វិធីសាស្ដ្រកែដំណើរដើរ
មានការលំបាកបន្ដិចក្នុងការកែដំណើរ ព្រោះស្ទើរតែក្លាយទៅជាទម្លាប់ដែលមិនអាចកែបានទៅហើយ។ ក៏ប៉ុន្ដែបើមានការព្យាយាម និងការតាំងចិត្ដយ៉ាងមុតមាំនោះ ឧបសគ្គមិនជាបញ្ហាចោទនោះទេ។
ចម្ងល់ទាំងនេះលោកអ្នកអាចស្វែងយល់បានតាមរយៈទស្សនាវដ្ដី សុខភាពយើង ដោយមានការបកស្រាយពីលោកស្រី សាពណ៌ នាយិកាសាលាបង្ហាញម៉ូតសាពណ៌។
ដំណើរដែលសក្ដិសម
ប្រសិនបើលោកអ្នកមានរូបសម្បត្ដិសក្ដិសមស្រស់ស្អាត គួរតែធ្វើឬដើរដំណើរឱ្យមានលក្ខណៈសមសួន គួរជាទីទាក់ទាញពី មជ្ឈដ្ឋានខាងក្រៅ។ លោកអ្នកគួរដើរឱ្យមើលទៅមានភាពស្វាហាប់ ដោយបោះជំហានឱ្យអស់ និងលឿនមិនទុយមុយ។ ដើរមើលទៅមុខដោយភាពក្លាហាន មិនត្រូវឈ្ងោកមើលក្រោម។ ជាពិសេសត្រូវដើរដោយរក្សាជើងឱ្យត្រង់នៅរាល់ពេលបោះជំហានម្ដងៗ មិនត្រូវដើរជើងកែក ឬជើងទាកាប៉ាឡើយ ព្រោះអាចធ្វើឱ្យដំណើរមិនស្អាត ធ្វើឱ្យអ្នកនៅជុំវិញរិះគន់ដោយប្រការណាមួយ។
មូលហេតុនៃការកែដំណើរ
ប្រសិនបើលោកអ្នកនាងមានដំណើរមិនប្រក្រតី ដូចជាដំណើរជើងទាកាប៉ា ជើងកែក ដើរមួយៗជាដើម លោកអ្នកអាច ប្រឈមទៅនឹងការរិះគន់ពីមជ្ឈដ្ឋានខាងក្រៅ។ ឧទាហរណ៍លោកអ្នកទៅដាក់ពាក្យធ្វើការនៅកន្លែងណាមួយ ស្រាប់តែលោកអ្នកនាងធ្វើដំណើរមួយៗបែបទុយមុយ អៀនខ្មាស និងមិនស្វាហាប់។ ដូច្នេះលោកអ្នកនាងអាចនឹងត្រូវគេរិះគន់ថា ជាមនុស្សដែលធ្វើការ យឺតយ៉ាវមិនរហ័សរហួន។ ជួនកាលគេអាចនឹងមិនយកលោកអ្នកនាងធ្វើការ ដោយមើលទៅតាមដំណើរ ហើយប៉ាន់ស្មានថាលោក អ្នកនាងជាមនុស្សមិនឆ្លាតវៃ មិនអាចធ្វើការបាន។ ជាហេតុធ្វើឱ្យលោកអ្នកនាងចាញ់ការប្រកួតដោយមិនទាន់បានឡើងសង្វៀនផង។ ការប្រឈមទាំងនេះជាហេតុផលមួយដែលលោកអ្នកគួរធ្វើការកែសម្រួលដំណើរឱ្យមានលក្ខណៈមួយដែលមើលទៅសមរម្យ ឬអាច និយាយបានថាកែដំណើរយ៉ាងណាឱ្យដើរទៅដូចគេដូចឯងកុំឱ្យដូចពាក្យចាស់មួយពោលថា “មួយស្រុកមានតែមួយ”។
វិធីសាស្ដ្រកែដំណើរ
ការកែដំណើរអាចធ្វើបានមិនប្រកាន់ថាក្មេងឬចាស់ ប្រុសឬស្រីនោះទេ ឱ្យតែមានការព្យាយាម និងអត់ធ្មត់ប្រាកដជាអាច ធ្វើបានដោយជោគជ័យ។ លោកអ្នកអាចកែដំណើរបានដោយចំណាយពេលវេលាត្រឹមតែពី១ទៅ២ខែតែប៉ុណ្ណោះ។ អ្វីដែលចាំបាច់ ក្នុងការរៀនឱ្យមានប្រសិទ្ធភាពនោះ គឺការកាត់ផ្ដាច់នូវទម្លាប់ដើរពីមុនចោល ហើយយករបៀបដើរថ្មីមកអនុវត្ដន៍វិញម្ដង។ លោកអ្នក អាចស្វែងយល់ពីរបៀបកែដំណើរ៣ប្រភេទ ដែលឧស្សាហ៍ឃើញញឹកញាប់ជាងគេក្នុងជីវភាពរស់នៅ។
1 . ដំណើរដើរទុយមុយ ៖ ជាទូទៅអ្នកដែលដើរដំណើរប្រភេទនេះ ច្រើនតែខ្វះភាពក្លាហាន អឹមអៀនខ្វះទំនុកចិត្ដលើខ្លួនឯង។ ដូច្នេះទាមទារឱ្យអ្នកទាំងនោះ បង្កើនភាពក្លាហានដោយត្រូវបោះជំហានឱ្យអស់ជើង ត្រូវដើរឱ្យលឿន ឬស្វាហាប់ និងមើលទៅមុខឱ្យចំទិសដៅដែលលោកអ្នកបម្រុងនឹងទៅ។
2 . ដំណើរដើរដូចជើងទាកាប៉ា ៖ ធម្មតាដំណើរប្រភេទនេះច្រើនតែដើរជើងទាំង២ចេញក្រៅ ធ្វើឱ្យដំណើររបស់លោកអ្នក មើលទៅរាងកន្ធែកៗជើង ជាដំណើរមើលទៅមិនស្អាតទាល់តែសោះ ដែលលោកអ្នកគួរចៀសវាងឱ្យខាងតែបាន។ ដូច្នេះគួរតែដើរដោយមានការបង្រួមជើងទាំង២ចូលក្នុងមកវិញ ដើម្បីកាត់បន្ថយការកន្ធែកជើង។ សូមព្យាយាមអនុវត្ដឱ្យបានជាប្រចាំហើយបញ្ឈប់នូវទម្លាប់ចាស់ចោល លោកអ្នកប្រាកដជាអាចមានដំណើរមួយដ៏ប្រសើរ។
3 . ដំណើរដើរជើងកែក ៖ ដើម្បីកែដំណើរប្រភេទនេះលោកអ្នកគួរដើរដោយបោះជើងមួយទៅមុខឱ្យត្រង់។ បន្ទាប់មកបោះជំហានទៅមុខមួយទៀត ដោយជើងទាំងពីរស្របគ្នា។ លោកអ្នកគួរចៀសវាងដើរធ្វើជើងចូលក្នុង ព្រោះមិនអាចលុបបំបាត់ ដំណើរជើងកែកបានទេ។
អត្ថប្រយោជន៍នៃការកែដំណើរ
ប្រសិនបើលោកអ្នកអាចកែដំណើរខុសឆ្គងដូចរៀបរាប់ខាងលើនេះហើយ ឬសម្រាប់អ្នកដែលមានដំណើរសមរម្យស្រាប់ ក៏គួរធ្វើការកែប្រែលក្ខណៈមួយចំនួនបន្ថែមទៀត ជាពិសេសចំពោះសុភាពស្ដ្រីដើម្បីបង្កើនភាពសិចស៊ីមួយកម្រិតទៀត។ នៅរាល់ពេល ធ្វើដំណើរដើរ គួរតែដើរឱ្យឆ្អឹងខ្នងត្រង់ និងពើងដើមទ្រូងទៅមុខ ព្រោះអាចធ្វើឱ្យគូទទយស្អាត។ ការដើរបែបនេះមិនត្រឹមតែធ្វើឱ្យរាងកាន់តែស្អាតនោះទេ តែថែមទាំងធ្វើឱ្យឆ្អឹងខ្នងរឹងមាំ កាត់បន្ថយការកោងខ្នងនៅពេលចាស់ជរាតាមរយៈការទម្លាប់ដើរ ឬអង្គុយនូវឥរិយាបថមួយត្រឹមត្រូវ។
ដំបូន្មានអ្នកប្រឹក្សា
បើលោកអ្នកដឹងថាខ្លួនមានដំណើរមិនសមរម្យហើយនោះ គួរកុំបណ្ដែតបណ្ដោយឱ្យរឿងទាំងនោះកើតលើខ្លួនរបស់អ្នកត ទៅទៀត។ នៅពេលដែលលោកអ្នកមានរូបរាងស្រស់ស្អាតហើយតែអន់ដំណើរនោះ គឺប្រាកដជាធ្វើឱ្យលោកអ្នកបាត់បង់នូវភាពស្រស់ស្អាតមួយកម្រិត។ លោកអ្នកអាចកែប្រែបាន ដោយគ្រាន់តែរកគ្រូជំនាញបង្ហាត់បង្រៀននូវវិធីកែដំណើរតែប៉ុណ្ណោះ។ ក៏ប៉ុន្ដែអ្វីៗ អាស្រ័យទៅលើខ្លួនរបស់លោកអ្នកនាងផងដែរ ព្រោះត្រូវមានការព្យាយាម ការយកចិត្ដទុកដាក់រៀនសូត្រ និងការលះបង់នូវទម្លាប់ដើរចាស់ចោល ទើបជំរុញឱ្យការកែប្រែទាំងនោះទទួលបាននូវជោគជ័យ។
By healthcambodia
មើលគួរយល់ដឹងផ្សេងៗទៀត
- ទទួលទានអាហារ ដែលមាន រសជាតិហិរ អាចមានអាយុវែង?
- ចង់ទទួលបាន សុភមង្គលឬទេ?
- គន្លឹះងាយៗ ដើម្បីជាប់ក្នុងការសម្ភាសន៍
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!