អ្នកអង្គុយច្រើនម៉ោង គួរតែយល់ដឹង! តើអង្គុយប៉ុន្មានម៉ោង ទើបមិនប្រឈម នឹងការស្លាប់?

 
 

អាមេរិក ៖ ពិតណាស់ ការរស់នៅប្រចាំថ្ងៃ របស់មនុស្ស សម័យថ្មីនេះ ភាគច្រើន តែងតែអង្គុយ នៅមួយកន្លែង អស់រយៈពេល ជាច្រើនម៉ោង ដូចជា អង្គុយមើលទូរទស្សន៍ អង្គុយធ្វើការ  ឫ ក៏ អង្គុយរៀនជាដើម។ យ៉ាងណាមិញ យោងតាម ទិនានុប្បវត្តិ ផ្នែកវេជ្ជសាស្រ្ត ធ្វើឡើង ដោយ Annals of Internal Medicine បានបង្ហាញថា ការអង្គុយ នៅមួយកន្លែង ក្នុងរយៈពេលយូរនឹងធ្វើឲ្យ យើងគ្រប់គ្នា មានអត្រាប្រឈម នឹងជំងឺផ្សេងៗខ្ពស់ ហើយ អ្វីដែលគ្រោះថ្នាក់បំផុត គឺជំងឺ ដែលអាចសំលាប់ ក្នុងរយៈពេលលឿន។

អ្នកស្រាវជ្រាវ បានឲ្យដឹងទៀតថា ការរកឃើញ ពីជំងឺផ្សេងៗ ដែលអាចកើតមាន លើមនុស្ស ដែលអង្គុយច្រើនម៉ោង គឺផ្អែកទៅលើ ការវិភាគ ទៅលើការសិក្សា ស្រាវជ្រាវចំនួន ៤៧ ហើយការសិក្សាស្រាវជ្រាវនេះ បានបង្ហាញឲ្យឃើញទៀតថា បើសិនជា មនុស្សម្នាក់ ធ្វើលំហាត់ប្រាណ យ៉ាងណាក៏ដោយ ក៏មិនអាចទប់ទល់ ការប្រឈមមុខនឹងជំងឺ ដោយសារការអង្គុយ ក្នុងរយៈពេល ច្រើនម៉ោងបានដែរ ប៉ុន្តែ វាអាចកាត់បន្ថយ នូវអត្រា ប្រឈមមុខ នឹងជំងឺទាំងនោះ បានមួយកម្រិត។

ក្នុងនោះដែរ ជំងឺដែល អាចកើតឡើង ដោយសារ ការអង្គុយយូរនេះ មានដូចជា ជំងឺសរសៃឈាមបេះដូង ជំងឺមហារីក និង ជំងឺរាំរៃ ដូចជា ជំងឺទឹកនោមផ្អែម ប្រភេទទីពីរ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល ដែលគ្រប់គ្នា មិនអាចមើល រំលងបាននោះ គឺការអង្គុយ ចាប់ពី ៨ ទៅ ១០ ម៉ោង ក្នុងមួយថ្ងៃអាចធ្វើឲ្យ មនុស្សម្នាក់ៗ ប្រឈមមុខ នឹងជំងឺទឹកនោមផ្អែម រហូតដល់ទៅ ៩០ ភាគរយឯណោះ។

គួរបញ្ជាក់ផងដែរ យោងតាមការសិក្សា ស្រាវជ្រាវ ធ្វើឡើង នៅក្នុងប្រទេសអូស្រ្តាលី បានរកឃើញថា រយៈពេលដែលមនុស្សម្នាក់ៗ អង្គុយបានច្រើនបំផុត ដោយមិនបង្ករគ្រោះថ្នាក់ ដល់សុខភាព គឺ ៤ ម៉ោង ក្នុងមួយថ្ងៃ ចំនែកឯ អ្នកដែលអង្គុយ លើសពី ៤ ម៉ោង ក្នុងមួយថ្ងៃ នឹងប្រឈមមុខ នឹងជំងឺ ដែលបានជំរាបជូន ខាងលើ។

ដូច្នេះ ដើម្បីជៀសវាង ជំងឺទាំងនេះ លោកអ្នកគួរតែ ដឹងថាខ្លួនឯង អង្គុយប៉ុន្មានម៉ោង ក្នុងមួយថ្ងៃ ហើយព្យាយាម កាត់បន្ថយវាតាម ដែលអាចធ្វើទៅបាន។ ប្រសិនបើលោកអ្នក អង្គុយនៅកន្លែងធ្វើការ ត្រូវងើបឈរ ឫ ដើរឲ្យបានយ៉ាង តិចណាស់ ក៏ ១ ទៅ ៣ នាទី ដែរ ក្នុងមួយម៉ោងៗ។ ប្រសិនបើ អ្នកអង្គុយ មើលទូរទស្សន៍ វិញ ត្រូវដើរ ឬ ឈរ នៅពេលដែល កម្មវិធី ដែលអ្នកមើល នោះកំពុងផ្សាយពាណិជ្ជកម្ម រួចចាំអង្គុយវិញ នៅពេលដែល ពាណិជ្ជកម្មផ្សាយចប់។ សរុបមក ទោះស្ថិតនៅក្នុងស្ថានភាព ណាក៏ដោយ លោកអ្នកត្រូវចាំថា មិនត្រូវអង្គុយច្រើន ម៉ោងនោះទេ ត្រូវឆ្លៀតពេល ដើរ ឫ ឈរខ្លះ ក្នុងចន្លោះពេល អង្គុយនោះ ដើម្បីជៀសវាង នូវជំងឺផ្សេងៗ ដែលពិបាកនឹង ព្យាបាល នាពេលអនាគត៕


 រូបតំណាង

ប្រភព ៖ CNN/ Multivitaminguide

ដោយ ៖ ណា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម