របៀប​រៀប​ចំ​មង្គលការ​ចំណាយ​លុយ​តិច​មិន​គួរ​ឲ្យ​ជឿ!

 
 

បើ​គ្រួសារ​ខាង​ស្រី​ចិត្ត​ទូលាយ​ ដោយ​ជួយ​ចេញ​ថ្លៃ​បណ្ដាការ​ពាក់​កណ្ដាល​ នោះ​មិន​អី​ទេ​ ប៉ុន្តែ​បើ​ខាង​ស្រី​តម្រូវ​ឲ្យ​ខាង​ប្រុស​ចេញ​ទាំង​អស់​វិញ​ ខាង​ប្រុស​ច្បាស់​ជា​ធ្ងន់​ក​មិន​ខាន។

ប៉ុន្តែ​កន្លង​មក​ មាន​គួ​​ស្នេហ៍​ខ្លះ​មិន​ត្រឹម​តែ​រៀប​ចំ​មង្គលការ​មួយ​ដោយ​ជោគជ័យ​ប៉ុណ្ណោះ​ទេ​ ​ថែម​ទាំង​អាច​ធ្វើ​ពិធី​​កាត់​​ចំណង​ដៃ​មួយ​រោង​ចប់​រួច​រាល់​ជា​ស្ថាពរ​ ដោយ​គ្មាន​ជំពាក់​នរណា​មួយ​រៀល​ទៀត​ផង។

ជាក់​ស្ដែង​​ប្រធាន​ក្រុម​ផលិត​ភាពយន្ត​ “កុន​ខ្មែរ​កូន​ខ្មែរ“​ លោក​ ស៊ុំ ស៊ីថែន​ ដែល​ធ្លាប់​យក​លុយ​​ត្រឹម​តែ​១៨០០$ ​ទៅ​រៀប​ចំ​មង្គលការ​របស់​ខ្លួន​​បាន​ដោយ​​ជោគជ័យ​កាល​ពី​ឆ្នាំ​២០១២​ ឲ្យ​ដឹង​ថា​ ដើម្បី​អាច​រៀប​ចំ​ពិធី​អាពាហ៍ពិពាហ៍​​​ដោយ​ចំណាយ​តិច​អីចឹង​បាន​ គឺ​ទាម​ទា​ឲ្យ​លោក​ និង​អ្នក​ដែល​ពាក់ព័ន្ធ​ពិភាក្សា​គ្នា​គ្រប់​ជ្រុង​ជ្រោយ។

លោក​មាន​វិធី​សាស្ត្រ​ដូច​ខាង​ក្រោម​៖

@ ដំបូង​លោក​បាន​ស្រុះស្រួល​គ្នា​សិន​ជាមួយ​សាមី​ខ្លួន​ខាង​ស្រី​ និង​ចាស់​ទុំ​ទាំង​សងខាង​ ទាក់​ទង​នឹង​ការ​យក​លុយ​ថ្លៃ​ទឹក​ដោះ​ទៅ​ចាត់ចែង​សម្រាប់​មង្គលការ។

@ បន្ទាប់​មក​ លោក​បាន​ជ្រើស​ជួល​សំអាង​ការ​សម្រាប់​ទាំង​ពិធី​ភ្ជាប់​ពាក្យ​ និង​ពិធី​មង្គលការ​ ដូច្នេះ​លោក​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ ដោយ​គិតត្រឹម​តម្លៃ​ឈ្នួល​ពេល​រៀបការ​​ប៉ុណ្ណោះ​ គឺ​អស់​​៧០០​$​​​ តែ​លោក​កក់​សំអាង​ការ​​តែ​២០០​$​សិន។ ចំណែក​ជាង​ថត​ លោក​កក់​​ត្រឹម​​២០០​$​ដែរ​ លើក​លែង​​​អាចារ្យ​ គឺ​ត្រូវ​បង់​លុយ​គ្រប់​ចំនួន​ គឺ​២០០$។

@ សម្រាប់​ចិញ្ចៀន​ភ្ជាប់​ពាក្យ​វិញ​ លោក​រើស​យក​មួយ​ណា​ដែល​សមរម្យ​ តម្លៃ​ត្រឹម​៥០០$​ ព្រោះ​លោក​គិត​ថា​ គ្រាន់​តែ​សម្រាប់​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ។

@​ ពេល​វាយ​ធៀប​ការ​រួច​ លោក​ជ្រើស​អញ្ជើញ​តែ​ភ្ញៀវ​សំខាន់​ និង​ជិត​ស្និទ្ធ​នឹង​លោក​ ហើយ​ជឿជាក់​ថា​ គេ​នឹង​មក​ចូល​រួម​ក្នុង​មង្គល​ការ​របស់​លោក​បាន​ តែ​លោក​ជ្រើស​ហៅ​ចំនួន​ភ្ញៀវ​ឲ្យ​ច្រើន​ជាង​ចំនួន​តុ។ លុយ​បោះ​ធៀប​ការ​ លោក​កក់​គេ​តែ​២០០$​សិន។

@​ ចំពោះ​ម្ហូប​ទទួល​ភ្ញៀវ​ លោក​ជ្រើស​យក​ធន់​កណ្ដាល​ មួយ​តុ​តម្លៃ​១០០$។ ក្នុង​មង្គលការ​របស់​លោក​ លោក​ធ្វើ​ចំនួន ៨០ តុ។ លោក​ក៏​មិន​ឲ្យ​លុយ​​​ទៅ​ម្ចាស់​ហាង​ទទួល​ធ្វើ​ម្ហូប​ការ​​មុន​ទាំង​អស់​នោះ​ទេ​ ដោយ​លោក​ជ្រើស​កក់​គេ​ខ្លះ​សិន​ គឺ​តែ​៣០០$​។ ចំណែក​ភេសជ្ជៈ​វិញ​ លោក​ក៏​មិន​ឲ្យ​លុយ​គេ​មុន​ដែរ។ លោក​រង់ចាំ​ទាល់​តែ​ពិធី​មង្គលការ​នោះ​ចប់​សិន​ ទើប​យក​ទាំង​លុយ​ និង​គ្រឿង​ភេសជ្ជៈ​ដែល​សេសសល់​មក​ទូទាត់។

@​ សម្រាប់​ផ្ទះ​រៀប​ចំ​មង្គល​ការ​វិញ​ លោក​ថា​ គួរ​ធ្វើ​នៅ​ផ្ទះ​ខ្លួន​ឯង​តែ​ម្ដង។ ប្រសិន​បើ​ផ្ទះ​ខ្លួន​មិន​សូវ​សមរម្យ​ លោក​ថា​ គេ​ក៏​មិន​ចាំ​បាច់​ទៅ​ជួល​ហាង​នាំ​តែ​អស់​លុយ​ដែរ​ គឺ​អាច​ទៅ​សុំ​ការ​នៅ​ផ្ទះ​ពូ ​ឬ​ផ្ទះ​សាច់​ញាតិ​បាន។

@ ក្រោយ​ពិធី​មង្គលការ​ត្រូវ​បាន​បញ្ចប់​ លោក​អាច​យក​លុយ​ចំណង​ដៃ​ ទៅ​ទូទាត់​សង​ថ្លៃ​ម្ហូប​ ភេសជ្ជៈ​ ក៏​ដូច​ជា​សំអាង​ការ។

ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​ លោក​ ស៊ីថែន​ ឲ្យ​ដឹង​ថា​ គេ​គួរ​ប្រើ​​រយៈ​ពេល​យូរ​ខែ ​មិន​មែន​ធ្វើ​ដោយ​តក់​ក្រហល់​នោះ​ទេ ​ក្នុង​ការ​រៀប​ចំ​គម្រោង​មង្គលការ​មួយ។ កម្មវិធី​មួយ​ចំនួន​ដែល​មិន​ចាំ​បាច់​ក្នុង​មង្គលការ​នោះ​ លោក​ថា​ គេ​គួរ​តែ​កាត់​ចោល​តែ​ម្ដង​ ព្រោះ​ការ​ចំណាយ​កាន់​តែ​តិច​ គឺ​រឹត​តែ​ល្អ​សម្រាប់​គូ​ស្នេហ៍​មិន​សូវ​សម្បូរ​ទ្រព្យ​ធន។ លោក​ថា​ សូម្បី​តែ​ពិធី​បំពាក់​ចិញ្ចៀន​ ក៏​គេ​អាច​ធ្វើ​សរុប​ក្នុង​ពិធី​មង្គលការ​បាន​ដែរ​ ដូច្នេះ​គេ​អាច​សន្សំ​សំចៃ​បាន​ពិធី​ភ្ជាប់​ពាក្យ​មួយ​បាន​ទៅ​ហើយ។

កម្មវិធី​​កាត់​នំ​ ដែល​អាច​​កាត់​ចោល​បាន​​សម្រាប់​​​គូ​ស្នេហ៍​មិន​សូវ​មាន​លុយ​

អ្នក​រស់​នៅ​​ក្រុង​កំពង់សោម​​ អ្នកនាង​ លី​ សក្ខណា ​អាយុ​២៧​ឆ្នាំ​ ដែល​ឧស្សាហ៍​ចូល​រួម​ក្នុង​ពិធី​មង្គលការ​ បាន​មើល​ឃើញ​ពី​ការ​ចំណាយ​ខ្ជះខ្ជាយ​ខ្លះ​ៗ​ដូចជា​ ជួល​សំអាង​ការ​ថ្លៃ​ៗ​ កម្មវិធី​កាត់​នំ​ដែល​មិន​ចាំ​បាច់​ ឬ​ការ​ចំណាយ​ច្រើន​ទៅ​លើ​ស្រាបៀ​ហួសហេតុ​ពេក។

អ្នក​នាង​ លី​ សក្ខណា​ បញ្ជាក់​បន្ថែម​ថា៖ “មង្គលការ​ខ្លះ​ យក​សំអាង​ការ​សុទ្ធ​តែ​រាប់​ពាន់​ដុល្លារ។​ យើង​ហៅ​តែ​តម្លៃ​ល្មម​ៗ​ទៅ​ ក៏​ស្អាត​ដូច​តែ​គ្នា​ហ្នឹង។ អ្នក​ខ្លះ​មាន​រៀប​ចំ​កាត់​នំ​តាម​បែប​ស្ទិល​បរទេស​ តែ​ខ្ញុំ​គិត​ថា​ វា​អត់​ប្រយោជន៍​ទៅ​វិញ​ ព្រោះ​នំ​ Cake​ ថ្លៃ​ៗ​ណាស់​ ខាត​លុយ​ទទេ។ មួយ​ទៀត​ គឺ​ដាក់​ស្រាបៀ​ទទួល​ភ្ញៀវ​ច្រើន​ពេក។ ពួក​ប្រុស​ៗ​ប៉ិន​ផឹក​ណាស់​ ដាក់​ច្រើន​ពេក​ ខាត​តែ​ម្ចាស់​ដើម​ការ​ហ្នឹង”។

ម្ចាស់​ហាង​ទទួល​ធ្វើ​ម្ហូប​ការ​យីហោ​ អឹង គឹម​ឡេង​ នៅ​ម្ដុំ​ច្បារ​អំពៅ​ លោក​ អឹង គឹម​ឡេង​ បាន​ប្រាប់​ថា​ ដើម្បី​ចំណាយ​តិច​ទៅ​លើ​ម្ហូប​ទទួល​ភ្ញៀវ​ អ្នក​ទទួល​ធ្វើ​ម្ហូប​ការ​តែង​មាន​ជម្រើស​ពីរ​ ឬ​បី​ឲ្យ​ម្ចាស់​ដើមការ​សម្រាប់​ជ្រើស​រើស​ដែរ។

លោក​ អឹង គឹម​ឡេង​ រៀប​រាប់​ថា៖ “ម្ហូប​ការ​ឥលូវ​រៀង​ថ្លៃ​បន្តិច​ ព្រោះ​ស្អី​ៗ​ឡើង​ថ្លៃ​ច្រើន។ នៅ​កន្លែង​ខ្ញុំ​ ម្ហូប​មួយ​តុ​មាន​តម្លៃ​ចាប់​ពី​១០០$​ឡើង​ទៅ។ ១១០$​ ជា​តម្លៃ​ដែល​គេ​និយម​ជួល​ជាង​គេ​ មាន​ម្ហូប​៨​មុខ ​និង​បង្អែម​ ព្រម​ទាំង​បន្ថែម​អាហារ​ថ្ងៃ​ត្រង់​ផង​ដែរ។ ប៉ុន្តែ​ក៏​មាន​តុ​តម្លៃ​៨០$​ដែរ ​តែ​ម្ហូប​តែ​៦​មុខ​ប៉ុណ្ណោះ”៕

យ៉ាង​ម៉េច​ដែរ​ គម្រោង​រៀប​ការ​នេះ​អាច​ទៅ​រួច​ទេ?

By Sabay

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម