វិបត្ដិផ្លូវចិត្ដស្ដ្រីលក់ខ្លួន
ដើម្បីជាជំនួយក្នុងការដោះស្រាយបញ្ហាវិបត្ដិផ្លូវចិត្ដស្ដ្រីលក់ខ្លួន ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសន៍ជាមួយ លោក វេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេសវិកលវិទ្យា អនុប្រធានផ្នែកជម្ងឺផ្លូវចិត្ដនៃមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត។
វិបត្ដិផ្លូវចិត្ដរបស់ស្ដ្រីលក់ខ្លួន
នៅក្នុងពាក្យពេចន៍អក្សរសាស្ដ្រខ្មែរបានបង្កប់អត្ថន័យរួចស្រេចហើយ ជាប្រភេទស្ដ្រីបម្រើផ្លូវភេទដើម្បីទទួលបានលាភសក្ការៈ។ ប៉ុន្ដែបុរសក៏ជាតួអង្គសំខាន់ដែលបង្កឱ្យមានស្ដ្រីលក់ខ្លួនឡើង តែដោយសារវប្បធម៌នៃការរស់នៅនិងប្រពៃណីខ្មែរមានលក្ខណៈរឹតត្បិតចំពោះស្ដ្រីច្រើនជាងបុរស។
មូលហេតុបណ្ដាលឱ្យមានស្ដ្រីលក់ខ្លួន
ជីវិតជាស្ដ្រីមានការលំបាក ដូច្នេះប្រសិនបើមិត្ដនារីមានគំនិតឈ្លាសវៃ និងការយល់ដឹងខ្ពស់ គឺរកឃើញនូវប្រភពសុភមង្គល អនាគតមានពន្លឺប្រកបដោយកិត្ដយសល្អ និងរឹងមាំ។ ផ្ទុយទៅវិញមានមូលហេតុជាច្រើនដែលបង្កឱ្យមានស្ដ្រីលក់ខ្លួន ដែលភាគច្រើន កើតចេញពីការប្រព្រឹត្ដរបស់បុគ្គលម្នាក់ៗ គួបផ្សំនឹងបរិយាកាសនៅជុំវិញខ្លួនដូចជា ៖
1 . កត្ដាបុគ្គល ៖ នារីពេលដែលធំដឹងក្ដីឡើងទៅប្រកបមុខរបរបម្រើផ្លូវភេទផ្ដើមឡើងពីជីវភាពមិនគ្រប់គ្រាន់ ពុំមាន លទ្ធភាពចាប់យកចំណេះដឹងផ្សេងៗសម្រាប់ប្រកបមុខរបរដើម្បីបានកម្រៃចិញ្ចឹមជីវិត ក្រុមគ្រួសារ និងកូនចៅ។ ស្ដ្រីមួយចំនួនទៀត បណ្ដាលមកពីការលែងលះគ្នា ធ្វើឱ្យមានការសម្រេចចិត្ដទាំងបង្ខំ ដោយសារគ្មានជម្រើសក៏ដាច់ចិត្ដប្រកបមុខរបរ ដើម្បីទទួលកម្រៃ សម្រាប់តម្រូវការចាំបាច់។
2 . កត្ដាសង្គម ៖ កើតពីជនខិលខូចមួយចំនួនតូច ដែលមិនបានគោរពច្បាប់អាចទៅបំពាន ឬចាប់រំលោភស្ដ្រីក្រមុំណាម្នាក់ ធ្វើឱ្យគិតថាខ្លួនបាត់បង់ព្រហ្មចារី គឺអស់ន័យហើយគ្មានការអៀនខ្មាស និងមានស្ដ្រីខ្លះចាញ់បោកសង្សារ ក៏ឈានទៅប្រកបរបររកស៊ី ផ្លូវភេទដែរ។
3 . កត្ដាដៃគូស្នេហា ៖ ការសេពគប់ដៃគូសង្សារមិនល្អអាចអូសទាញនាំឱ្យប្រើប្រាស់ថ្នាំញៀន ហើយគិតថាខ្លួនបាត់បង់ អស់ក្ដីអៀនខ្មាសក៏ទៅប្រកបរបរបម្រើផ្លូវភេទ។
4 . កត្ដាគ្រួសារ ៖ ដោយសារតែក្រុមគ្រួសារមានជីវភាពខ្វះខាត មិនបានចុងផ្ដើមកូនស្រីឱ្យទទួលបានការអប់រំខ្ពស់ បម្រើ ការងារត្រឹមតែជាកម្មកររោងចក្រ ងាយឆោតល្ងង់តាមអ្នកដទៃឆបោក ជាឱកាសងាយធ្លាក់ខ្លួនបម្រីផ្លូវភេទ។
5 . កត្ដាវប្បធម៌ ៖ សព្វថ្ងៃនេះចរន្ដទីផ្សារសេរី ធ្វើឱ្យលំហូរវប្បធម៌ចូលមកពីក្រៅគ្រប់មជ្ឈដ្ឋាន ជាការពិតថ្វីត្បិតក្រសួង វប្បធម៌ សមត្ថកិច្ចទប់ស្កាត់ក្ដី ក៏នៅមានជនខិលខូចមួយចំនួននាំនូវវប្បធម៌ រូបភាព ភាពយន្ដអាសអាភាស គាប់ជួនខ្លួនកំពុងឈ្លក់វង្វេង ញៀនស្រាប់ផង គ្រប់គ្រងខ្លួនឯងមិនបាននឹងរូបភាពស្រើបស្រាល បណ្ដោយឱ្យខ្លួនទៅជាស្ដ្រីបម្រើសេវាកម្មផ្លូវភេទ។
6 . កត្ដាឥទ្ធិពលទឹកប្រាក់ ៖ ចិត្ដលោភលន់តែងតែមានមិនចេះចប់នៅក្នុងជីវិត រីករាយទទួលយកនូវអ្វីដែលបានមកងាយៗ រហ័សទាន់ចិត្ដសម្រាប់តម្រូវការចាំបាច់ ទឹកប្រាក់ជាវត្ថុចាំបាច់មួយធ្វើឱ្យមនុស្សហ៊ានធ្វើអ្វីៗដើម្បីប្រាក់។ យ៉ាងណាមិញស្ដ្រីលក់ខ្លួន សប្បាយស្ដាយនូវលាភទាំងនេះ ក៏ស្វែងរកអន្ទងអ្នកស្រុកភូមិជាមួយគ្នាបញ្ចុះបញ្ចូលឱ្យមកបម្រើផ្លូវភេទជាមួយគ្នា ដើម្បីទទួលលាភសក្ការៈ។ ពេលខ្លះស្ដ្រីបម្រើស្រាបៀរពិសាជាតិស្រវឹង ជ្រួលជ្រើម និងភ្លើងពណ៌បៀរហ្គាឌិន ឈ្លក់វង្វេងអារម្មណ៍ ត្រេកអរទទួលទឹកប្រាក់ពីជនខិលខូច អាចនាំទៅបម្រើផ្លូវភេទដើម្បីប្រាក់។
រូបភាពទស្សនាវដ្តីសុខភាពយើង
ស្ដ្រីលក់ខ្លួនប៉ះពាល់ផ្នែកផ្លូវចិត្ដ
គ្រប់តួនាទីភារកិច្ចទាំងអស់ ពេលបំពេញការងាររមែងតែងតែមានគំនាបនិងផលប៉ះពាល់ផ្នែកផ្លូវចិត្ដ ៖
កិត្ដិយស ៖ តាមប្រពៃណីខ្មែរ ស្ដ្រីមានតម្លៃខ្លាំងណាស់ទៅលើព្រហ្មចារី នៅពេលជនណាម្នាក់ឆបោកបំពានខូចខ្លួនប្រាណ ងាយនឹងប៉ះទង្គិចផ្លូវចិត្ដ មានវិបត្ដិធ្ងន់ធ្ងរ។
ទំនួលភារកិច្ច ៖ នៅពេលស្ដ្រីបម្រើផ្លូវភេទបានជួបបុរសគ្រប់ប្រភេទ គ្រប់ជំពូក និងគ្រប់រូបភាព គួបផ្សំការរើសអើងពី សង្គមខាងក្រៅផង ធ្លាក់ទឹកចិត្ដ អស់សង្ឃឹមដិតដក់ដាមស្នាមដំបៅផ្សេងៗ ធ្វើឱ្យអារម្មណ៍ភ័យខ្លាច បាក់ស្បាតផ្នែកផ្លូវចិត្ដដែរ។
អាការរបស់ស្ដ្រីលក់ខ្លួនប៉ះពាល់ផ្នែកផ្លូវចិត្ដ
ស្ដ្រីនោះបង្ហាញឱ្យឃើញស្ដែងឡើងនូវភាពឈឺចាប់ មានអារម្មណ៍ឆេវឆាវ ទឹកមុខស្រងូតស្រងាត់ គេងយប់សុបិនអាក្រក់ ភ្ញាក់ឡើងរន្ធត់ មានអារម្មណ៍អស់សង្ឃឹម និងពេលខ្លះរៀបរាប់បញ្ចេញយោបល់ប្រាប់មិត្ដភក្ដិជិតស្និទ្ធនៅក្បែរខ្លួន។
វិធីការពារវិបត្ដិផ្លូវចិត្ដស្ដ្រីលក់ខ្លួន
ស្ដ្រីលក់ផ្លូវភេទមានវិបត្ដិផ្លូវចិត្ដមិនអាចទប់ស្កាត់បានទេ ព្រោះរបរបម្រើផ្លូវភេទប៉ះទង្គិចរួចទៅហើយខាងផ្នែកផ្លូវចិត្ដ មាន តែវិធីជួយខ្លួនឯង និងស្វែងរកអ្នកឯកទេសផ្នែកពិគ្រោះជម្ងឺផ្លូវចិត្ដដើម្បីប្រឹក្សានោះទេ ទើបអាចជួយបាន។
វិធីព្យាបាលវិបត្ដិផ្លូវចិត្ដស្ដ្រីលក់ខ្លួន
ក្នុងករណីស្ដ្រីលក់ខ្លួនទើបតែមានវិបត្ដិផ្លូវចិត្ដក្នុងកម្រិតណាមួយស្រាល ឬជាមធ្យមអាចជួយខ្លួនឯងបានតាមរយៈការពិគ្រោះ ពិភាក្សាជាមួយមិត្ដភក្ដិ ចែករំលែកនូវបទពិសោធន៍អាក្រក់ជូននារីដែលខ្លួនទុកចិត្ដបំផុតដឹង ធ្វើឱ្យអារម្មណ៍ជាសះស្បើយពីការប៉ះទង្គិចផ្លូវចិត្ដកន្លងមកហើយ។ មិត្ដអាចជួយគាំទ្រលើកទឹកចិត្ដ និងត្រូវមានពេលវេលាលម្ហែកម្សាន្ដខ្លះ ដើម្បីមានឱកាសសម្រាកកាយ សម្រាកចិត្ដ ឬដើរកម្សាន្ដ ហាត់ប្រាណជាការបន្ធូរអារម្មណ៍ និងបរិភោគអាហារណាមានតុល្យភាពជួយឱ្យស្ដ្រីធូរស្បើយឡើងវិញ។ ពេលសេពសន្ថវៈស្ដ្រីត្រូវការពារដោយប្រើប្រាស់ស្រោមអនាម័យ និងទទួលដំណេកឱ្យបានគ្រប់គ្រាន់។ ប៉ុន្ដែបើក្នុងករណីណាមួយខ្លួនឯង ឬមិត្ដភក្ដិជួយមិនបានទេ មានតែស្វែងរកអ្នកជំនាញឯកទេសបម្រើសេវាផ្នែកផ្លូវចិត្ដ។ ប៉ុន្ដែបើដល់ដំណាក់កាលធ្ងន់ធ្ងរ ភ្លេចភ្លាំង ឬវិកលចរិត ឮសូរសម្លេងដូចជាមាននរណាមករំខាន គឺមានតែថ្នាំទេដែលអាចជួយបានក្នុងកម្រិតធ្ងន់ធ្ងរណាមួយ។
ដំបូន្មានអ្នកជំនាញ
ជាចុងក្រោយមិត្ដនារីដែលមានបញ្ហាផ្លូវចិត្ដក្ដី ឬជម្ងឺផ្លូវចិត្ដក្ដី កាលណាមានអារម្មណ៍ដក់ជាប់នូវអំពើសាហាវលើផ្លូវចិត្ដ និងផ្លូវ កាយជាអ្នកបម្រើសេវាកម្មផ្លូវភេទតាមតម្រូវការរបស់បុរសគ្រប់ជំពូក ដើម្បីលាភសក្ការៈជាតម្រូវការចាំបាច់ គួរតែបោះបង់ចោល ហើយស្វែងរកមុខរបរដែលសមសួនទៅនឹងទីផ្សារ។ ស្វែងរក និងចូលរួមជាមួយអង្គការដែលតែងតែជួយផ្ដល់នូវការបណ្ដុះបណ្ដាល ចំណេះដឹង ជំនាញវិជ្ជាជីវៈ ទាំងកម្លាំងចិត្ដ និងកម្លាំងកាយចូលទៅរស់នៅជាមួយអង្គការទទួលបានការផ្គត់ផ្គង់។ បើស្ដ្រីលក់ខ្លួនមានវិបត្ដិផ្លូវចិត្ដធ្ងន់ធ្ងរកើតឡើង ដូចជាកាមរោគ ឬជម្ងឺផ្សេងៗ សូមទៅពិគ្រោះ និងស្ដាប់យោបល់ជាមួយអ្នកជំនាញផ្នែកជម្ងឺផ្លូវចិត្ដ ផ្ដល់យោបល់។
By healthcambodia
មើលគួរយល់ដឹងផ្សេងៗទៀត
- ធ្វើយ៉ាងណាទើបអ្នកមានភាពរីករាយនឹងការងាររបស់អ្នក?
- ហេតុផលទាំង១០ ដែលត្រូវតែញ៉ាំ អាហារពេលព្រឹក ជាដាច់ខាត!
- ធ្វើម៉េច ទើបរត់ដោយមិនមានការឈឺចាប់?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!