វិធីចង​ជើងស្វាមី

 
 

គ្មានអ្វី​ចំឡែកទេ​ដែលស្ដ្រី​ត្រូវបាន​គេចាត់​ថាជា​ភេទទន់​ខ្សោយ ឯបុរស​ជាភេទ​ខ្លាំងនោះ។ បុរស​តែងតែ​ប្រាថ្នា​ចង់បាន​មនុស្ស ដែលគេ​ស្រឡាញ់​ជានារី​ស្លូតបូត ប៉ិនប្រសព្វ​កិច្ចការផ្ទះ​សម្បែង ប្រសព្វ​ផ្គាប់ចិត្ដ​ប្ដី ចិញ្ចឹម​កូនបាន​ល្អជាដើម។ ត្រឹមតែ​ប៉ុណ្ណឹង​មិនគ្រប់គ្រាន់ អាចធ្វើ​ឱ្យស្វាមី​ស្រឡាញ់ខ្លួន និង​ស្មោះត្រង់​នឹងខ្លួន​បាននោះ​ដែរ។ តែនៅ​មានវិធីងាយៗ​ជាច្រើន​ទៀត ដែលទាមទារ​ឱ្យភរិយា​ប្រតិបត្ដិ ដើម្បីឱ្យ​គ្រួសារ​មានសុភមង្គល។ វិធីងាយៗ​ទាំងនោះ​រួមមាន ដូចជាការ​យកចិត្ដ​ទុកដាក់ ស្មោះត្រង់ ចេះអត់ឱន ភាពទន់ភ្លន់ ស្លូតបូត ចេះរៀប​ចំខ្លួន​ជាដើម។

ការយកចិត្ដ​ទុកដាក់

បុរសពិត​មែនតែ​ជាភេទខ្លាំង ប៉ុន្ដែ​មានបុរស​មិនតិចទេ ក្រោយ​ពេលរៀបការ​រួច គេក្លាយ​ទៅជាក្មេង​តូចមួយ ដែល​ត្រូវការឱ្យ ភរិយា​យកចិត្ដ​ទុកដាក់​ដល់គេ តាំងពី​រឿងតូចតាច​ឡើងទៅ ដូចជា​សម្លៀក​បំពាក់​ទាំងក្នុង​ទាំងក្រៅ ស្បែកជើង ស្រោមជើង ម្ហូបចំណី ពេលវេលា​ទៅធ្វើការ ឬ​សម្ភារៈ​ផ្សេងៗ​ទៀត​ជាច្រើន។ ដូចនេះ​ស្ដ្រីជា​ភរិយា​ត្រូវរៀបចំ​រួចជាស្រេច​ដើម្បី​បំពេញ​ភារកិច្ច​ទាំងនេះ។

ការស្មោះត្រង់

គូស្វាមី​ភរិយា​ត្រូវរួម​សុខរួម​ទុក្ខជាមួយ​គ្នាអស់មួយ​ជីវិត។ ហេតុនេះ​មិនអាច​ទទួលយក​បានទ្បើយ​ចំពោះ​ការកុហក​របស់​ភរិយា​ទោះបីរឿង​តូចតាចក្ដី។ ចរិត​ស្មោះត្រង់​របស់​ភរិយា​ធ្វើឱ្យ​ស្វាមី​មានលំនឹង​ក្នុងចិត្ដ​លើបញ្ហា​ហិរញ្ញវត្ថុ ការអប់រំ​កូនចៅ និង​ការប្រព្រឹត្ដ របស់មនុស្ស​គ្រប់រូប។ ផ្ដើមចេញ​ពីចំណុច​ទាំងនេះ ស្ដ្រី​ជាភរិយា​អាចជួយ​ឱ្យស្វាមី​នឹងនរ​ចិត្ដក្នុង​ការបំពេញ​ការងារ និង​ធូរស្រាល​ក្នុង អារម្មណ៍​ផងដែរ។

