ត្រៀមខ្លួនជួបឪពុកម្ដាយគូស្នេហ៍
វាមានការពិបាកនៅពេលអ្នកក្លាយជាផ្ទាំងស៊ីបដំបូង ដែលឪពុកម្ដាយរបស់គេចាំកត់សម្គាល់ និងពិចារណា ថ្លឹងថ្លែងមកលើខ្លួនអ្នក។ ជួនកាលការរៀបឫកពាពុំបានសមរម្យតាមកាលៈទេសៈ វាជាឧបសគ្គមួយនៃការតភ្ជាប់ចំណងស្នេហ៍របស់ អ្នកជាមួយគ្នាបន្ដទៀត។
រូបភាពទស្សនាវដ្ដីសុខភាពយើង
សូមស្វែងយល់ជាមួយទស្សនាវដ្ដី សុខភាពយើង អំពីប្រការមួយចំនួនក្នុងការធ្វើខ្លួនឱ្យបានត្រឹមត្រូវ ដើម្បីក្លាយទៅជា កូនប្រសាអនាគតរបស់ពួកគេបាន។
1 . មារយាទ ៖ រឿងនេះចាត់ទុកថា ជាទំនៀមទម្លាប់សាមញ្ញធម្មតាទៅហើយ ប៉ុន្ដែវាមានសារៈសំខាន់ណាស់សម្រាប់ ការវាយតម្លៃមកលើខ្លួនអ្នកថាជាមនុស្សបែបណា។ នេះជាមេរៀនដំបូងទីដែលអ្នកត្រូវតែចេះរៀបឫកពាឱ្យបានស្រួលបួលមុននឹងដើរ សំដៅទៅកាន់ផ្ទះអនាគតឪពុកម្ដាយក្មេករបស់ខ្លួន។ អ្នកត្រូវចេះបញ្ចេញសម្ដីសម្ដែងការ រាក់ទាក់ច្បាស់លាស់ មានទឹកមុខស្រស់ ស្រាយចំពោះមុខចាស់ទុំ។ ក្រៅពីសម្ដែងកាយវិការរហ័សរហួនហើយ អ្នកក៏ត្រូវ បញ្ចេញភាពឧស្សាហ៍ព្យាយាមផងដែរ។ មនុស្សចាស់ ខ្លះអាចសាកល្បងនិយាយគំរោះគំរើយពិសោធន៍ចិត្ដយើង។ ប៉ុន្ដែពេលនេះអ្នកត្រូវចេះទប់សង្កត់ចិត្ដ និងមិនត្រូវបញ្ចេញការប្រែប្រួលទឹកមុខ ឬបង្ហាញកែវភ្នែកសម្លក់សម្លឹងតបតដោយកំហឹងទេ។
2 . ការតែងខ្លួន ៖ វាជាការបង្ហាញអត្ដសញ្ញាណមុនដំបូងគេដែលឆ្លុះបញ្ចាំងឱ្យឃើញពីលក្ខណៈបុគ្គលភាពរបស់អ្នក។ មនុស្សចាស់ពេលដែលមាននរណាម្នាក់ឈានដល់មាត់ទ្វារផ្ទះរបស់ខ្លួនដំបូង គឺតែងតែសង្កេតមើលពីអត្ដចរិតរាក់ទាក់ និងសម្លៀកបំពាក់នេះហើយ។ បើពេលនេះអ្នកស្លៀកពាក់សិចស៊ីជ្រុល ដូចជាសំពត់ខ្លីស្ទើរលេចគល់ភ្លៅ អាវវាលលេចគល់សុដន់ ឬអាវខើចលេច រន្ធផ្ចិតច្បាស់ជាទទួលបានពិន្ទុយ៉ាប់តាំងពីដំបូងទីពុំខាន។ ដូច្នេះចូរប្រយ័ត្នប្រយែងឱ្យមែនទែន បើទោះបីជាអ្នកជានារីដែលទាន់សម័យ យ៉ាងណាក៏ដោយក៏ត្រូវតែផ្លាស់ប្ដូរ បើសិនអ្នកនាងចង់ក្លាយទៅជាកូនប្រសាគេ។ ជាការពិតដែលអ្នកនាងមានសមត្ថភាពទិញសម្លៀក បំពាក់ល្អៗដើម្បីប្រើប្រាស់ ប៉ុន្ដែសម្លៀកបំពាក់មួយចំនួនវាបានធ្វើឱ្យតម្លៃជាស្ដ្រីថ្លែថ្នូររបស់អ្នកនាងត្រូវបាត់បង់។
3 . អាជីពការងារ ៖ អាជីពការងាររបស់អ្នកវាអាចបញ្ជាក់ប្រាប់ពីអ្វីៗបានគ្រប់បែបយ៉ាង ទាំងនិស័្សយចិត្ដគំនិត ភាពឆ្លាតវៃ និងភាពអាចចុះសម្រុងគ្នាបាន រវាងអ្នកជាមួយនិងកូនប្រុសរបស់ពួកគាត់។ សម័យនេះឪពុកម្ដាយភាគច្រើនពុំចង់បាននរណា ម្នាក់ឱ្យមកដេកស៊ីដោយសារកម្លាំងកូនប្រុសរបស់គាត់នោះទេ។ ហេតុនេះអ្នកនាងត្រូវធ្វើយ៉ាងណាបង្ហាញឱ្យពួគគាត់បានឃើញអំពី ភាពម្ចាស់ការលើខ្លួនឯងរបស់អ្នកនាង មានតុល្យភាពផ្នែកសេដ្ឋកិច្ចជាដើម។
រូបភាពទស្សនាវដ្ដីសុខភាពយើង
4 . ឋានៈ និងកម្រិតជីវភាពគ្រួសារ ៖ រឿងនេះសម្រាប់គ្រួសារខ្លះមិនសូវសំខាន់ណាស់ទេប៉ុន្ដែគ្រួសារខ្លះទៀតគេគិតពី បញ្ហានេះធំដុំណាស់។ មនុស្សយើងមិនអាចជ្រើសរើសការចាប់កំណើតនេះបានទេ ហេតុដូច្នេះបើគ្មាននរណាសួរ អ្នកនាងក៏មិនចាំបាច់ ប្រកាសប្រាប់ចេញមកដែរ ព្រោះបញ្ហាខាងឋានៈគ្រួសារនេះ វាបានសាងបញ្ហាស្មុគស្មាញណាស់សម្រាប់ការគិតគូរ។ ហេតុនេះបើចង់ គិតពីឋានៈគ្រួសារ អ្នកនាងគួរតែគិតវា និងស្វែងយល់ឱ្យបានច្បាស់លាស់តែពីពេលទើបនិងចាប់ផ្ដើមសេពគប់គ្នាម្ល៉េះ។ ដើម្បីកុំឱ្យ ដល់ពេលស្រឡាញ់គ្នាឡើងទុំជោរទៅហើយ ទើបនាំគ្នាគិតពីបញ្ហានេះ នេះជារឿងដែលពិបាកដោះស្រាយបំផុត។
៥ . ភាពចុះសម្រុងជាមួយគ្រួសារគេ ៖ បើអ្នកធ្វើខ្លួនឱ្យចុះសម្រុងជាមួយក្រុមគ្រួសាររបស់គេតាំងពីដំបូងទី ការផ្ញើខ្លួន ផ្ញើប្រាណជាសាច់ថ្លៃស្រីក៏ចាត់ទុកថាបានសម្រេចជាងពាក់កណ្ដាលផ្លូវដែរអ៊ីចឹង ហើយអ្នកមិនគួរមើលរំលងវាឡើយ។ ព្រោះក្រោយ ពេលរៀបការមានប្ដីប្រពន្ធជាច្រើនបានលែងលះគ្នា ដោយសារតែសាច់ថ្លៃស្រីដែលភាគច្រើនជាអ្នកដែលចាំសង្កេតគ្រប់សកម្មភាព ទាំងឡាយរបស់យើង ហើយយកទៅបូរបាច់បញ្ចេញបញ្ចូល ដើម្បីឱ្យអ្នកដទៃមានគំនិតមិនចូលចិត្ដយើងតាមពួកគេដែរ។ ជាទូទៅ កូនប្រសាស្រីភាគច្រើនជាប់ចោទជាអ្នកដែលដណ្ដើមយកសេចក្ដីស្រឡាញ់ពីកូន ពីបង ឬប្អូនរបស់ពួកគេទេ។ ហេតុនេះហើយ ទោះ តិច ឬច្រើន តែងតែមានបញ្ហានឹងគ្នា ដោយកម្រនឹងចៀសរួចណាស់។
៦ . កិច្ចការផ្ទះសម្បែង ៖ ជាទូទៅការដែលទៅផ្ទះគូស្នេហ៍លើកដំបូង តែងតែត្រូវទទួលការអញ្ជើញឱ្យទទួលទានអាហារនៅទីនោះ។ មុនដល់ពេលទទួលទានអាហារ តែងតែមានការរៀបចំអាហារ ករណីនេះប្រសិនបើអ្វីដែលអ្នកនាងអាចធ្វើបាននោះគឺ ជួយកិច្ចការអ្វីដែលអាចជួយទៅបាន ព្រោះមានភ្នែកជាច្រើនកំពុងតែសម្លឹងមើលមកភាពជាស្ដ្រីមេផ្ទះរបស់អ្នក។ សូមកុំព្យាយាម ធ្វើអ្វីដោយអត្ដនោម័តិពេក រួមទាំងរសជាតិអាហារផងដែរ។ បើក្នុងករណីដែលមិនចេះធ្វើអ្វីសោះនោះ សូមត្រឹមតែជួយលាង ឬចិតបន្លែ រៀបចំតុអាហារក៏បានដែរ ព្រោះទោះជាយ៉ាងណាការជួបគ្នាលើកដំបូងគេ មិនទាន់ដឹងចិត្ដគេប្រាកដជាមិនទាន់ហ៊ានប្រើអ្នកឱ្យធ្វើអ្វីច្រើនឡើយ។
ចំណុចទាំងអស់ដែលលើកមកជម្រាបជូនអ្នកខាងលើនេះ សង្ឃឹមថាអាចក្លាយទៅជាជំនួយរបស់សុភាពនារីទាំងអស់ ដើម្បីទទួលបាននូវពិន្ទុខ្ពស់តាំងពីថ្ងៃដែលជួបឪពុកម្ដាយនិងបងប្អូនរបស់គូស្នេហ៍លើកដំបូង។ ម្យ៉ាងវិញទៀត សុភាពនារីទាំងអស់ត្រូវចាំថា នៅពេលអ្នកស្គាល់ ឬមានទំនាក់ទំនងជាមួយគូស្នេហ៍របស់អ្នកនោះ កែវភ្នែកដែលសម្លឹងមកមើលអ្នកមានតែ១គូប៉ុណ្ណោះ។ ប៉ុន្ដែនៅពេលដែលគេនាំអ្នកទៅផ្ទះនោះមានកែវភ្នែកច្រើនគូណាស់ ដែលសម្លឹងមកអ្នកតាំងពីក្បាលរហូតដល់ចុងជើង។
បណ្ដាំផ្ញើ
អ្នកត្រូវបោះបង់គំនិតពីការប្រមាថមើលងាយទុកមួយអន្លើសិន ដោយធ្វើចរិតនឹងនធម្មតា បន្ទាប់ពីនោះទើបគិតគូរសាជា ថ្មី។ បើអំឡុងពេលនេះអ្នកធ្វើឱ្យខូចការ អ្វីៗគ្រប់បែបយ៉ាងនោះនឹងនាំឱ្យបាត់បង់មារយាទថ្លៃថ្នូររបស់អ្នក ហើយជាពិសេសធ្វើឱ្យ ឈានដល់ការបែកបាក់ជាមួយគូស្នេហ៍ដែលត្រូវរៀបការរួមរស់ជាមួយគ្នាអស់មួយជីវិតទៀតផង។
By healthcambodia
មើលគួរយល់ដឹងផ្សេងៗទៀត
- មិនចង់កើតមុន គួរធ្វើដូចម្តេច?
- វិធីបង្រៀនកូនអ្នក ឱ្យមានចរឹតរឹងប៉ឹង
- ជម្ងឺវិបត្ដិផ្លូវចិត្ដមនុស្សចាស់
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!