និស្ស័យ​ពី​កំណើត

 
 


ឆ្លើយតប​នឹង​សំណួរ​ខាងលើ​លោក​សាស្ដ្រាចារ្យ ផាន់ ចាន់ពៅ ឯកទេស​ចិត្ដវិទ្យា​នៃសាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នឹង​បកស្រាយ​អំពី​និស្ស័យ​ជូន​ប្រិយ​​​​​មិត្ដ​អ្នកអាន​ក្នុង​ទស្សនាវដ្ដី សុខភាពយើង។

អ្វីជា​និស្ស័យ?

និស្ស័យ​ជាឫកពា​ដែលមាន​លក្ខណៈ​ខុសគ្នា​ពី​អត្ដចរិត ដែលអាច​ទទួលបាន​ពីឥទ្ធិពល​នៃការ​អប់រំ​របស់​គ្រួសារ មិត្ដភក្ដិ មជ្ឈដ្ឋាន​ជុំវិញ សាលារៀន និង​សង្គម​នៅពេល​ដែល​បុគ្គលនោះ​ដឹងក្ដី ឬធំ​ពេញវ័យ។ ឥទ្ធិពល​នេះអាច​ឱ្យគេ​ក្លាយជា​មនុស្ស​ស្លូតបូត រម្យទម សុភាព​រាបសារ ឬ​កោងកាច ព្រហើន​ច្រឡើស​បើស ខ្ជិលច្រអូស​ជាដើម។ អត្ដចរិត​កើតឡើង​លើមនុស្ស​ក្រោយ​និស្ស័យ​មួយ​ជំហាន ដែល​អត្ដចរិត​នោះគេ​អាចធ្វើ​ការ​កែប្រែ​បានតាម​របត់នៃ​ការ​រស់នៅ​ក្នុង​មជ្ឈដ្ឋាន។ និស្ស័យ​មានការ​ពាក់ព័ន្ធ​នឹង​មូលដ្ឋាន​សរីរ បេះដូង ទឹកប្រមាត់ អ័រម៉ូន​ជាដើម។ ឧទាហរណ៍​បុគ្គល​មាន​ឫកពា​ឆេវឆាវ ឆាប់ខឹង​ច្រឡោត ស្រគត់​ស្រគំ ស្ងប់​ស្ងៀម ប្រុសតែ​មាន​សារជាតិ​ដូចស្រី ឬស្រី​តែមាន​សារជាតិ​ដូចជា​ប្រុស ស្ទក់ៗ​ទុយមុយ មាន​សភាព​ស្រស់ស្រាយ ញញឹម​ប្រិមប្រិយ​ជាប់​ជានិច្ច​ជាដើម។

លោកប៉ាវ លូវ អ្នក​ប្រាជ្ញ​ផ្នែកចិត្ដ​វិទ្យា​បាន​រកឃើញ​និស្ស័យ​របស់​មនុស្ស​មាន៤​គឺ

  • មនុស្សចិត្ដ​នឹងនរ គឺគេ​មិនងាយ​ផ្លាស់ប្ដូរ​ការគិត មិនងាយ​ជឿជាក់​តាម​អ្នកដទៃ
  • មនុស្ស​ឆេវឆាវ គឺជា​បុគ្គល​ដែលឆាប់​ខឹង ឆាប់បាត់ ខ្វះ​ហេតុផល
  • មនុស្ស​មានការ​សម្រេច​ចិត្ដខ្ពស់ គឺជា​មនុស្ស​មាន​ឧត្ដមគតិ មានការ​គិត​ល្អិតល្អន់ មាន​ហេតុផល​មុន​សម្រេច​ចិត្ដ
  • មនុស្ស​ទុក្ខ​ក្រៀមក្រំ ជាមនុស្ស​ដែលមាន​ភាព​ខ្វាយខ្វល់​ច្រើន រស់នៅ​ដាច់ឆ្ងាយ​ពីអ្នកដទៃ។


និស្ស័យ​កើតឡើង​ពេលណា ដោយ​សារអ្វី?

ជាការ​ពិតណាស់ និស្ស័យ​របស់​មនុស្ស​គេអាច​បណ្ដុះបាន​ចាប់ពី​ពេល​តាំងគក៌​រហូតក្មេង​ចាប់ផ្ដើម​ដឹងក្ដី ទាំងខាង​ផ្លូវចិត្ដ ឫកពា ចំណង់​ចំណូល​ចិត្ដ​ជាដើម។ មាតាបិតា​ត្រូវត្រៀម​លក្ខណៈជាស្រេច​នូវកត្ដា​ផ្លូវចិត្ដ សេដ្ឋកិច្ច លំនៅ​ដ្ឋាន និង​សង្គម ដែលអាច​ជះឥទ្ធិពល​ដល់កូន​ក្នុងផ្ទៃ និងកូន​ដែល​កំពុង​ចាប់ផ្ដើម​វិវត្ដន៍​ផ្នែក​ស្មារតី។
1. កត្ដា​ផ្លូវចិត្ដ ៖ ឪពុកម្ដាយ​ជាមនុស្ស​សំខាន់​ក្នុងការ​តម្រង់​និស្ស័យ​កូន(តាមរយៈ​អារម្មណ៍​របស់​ម្ដាយ)។ មិនឈ្លោះ​គ្នា ឬគ្មាន​ភាពល្អក់​កករ បង្កភាព​ស្និទ្ធស្នាល និងការ​ថ្នាក់ថ្នម​ផ្លូវកាយ​ផ្លូវចិត្ដ និយាយ​រឿង​សប្បាយៗ ផ្ដល់​នូវភាព​កក់ក្ដៅ​រីករាយ​ឱ្យបាន​ច្រើនតាម​ដែលអាច​ធ្វើបាន។ ប្ដី​ត្រូវរក​សៀវភៅ​ផ្សេងៗ​ដូចជា​រឿង​និទាន​កុមារ ទស្សនាវដ្ដី ឬ​អត្ថបទ​អប់រំ​ល្អៗ សម្រាប់​ភរិយា​អាន ឬ​អានឱ្យ​ភរិយា និង​កូនស្ដាប់​ជារៀងរាល់​ថ្ងៃ។ លើសពី​នេះ​មាតា​គួរមើល​ទូរទស្សន៍ ឬវីដេអូ​ដែល​ផ្ដោត​សំខាន់​ទៅលើ​វីរភាព​អង់អាច ក្លាហាន​មាន​ឧត្ដមគតិ។ ទាំងនេះ​កូនអាច​មាន​សតិក្លាហាន មិន​កោងកាច មាន​ហេតុផល ឆ្លាតវៃ ឆាប់ចេះ​និយាយ កាយ​សម្បទា​រឹងប៉ឹង មាន​ទំនាក់ទំនង​ល្អរវាង​អន្ដរបុគ្គល​ជាដើម។
2. កត្ដា​សេដ្ឋកិច្ច ៖ សំខាន់​ណាស់​សម្រាប់​ការ​ទ្រទ្រង់​ជីវភាព​គ្រួសារ​ពេលដែល​ស្ដ្រី​ពពោះ និង​ក្រោយពេល​សម្រាល។ ការ​បំប៉ន​សុខភាព​មាតា និង​ទារក ថវិកា​ត្រៀម​ត្រូវមាន​ជា​ចាំបាច់។ ត្រូវគិត​ពីរបប​អាហារ​ឱ្យបាន​គ្រប់គ្រាន់ និង​កម្រិត​ប្រភេទ​អាហារ ដែលគួរ​បរិភោគ។ លើសពី​នេះចំពោះ​ការ​ប្រើប្រាស់​ថ្នាំ​ក៏ជា​កត្ដា​សំខាន់ ព្រោះ​អាច​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​សុខភាព​ទារក​ក្នុងផ្ទៃ (ករណី​មិនទាន់​សម្រាល)។ របប​អាហារ និង​ការប្រើ​ឱសថ គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ឱ្យបាន​ទៀងទាត់ ដើម្បី​តាមដាន​សុខភាព។
3. ពាក់ព័ន្ធ​លំនៅ​ដ្ឋាន ៖ លំនៅ​ដ្ឋាន​គួរ​សម្អាត​ឱ្យបាន​ស្អាត ប្រកប​ដោយ​ផាសុកភាព ពិសេស​ត្រូវចាប់​អារម្មណ៍​ចំពោះ​បន្ទប់ដេក​គួរបិទ​រូបក្មេង​ស្អាតៗ បន្ទប់គួរ​លាបពណ៌​ពងមាន់ ពណ៌​ផ្ទៃមេឃ​ស្រាល ឬពណ៌​ស៊ីជម្ពូ​ជាដើម។ ទាំងនេះ​គឺ​រួមចំណែក​ឱ្យម្ដាយ​មាន​អារម្មណ៍​ល្អស្រស់​ថ្លា។
4. កត្ដា​សង្គម ៖ ក្មេង​ទើបនឹង​កើត និង​មិនទាន់​ដឹងក្ដី ពុំទាន់​ឆ្លងផុត​ដំណាក់​កាលនៃ​ការពត់​និស្ស័យ​ទេ។ ដូច្នេះ​កត្ដា​ជុំ​វិញ ដែល​ក្មេងបាន​ជួប បានឮ បានឃើញ​នូវ​ឥរិយាបថ រឿង​ភាពយន្ដ សកម្មភាព​ទាំងឡាយ​របស់​មនុស្ស​ក្នុង​សង្គម។ ក្នុងនោះ​រួមទាំង​ឪពុកម្ដាយ ញាតិ​សន្ដាន និង​អ្នកដទៃ ពិសេស​អ្វីដែល​នៅក្បែរ និង​ដក់ជាប់​ក្នុង​អារម្មណ៍ ជា​ចំណែក​មួយនៃ​ការបណ្ដុះ​និស្ស័យ​របស់ក្មេង។

ប្រការ​ចាំបាច់​គួរ​ចៀសវាង

ថ្វីត្បិត​កូនក្នុង​ផ្ទៃ​ពុំទាន់​ឃើញ​ពន្លឺថ្ងៃ ក្មេង​ទើបកើត​ពុំអាច​ហាស្ដី ឬ​ពុំអាច​វិភាគ​អ្វីបាន ប៉ុន្ដែ​ទារក​ឬក្មេង​អាច​ទទួល​ឥទ្ធិពល គ្រប់យ៉ាង​ដែលម្ដាយ​បានជួប ឬវា​ផ្ទាល់បាន​ប្រទះ។ ដូច្នេះ​ព្រឹត្ដិការណ៍​ខ្លះដែល​មិនគួរ​ភព​ប្រសព្វ គឺ​ជម្លោះ​ផ្សេងៗ មិនគួរ​ទៅ​សួរសុខ​ទុក្ខ ឬទៅ​ទីកន្លែង​មានអ្នក​ជម្ងឺ​ធ្ងន់ធ្ងរ​ដែលអាច​ប៉ះពាល់​អារម្មណ៍ មិន​គប្បី​មើល​ហេតុការណ៍​រន្ធត់ ដូចជា​គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ​ជាដើម ។ មិនគួរ​មើល​ទូរទស្សន៍ ឬ​វីដេអូ​ប្រភេទ​រឿងខ្មោច រឿងធ្វើ​ទារុណកម្ម រឿងកាច​សាហាវ មានកាត់​ក្បាល ខ្វេះភ្នែក ឬរឿង ដែល​បង្ហាញពី​ការធ្វើ​ទុក្ខបុក​ម្នេញ​ពោរពេញ​ដោយការ​ឈឺចាប់ និង​ទុក្ខសោក​សៅ​នោះទេ។

ដំបូន្មាន​អ្នកផ្ដល់​ប្រឹក្សា

គូស្វាមី​ភរិយា​គ្រប់គ្នា​តែងតែ​ប្រាថ្នា​មានបុត្រ​ដែល​ឆ្លាតវៃ មាន​សុខភាពល្អ​ទាំងកាយ​ទាំងចិត្ដ ស្លូតបូត ស្របតាម​គន្លង​ធម៌។ ប៉ុន្ដែ​ឪពុកម្ដ្កាយ​ស្ទើរមួយ​រយភាគ​រយ​មិនសូវ​យកចិត្ដ​ទុកដាក់ ឬ​គិតគូរ​លើការ​អប់រំ​តាំងពី​ក្នុងផ្ទៃ​នោះទេ។ លុះកូន​កើតមក​ធំដឹងក្ដី​មិនឆ្លាត មិនស្ដាប់​ការ​ទូន្មាន ទើបមាន​វិប្បដិសារី។ ដូច្នេះ​អាណាព្យាបាល​គ្រប់គ្នា​ត្រូវតែ​យកចិត្ដ​ទុកដាក់ ជាពិសេស​ចំពោះ​ទារក​តាំងពី​ក្នុង ឧទរ​រហូត​ពេញវ័យ ទើបការ​បណ្ដុះ​ពូជ​ធនធាន​មនុស្សម្នាក់​មាន​សុពលភាព​ស្របតាម​ក្ដីប្រាថ្នា។


By healthcambodia

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម