បច្ចេកទេស​ទាយ​ឆុត​ ដឹង​សង្សារ​និយាយ​កុហក

 
 

    មនុស្ស​ស្រលាញ់​គ្នា ​ភក្ដីភាព​គឺ​សំខាន់​ណាស់។ គេ​មិន​ចង់​ឃើញ​សង្សារ​ខ្លួន​មាន​ការ​លាក់​បាំង​អ្វី​ឡើយ។ តែ​បើ​ថ្ងៃ​ណា​មួយ​ មនុស្ស​ជា​ទី​ស្រលាញ់​របស់​អ្នក​ហាក់​ដូច​ជា​មាន​អាថ៌កំបាំង​អ្វី​មួយ​ចំពោះ​អ្នក​ តើ​អ្នក​មាន​បច្ចេកទេស​បែប​ណា​ ដើម្បី​ចាប់​ចំណុច​និយាយ​កុហក​​របស់​គេ​បាន?

បើ​មិន​ទាន់​ដឹង​ទេ​ សាក​មើល​បច្ចេកទេស​របស់​យុវវ័យ​ខាង​ក្រោម​នេះ​បន្តិច​ទៅ៖

រូប​តំណាង​

យុវជន​ ប៉ុន បញ្ញា ​និស្សិត​សកល​វិទ្យាល័យ​កម្ពុជា​ ជំនាញ​អក្សរសាស្ត្រ​អង់គ្លេស​ បាន​ប្រាប់​ថា៖ “ដំបូង​តាម​ដាន​គេ​សិន។​ បន្ទាប់​មក​ស្ដាប់​ពាក្យ​គេ​និយាយ។ បើ​គេ​និយាយ​ដូច​ជា​ភ័យ​ៗ​ ហើយ​សំឡេង​គេ​ខុស​ពី​ធម្មតា​ យើង​អាច​ដឹង​បាន​ថា​ គេ​មាន​រឿង​លាក់​បាំង​ជាមួយ​យើង​ហើយ”។

ស្រដៀង​គ្នា​នេះ​ដែរ​ កញ្ញា​ ណេង សំណាង ​អាយុ​២៥​ឆ្នាំ​ អាជីវករ​លក់ដូរ​ បាន​ប្រាប់​ថា៖ “មើល​អាកប្បកិរិយា​របស់​គេ​ ប្រាកដ​ជា​ដឹង​មិន​ខាន​ឡើយ។ បើ​យើង​សួរ​នាំ​គេ​ បើ​ឃើញ​គេ​ភ័យ​ញ័រ​ខុស​ប្លែក​ពី​ធម្មតា​ យើង​អាច​សន្និដ្ឋាន​បាន​ថា​ គេ​កុហក​យើង​មិន​ខាន”។

មិន​ខុស​គ្នា​ប៉ុន្មាន​ យុវជន​ ណរ​ ចិត្រា​ និស្សិត​វិទ្យា​ស្ថាន​បច្ចេកទេស​ ជំនាញ​វិស្វកម្ម​អគ្គិសនី​ ឆ្នាំ​ទី​មួយ បាន​​ប្រាប់​ពី​បច្ចេកទេស​ដើម្បី​ដឹង​សង្សារ​និយាយ​កុហក​ថា​៖ “សាក​ជជីក​សួរ​ចុះ​ឡើង​ៗ​  រួច​តាម​ដាន​សកម្មភាព​ថា​តើ​​គេ​ហាក់​ដូច​ជា​ខុស​ប្លែក​ពី​មុន​ដែរ​ទេ។ មនុស្ស​និយាយ​កុហក​ សកម្មភាព​នឹង​​ស្ដែង​ឲ្យ​ឃើញ​ពី​ការ​និយាយ​កុហក​នោះ”។

ចំណែក​ឯ​ លោក​ សុវណ្ណ ថាន​ អាយុ​២៥​ឆ្នាំ ​បុគ្គលិក​បម្រើ​ការងារ​នៅ​សណ្ឋាគារ​Sofitel​ បង្ហើប​ឲ្យ​ដឹង​ថា​ សម្រាប់​លោក​ ការ​ដឹង​ថា​ អ្នកណា​និយាយ​កុហក​ គឺ​ជា​ការ​ងាយ​ស្រួល​ណាស់​ ដោយ​គ្រាន់​តែ​សង្កេត​លើ​សកម្មភាព​បី​យ៉ាង​ អត្តចរិត​ អាកប្បកិរិយា​ និង​ពាក្យ​សំដី​ ក៏​អាច​ដឹង​បាត់​ទៅ​ហើយ។

ថាន​ និយាយ​បន្ត​ថា​៖ “បើ​ឃើញ​គេ​ហាក់​ដូច​ជា​មាន​ភាព​ភ័យ​ខ្លាច​ គេ​និយាយ​មិន​ច្បាស់​លាស់​ ភ្លេច​មុខ​ភ្លេច​ក្រោយ​ទៀត​ សកម្មភាព​បែប​ហ្នឹង​ធ្វើ​ឱ្យ​យើង​អាច​ទាញ​បាន​ថា​ គេ​កុហក​យើង​ហើយ។ យើង​មើល​ពេល​គេ​និយាយ​ គួប​ផ្សំ​នឹង​អាកប្បកិរិយា​របស់​គេ​ដែរ។ វា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​មើល​មនុស្ស​បែប​នេះ​ យើង​គ្រាន់​តែ​បង្កើត​សំណួរ​បន្លំ​ថា​ ម្សិល​មិញ​គេ​នៅ​កន្លែង​នេះ​ កន្លែង​នោះ​ ហើយ​ចាំ​ស្ដាប់​ពាក្យ​គេ​ដោះសា​ទៅ​ ដឹង​ហើយ”។

ចុះ​បច្ចេកទេស​ដឹង​សង្សារ​និយាយ​​កុហក​របស់​ប្រិយមិត្ត​វិញ​ យ៉ាង​ណា​ដែរ?

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម