ស្វែងយល់ពីអត្ថន័យអំពីពិធីលាងជើង ក្នុងមង្គលការ ដែលទទួលរងការរិះគន់ និងសរសើរ
រាជធានីភ្នំពេញ ៖ បណ្តាញសង្គមដែលជាប្រព័ន្ធកម្សាន្តមួយដែលប្រជាជនទូទៅប្រើប្រាស់សម្រាប់ជជែកម្សាន្ត ចែកចាយព័ត៌មាន និងសកម្មភាពប្រចាំថ្ងៃនោះ ថ្មីៗបានផ្សព្វផ្សាយនូវរូបភាពមួយបានធ្វើឲ្យមតិសាធារណៈជនមួយចំនួនងឿងឆ្ងល់ និងរិះគន់ចំៗ ចំពោះទង្វើនេះដោយក្នុងពិធីអាពាហ៍ពិពាហ៍មួយដែលមានការលាងជើង ។ ជាទូទៅក្នុងពិធីមង្គលការគេសង្កេតឃើញថា មិនតែខាងកូនកម្លោះទេ ត្រូវបានកូនក្រមុំដែលជាភរិយាលាងជើងឲ្យនោះ ។ ប៉ុន្តែរូបភាពមួយនេះ បែរជាកូនកម្លោះលាងជើងជូនវិញ ។ ប្រធានបទមួយបានក្លាយជាទីលាននៃសង្គ្រាមពាក្យសម្តីរបស់មហាជនដែលបញ្ចេញមតិ (comment) រិះគន់ សរសើរ ដើម្បីឲ្យកាន់តែច្បាស់នោះ គេហទំព័រកំណើតថ្មី សូមដកស្រង់អត្ថបទរបស់អ្នកស្រី កែវ ច័ន្ទបូរណ៍ ដែលពន្យល់ពី ពិធីលាងជើងនៅពេលអាពាហ៌ពិពាហ៍ ដូចខាងក្រោម ៖
នៅសម័យនគរគោកធ្លកស្ត្រីជាអ្នកដឹកនាំប្រទេសខ្មែរ។ នៅពេលមានពិធីមង្គលម្តងៗ ខ្មែរយើងទម្លាប់ប្រារព្ធពិធីបុរសលាងជើងឲ្យស្ត្រី ដូចនៅក្នុងរូបភាពនេះ គឺនៅមុន យុគសម័យមុន ព្រះបាទ កោណ្ឌិន្យជ័យវរ្ម័ន (ឬព្រះបាទហ៊ុនទៀន) យាងមកពីឥណ្ឌាមករៀបអភិសេក និងព្រះនាងសោមា (បុត្រីព្រះច័ន្ទ ឬព្រះនាងលីវយី)។ ក្រោយពីបានទទួលឥទ្ធិពលពីប្រទេសឥណ្ឌា ដែលនាំចូលមកខ្មែរនូវលទ្ធិព្រហ្មញ្ញសាសនា ប្រទេសខ្មែរបានចាប់ផ្តើមផ្លាស់ប្តូរទំនៀមនេះ ដោយឲ្យស្រី្ត ជាអ្នកលាងជើងបុរសទៅវិញ។
នៅជំនាន់ដើម ពិធីលាងជើងនេះ ច្រើនធ្វើនៅតំបន់ស្រុកស្រែជនបទដែលកូនកម្លោះ ត្រូវដើរជើងទទេ កាត់ភូមិ កាត់ស្រែ ពីតំបន់ឆ្ងាយ មកផ្ទះខាងស្រី ចូលមកដល់ហើយ ខាងស្រី បង្ហាញសុជីវធម៌ ដោយការទទួលហុចទឹក ឲ្យខាងប្រុសលាងជើងឲ្យស្អាត មុននឹងឡើងលើផ្ទះកុំឲ្យប្រឡាក់ផ្ទះ។ នៅក្នុងន័យប្រៀបធៀបគេច្រើនធ្វើពិធីនេះ លាងជម្រុះនូវអតីតកាល មិនល្អរបស់បុរស (បើសិនជាមានខិលខូចពីមុនមក) ថ្ងៃនេះសូមឲ្យលាងស្អាតជម្រះមន្ទិលបង្ហាញនូវជើងស្អាតសម្រាប់ដើរ ក្នុងភាពសុចរិត បរិសុទ្ធជាមួយគូស្រករដែលបម្រុងរៀបការនឹងគ្នា។
ពិធីនេះក៏មានប្រារព្ធដោយឲ្យសាមីខាងប្រុសលាងជើងឲ្យកូនក្រមុំ ដើម្បីជម្រះមន្ទិលហ្មងសៅដូចគ្នា។ កាលនៅជំនាន់ខ្ញុំនៅក្មេងៗ អ្នកស្រុកភូមិខ្ញុំរៀបការ ដោយមានពិធី ឲ្យសាមីខ្លួនកូនកម្លោះ និងកូនក្រមុំ លាងជើងគ្នាទៅវិញទៅមក ដើម្បីជម្រះឧបទ្រពចង្រៃ និងបង្កើនរាសីជូនគូស្រករ។ តាមការពិតពិធីនេះ ជាពិធីប្រារព្ធ ដ៏វិសេសវិសាលមួយ ដើម្បីបង្ហាញនូវចំណងមនោសញ្ចេតនា ស្មោះស្ម័គ្ររវាងគូស្រករ គឺការផ្តិតនូវសេចក្តីស្រឡាញ់ សូម្បីតែចុងជើងដែលដើរនឹងដីក៏គេនៅស្រឡាញ់គ្នាដល់កម្រិតនោះ។ ទាំងនោះជាកត្តាបង្ហាញថា នៅក្នុងជីវិត ទោះបីក្រ ឬមាន សប្បាយឬលំបាក យ៉ាងណា ក៏ប្តីប្រពន្ធនៅតែអាចទទួលគ្នាទៅវិញទៅមកបានជានិច្ច ដោយមិនប្រកែប្រកាន់ គឺមានការយោគយល់អធ្យាស្រ័យ និងផ្តល់តម្លៃចំពោះគ្នាយ៉ាងប្រពៃ ពោលគឺជាពិធីតំណាងឲ្យស្វាមីដែលអាចបម្រើស្ត្រី ពេលមានជំងឺ មានកូនខ្ចី មានទទួលគ្រោះថ្នាក់ ដោយគ្មានការប្រកាន់វណ្ណៈ របស់ខ្លួនថា ជាប្រុសបន្ទន់ខ្លួន ធ្វើកិច្ចការដូច្នេះមិនបានឡើយ។
ចំណែកទឹកលាងជើងវិញទៀតសោត គេប្រារព្ធដោយយកទឹកដូង មកលាងជើងជាដំណាងទឹកចិត្តបរិសុទ្ធស្អាតស្អំ (ទឹកបេះដូង) ឬទឹកសួគ៌អម្រិត ពរជ័យសាធុការ សម្រាប់លាងជម្រះនូវមន្ទិលទាំងឡាយរបស់បុរសស្ត្រី ដែលធ្លាប់មានពីអតីតកាលឲ្យជ្រះស្អាតល្អ បរិសុទ្ធ ចាប់តាំងពីថ្ងៃថ្មីនេះតទៅលែងបង្កមន្ទិលបន្តទៅទៀត បន្ទាប់ពីរៀបការហើយ៕
ប្រភព៖ KNT
មើលគួរយល់ដឹងផ្សេងៗទៀត
- មានដឹងថា ស៊ុបមាន់ខ្មៅប៉ូវសុខភាព ល្បីបំផុតមានលក់ នៅទីណាអត់?
- វិធីធ្វើឱ្យស្បែកភ្លឺថ្លា និងស្រស់ស្អាត
- តើគួរឲ្យ ក្មេងៗចាប់ផ្តើម រៀនភាសា នៅអាយុប៉ុន្មាន?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!