មនុស្សត្រូវការការលួងលោម
បញ្ហាស្មុគស្មាញទាំងនេះអាចធ្វើឱ្យមានផលវិបាកក្នុងការរស់នៅប្រចាំថ្ងៃព្រោះមិនដឹងថាត្រូវសម្រួលចិត្ដយ៉ាងណា ដើម្បីបំភ្លេចចោលនូវបញ្ហានោះ។ ដូចនេះការផ្ដល់នូវភាពលួងលោម លើកទឹកចិត្ដជាកត្ដាសំខាន់មួយអាចធ្វើឱ្យមនុស្សមានកម្លាំង ចិត្ដ មានសេក្ដីសុខស្ងប់ទាំងផ្លូវកាយ និងផ្លូវចិត្ដ។
រូបភាពទស្សនាវដ្ដីសុខភាព
លោកសាស្ដ្រាចារ្យ សោមច័ន្ទ សុវណ្ណតារា ជាអនុប្រធានដេប៉ាតឺម៉ង់ចិត្ដវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញមាន វត្ដមានធ្វើការបកស្រាយជូនប្រិយមិត្ដអ្នកអានឱ្យបានស្វែងយល់ តាមរយៈការធ្វើកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្ដីសុខភាពយើង។
អ្វីទៅហៅថា លួងលោម?
លួងលោម គឺជាការផ្ដល់នូវសេចក្ដីសង្ឃឹម ផ្ដល់កម្លាំងចិត្ដ ឬផ្ដល់នូវសមានចិត្ដ ដល់អ្នកដែលខ្លួនស្រឡាញ់ឬអ្នកដទៃ ដោយមិនស្ដីបន្ទោស ឬប្រមាថមើលងាយឡើយ។
មូលហេតុដែលត្រូវការការលួងលោម
មានមូលហេតុជាច្រើនយ៉ាង ដែលធ្វើឱ្យមនុស្សគ្រប់ភេទគ្រប់វ័យត្រូវការនូវការលួងលោមពីអ្នកដទៃដើម្បីជួយរំសាយ បំបាត់ទុក្ខសោក ពេលដែលមានការប្រឈមមុខ។
- ការបាត់បង់មនុស្សជាទីស្រឡាញ់និងជាទីគោរព ជាហេតុធ្វើឱ្យខ្លួនខូចចិត្ដ ក្លាយជាជនកំព្រា
- ការផ្ដាច់ទំនាក់ទំនងគ្នា និងការបាត់បង់នូវសម្ព័ន្ធភាព ធ្វើឱ្យខ្លួនមានការពិបាកចិត្ដ ឯកោ
- ការជេរស្ដីបន្ទោស ចំពោះកំហុសបន្ដិចបន្ដួច អាចធ្វើឱ្យខ្លួនមានការអស់សង្ឃឹម
- ការប្រមាថ មើលងាយ និងជាន់ឈ្លីកិត្ដិយស បណ្ដាលឱ្យមានការអាក់អន់ស្រពន់ចិត្ដ
- ភាពឆ្មើងឆ្មៃ ក្រអឺតក្រទម និងព្រងើយកន្ដើយពីមនុស្សដែលរស់នៅជុំវិញខ្លួនក៏ធ្វើឱ្យខ្លួនមានការមិនសប្បាយចិត្ដហើយគិតថាខ្លួនជាមនុស្សមិនល្អ ដែលធ្វើឱ្យគេមិនរាប់អានជាមួយខ្លួន។
- ការនិយាយភូតកុហកទៅលើអ្នកដទៃដោយមិនមានបំណង ធ្វើឱ្យខ្លួនមានចិត្ដមិនស្ងប់។
វិធីសាស្ដ្រនៃការលួងលោម
ជាទូទៅមនុស្សគ្រប់ភេទ គ្រប់វ័យ នៅពេលដែលមានបញ្ហាជាច្រើនតែងតែត្រូវការការលួងលោមពីអ្នកដទៃជាជំនួយ។ វិធីសាស្ដ្រលួងលោមចិត្ដ ជួយឱ្យមានកម្លាំងចិត្ដ និងមានសេចក្ដីសង្ឃឹមឡើងវិញ។ វិធីសាស្ដ្រនៃការលួងលោមចិត្ដមានច្រើន ដែលប្រើ ទៅតាមបញ្ហារបស់បុគ្គលនីមួយៗ។
- សូមកុំគិតពីរឿងដែលធ្វើឱ្យខ្លួនមិនមានសេចក្ដីសុខ មិនមានការសប្បាយចិត្ដ ត្រូវចាត់ទុកថាជាការយល់សប្ដិអាក្រក់ ប្រសិនបើមានរឿងអាក្រក់កើតឡើង មិនអាចទទួលយកបាន។
- ត្រូវរឹងប៉ឹង ធ្វើចិត្ដឱ្យស្ងប់ បើសិនបាត់បង់អ្នកជាទីស្រឡាញ់ ជាទីគោរព
- ធ្វើការកោតសរសើរ លើកទឹកចិត្ដ ដើម្បីឱ្យអ្នកនោះកាន់តែមានកម្លាំងចិត្ដ ខិតខំប្រឹងប្រែងបន្ថែមទៀតប្រសិនបើបុគ្គល នោះបានធ្វើកិច្ចការត្រឹមត្រូវ ហើយទទួលលទ្ធផលជោគជ័យ។
- ត្រូវតែមានសេចក្ដីតស៊ូដូចពាក្យចាស់ពោលថាព្យាយាមគង់តែបានសម្រេច។ ត្រូវធ្វើឱ្យមានក្ដីសង្ឃឹម ជឿជាក់ប្រសិនបើ ចង់រៀនសូត្រឱ្យបានពូកែ និងមានបំណងចង់ក្លាយជាអ្នកមានតួនាទីនៅក្នុងសង្គម។
- ត្រូវមានឆន្ទៈសម្រេចការងារឱ្យបាន ប្រសិនបើការងារមានឧបសគ្គច្រើន
- នរណាៗក៏ធ្លាប់មានកំហុសខុសឆ្គងដែរ ដូចនេះបើដឹងពីកំហុសខ្លួនឯងគឺជាការប្រសើរ។ ជាមនុស្សត្រូវតែក្លាហាន ហ៊ាន ទទួលខុសត្រូវប្រឈមមុខនឹងការពិត ប្រសិនបើបុគ្គលនោះមានទំនាស់ទាស់គ្នាហើយគិតថាខ្លួនឯងជាអ្នកខុសដែលនាំឱ្យមាន វិប្បដិសារី។
ផលប៉ះពាល់នៃការលួងលោម
រាល់ពេលមានបញ្ហាកើតឡើង ធ្វើឱ្យមនុស្សមានការពិបាកចិត្ដ តប់ប្រមល់ និងស្មុគស្មាញ នៅបញ្ហាជុំវិញខ្លួនជាហេតុធ្វើឱ្យ ខ្លួនឯងត្រូវការការលួងលោមពីអ្នកដទៃ។ ការចង់បាននូវភាពលួងលោមពីអ្នកដទៃមិនប្រាកដថាជាការលួងលោមក្នុងគោលបំណង ល្អទេ អាចធ្វើឱ្យគេមានការឆ្លៀតឱកាសធ្វើបាបមកលើខ្លួនវិញ។ ឧទាហរណ៍ ទំនាក់ទំនងរវាងប្ដីនិងភរិយាមានសម្ព័ន្ធភាពនឹង គ្នាល្អណាស់ មានថ្ងៃមួយមានការទាស់ទែងគ្នា ហើយឈានទៅដល់ចែកផ្លូវគ្នាដើរដោយសារការលួងលោមពីជនទីបីឆ្លៀតឱកាសធ្វើ បាប។ ក្នុងគ្រួសារដែលមានតែអំពើហិង្សាជាប្រចាំ ធ្វើឱ្យកូនមិនមានសេចក្ដីសុខហើយចង់ចាកចេញទៅឱ្យឆ្ងាយផុតពីអំពើហិង្សា នេះ។ ទីបំផុតកូនត្រូវបានក្លាយជាក្មេងគ្មានអនាគតរស់នៅក្រៅសង្គមដោយសារតែអ្នកដទៃមកប្រើវិធីសាស្ដ្រលួងលោម បោកយក ទៅធ្វើបាប។ ចំពោះអ្នកខ្លះ មិនមានបញ្ហាអ្វីកើតឡើងសោះតែបែរជាត្រូវចាញ់បោកការលួងលោមរបស់អ្នកដទៃទៅវិញ។ ឧទាហរណ៍ កុមារម្នាក់ជាក្មេងល្អ រៀនសូត្រពូកែមានថ្ងៃមួយមិត្ដរួមថ្នាក់មកលួងលោមរហូតធ្វើឱ្យកុមារម្នាក់នេះត្រូវភ្លើតភ្លើន ប្រព្រឹត្ដអំពើសង្គមមិនឱ្យតម្លៃ។ ដូចនេះការចាញ់បោកដោយសារការលួងលោមអ្នកដទៃមានច្រើនណាស់ ដោយសារការប៉ិនប្រសព្វ ប្រើវិធីសាស្ដ្រល្បិចកលលួងលោមធ្វើបាបមិនចាំបាច់រាល់ពេលដែលលោកអ្នកមានបញ្ហាអ្វីមួយកើតឡើងឡើយ។
ប្រការគួរប្រតិបត្ដិទប់ស្កាត់អំពើលួងលោម
ការពិចារណាជាចំណុចសំខាន់សម្រាប់លោកអ្នក រាល់ពាក្យសម្ដីលួងលោមពីបងប្អូន មិត្ដភក្ដិ ឬអ្នកជាទីស្រឡាញ់នៅពេលដែលលោកអ្នកអស់សង្ឃឹម គ្មានកម្លាំងចិត្ដ និងបញ្ហាអ្វីមួយ។ ពាក្យសម្ដីលួងលោមពីអ្នកដទៃជាជំនួយមិនមែនជាឱសថទិព្វ ទាំងអស់ទេ។ ជួនកាលអាចជាឱសថសម្លាប់លោកអ្នកទៅវិញ។ ដូចនេះលោកអ្នកត្រូវត្រិះរិះពិចារណាជាមុនសិនមុនអនុវត្ដតាម ពាក្យសម្ដីលួងលោមរបស់អ្នកដទៃ ដើម្បីកុំឱ្យមានការឈឺចាប់។
ដំបូន្មានអ្នកឯកទេស
ការលួងលោមពីអ្នកដទៃ មិនមែនជាការលួងលោមក្នុងគោលបំណងដូចគ្នាទេ។ អ្នកខ្លះលួងលោមដោយបំណងល្អស្មោះ ត្រង់ អ្នកខ្លះទៀតលួងលោមឆ្លៀតឱកាសធ្វើបាប។ អ្វីដែលសំខាន់ លោកអ្នកគិតពាក្យសម្ដីដែលគេលួងលោមសិនថាពាក្យសម្ដីនោះ ត្រឹមត្រូវដែរឬទេ ដែលមកប្រាប់ខ្លួនថា ឱ្យខ្លួនត្រូវប្រតិបត្ដិបែបនេះ ឬបែបនោះនៅពេលលោកអ្នកប្រឈមមុខនឹងបញ្ហាអ្វីមួយ។ ថ្វីត្បិតតែអ្នកដទៃមកលួងលោមធ្វើឱ្យលោកអ្នកមានកម្លាំងចិត្ដ មានសេចក្ដីសង្ឃឹមក៏ពិតមែនប៉ុន្ដែការអនុវត្ដន៍តាមពាក្យសម្ដីលួង លោមរបស់អ្នកដទៃមិនប្រាកដថាត្រឹមត្រូវទាំងអស់ទេ។
By healthcambodiaមើលគួរយល់ដឹងផ្សេងៗទៀត
- ៤ជំហានសង្គ្រោះខ្លួនឯងឲ្យរួចផុតពីមនុស្សគ្មានស្នេហ៍ស្មោះ
- ដាក់មន្តស្នេហ៍ អោយមនុស្សស្រីលង់ស្រឡាញ់
- ២០ សំនួរដែលអ្នកគួរតែសួរមុនពេលសម្រេចចិត្តរៀបការ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!