ចេះអត់ឱន និង​អធ្យាស្រ័យ

នារីជប៉ុន​ត្រូវបាន​បុរសនៅ​ទូទាំង​ពិភព​លោកវាយ​តម្លៃថា​ជាគំរូ ជាស្ដ្រី​ភរិយា​ដ៏វិសេស​វិសាល​បំផុត ពីព្រោះ​នារីជប៉ុន​មានគុណ ធម៌​អត់ឱន​អធ្យាស្រ័យ​ស្វាមីខ្ពស់​បំផុត។ សុភាពនារី​មិនត្រូវ​គិតថា​ការអត់​ឱន​ចំពោះ​ស្វាមី គឺជាការ​បង្ហាញ​នូវវិសមភាព​រវាងបុរស និង​នារី ឱ្យសោះ។ បើពិនិត្យ​មើលច​រិតពិត​របស់បុរស គឺ​ចិត្ដខ្លាំង ស្រេកឃ្លាន​កិត្ដិយស ការ​សម្រេច​ចិត្ដមោះមុត​ជាដើម។ អាស្រ័យ​ហេតុនេះ ការ អត់ឱន​អធ្យាស្រ័យ​របស់​ភរិយា គឺជា​ការស្ដែង​ចេញនូវ​និន្នាការ​ប្រកប​ដោយ​សុច្ឆន្ទៈ​នៅក្នុង​ជីវិតប្ដី​ប្រពន្ធ។ បន្ទាប់ពី​កំហឹង​ក្រេវក្រោធ​របស់ ស្វាមី ហើយបាន​ការអត់ឱន​ឱ្យរបស់​ភរិយា ស្វាមី​ច្រើនតែ​សម្ដែង​ការដឹង​ពីកំហុស​របស់ខ្លួន។ ប្រការនេះ​នឹងធ្វើ​ឱ្យស្វាមី​រិតតែ​អាណិត ស្រឡាញ់​ប្រពន្ធកូន​ទ្វេទ្បើង។ នេះជា​វិធីថែរក្សា​ការពារ​សុភមង្គល​គ្រួសារ​ដ៏មាន​ប្រសិទ្ធភាព​បំផុត។ សូមសុភាពនារី​ទាំងទ្បាយ​កុំយល់ ច្រទ្បំ​រវាងការ​អត់ឱន និង​ចរិតទន់​ជ្រាយ​ឱ្យសោះ។

ភាពទន់ភ្លន់​ស្លូតបូត

ការនិយាយស្ដី​ឥតអំណោយ​ទាន និង​ការបំបាក់​មុខប្ដី​នៅចំពោះ​មុខគេ​ឯងរហូត​ដល់មាន​គេពោល​ពាក្យថា​“ម៉េចក៏​ប្រពន្ធឯង និយាយ​បែបនេះ” មិនគួរ​ឱ្យកើតមាន​ឡើយ។ ហេតុនេះ បុរសពិត​ជាត្រូវ​ការភរិយា​មួយរូប​ដើម្បី​ធានាបាន​នូវជំនឿ​ចិត្ដ មិន​ធ្វើឱ្យគេបាក់ មុខ ទោះបីនៅ​ទីណា ពេលណា​ក៏ដោយ។

ឈ្លាសវៃ​ប៉ិនប្រសព្វ​ក្នុងការ​ប្រាស័យ​ទាក់ទង

បុរស​ជាស្វាមី​មិនសូវ​ជាពេញចិត្ដ​ប៉ុន្មានទេ នៅពេល​ដែលភរិយា​និយាយ​អ្វីដឹង​តែពីស្ដាប់ ហើយ​បង្គាប់អ្វី​ធ្វើហ្នឹង។ ជាភរិយាត្រូវ តែឆ្លាត ស្វាមី​និយាយ​តែបន្ដិច​អាចយល់​បានថាស្វាមី​ចង់បានអ្វី ទើបជា​ការប្រសើរ។ ចរិតរឹងមាំ​ក្នុងសុភមង្គល​គ្រួសារ​ផ្ដើមចេញ​ពីការ​គោរពគ្នា​ទៅវិញ​ទៅមក និង​ការឈ្លាសវៃ​ប៉ិនប្រសព្វ​នៅក្នុង​ទំនាក់ទំនង​នោះ គឺជា​មូលហេតុ​ដ៏សំខាន់​ដែលធ្វើ​ឱ្យស្វាមី​គោរពភរិយា។ ប៉ុន្ដែ សូមចងចាំ​ថាបុរស​មួយចំនួន​មិនចង់​ឱ្យខ្លួន​គេអន់​ជាង​ភរិយាទេ ទោះក្នុង​ករណី​ណាក៏​ដោយ។

ត្រូវរៀប​ចំខ្លួនឱ្យ​ស្អាតបាត

មានស្ដ្រី​ភាគច្រើន​លែងរវល់​នឹងការ​សម្អិត​សម្អាងកាយ ព្រោះ​យល់ថា​ខ្លួនមាន​ប្ដីមាន​កូនមិន​មាននរណា​ស្រឡាញ់​ទៀតទ្បើយ។ នេះជា​ការយល់​ខុសទាំងស្រុង គ្រប់បុរស​ទាំងអស់​តែងតែ​ប្រាថ្នា​ចង់បាន​នារីស្អាត​មកនៅ​ក្បែរខ្លួន​ជានិច្ច។ ដូចនេះ​សុភាពនារី​ទាំងអស់ត្រូវ ធ្វើកុំបី​ធ្វេសប្រហែស​ក្នុងរឿងនេះ។ ប៉ុន្ដែ​មិនត្រូវ​តែងខ្លួន​រហូតដល់​ទាល់តែ​ជ្រុលហួស​ហេតុ មិន​សក្ដិសម​នោះទេ ព្រោះការ​តុបតែង​រាងកាយ​ឱ្យបាន​សមសួន វាក៏​ជាកិត្ដិយស​របស់ស្វាមី​ដែរ។

រួមចំណែក​ទ្រទ្រង់​សេដ្ឋកិច្ច​គ្រួសារ

សម័យ​នេះខុសពី​សម័យមុន គ្រប់យ៉ាង​ក្នុងការ​រស់នៅ​សុទ្ធតែ​ត្រូវចំណាយ​ប្រាក់​ទាំងអស់។ ដូចនេះ​បើទុក​ឱ្យស្វាមី​ជាអ្នករក ប្រាក់​ចំណូល​ចូលគ្រួសារ​តែម្នាក់នោះ ពិតជាមិ​នអាច​គ្រប់គ្រាន់​ក្នុងជីវភាព​បានទេ។ បើអាច​មានលទ្ធភាព ភរិយា​ទាំងឡាយ​គួររួម​ចំណែក ជាមួយ​ស្វាមី​ដើម្បី​បង្កើន​សេដ្ឋកិច្ច​គ្រួសារ ព្រោះមិន​ថាគ្រួសារ​ណាជា​គ្រួសារណាទេ​ឱ្យតែមាន​ជីវភាព​ខ្វះខាត គឺមិន​អាចរក្សា​ស្ពាន​សុភមង្គល​ឱ្យនៅ​គង់វង្ស​បានទេ។ មិនមែន​ដូចពាក្យ​គេថាឱ្យ​តែមានស្នេហ៍​ស្មោះមាន​សុភមង្គល​នោះ វាមិន​ត្រឹមត្រូវ​ទាំងស្រុង​ឡើយ ព្រោះ​ស្នេហ៍ស្មោះ​មិនអាចដូរ​បាយមក​ទទួលទាន​បានទេ។ អ្វីគ្រប់​យ៉ាងសុទ្ធ​តែត្រូវការ​ឱ្យមាន​តុល្យភាព ទើបអាច​ឈានទៅ​មុខបាន។ ម្យ៉ាងទៀត​ការ ដែល​មានទម្លាប់​រស់នៅ​ពឹងផ្អែក​លើបុរស​ទាំងស្រុង​ជួនកាល​ធ្វើឱ្យតម្លៃ​របស់​លោកស្រី ឬ​អ្នកនាងចុះ​ថយ​ជាលំដាប់​ក៏មានដែរ។

កុំទាមទារ​សិទ្ធិខ្លាំង​ពេក

វាជា​ការពិត​ដែលពោល​ថាបុរស និង​ស្ដ្រីត្រូវ​មានសិទ្ធិ​ស្មើគ្នា។ ប៉ុន្ដែ​បើក្រឡេក​មើលក្នុង​ជីវភាព​គ្រួសារ​ប្ដីប្រពន្ធ សព្វថ្ងៃ​សិទ្ធី របស់ស្រី​ជាភរិយា​នៅមាន​កម្រិត​នៅឡើយ ព្រោះថា​បើមនុស្ស​ប្រុស និង​មនុស្ស​ស្រីមាន​សិទ្ធិស្មើគ្នា​នោះ ប្រាកដជា​មិនអាច​រស់នៅចុះ សម្រុង​គ្នាបានទេ។ ពីព្រោះ​ថាមនុស្ស​ប្រុស​មិនដែល​ចង់ឱ្យ​ប្រពន្ធ​ពូកែជាង​ខ្លួនឡើយ យ៉ាងហោច​ណាស់ក៏​ត្រូវ​តែភរិយាអន់​ជាងខ្លួន​បន្ដិច ដែរ ទើបបាន។ នៅក្នុង​ដួងចិត្ដ​របស់គេ បុរស​ត្រូវតែ​ខ្លាំង​ជានិច្ច។ ដូចនេះស្ដ្រី​ជាភរិយា​ចាំបាច់​ត្រូវតែ​យល់​កាលៈទេសៈ​ទើបបាន​ជួនកាល ត្រូវ​បណ្ដោយ​ឱ្យឈ្នះ​មួយរយៈ​សិនទៅ រួចចាំ​និយាយគ្នា​ដោយ​សន្ដិវិធី​ដោយ​ហេតុផល​នៅពេល​ក្រោយ ក៏ជា​ការល្អ​ម្យ៉ាងដែរ។

បណ្ដាំផ្ញើ

ទោះបី​ជាយ៉ាងណា អ្វីដែល​ទស្សនាវដ្ដី សុខភាពយើង លើកមក​ជម្រាប​ជូនខាង​លើនេះ មានគោល​បំណង​តែមួយគត់ គឺដើម្បី រួមចំណែក​កសាង​សសរគ្រឹះ​សុភមង្គល​គ្រួសារ​លោកអ្នក។ ប្រសិន​បើចង់​ឱ្យជីវិត​គូស្រករ​របស់លោក​អ្នកមាន​សេចក្ដី​សុខ​យូរអង្វែង និង រស់នៅ​ជាមួយគ្នា​ទាល់តែ​ចាស់កោង​ខ្នងនោះ លោកអ្នក​គួរតែចេះ​អត់ទោស​ឱ្យគ្នា​ទៅវិញ​ទៅមក ស្រឡាញ់គ្នា ជាពិសេស​សម្រាប់​សុភាពនារី​ជាភរិយា។ បើអនុវត្ដ​តាមអ្វី​ដែលបាន​ជម្រាបជូន​ខាងលើនេះ មិនបាច់​ទៅរក​គ្រូដាក់​ស្នេហ៍ទេ មន្ដស្នេហ៍​នឹងរត់មករក​លោកស្រីអ្នក នាងដោយ​ខ្លួនឯង​មិនខាន​ឡើយ។ សូមចាំ​ថានរណា​ក៏ត្រូវការ​ឱ្យគេយក​ចិត្ដដែរ។

By healthcabodia.

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម