មូលហេតុដែលនាំឱ្យប្រពន្ធមានសហាយ
បុរសដែលត្រូវប្រពន្ធមានប្រុសសហាយនោះ ស្ទើរតែជ្រែកឈ្មុលចូលទៅក្នុង ដីឱ្យបាត់ ព្រោះពិបាកនឹងទ្រាំទ្រចំពោះភាពអាម៉ាស់ ក្រោមខ្សែភ្នែកអ្នកដទៃ។ ស្ដ្រីលួចលាក់ស្នេហាជាមួយនឹងបុរសផ្សេងក្រៅ អាពាហ៍ពិពាហ៍ ចាត់ទុកជាកំហុសពិបាកនឹងលើកលែងទោសឱ្យណាស់សម្រាប់ស្ដ្រីខ្មែរ។ សង្គមបានចាត់ទុកថា នេះជាការប្រព្រឹត្ដិខុសនឹងវប្បធម៌ប្រពៃណី សីលធម៌ និងច្បាប់ប្ដីមួយប្រពន្ធមួយ។
រូបភាពទស្សនាវដ្ដីសុខភាពយើង
អ្នកណាៗក៏យល់ស្របដែរថាជាកំហុសរបស់ស្ដ្រី ប៉ុន្ដែបើយើងសាកល្បងចោទសួរទៅវិញថា ៖ “តើហេតុអ្វីបានជាស្ដ្រីមាន សហាយ បើនាងកំពុងមានប្ដីរស់ក្នុងចំណងអាពាហ៍ពិពាហ៍នោះ?” សំណួរនេះសូមបុរសជាប្ដីងាកមកចាប់អារម្មណ៍ និងរិះរកចម្លើយ មកឆ្លើយឱ្យបានសមស្របផង។ តាមការសិក្សារបស់អ្នកចិត្ដសាស្ដ្រទៅលើបញ្ហាគ្រួសារដែលបានលែងលះគ្នា ព្រោះតែបញ្ហាមាន សហាយនេះត្រូវបានគេរកឃើញថា មានមូលហេតុមួយចំនួនដែលធ្វើឱ្យស្ដ្រីជាប្រពន្ធមានសហាយក្បត់ចិត្ដប្ដីនោះ។
1 . ការគ្មានតុល្យភាពខាងជីវភាពផ្លូវភេទ ៖ ប្រការដែលគូប្ដីប្រពន្ធលើកយកមកប្រឹក្សាគ្នា ដូចជាពិភាក្សាអំពីរសជាតិ ស្នេហា តើទាំងពីរនាក់នឹងចូលចិត្ដបែបណា ឬតើគប្បីនឹងកែច្នៃទំនាក់ទំនងនោះយ៉ាងម៉េច ដើម្បីរកឃើញភាពផ្អែមល្ហែមបន្ថែមទៀត ទប់ស្កាត់ស្នេហារបស់គូខ្លួនកុំឱ្យជិនណាយ ឬសាកសួរគ្នាអំពីបណ្ដាប្រការដែលធ្វើឱ្យខ្លួនមិនបានទៅដល់ចំណុចពេញចិត្ដ ក្នុងនោះមាន ទាំងឥរិយាបថ ពេលវេលា និងទីកន្លែងផងដែរ។ ទាំងអស់នេះសុទ្ធតែមានផលប្រយោជន៍ដល់ការគ្រប់គ្រងគូជីវិតរបស់ខ្លួនឱ្យសោយសុខក្នុងសុភមង្គល។ យើងនឹងឃើញថា ការរស់នៅរួមគ្នារបស់មនុស្សពីរនាក់ ដែលមានជីវិតពីរ ចាំបាច់ត្រូវមានតុល្យភាពនឹងគ្នា បើមិនច្រើនក៏មិនឱ្យតិចពេកដែរ និងត្រូវធ្វើយ៉ាងណាកុំឱ្យជីវិតទាំងគូនេះមានការខុសប្លែកគ្នាពេក រហូតដល់ភាគីណាម្នាក់មិនអាច ទទួលបាននោះ។ ជាការប្រាកដណាស់ ប្រសិនបើធានាមិនបានតុល្យភាពសម្រាប់គូជីវិត ឬការខុសប្លែកគ្នាដល់ថ្នាក់ទទួលមិនបាន ពិតជាបញ្ហា“មានសហាយ”អាចកើតមានឡើងដែរ។ ផ្លូវដែលត្រូវដើរនោះគឺអ្នកទាំងពីរគប្បីបើកចំហចិត្ដឱ្យគ្នា បង្ហើបមាត់និយាយ ផ្ដោះផ្ដងគ្នាតែម្ដងទៅ ថាតើរៀងៗខ្លួនចូលចិត្ដដូចម្ដេច និងមិនចូលចិត្ដយ៉ាងម៉េច រួចហើយទាំងពីរនាក់រួមគ្នារកផ្លូវដោះស្រាយ។
2 . ប្ដីគ្មានពេលវេលាសម្រាប់គ្រួសារ ៖ មានគ្រួសារខ្លះបុរសឧស្សាហ៍ការងារ ឬឧទ្ទិសខ្លួនដល់សង្គមវីវក់ជ្រុលពេកដល់ថ្នាក់ ព្រលឹមចេញព្រលប់ចូល មួយសប្ដាហ៍គ្មានសៅរ៍អាទិត្យ។ ក្នុងខួរក្បាលរបស់បុរសជាប្ដីមានតែរឿងការងារ! ការងារ! និងការងារ! ចប់ពីការងារក៏ទៅជប់លៀងនៅទីនេះនៅទីនោះ។ ទោះបុរសធ្វើយ៉ាងនេះក៏ព្រោះដើម្បីឈានមុខ និងឱ្យឋានៈគ្រួសារប្រសើរឡើង។ ប៉ុន្ដែសូមក្រើនរម្លឹកថា កុំបណ្ដោយឱ្យភាពអផ្សុកកណ្ដោចកណ្ដែងរបស់ប្រពន្ធដល់ថ្នាក់ជំរុញបង្ខំឱ្យនាងធ្វើអ្វីដែលនាងមិនចង់ធ្វើ។ ប្រពន្ធដែលរង់ចាំនៅឯផ្ទះក៏ជាមនុស្សមានប្រមាត់ មានបេះដូង មានស្នេហា និងមានសេចក្ដីប្រាថ្នាដែរ។
រូបភាពទស្សនាវដ្ដីសុខភាពយើង
3 . បញ្ជោះបន្សោក ឬសងសឹកតបប្ដីវិញ ៖ អាចនិយាយបានថា វិធីបញ្ជោះបន្សោករបស់ស្ដ្រី(ឬការធ្វើត្រាប់តាមប្ដី ដើម្បីជាការសងសឹក) ក៏ជាហេតុផលមួយកំពុងតែកើតមានក្នុងសង្គមសព្វថ្ងៃនេះ និងអាចកើតមានច្រើនទៀតទៅតាមដង្ហើមរីកចម្រើន របស់សង្គមក្នុងពេលអនាគត។ សព្វថ្ងៃនេះ ស្ដ្រីផិតក្នុងចំណងអាពាហ៍ពិពាហ៍បានចាប់ផ្ដើមឡើង ដោយសារខាងភាគីបុរសដែលបាន ទៅរកសេចក្ដីសុខជាមួយរបស់ចម្លែកប្លែកមាត់នៅខាងក្រៅផ្ទះ។ ប្រពន្ធខ្លះដែលជួបនឹងស្ថានភាព“ប្ដីភ្លេចបាយផ្ទះ”បាននាំគ្នាគិត ងាយៗថា ៖ “គេធ្វើបាន រឿងអីយើងធ្វើមិនបាន!”។ អាចនិយាយបានថា ស្ដ្រីបរិភោគខាងក្រៅផ្ទះអាចខុសមកពីបុរសៗជាអ្នក បង្រៀន ឬជាអ្នកផ្ដើមមុន។ ទន្ទឹមនោះ មានបុរសខ្លះពុំបានគិត ឬមើលឃើញថា “ការមានស្រីជាកំហុសខុសឆ្គង ឬជាការផិតក្នុង អាពាហ៍ពិពាហ៍របស់ខ្លួននោះទេ!” ឬពុំបានគិតដល់ផ្លូវចិត្ដរបស់ប្រពន្ធដែលទ្រាំទ្រចុកចាប់ប៉ុណ្ណាជាមួយនឹងការផិតនេះនោះទេ។ ប៉ុន្ដែបើរឿងដូចគ្នានេះដែលខាងស្ដ្រីជាអ្នកប្រព្រឹត្ដវិញ បុរសបែរជាខឹងច្រឡោតតូងតាងរករឿងទាត់ធាក់កាប់ចាក់ បាញ់ប្រហារ និងលែង លះ។ ចំណុចត្រង់នេះហើយដែលអាចឱ្យមើលឃើញថា ៖ “បុរសៗមិនអាចធ្វើចិត្ដដូចជាស្ដ្រីបានឡើយ! ស្ដ្រីអាចខាំមាត់អត់ធន់បានខ្លះ នៅពេលបានដឹងថា ប្ដីមានស្រីនៅខាងក្រៅ!”។
4 . ខ្វះការជឿជាក់ទៅលើបរិស្ថានគ្រួសារ ៖ បរិស្ថានគ្រួសារនៃសង្គមសព្វថ្ងៃមានការប្រែប្រួលខុសពីដើមច្រើនណាស់។ ស្ដ្រីមួយចំនួនដោយសារតែការឈ្លក់វង្វេងនឹងវប្បធម៌បរទេស តាមរយៈខ្សែវីដេអូដែលបានបញ្ចាំងនោះ ដែលឃើញតែកើតមានបញ្ហា ដណ្ដើមប្ដីដណ្ដើមប្រពន្ធគ្នា ដល់ថ្នាក់ប្រើហិង្សាគ្រប់យ៉ាងរហូតដល់អំពើខ្លះជាបទឧក្រិដ្ឋទៀតផង ធ្វើយ៉ាងណាឱ្យតែដណ្ដើមបានស្ដ្រី ឬបុរសនោះមកជារបស់ខ្លួន។ ក្នុងសាច់រឿងវីដេអូទាំងនោះ តែងឆ្លុះបញ្ចាំងឱ្យឃើញភាពមិនស្មោះត្រង់ចំពោះប្ដី ចំពោះប្រពន្ធ ចំពោះកូន ឬចំពោះគូស្នេហ៍។ គ្រប់ពេលវេលាទាំងអស់តែងតែប្រទះនឹងសាច់រឿងផិត រហូតដល់ការឃើញញឹកញាប់នោះបានក្លាយទៅជារឿងធម្មតាស៊ាំក្នុងអារម្មណ៍។ ដូចនេះក៏យល់ឃើញថា “ការផិតក្នុងអាពាហ៍ពិពាហ៍”ជារឿងធម្មតា។ ស្ដ្រីខ្លះមានអារម្មណ៍ដក់ជាប់ ទៅតាមរូបភាពខ្សែរឿង ទើបនៅក្នុងជីវភាពរស់នៅក៏ចេះតែបណ្ដោយឱ្យខ្សែជីវិតឆ្លងកាត់ស្នេហាពីមួយទៅមួយតាមតម្រាប់កុន ល្ខោន។
5 . មនុស្សថ្មីត្រូវចិត្ដជាង ៖ ស្ដ្រីជាច្រើនបានជឿជាក់ថា គូស្នេហ៍ដែលបានឈានទៅដល់អាពាហ៍ពិពាហ៍ជាមួយនឹងនាង គឺជាបុរសដែលនាងស្វែងរក។ ប៉ុន្ដែនៅពេលរួមរស់ជាមួយនឹងគ្នាក្នុងជីវិតប្ដីប្រពន្ធយូរៗទៅ និងដោយចៃដន្យ ស្ដ្រីបានជួបនឹងមនុស្សថ្មី ម្នាក់ទៀត ស្រាប់ធ្វើឱ្យនាងមានការពេញចិត្ដមនុស្សថ្មីជាងប្ដីរបស់នាងទៅទៀត។ នាងបានឃើញបុរសថ្មីម្នាក់នោះមានគុណសម្បត្ដិ ច្រើនជាងប្ដីរបស់នាង។ នៅក្នុងស្ថានភាពរំជួលចិត្ដយ៉ាងនេះ ប្រសិនបើស្ដ្រីនោះមានសីលធម៌ និងកម្លាំងចិត្ដអាចនឹងទប់ប្រាណនាងបាន ព្រោះនាងគិតថា នាងជាស្ដ្រីមានប្ដីរួចទៅហើយ! នាងមិនអាចធ្វើអ្វីបានទៀតឡើយនៅក្នុងចំណងអាពាហ៍ពិពាហ៍នេះ។ ប៉ុន្ដែក៏មានស្ដ្រីខ្លះអាចនឹងបណ្ដោយចិត្ដបណ្ដោយកាយឱ្យភ្លើតភ្លើនទៅតាមការញ័ររំជួលរបស់បេះដូងផងដែរ ហើយពេលនោះនាងក៏ធ្លាក់ទៅក្នុង អន្លង់មានសហាយ។
បណ្ដាំផ្ញើ
អ្វីដែលលើកមកជម្រាបជូនខាងលើនេះ ជាមូលហេតុមួយចំនួនអាចនាំឱ្យស្ដ្រីដែលស្ថិតក្នុងចំណងអាពាហ៍ពិពាហ៍ភ្លាត់ស្នៀតមានសហាយ។ ហើយទាំងនេះក៏ជាបញ្ហាដែលពញ្ញាក់អារម្មណ៍បុរសទាំងឡាយដែលកំពុងស្ថិតក្នុងចំណុចប្រកាសអាសន្នឱ្យប្រឹងស្ដារ ចំណងនេះឡើងវិញ។ ពេលខ្លះការមានសហាយមិនមែនជាកំហុសរបស់ស្ដ្រីតែម្នាក់នោះទេ ហេតុនេះត្រូវរកឱ្យឃើញថា អ្នកណាដែលបង្កឱកាសឱ្យនាងមានសហាយបាន។
By healthcambodia
មើលគួរយល់ដឹងផ្សេងៗទៀត
- អ្នកនយោបាយទាំង ១០ ដែលពុករលួយបំផុតលើលោក
- “សាច់ដុំកំភួនជើង ឬសាច់ដុំជើងរបស់អ្នកអាចក្លាយទៅជារឹង តឹង និងឈឺចាប់យ៉ាងខ្លាំងភ្លាមៗ” នោះហើយដែលហៅថារមួលក្រពើ ឬការជាប់សាច់ដុំ។
- ឆ្នាំ 2014 ទៅស្គាល់ មហាសេដ្ឋីកំពូលទាំង ១០ របស់ ពិភពលោក
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!