អ្នក​ឈឺ​បំពង់​ក​អាច​​ជាប់​ពាក់ព័ន្ធ​នឹង​ជំងឺ​ Ebola ?

 
 

ប្រជាពលរដ្ឋ​ ​​​រស់​នៅ​រាជ​ធានី​ភ្នំពេញ​ ដែល​មាន​ជំងឺ​បំពង់​ក​មួយ​ចំនួន កំពុង​មាន​ការ​ព្រួយ​បារម្ភ​ពី​ជំងឺ​ Ebola ខណៈ​ជំងឺ​​នេះ ​បាន​​នឹង​កំពុង​​សម្លាប់​​មនុស្ស​រាប់​ពាន់​នាក់​ នៅ​តំបន់​អាហ្វ្រិក​​ខាង​លិច​។ ​មាន​សេចក្ដី​រាយការណ៍​​​​ម​ក​​ថា ​​ជំងឺ​នេះ​កំពុង​​​​ត្រូវ​បាន​រក​ឃើញ​​​នៅ​ប្រទេស​ថៃ​ និង​ វៀត​ណាម​។

ការ​ព្រួយ​បារម្ភ​នេះ​ កើត​មាន​​​ផង​ដែរ​ ពី​ការ​​រាល​ដាល​​ដល់​ប្រទេស​កម្ពុជា។ ដូច្នេះ​ចង់​ជ្រាប​ច្បាស់​ពី​រឿង​នេះ​ Sabay បាន​ជួប​សម្ភាសន៍​ ជាមួយ​លោក​វេជ្ជបណ្ឌិត​ លី សុវណ្ណ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺ​ឆ្លង​​ នៃ​ក្រសួង​សុខាភិបាល​ ​ពន្យល់​​លម្អិត​ពី​ជំងឺ​បំពង់​ក និង ​​ជំងឺ​  Ebola ដែល​កំពុង​ផ្ទុះ​​ឡើង​គួរ​​​ឲ្យ​ព្រួយ​បារម្ភ​នេះ​៖

​ មួយ​រយៈ​ចុង​ក្រោយ​នេះ​ មាន​​ការ​ព្រួយ​បារម្ភ​ពី​ជំងឺ​  Ebola ដែល​ជំងឺ​នេះ​កំពុង​រាតត្បាត​នៅ​ ក្នុង​ប្រទេស​​ក្បែរ​ខាង​មួយ​ចំនួន ​​ហើយ​ ​កំពុង​បារម្ភ​​ថា​ អាច​រាលដាល​​នៅ​​ព្រះរាជាណាចក្រ​កម្ពុជា​។ ​ដូច្នេះ​ហើយ​ អ្នក​​កើត​ជំងឺ​បំពង់​កមួយ​ចំនួន​​ ក៏​កំពុង​ព្រួយ​បារម្ភ​ពី​បញ្ហា​នេះ​​ដែរ​ តើ​លោក​មាន​​អ្វី​ពន្យល់​ទៅ​កាន់​អ្នក​កំពុង​ព្រួយ​បារម្ភ​​ពី​រឿង​នេះ​​?

លោក​ លី​ សុវណ្ណ​៖ ជា​ដំបូង​ខ្ញុំ​សូម​ជម្រាប​ថា​ គិត​​មក​ដល់​ម៉ោង​នេះ​ជំងឺ​​  Ebola ​នៅ​មិន​ទាន់​​រាល​ដាល​ដល់​ប្រទេស​កម្ពុជា​​​នៅ​ឡើយ​​ទេ​។ ពោល​ជំងឺ​នេះ​មាន​កើត​តែ​៤​ប្រទេស​​​​​​ប៉ុណ្ណោះ​ ក្នុង​នោះ​​មាន​ប្រទេស​សេឡារ៉េអូន​  លីប៊ី​រីយា នីហ្សេរីយា​ ​និង​​ប្រទេស​​ហ្គីណេ​ទេ​។​ ដូច្នេះ​​​អ្វី​ ដែល​​យើង​សង្ស័យ​ហ្នឹង​លុះ​ត្រា​ តែ​គាត់​មាន​​ចេញ​​រោគ​សញ្ញា​​ដូច​រោគ​  Ebola ហើយ​មាន​​ប្រវត្តិ​​ធ្វើ​ដំណើរ​ទៅ​​ទីនោះ​ ​បាន​យើង​ចាត់​ទុក​ជា​ការ​សង្ស័យ​។ ប៉ុន្តែ​​បើ​យើង​អត់​មាន​ប្រវត្តិ​ប៉ះពាល់​អ្នក​​ជំងឺ​ យើង​មិន​ចាត់​ទុក​ថា​មាន​​ការ​សង្ស័យ​ទេ។

តើ​លោក​អាច​ពន្យល់​បាន​​ទេ​ថា​​ អាការៈ​ ជំងឺ​បំពង់​ក​ និង​​  Ebola ​ខុស​​​គ្នា​យ៉ាង​ដូច​ម្ដេច​ដែរ?
​​
លោក​ លី​ សុវណ្ណ​៖ អ្នក​ជំងឺ​ Ebola មិន​មែន​​មាន​​តែ​អាការៈ​ ឈឺ​ក​ទេ​​ ពោល​ជំងឺ​ Ebola មាន​​គ្រុន​ក្តៅ បូក​ជា​មួយ​ឈឺ​ក្បាល​ បូក​នឹង​​ឈឺ​ក​ បូក​ជាមួយ​ឈឺ​សាច់​ដុំ​ និង​ បូក​ជាមួយ​អាការៈ​ក្អួត​​ និង​ រាក​ទៀត។ ​និយាយ​ទៅ​មាន​​រោគ​សញ្ញា​ច្រើន​។ មិន​មែន​​មាន​តែ​ឈឺ​ក​ទេ​។ ហើយ​ទាំង​អស់​ហ្នឹង ហើយ​ត្រូវ​មាន​ប្រវត្តិ​ប៉ះពាល់​ជាមួយ​អ្នក​ជំងឺ​​នៅ​ឯ​ប្រទេស​រាតត្បាត​ហ្នឹង​ទៀត​ ទើប​អាច​​ចាត់​ទុក​ជា​ការ​សង្ស័យ​។ ចំពោះ​អ្នក​​កើត​​​អាការៈ​ ឈឺ​បំពង់​ក​ ជួន​កាល​យើង​​អាលែកស៊ី ដោយ​អាកាស​ធាតុ​ក៏​បង្ក​​ឲ្យ​ឈឺ​ក​។​ ​រលាក​ដោយ​សារ​មេរោគ​ ហើយ​​មេរោគ​មាន​ច្រើន​​ប្រភេទ​​ទៅ​ទៀត​ ដែល​​ជា​ពពួក​មេរោគ​ធ្វើ​ឲ្យ​​ឈឺ​ក​ និង​រលាក​បំពង់​ក​ ក៏​វា​ធ្វើ​ឲ្យ​ឈឺ​កដែរ​។ ម្យ៉ាង​បើ​សិន​ជា​យើង​​មាន​អាការៈ​​ឈឺ​ក​ និង​អាការៈ​​​គ្រុន​ផង​គួរ​ទៅ​រក​ការ​ពិគ្រោះ​​ជាមួយ​​គ្រូ​ពេទ្យ​​ ទើប​​អាច​ធ្វើ​រោគ​វិនិច្ឆ័យ​​បាន​។ ប៉ុន្តែ​​សូម​កុំ​ព្រួយ​បារម្ភ​ ព្រោះ​យើង​អត់​ទាន់​មាន​រោគ​ហ្នឹង​នៅ​ស្រុក​យើង​នៅ​ឡើយ​ទេ។​

​​​តើ​ជំងឺ​បំពង់​ក​​ជាទូទៅ​ប្រើ​រយៈ​ពេល​​ព្យាបាល​ប៉ុន្មាន​ដែរ​?​អាច​ប៉ះ​ពាល់​ដល់​សុខភាព​​កម្រិត​ណា​ដែរ​ បើ​មិន​រក​ការ​ព្យាបាល​​ទាន់​ពេល​ទេ?

លោក​ លី​ សុវណ្ណ​៖ ដូច​ខ្ញុំ​ជម្រាប​ចឹង​ ប្រសិន​​ជា​អាលែកស៊ី ​ ពិបាក​​ណាស់​ វា​យូរ​ថ្ងៃ​ លុះ​ត្រា​តែ​យើង​រក​​បុព្វហេតុ​​អ្វី​​ ដែល​ធ្វើ​ឲ្យ​​យើង​ឈឺ​បំពង់​ក​ ឬ​រលាក​បំពង់​ក​។ ប៉ុន្តែ​បើ​បណ្ដាល​មក​ពី​​បាក់តេរី​វិញ​​ គឺ ត្រូវ​តែ​​ប្រើ​ថ្នាំ​ផ្សះ​​អង់​ទី​ប៉ូយូទិច​ វា​នឹង​អាច​ជា​ ក្នុង​រយៈ ពេល​ខ្លី​។ ម្យ៉ាង​ទៀត​ការ​​ឈឺ​ក​ដោយ​សារ​ផ្ដាសាយ​ហ្នឹង​ យើង​មិន​​បាច់​ប្រើ​ថ្នាំ​ផ្សះ​ទេ​។​ តែ​យើង​អាច​ប្រើ​ថ្នាំ​បញ្ចុះ​កម្ដៅ។ ប្រើ​ថ្នាំ​កុំ​​ឲ្យ​ឈឺ​ក​ និង​ផឹក​ទឹក​ឲ្យ​​បាន​ច្រើន​​នោះ​​វា​នឹង​ជា​ដោយ​ឯកឯង​ទេ។ ចំពោះ​បញ្ហា​នេះ ​ប្រសិន​បើ​យើង​អាលែកស៊ី ​​វា​អាច​ប៉ះពាល់​​រំខាន​ដល់​ការ​រស់​នៅ​របស់​យើង​ប្រចាំ​ថ្ងៃ​។ អ្នក​​ជំងឺ​​ត្រូវ​តែ​ពិគ្រោះ​​ជាមួយ​គ្រូ​ពេទ្យ​។ ឧទាហរណ៍​ដូច​ថា​ យើង​ធ្លាប់​ឈឺ​យូរ​​​​វា​អាច​រ៉ាំ​រ៉ៃ​ហើយ​ ​​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​​ខាង​អាលែកស៊ី​។ ​មាន​​មេរោគ​​មួយ​​ចំនួន ​បើ​យើង​មិន​ព្យាបាល​ទាន់​ពេល​ទេ​ វា​អាច​ប៉ះ​ពាល់​ទៅ​ដល់​ការ​រលាក​ជង្គង់​ កា​រលាក​បេះ​ដូង​ហ្នឹង​ទៅ​ទៀត​។ ហ្នឹង​គេ​​ហៅ​​ពួក​​មេរោគ​​ម្យ៉ាង​ទៀត ដែល​បង្ក​​ឲ្យ​មាន​ត​ទៅ​​កន្លែង​ផេ្សង​​ ៗ ​ទៀត​។ ចឹង​បាន​ខ្ញុំ​សំណូម​ពរ​​បើ​មា​ន​អាការៈ ឈឺ​ក​គួរ​​ទៅ​​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ ដើម្បី​​ឲ្យ​គាត់​ដឹង​ថា​យើង​ឈឺ​អី​។

​បើ​សិន​​ជា​មិន​ទាន់​កើត​មាន​ជំងឺ​បំពង់​ក​ទេ​ តើ​​​គេ​​អាច​ការ​ពារ​បាន​​តាម​វិធី​ណា​ខ្លះ?

លោក​ លី​ សុវណ្ណ​៖ វិធី​ការពារ​ ទី​១ បើ​សិន​ជា​មាន​អ្នក​​ផ្តាសាយ​​​គួរ​តែ​កុំ​ទៅ​​ជិត​គាត់​ ​ឬ​ក៏​សំណូម​ពរ​ឲ្យ​គាត់​ពាក់​ម៉ាស់​ការពារ​។ ទី២ សម័យ​កាល​ឥឡូវ​ យើង​សម្បូរ​មេរោគ​ច្រើន​ណាស់​ យើង​គូរ​តែ​​អនុវត្ត​ឧស្សាហ៍​លាង​សាប៊ូលាង​ដៃ​ និង​ទឹក​ មុន​នឹង​ក្រោយ​បរិភោគ​អាហារ​ ក្រោយ​ពេល​​ចេញ​ពី​បន្ទប់​ទឹក​ឬ​មុន​រៀប​ចំ​អាហារ​ត្រូវ​លាង​ដៃ​​​ជាមួយ​សា​ប៊ូ​ឲ្យ​បាន​ស្អាត​។​ សម័យ​​ឥឡូវ​យើង​មាន​​ទឹក​ហ្សែល​ គួរ​តែ​អនុវត្ត​យក​ដាក់​តាម​ខ្លួន​ និង​ឧស្សាហ៍​​​តាម​ខ្លួន​ និង​ឧស្សាហ៍​​​ច្របាច់​ប៉ុន្មាន​​ដំណក់​ ដាក់​​ក្នុង​ដៃ​​​ហើយ​លាង​​ទៅ​​អាហ្នឹង​ក៏​យើង​អាច​កាត់​បន្ថយ​បាន​ច្រើន​ដែរ។ ហ្សែល​ហ្នឹង​ខ្ញុំ​​គិត​ថា​អាច​កាត់​បន្ថយ​អត្រា​ឈឺ​រហូត​ដល់​៥០% ឯណោះ​។

​​​​​​ ​តើ​លោក​​អាច​លម្អិត​ពី​វិធី​ព្យាបាល​ជំងឺ​នេះ​ដូច​ម្តេច​ដែរ?

លោក​ លី​ សុវណ្ណ​៖ វា​​អាស្រ័យ​​លើ​ប្រភព​នៃ​ជំងឺ​ ឧទាហរណ៍​ដូច​គាត់​ឧស្សាហ៍​​ឈឺ​​ក​ ដោយ​សារ​វីរុស​​គាត់​អាច​​ចាក់​វាក់​សាំង​បង្កា​​មួយ​ផ្នែក​តូច​មួយ​ សម្រាប់​ចាក់​ការ​ពារ​​ប្រចាំ​រដូវ​។​ នៅ​គ្លីនិក​ខ្លះ​គាត់​មាន​​។​ ម្យ៉ាង​បើ​​យើង​​អាលែកស៊ី​​ គួរ​តែ​ត្រូវ​ពិគ្រោះ​​ជាមួយ​​គ្រូ​​ពេទ្យ​​ឲ្យ​គាត់​ពន្យល់​។ ប្រសិន​បើ​​កើត​ឡើង​ដោយ​បាក់តេរី​​វិញ​​ គួរ​ឧស្សាហ៍​លាង​ដៃ​ និង​​សាប៊ូ​ ដែល​​អាច​កាត់​បន្ថយ​ការ​ឈឺ​ហ្នឹង​បាន​ច្រើន​ណាស់​។

ជា​ចុង​ក្រោយ​ តើ​លោក​មាន​សារ​​អ្វី​ខ្លះ​ ដើម្បី​ផ្ញើ​ទៅ​​កាន់​សាធារណៈ​ជន​ ដើម្បី​កុំ​ឲ្យ​បារម្ភ​ពី​ជំងឺ  Ebola ដែល​កំពុង​ផ្ទុះ​ឡើង​ និង​ជំងឺ​បំពង់​ក​នេះ?

លោក​ លី​ សុវណ្ណ​៖ ​​​បច្ចុប្បន្ន​នេះ​តាម​ពិត​ យើង​មាន​​ការ​ព្រួយ​​បារម្ភ​​មិន​មែន​តែ​​ជំងឺ​ Ebola ទេ​យើង​មាន​​ជំងឺ​​ផ្លូវ​ដង្ហើម​​នៅ​មជ្ឈិម​បូព៌ា​​ កំពុង​តែ​ផ្ទុះ​ ហើយ​នឹង​ជំងឺ​ផ្ដាសាយ​បក្សី​របស់​ប្រទេស​យើង​ក៏​មិន​ទាន់​បាត់​ដែរ ហើយ​ឥឡូវ​​ហ្នឹង​ជំងឺ​ផ្ដាសាយ​​បក្សី​កំពុង​រាតត្បាត​នៅ​ប្រទេស​ចិន​ទៀត។​ ដូច្នេះ​ការ​អនុវត្ត​អនាម័យ​ ជា​ប្រចាំ​​​​ជា​ការ​ប្រសើរ​ណាស់។ ការ​បរិភោគ​អាហារ​ ដែល​ឆ្អិន​ល្អ​ សាច់​មាន់​ ពង​ទា​ ត្រូវ​ចម្អិន​ឲ្យ​ឆ្អិន​ល្អ​។ បន្លែ​គួរ​ញ៉ាំ​​បន្លែ​ ដែល​ឆ្អិន​​ល្អ​​ និង​ផឹក​ទឹក​​ឆ្អិន​ ហើយ​​ឧស្សាហ៍​លាង​ដៃ​ និង​សាប៊ូ​​ដូច​ខ្ញុំ​បាន​ជម្រាប​ចឹង។ បើ​សិន​ជា​មាន​អ្នក​​កើត​ជំងឺ​ផ្ដាសាយ​ យើង​ជៀស​វាង​ដើរ​ទៅ​​​ជិត​គាត់​ និង​ស្នើ​សុំ​គាត់​​ពាក់​ម៉ាស់​ ដើម្បី​កុំ​ឲ្យ​កណ្ដាស់ ឬ​ក្អក​ ទៅ​អ្នក​​ដទៃ​។ ម្យ៉ាង​បើ​សិន​ជា​មាន​រោគ​សញ្ញា​ គ្រុន​ក្តៅ​ឈឺ​ក​​ និង​សន្លាក់​​ អី​ចឹង​ គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​។ ជៀស​វាង​ការ​ទៅ​ផ្សំ​ថ្នាំ​ ដោយ​ខ្លួន​​ឯង​។ ការ​ផ្សំ​ថ្នាំ​ដោយ​​ខ្លួន​ឯង​​ទី​១​ មិន​ប្រាកដ​ថា ​ត្រូវ​ទេ​ ទី​​២ ការ​ផ្សំ​ឱសថ​ច្រើន​​ពេក​ធ្វើ​​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ និង​ស៊ាំ​ថ្នាំ​។ ដូច្នេះ​ជា​ទី​បញ្ចប់​អ្នក​ជំងឺ​គួរ​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​៕​

ប្រភព៖ Sabay


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម