ការស្រាវជ្រាវបានបង្ហាញថា លំហាត់ប្រាណប្រចាំថ្ងៃ អាចបន្ថយហានិភ័យ ជំងឺខ្សោយបេះដូង បានពាក់កណ្តាល
ដោយយោងតាមការស្រាវជ្រាវថ្មីមួយបានអោយដឹងថា លំហាត់ប្រាណប្រចាំថ្ងៃអាចបន្ថយហានិភ័យនៃជំងឺខ្សោយបេះដូងបាន។
អ្នកស្រាវជ្រាវក្នុងប្រទេសស៊ុយអែតបានរកឃើញថា ជំងឺខ្សោយបេះដូង ដែលជាជំងឺទូទៅមួយចំពោះមនុស្សចាស់ ហាក់ដូចជាត្រូវបានថយចុះពាក់កណ្តាល ចំពោះអ្នកដែលបានធ្វើលំហាត់ប្រាណកម្រិតមធ្យម មួយម៉ោង ឬធ្វើលំហាត់ប្រាណកម្រិតធ្ងន់កន្លះម៉ោងជារៀងរាល់ថ្ងៃ។
វេជ្ជបណ្ឌិត កាស្ពឹរ អាន់ដឺរសាន់ (Kasper Andersen) ដែលមកពីសាកលវិទ្យាល័យ Uppsala បាននិយាយថា ការស្រាវជ្រាវបានបង្ហាញថា កម្រិតនៃការធ្វើលំហាត់ប្រាណខ្ពស់ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការបន្ថយហានិភ័យនៃជំងឺខ្សោយបេះដូង។
គាត់បាននិយាយថា ការធ្វើលំហាត់ប្រាណត្រូវបានគេដឹងថាបន្ថយហានិភ័យក្នុងការវិវត្តទៅជាជំងឺលើសឈាម ដែលជាកត្តាហានិភ័យមួយនៃជំងឺខ្សោយបេះដូង។
គាត់បានបន្តថា លំហាត់ប្រាណក៏បន្ថយឱកាសក្នុងការវិវត្តទៅជាធាត់ និងជំងឺទឹកនោមផ្អែម ដែលបញ្ហានេះជម្រុញហានិភ័យនៃជំងឺខ្សោយបេះដូង។
អ្នកស្រាវជ្រាវបានមើលទៅលើមនុស្សពេញវ័យជិត ៤០.០០០ នាក់គ្រប់អាយុទាំងអស់ដែលបានទទួលព័ត៌មានលើការធ្វើលំហាត់ប្រាណ។ មិនមានជំងឺខ្សោយបេះដូង នៅពេលដែលពួកគេចាប់ផ្តើមធ្វើការស្រាវជ្រាវនោះទេ។
ក្រុមអ្នកស្រាវជ្រាវបានវាយតម្លៃការធ្វើលំហាត់ប្រាណសរុប និងរយៈពេល ហើយបន្ទាប់មកបានមើលថាតើ វាត្រូវបានទាក់ទងទៅនឹងហានិភ័យនៃជំងឺខ្សោយបេះដូងនៅថ្ងៃក្រោយយ៉ាងដូចម្តេច។
ប្រហែល ៤ ភាគរយត្រូវបានចូលសម្រាកពេទ្យ ចំពោះជំងឺខ្សោយបេះដូងនេះ។
ជនជាតិអាមេរិកជិត ៦ លាននាក់ មានជំងឺខ្សោយបេះដូង។ មនុស្សជាងពាក់កណ្តាលបានស្លាប់អំឡុងពេល ៥ ឆ្នាំនៃការធ្វើរោគវិនិច្ឆ័យនេះ។
នៅក្នុងការស្រាវជ្រាវដែលត្រូវបានចេញផ្សាយថ្មីៗនៅក្នុងកាសែត Circulation: Heart Failure, ក្រុមដែលធ្វើលំហាត់ប្រាណខ្ពស់បំផុត ពោលគឺធ្វើលំហាត់ប្រាណកម្រិតមធ្យមច្រើនជាងមួយម៉ោង ឬធ្វើលំហាត់ប្រាណកម្រិតធ្ងន់កន្លះម៉ោងជារៀងរាល់ថ្ងៃ មាន ៤៦ ភាគរយក្នុងការបន្ថយហានិភ័យក្នុងការវិវត្តទៅជាជំងឺខ្សោយបេះដូង។
Andersen បាននិយាយថា ការស្រាវជ្រាវបានណែនាំអោយយើងធ្វើលំហាត់ប្រាណ យ៉ាងហោចណាស់ ១៥០ នាទីនៃលំហាត់ប្រាណកម្រិតមធ្យមក្នុងមួយសប្តាហ៍។ គាត់បានបន្តថា លំហាត់ប្រាណកម្រិតខ្ពស់អាចផ្តល់នូវអត្ថប្រយោជន៍បន្ថែមទៀត។
ទោះជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវមិនបានរាប់បញ្ចូលថាប្រភេទលំហាត់ប្រាណអ្វីដែលគួរធ្វើនោះទេ។ Andersen បានណែនាំលំហាត់ប្រាណដូចជា ការរត់តិចៗ ឬដើរ។ ទោះជាយ៉ាងណាក៏ដោយ ប្រភេទនៃលំហាត់ប្រាណណាក៏ដោយ គឺល្អជាងការមិនធ្វើលំហាត់ប្រាណសោះ។
ការស្រាវជ្រាវមិនបានបញ្ជាក់ថាតើ ការចាប់ផ្តើមធ្វើលំហាត់ប្រាណនៅវ័យកណ្តាល គឺយឺតពេកដើម្បីទទួលបានប្រយោជន៍ឬយ៉ាងណានោះទេ។ Andersen បាននិយាយថា ខ្ញុំគិតថា វាជាការបង្ហាញមួយល្អដែលមិនថាអាយុប៉ុណ្ណានោះទេ ដែលអ្នកចាប់ផ្តើមធ្វើលំហាត់ប្រាណនោះ វាមានឥទ្ធិពលវិជ្ជមានលើសុខភាពរបស់អ្នក។
វេជ្ជបណ្ឌិត ហ្គ្រេក ហ្វូណារ៉ូវ (Gregg Fonarow) ជាសាស្ត្រាចារ្យខាងផ្នែកជំងឺបេះដូងនៅសាកលវិទ្យាល័យ California បាននិយាយថា ខណៈដែលការស្រាវជ្រាវជាច្រើនបានមើលពីការផ្សារភ្ជាប់គ្នារវាងការធ្វើលំហាត់ប្រាណ និងហានិភ័យនៃជំងឺខ្សោយបេះដូងនោះ ការស្រាវជ្រាវមួយចំនួនបានមើលពីការផ្សារភ្ជាប់គ្នាជាក់លាក់រវាងការធ្វើលំហាត់ប្រាណ និងហានិភ័យក្នុងការវិវត្តទៅជាជំងឺខ្សោយបេះដូង។
Fonarow បានយល់ស្របនឹង Andersen ថា ការធ្វើលំហាត់ប្រាណ អាចផ្តល់នូវឥទ្ធិពលវិជ្ជមានច្រើនលើសម្ពាធឈាម កម្រិតកូឡេស្តេរ៉ូលនៅក្នុងឈាម និងសុខភាពនៃសាច់ដុំបេះដូងនោះ។
Fonarow បាននិយាយថា លំហាត់ប្រាណបន្ថយហានិភ័យនៃការគាំងបេះដូង ដែលអាចបន្ថយហានិភ័យក្នុងការកើតមានជំងឺខ្សោយបេះដូងបាន។ វាអាចមានឥទ្ធិពលវិជ្ជមានដទៃទៀតនៃការធ្វើលំហាត់ប្រាណដែលមានឥទ្ធិពលផ្ទាល់លើជំងឺខ្សោយបេះដូងនោះ។
Fonarow បាននិយាយថា ការស្រាវជ្រាវមួយចំនួនដទៃទៀតបានបង្ហាញថា ទោះបីជាជំងឺខ្សោយបេះដូងត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញក៏ដោយ ប៉ុន្តែ អ្នកជំងឺនៅតែអាចទទួលបានប្រយោជន៍ពីការធ្វើលំហាត់ប្រាណនេះ៕
ប្រភព៖ Health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- មនុស្ស ៣ ប្រភេទនេះ មិនអាចជោគជ័យ ក្នុងមុខរបរឡើយ
- សំដីអ្វីខ្លះ ដែលអ្នកគួរតែនិយាយទៅកូនរបស់អ្នក ជារៀងរាល់ថ្ងៃ?
- គួរធ្វើដូចម្តេច ពេលពុលអាហារ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!