ទឹកដោះគោ មាន​ប្រយោជន៍​ដល់​សុខភាព ៦ យ៉ាង​

 
 


 

​ទឹកដោះគោ គឺជា​ផ្នែក​មួយ​យ៉ាង​សំខាន់​នៃ​របប​អាហារ​របស់​យើង​។ យើង​ចាប់ផ្តើម​ផឹក​ទឹកដោះគោ​តាំងពី​យើង​នៅ​ក្មេង​ម្ល៉េះ ប៉ុន្តែ របប​អាហារ​នេះ​បែរជា​ថយ​ចុះ​ទៅ​វិញ នៅពេលដែល​យើង​ធំ​ឡើង​។ មនុស្ស​មួយចំនួន មាន​ការអៀនខ្មាស់​អំពី​រឿង​នេះ​ដោយសារ​តែ​ពួកគេ​ខ្លាច​ថា វា​នឹង​បន្ថែម​ជាតិ​ខ្លាញ់​កាន់តែច្រើន​ក្នុង​របប​អាហារ​ពួកគេ​។ អ្នកខ្លះ​ទៀត​បែរជា​អោយ​ហេតុផល​ថា ពួក​គេ​លែង​ត្រូវការ​ផឹក​ទឹកដោះគោ​ទៀតហើយ​។ ការ​ទទួលទាន​ទឹកដោះគោ មិន​ដែល​ប្រកាន់​ថា​មនុស្ស​ក្មេង​ទើប​ញ៉ាំ ហើយ​មនុស្ស​ចាស់ ហាម​ញ៉ាំ​នោះទេ ព្រោះ​វា​គឺជា​ប្រភព​ដ៏​អស្ចារ្យ​មួយ​នៃ​វីតាមីន និង​ជីវជាតិ​ជាច្រើន ព្រមទាំង​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ទៀតផង​។​

​ការលូតលាស់​ស្បែក​
​ម្ចាស់​ក្សត្រី​នៃ​ប្រទេស​អេ​ហ្ស៊ី​ប​ពី​សម័យ​បុរាណ ក្លេ​អូ​ប៉ា​ត្រា (Cleopatra) បាន​ប្រើ​ទឹកដោះគោ​លាង​សម្អាតខ្លួន ដើម្បី​ថែរក្សា​ស្បែក​អោយនៅ​ទន់ រលោង និង​លូតលាស់​ល្អ​។ អ្នក​ក៏​អាច​ធ្វើ​ដូច​គ្នា​បានដែរ ឬ​អ្នក​អាច​ផឹក​ទឹកដោះគោ​ពីរ​បី​កែវជា​រៀងរាល់ថ្ងៃ ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​របស់​វា​។ ទឹកដោះគោ​មាន​ជីវជាតិ​ជាច្រើន​ក្នុង​ការជួយ​ថែរក្សា​ស្បែក​អោយ​មើល​ទៅ​ល្អ​បំផុត​។ វា​មាន​ជាតិ​ឡា​ក់ទិច​អាស៊ី​ត ដែល​អាច​ដើរតួរ​ជា Exfoliant និង​អង់ស៊ីម ដើម្បី​ជួយ​ថែរក្សា​ស្បែក​អោយ​នៅ​រលោង​។ សារធាតុ​អាមីណូអាស៊ីត​ក្នុង​ទឹកដោះគោ​ក៏​ជួយ​ថែរក្សា​ស្បែក​អោយ​មាន​សំណើម​ផងដែរ​។ ទឹកដោះគោ​មាន​សារធាតុ​អង់​ទី​អុកស៊ី​ដង់​សម្រាប់​ជួយ​ការពារ​ការខូចខាត​ដោយសារ​តែ​ជាតិពុល​ពី​បរិដ្ឋាន​ជុំវិញ​ខ្លួន​។ ទោះបីជា​យ៉ាងណា​ក៏ដោយ បើសិន​ជា​អ្នក​អា​លែ​ក​ស៊ី​នឹង​ទឹកដោះគោ ឬ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ  វា​ពិតជា​ធ្វើអោយ​ស្បែក​មាន​បញ្ហា​កាន់តែ​ខ្លាំង​ទៀត​។​

​ធ្មេញ និង​ឆ្អឹង​មាន​សុខភាព​ល្អ​
​ទឹកដោះគោ គឺជា​ប្រភព​នៃ​ជាតិ​កាល់ស្យូម​ដ៏​អស្ចារ្យ​មួយ ដែល​មាន​សារៈសំខាន់​ក្នុង​ការជួយ​ថែរក្សា​ឆ្អឹង​អោយមាន​សុខភាព​ល្អ​។ មិនមែន​មាន​តែ​កូន​តូចៗ​របស់​អ្នកត្រូវកា​រញ៉ាំ​ទឹក​ដោះ ដើម្បី​ឆ្អឹង​លូតលាស់​នោះទេ ប៉ុន្តែ មនុស្ស​ធំ​ក៏​ត្រូវការ​ទឹកដោះគោ​ដើម្បី​ឆ្អឹង​រឹងមាំ និង​ការពារ​ខ្លួន​ពី​ជំងឺ​ពុក​ឆ្អឹង​ដែរ​។ ទឹកដោះគោ​ក៏​ជា​ប្រភព​ដ៏​អស្ចារ្យ​សម្រាប់​ធ្មេញ​ដ៏​រឹងមាំ និង​ជួយ​ការពារ​ពី​ជំងឺ​ពុក​ឆ្អឹង​ទៀតផង​។ ដើម្បី​អាច​បឺត​ស្រូប​ជាតិ​កាល់ស្យូម​បាន រាងកាយ​ត្រូវតែ​មាន​វីតាមីន D​។ បើសិនជា​រាងកាយ​អ្នក​ខ្វះ​វីតាមីន D ចូរ​ទិញ​ទឹកដោះគោ​ណា​ដែល​មាន​បន្ថែម​វីតាមីន D ស្រាប់​។

​សាច់ដុំ​
​ទឹកដោះគោ​ផ្ទុក​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន ដើម្បី​ជួយ​សាងសង់​សាច់ដុំ​ឡើងវិញ​។ ចូរ​ផឹក​ទឹកដោះគោ​មួយ​កែវ​ក្រោយពី​ហាត់ប្រាណ​រួច ដើម្បី​អោយ​រាងកាយ​វិល​មក​រក​សភាព​ដើម​វិញ​។

​សម្រក​ទម្ងន់​
​ការសិក្សា​ជា​ច្រើន​បានអោយដឹងថា ស្ត្រី​ដែល​ផឹក​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប ឬ​ទឹកដោះគោ​ស្រស់ អាច​ស្រក​ទម្ងន់​បាន​ច្រើន​ជាង​ស្ត្រី​ដែល​មិន​ផឹក​ទឹកដោះគោ​។ វា​គឺជា​របប​អាហារ​ដ៏​អស្ចារ្យ ព្រមទាំង​ជា​អាហារសម្រន់​ប្រកបដោយ​សុខភាព​ល្អ​ផង​ដែរ​។ ចូរ​បន្ថែម​ទឹកដោះគោ​មួយ​កែវ​សម្រាប់​អាហារ​ពេល​យប់​របស់​អ្នក ឬ​ផឹក​ទឹកដោះគោ​មួយ​កែវ ខណៈពេល​កំពុង​តែ​ញ៉ាំ​ផ្លែឈើ​មួយ​ដុំ​។

​បន្ថយ​ស្ត្រេ​ស​
​ទឹកដោះគោ គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​មួយ​ក្នុង​ការបំបាត់​ភាព​តានតឹង​នៅ​ពេល​ថ្ងៃ​។ ទឹកដោះគោក្តៅ​ឧណ្ហៗ​មួយ​កែវ​ជួយ​បន្ធូរ​សាច់ដុំ និង​បំបាត់​ភាព​មួរ​ម៉ៅ​របស់​សរសៃប្រសាទ​។ ទឹកដោះគោ​ក៏​ត្រូវបាន​គេ​អះអាង​ដែរ​ថា អាច​ជួយ​បន្ថយ​រោគសញ្ញា​នៃ​អា​ការៈឈឺចាប់​មុន​មក​រដូវ និង​ប៉ូវ​កម្លាំង​។ ដូច្នេះ ថ្ងៃក្រោយ​បើសិនជា​អ្នក​មាន​អារម្មណ៍​អស់កម្លាំង ចូរ​សាកល្បង​ផឹក​ទឹកដោះគោ​មួយ​កែវ​ទៅ​។

​រាងកាយ​មាន​សុខភាព​ល្អ​
​ទឹកដោះគោ​មាន​សមាសធាតុ​ជាច្រើន​ក្នុង​ការបញ្ចុះ​សម្ពាធ​ឈាម និង​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ វា​ជួយ​កាត់បន្ថយ​ការ​ផលិតកូ​ឡេ​ស្ទេ​រ៉ូ​លរបស់​ថ្លើម និង​ជួយ​បន្សាប​ជាតិ​អាស៊ីត​ទៀតផង​។ វីតាមីន A និង B ក្នុង​ទឹកដោះគោ​អាច​ជួយ​ធ្វើអោយ​ភ្នែក​មើល​ឃើញ​ច្បាស់​ល្អ និង​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​ជាច្រើន​ផងដែរ​៕ 

ប្រភព៖ Health.com.kh
 


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម