ស (Bruce Hollis) បាន​និយាយថា វីតាមីន D បន្ថយ​ការ​រលាក​នៃ​ជាលិកា និង​ការ​រលាក​នានា ដែលជា​អ្នក​បង្កអោយមាន​ជំងឺមហារីក​។​
​ចំពោះ​ការស្រាវជ្រាវ អ្នកស្រាវជ្រាវ​បាន​មើល​ទៅលើ​បុរស ៣៧ នាក់ ដែល​ត្រូវបាន​ជ្រើសរើស ដើម្បី​ធ្វើការ​កាត់​ក្រពេញប្រូ​ស្តា​តចោល ឱ្យ​ទទួល​ថ្នាំ​គ្រាប់​វីតាមីន D ឬ Placebo ជា​រៀងរាល់ថ្ងៃ ក្នុង​រយៈពេល ៦០ ថ្ងៃ មុននឹង​ធ្វើ​ការវះកាត់​។​
​នៅពេល​ដែល​ក្រពេញប្រូ​ស្តាត ត្រូវ​បាន​ពិនិត្យ​ក្រោយ​ពី​ការវះកាត់​របស់​ពួកគេ អ្នកស្រាវជ្រាវ​បាន​រកឃើញថា អ្នកជំងឺ​ជាច្រើន​ដែល​បាន​ទទួល​វីតាមីន D មាន​ភាពប្រសើរឡើង នៃ​ដុំ​ក្រពេញប្រូ​ស្តាត ខណៈ​ដែល​ដុំ​សាច់​ចំពោះ​អ្នក​ប្រើ Placebo នៅតែ​ដដែល ឬ​កាន់តែ​អាក្រក់​ទៅៗ​។​
​វេជ្ជបណ្ឌិត Hollis បាន​និយាយថា លើសពី ៦០ ភាគរយ​នៃ​ការប្រើ​វា វីតាមីន D ពិតជា​ធ្វើឱ្យ​ជំងឺមហារីក​ប្រសើរ​មែន​។​
​គាត់​បាន​បន្តថា ចំពោះ​ករណី​មួយចំនួន ដុំ​សាច់​រួម​តូច ហើយ​ក្នុង​ករណី​ដទៃទៀត ជំងឺមហារីក​បាន​បាត់​។  គាត់​បាន​និយាយថា ទោះជា​យ៉ាងណា​ក៏ដោយ ការស្រាវជ្រាវ គឺ​មាន​ទំហំ​តូច ដែល​ចាំបាច់​ត្រូវការ​ការស្រាវជ្រាវ​បន្ថែមទៀត​។​
​ជារឿយៗ គ្រូពេទ្យ​ណែនាំ​អោយ​មើល និង​រង់ចាំ​ពី​រយៈពេល ចំពោះ​បុរស​ដែល​មាន​កម្រិត​ទាប ឬ​មិន​សូវ​វិវត្តនៃ​ដុំសា​ច់​មហារីក​។ ប៉ុន្តែ អ្នកជំងឺ​ជាច្រើន​នាក់ និង​គ្រួសារ​របស់​ពួកគេ មិន​មាន​ផាសុខភាព​ក្នុង​ការរង់ចាំ និង​ជ្រើសរើស ឱ្យ​ធ្វើ​ការវះកាត់ មុន​នឹង​វា​ត្រូវបាន​គេ​ចាត់ទុកថា ជា​រឿង​ចាំបាច់​នោះ​។ ការស្រាវជ្រាវ​នេះ​បានបង្ហាញ​ថា ការប្រើ​វីតាមីន D អាច​ជួយ​បន្ថយ​តម្រូវការ សម្រាប់​ការព្យាបាល​ដោយ​រស្មី​វិទ្យុសកម្ម​។
​ប៉ុន្តែ វេជ្ជបណ្ឌិត អេ​ន​តូនី ដា​មីកូ (Anthony D’Amico) បាន​និយាយថា ការស្រាវជ្រាវ​នេះ គឺ​ពិតជា​តូច ដើម្បី​ឈាន​ទៅដល់​ការសរុប​រួមមួយ អំពី​តម្លៃ​នៃ​វីតាមីន D ក្នុង​ការប្រយុទ្ធប្រឆាំង នឹង​ជំងឺ​មហារីក​ក្រពេញប្រូ​ស្តា​តណាស់​។​
​គាត់​បាន​និយាយថា វា​ពិតជា​លឿន​ណាស់ ក្នុងការ​សរុប​នេះ​។ ការស្រាវជ្រាវ ក៏​ត្រូវការ​ពិនិត្យ​លើ​ចំនួន នៃ​ការស្រាវជ្រាវ​ជាច្រើន​លើ​អ្នកជំងឺ​ផង​ដែរ​។​
​វេជ្ជបណ្ឌិត D’Amico បាន​សង្កត់ធ្ងន់ថា បុរស មិនគួរ​ចាប់ផ្តើម​ប្រើ​ថ្នាំ​គ្រាប់​វីតាមីន D ក្នុង​ក្តី​សង្ឃឹមនៃ​ការពន្យារ ឬ​ព្យាបាល​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត​នោះទេ​។​
​វីតាមីន D ត្រូវបាន​បង្កើតឡើង​ដោយ​ខ្លួន​យើង នៅពេល​ដែល​វា​ត្រូវ​បាន​ប៉ះពាល់​ទៅ​នឹង​ពន្លឺព្រះអាទិត្យ​។ វា​ក៏​ត្រូវបាន​រកឃើញ​នៅក្នុង​ខ្លាញ់ត្រី និង​អាហារ​មួយចំនួន​ទៀត​ផង​ដែរ​៕

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24 មីនា ឆ្នាំ2015


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម