ទម្លាប់៥យ៉ាង​ ធ្វើ​ឲ្យ​​អ្នក​ធ្លាក់​ទៅ​ក្នុង​ភាព​សោក​សៅ​ដោយ​មិន​ដឹង​ខ្លួន

 
 

តើ​ប្រិយមិត្ត​ធ្លាប់​មាន​មន្ទិល​ក្នុង​ចិត្ត ឬ​​គិត​ច្រើន​ដោយ​មិន​ដឹង​មូលហេតុ​អ្វី​ទេ? បើ​ធ្លាប់​ជួប​ប្រទះ នេះ​ហើយ​គឺ​ជា​ភាព​សោកសៅ​ដែល​អាច​ឲ្យ​លោក​អ្នក​រស់​នៅ​ជាមួយ​ភាព​ទុក្ខ​ព្រួយ មិន​ចេះ​ស្រាកស្រាន្ត។ ពេល​ខ្លះ ភាព​សោក​សៅ​អាច​ធ្វើ​ឲ្យ​មនុស្ស​បាត់បង់​ជំនឿ​ចិត្ត​ក្នុង​ការ​បន្ត​ជីវិត​នៅ​ក្នុង​ពិភពលោក​ដ៏​ធំ​ធេង​នេះ​ទៀត​ផង។ ភាព​សោក​សៅ​គឺ​ជា​ជំងឺ​ផ្លូវ​ចិត្ត​ដ៏​ធ្ងន់ធ្ងរ​មួយ ដែល​មនុស្ស​ភាគ​ច្រើន​បាន​ជួប​ប្រទះ។

ខាង​ក្រោម​នេះ គឺ​ជា​ទម្លាប់ ៥ យ៉ាង​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​សោកសៅ​គ្រប់​ពេល៖

១. រស់នៅ​ក្នុង​ភាព​ឯកា ផ្ដាច់​ខ្លួន​ពី​អ្នក​ដទៃ

ទម្លាប់​រស់​នៅ​ដាច់​ពី​គេ គឺ​ជា​មូលហេតុ​ចម្បង​មួយ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​សោកសៅ។ នៅ​ពេល​ដែល​អ្នក​មិន​ចូល​ចិត្ត​ដើរ​ទៅ​ណា​មក​ណា​ជាមួយ​មិត្ត​ភក្តិ ឬ​ក្រុម​គ្រួសារ វា​ជា​សញ្ញា​បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​ដែល​ធ្វើ​អ្វី​មិន​ដូច​គេ (ឆ្កុយ​តែ​ឯង)។ ប្រការ​នេះ​ហើយ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​គ្មាន​ភាព​រីករាយ​ក្នុង​ខ្លួន និង​នាំ​ឲ្យ​ធ្លាក់​ក្នុង​ភាព​ខ្វល់​ខ្វាយ គិត​ច្រើន​ក្នុង​នាម​ជា​មនុស្ស​ឯកា។ ពេល​អ្នក​នៅ​ម្នាក់​ឯង គ្មាន​អ្នក​ចែក​រំលែក​រឿង​ពិបាក​ចិត្ត ឬ​ភាព​រីករាយ​ជាមួយ​អ្នក​ដទៃ វា​នឹង​​ធ្វើ​ឲ្យ​អ្នក​ផ្ទុក​រឿង​កាន់​តែ​ច្រើន​ក្នុង​ខ្លួន​ស្រាយ​មិន​រួច។​ ភាព​ឯកា​អាច​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​រយៈពេល​ខ្លី តែ​យូរ​ៗ​ទៅ​អ្នក​នឹង​ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា​ធុញ​ទ្រាន់ និង​មាន​សម្ពាធ​​ខ្លាំង​លើ​ផ្លូវ​ចិត្ត។ អ្នក​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា អ្នក​ដែល​ចូល​ចិត្ត​រស់​នៅ​ដាច់​ឆ្ងាយ​ពី​គេ អាច​មាន​បញ្ហា​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត។ ការ​ពឹង​ផ្អែក​ទៅ​លើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ច្រើន​ពេក ដូច​ជា Facebook ជា​ដើម​នោះ​ គ្មាន​ប្រយោជន៍​ចំពោះ​ការ​បំបាត់​ភាព​សោកសៅ​ទេ។ ផ្ទុយ​មក​វិញ ​មិត្តភាព​ល្អ​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន និង​ក្រុម​គ្រួសារ​ទើប​ជា​ឱសថ​ដ៏​សក្ដិសិទ្ធិ​អាច​ជួយ​ព្យាបាល​ភាព​សោកសៅ។

២. គិត​ច្រើន​ពេក

គិត​រឿង​មិន​ល្អ​ច្រើន គឺ​ជា​មូលហេតុ​ចម្បង​បំផុត ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ភាព​សោក​សៅ​ជាប់​ប្រាណ។ ការ​សញ្ជឹង​គិត​ពី​រឿង​មិន​ល្អ​នៅ​ពេល​អនាគត ឬ​សោក​ស្ដាយ​អ្វី​ដែល​បាត់បង់​ក្នុង​ពេល​អតីត​កាល មិន​ត្រឹម​តែ​ខ្ជះខ្ជាយ​ពេល​អត់​ប្រយោជន៍​ទេ វា​ថែម​ទាំង​ធ្វើ​ឲ្យ​អ្នក​ខ្វល់​ខ្វាយ​គ្រប់​ពេល​ផង​ដែរ។ ដំណោះ​ស្រាយ​ដ៏​ល្អ គឺ​កុំ​ចំណាយ​ពេល​គិត​រឿង​គ្មាន​ប្រយោជន៍​ច្រើន​ពេក។ សាក​គិត​រឿង​អ្វី​ល្អ​ៗ​ដែល​នឹង​កើត​ឡើង​ក្នុង​ពេល​អនាគត។ ឧទាហរណ៍ ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​អ្នក​នឹង​មាន​ដំណើរ​កម្សាន្ត ឬ​ចូល​រួម​ពិធី​អាពាហ៍ពិពាហ៍​មិត្ត​ជិត​ស្និទ្ធ​ជាដើម។ ម្យ៉ាង​វិញ​ទៀត ការ​ស្ដាប់​រឿង​ដំណើរ​​ជីវិត ឬ​រឿង​កំប្លែង​របស់​អ្នក​ដទៃ ក៏​អាច​កាត់​បន្ថយ​ភាព​សោកសៅ​បាន​ដែរ។ លើស​ពី​នេះ បើ​អ្នក​មាន​បញ្ហា​ក្នុង​ចិត្ត​គួរ​និយាយ​ប្រាប់​អ្នក​ដែល​យល់​ចិត្ត​ណា​ម្នាក់ ​ជៀសវាង​លាក់​​ទុក​ក្នុង​ចិត្ត​គិត​តែ​ម្នាក់​ឯង។ ប្រសិន​បើ​គ្មាន​នរណា​ម្នាក់​អាច​ទុក​ចិត្ត​បាន​ទេ គួរ​សរសេរ​បញ្ហា​​ដែល​ខ្លួន​មាន​ដាក់​ក្នុង​ក្រដាស​ស​ស្អាត ហើយ​គប់​ចូល​ក្នុង​ទឹក​ឲ្យ​រសាត់​អណ្ដែត​ទៅ​ឆ្ងាយ នោះ​ការ​គិត​ក៏​អាច​កាត់​បន្ថយ​បាន​ខ្លះ​ដែរ។​

៣. មិន​ទម្លាប់​ហាត់ប្រាណ

គ្រាន់​តែ​មិន​ហាត់​ប្រាណ ​ក៏​​អាច​ធ្វើ​ឲ្យ​សោកសៅ​ដែរ។ ស្ដាប់​ទៅ​ដូច​ជា​ចម្លែក​បន្តិច ប៉ុន្តែ​​វា​ជា​​ការ​ពិត។ ត្រឹម​តែ​រៀន​សូត្រ ឬ​ធ្វើ​ការងារ​ពេញ​មួយ​ថ្ងៃ ដោយ​គ្មាន​សកម្មភាព​អ្វី​ផ្សេង​អាច​ឲ្យ​អ្នក​ធុញ​ទ្រាន់​ខ្លាំង។ ម្យ៉ាង​វិញ​ទៀត អ្នក​ដែល​ខ្វះ​លំហាត់​ប្រាណ អាច​ទៅ​ជា​ខ្ជិល និង​ញ៉ាំ​ច្រើន។ ភាព​ខ្ជិល​ច្រអូស​នេះ​ហើយ​ដែល​អាច​បណ្ដាល​ឲ្យ​អ្នក​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​សោក​សៅ។ សាក​កែ​ប្រែ​ទម្លាប់​ពី​គេង​ច្រើន យក​មក​ហាត់ប្រាណ​បង្កើន​សាច់ដុំ អ្នក​នឹង​មាន​អារម្មណ៍​ស្រស់​ថ្លា​ជាង​មុន។ ទម្លាប់​នេះ​មិន​ត្រឹម​តែ​កាត់​បន្ថយ​ភាព​ធុញ​ទ្រាន់​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ធ្វើ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ​ទៀត​ផង។ ចំណាយ​ពេល​ត្រឹម​តែ ៤០នាទី​ក្នុង​មួយ​ថ្ងៃ នឹង​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​មាន​ថាមពល និង​មាន​អារម្មណ៍​ល្អ។ ​​​​

៤. តម​អាហារ​ខ្លាំង​ពេក

ការ​ទទួល​ទាន​អាហារ​ មិន​ត្រឹម​តែ​ជំនួយ​ដល់​រាង​កាយ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ជួយ​ដល់​ខួរ​ក្បាល​ផង​ដែរ។ រាង​កាយ​មនុស្ស​ត្រូវ​សារ​ជាតិ​មួយ​ចំនួន ដើម្បី​ចិញ្ចឹម​ និង​ទ្រទ្រង់​ដល់​ខួរ​ក្បាល ដូច្នេះ​ប្រសិន​បើ​អ្នក​តម​អាហារ​ខ្លាំង​ពេក វា​អាច​នឹង​ធ្វើ​ឲ្យ​ខួរ​ក្បាល​ចុះ​ខ្សោយ។ កត្តា​ទាំង​អស់​នេះ​ហើយ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ឈាន​ចូល​ទៅ​រក​ភាព​សោក​សៅ។ គួរ​ញ៉ាំ​ត្រី​ឲ្យ​បាន​ច្រើន ជាពិសេស​គ្រឿង​សមុទ្រ ព្រោះ​វា​នឹង​ជួយ​ពង្រឹង​ខួរ​ក្បាល​របស់​អ្នក។ ពេល​អ្នក​មាន​របប​អាហារ​ត្រឹម​ត្រូវ អ្នក​នឹង​មាន​សុខភាព​ខួរ​ក្បាល​ល្អ​ ជៀស​ឆ្ងាយ​ពី​ភាព​សោកសៅ។

៥. គេង​តិច​ពេក

​ការ​គេង​មិន​គ្រប់​គ្រាន់ ក៏​ជា​មូលហេតុ​មួយ​អាច​ឲ្យ​អ្នក​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​សោក​សៅ​។ មិន​តែ​ប៉ុណ្ណោះ ការ​គេង​មិន​គ្រប់គ្រាន់​នឹង​ធ្វើ​ឲ្យ​ប្រសិទ្ធិ​ការងារ ឬ​ការ​រៀន​សូត្រ​របស់​អ្នក​ធ្លាក់​ចុះ​ផង​ដែរ។ អ្នក​ជំនាញ​បាន​ផ្ដល់​ដំបូន្មាន​ថា គួរ​គេង​ឲ្យ​បាន​ពី ៧ ទៅ ៨ ម៉ោង​ក្នុង​មួយ​យប់។ ម្យ៉ាង​វិញ​ទៀត​គួរ​កំណត់​ម៉ោង​ចូល​គេង និង​ម៉ោង​ក្រោក ដើម្បី​រក្សា​ទម្លាប់​ជា​ប្រចាំ។ ​​​

មិន​ថា​អ្នក​មាន ឬ​អ្នក​ក្រ​ទេ ភាព​សោក​សៅ​សុទ្ធតែ​កើត​មាន​ឡើង​គ្រប់​ពេល​ចំពោះ​មនុស្ស​គ្រប់​វ័យ។ ប្រិយ​មិត្ត​គួរ​រក​ភាព​រីករាយ​ដាក់​ខ្លួន​ឲ្យ​បាន​ច្រើន ១​វិនាទី​ពិត​ជា​មាន​តម្លៃ​ណាស់ បើ​យើង​ចេះ​ប្រើ​ប្រាស់​វា។ កុំ​ព្យាយាម​គិត​រឿង​ដែល​គ្មាន​ប្រយោជន៍​ច្រើន ចេះ​ប្រើ​ពេល​វេលា​រក​ដំណោះ​ស្រាយ និង​ឈាន​ចាប់​យក​ឱកាស​ដែល​ធ្វើ​ឲ្យ​ជីវិត​មាន​ន័យ​ទើប​ជា​ការ​ល្អ៕

ប្រភព៖​ Sabay


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម