ទម្លាប់ ដែល​គួរ​ចៀស ពេល​មាន​ស្នេហា​

 
 

​ពេល​គូសង្សារ​ទាំងពីរ​បាន​រស់នៅ​ជាមួយគ្នា​បាន​មួយរយៈ​ហើយ មាន​ទម្លាប់​តិចតួច​អាច​ធ្វើអោយ​មាន​ភាព​ក្តៅក្រហាយ​តិចតួច​តែប៉ុណ្ណោះ ប៉ុន្តែ ពេលខ្លះ វា​ក៏​អាច​ក្លាយទៅជា​រឿង​ធំ ហើយ​ធ្វើអោយ​ញំញី​ដល់​ស្នេហា​ផងដែរ​។ នៅ​ពេល​អ្នក​ស្រឡាញ់​គ្នា​ដំបូង អ្នក​ពិតជា​មិន​ខ្វល់​អំពី​រឿង​តិចតួច​ដែលនាំអោយ​មាន​បញ្ហា​ដល់​ដៃគូ​ឡើយ ប៉ុន្តែ ក្រោយ​ពី​រស់នៅ​ជាមួយគ្នា​បាន​ពីរ​បី​ឆ្នាំ​ហើយ វា​អាច​នឹង​ក្លាយទៅជា​រឿង​ធំ​បាន​។ ដូច្នេះ ចូរ​ស្វែងយល់​អំពី​ទម្លាប់​ទាំងអស់​នោះ​ដូច​ខាងក្រោម ៖

​ត្រួតពិនិត្យ​ដៃគូ​ជាប់​
​អ្នក​ប្រហែលជា​យល់​ថា វា​ពិតជា​រឿង​ត្រឹមត្រូវ​ណាស់​ក្នុងការ​ឆែកឆេរ​ទៅ​លើ​ទូរស័ព្ទ ឬ​អ៊ី​ម៉ែ​ល​របស់​ដៃគូ ប៉ុន្តែ មនុស្ស​គ្រប់គ្នា​សុទ្ធតែ​មាន​សិទ្ធិ​លាក់បាំង​អ្វីៗ​ដែល​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ទាំងអស់​។ បើសិន​ជា​អ្នក​ចេះ​តែ​ត្រូវ​ការឆែកឆេរ​បែប​គ្រប់ពេល​បែបនេះ វា​អាច​បង្កើត​ជា​បញ្ហា​ខ្វះ​ភាព​ជឿជាក់​លើ​គ្នា ព្រមទាំង​បង្ក​ជា​បញ្ហា​ដល់​ស្នេហា​ទៀតផង​។

​និយាយ​រិះគន់​គ្រួសារ​របស់​ដៃគូ​
​អ្នក​កំពុងតែ​ធ្វើអោយ​ខ្លួន​ឯង​ធ្លាក់​ក្នុង​ស្ថានភាព​កាន់តែ​លំបាក​ហើយ បើសិនជា​អ្នក​ចេះ​តែ​ធ្វើ​ការរិះគន់​ដល់​គ្រួសារ​របស់​ដៃគូ​។ ទោះបីជា​គេ​ខ្លួនឯង​ក៏​ដោយ ក៏​អាច​គិតថា គ្រួសារ​របស់​គេ​មាន​ភាព​រញ៉េរញ៉ៃ​ដែរ ប៉ុន្តែ វា​មិនមែន​ជា​តួនាទី​អ្នក​ក្នុងការ​និយាយ​រឿង​នេះ​ឡើយ​។ គ្មាន​នរណា​ម្នាក់​ចូល​ចិត្ត​ស្តាប់​អ្នកដទៃ​និយាយ​បង្អាប់​ទៅលើ​សាច់ឈាម​ខ្លួនឯង​ឡើយ ហើយ​បើសិនជា​អ្នក​ចេះ​តែ​ធ្វើ​បែប​នេះ​មែន អ្នកនឹង​បង្កើតបាន​ជា​បញ្ហា​កាន់តែ​ធំ​ទៅ​ជា​មិន​ខាន​ទេ​។

​លើក​បញ្ហា​ទើសទាល់​មិន​ត្រូវ​រឿង​
​មាន​ពេលវេលា​ត្រឹមត្រូវ​ច្រើនណាស់​ក្នុង​ការពិភាក្សា​ទៅលើ​បញ្ហា​ផ្សេងៗ ហើយ​ក៏​វា​មិន​ប្រាកដ​ថា​ពេលវេលា​ដែល​និយាយ​នោះ​អាច​នឹង​ត្រឹមត្រូវ​រហូត​ដែរ​។ ដោយសារតែ​ពេលវេលា​នោះ​វា​ត្រឹមត្រូវ​ចំពោះ​អ្នក​នោះ តែ​ក៏​មិន​ប្រាកដ​ថា​ត្រឹមត្រូវ​ចំពោះ​គេ​ឡើយ​។ ការលើក​បញ្ហា​ទាក់ទង​នឹង​លុយកាក់ ឬ​កូនៗ ក្រោយ​ពី​គេ​ទើបតែ​ឈាន​ជើង​ដល់ផ្ទះ​តែ​មួយ​ភ្លេច គ្រាន់តែ​ជា​បញ្ហា​ធ្វើអោយ​គេ​មាន​ភាព​តានតឹង​កាន់តែ​លើស​ដើម​ប៉ុណ្ណោះ​។

​ឈ្លោះ​គ្នា​តាម​ទីសាធារណៈ​
​អ្វី​ដែល​អ្នក​អាច​ធ្វើបាន​នោះ គឺ​ធ្វើ​យ៉ាងណា​ទប់​អារម្មណ៍​អោយ​ជាប់​សិន ចាំ​ដល់​ផ្ទះ​ចាំ​បញ្ចេញ​វា​។ អ្នក​ប្រហែលជា​ត្រូវ​បន្ធូរ​កំហឹង​អ្នក​ខ្លះ​ហើយ ប៉ុន្តែ ការឈ្លោះគ្នា​នៅ​ទី​សាធារណៈ​ពិត​ជា​រឿង​មិនល្អ​ឡើយ ព្រោះ​វា​អាច​ធ្វើ​អោយ​ដៃគូ​កាន់តែ​ឈឺ​ក្បាល​នឹង​អំពើ​ឆ្គួតៗ​របស់​អ្នក​។ បើសិន​ជា​អ្នក​យល់ថា​ខ្លួនឯង​ឧស្សាហ៍​ឈ្លោះ​គ្នា​នៅ​ទី​សាធារណៈ​មែន​នោះ វា​គួរតែ​ដល់​ពេល​ផ្លាស់ប្តូរ​ទម្លាប់​នេះហើយ​។

​ព្រងើយកន្តើយ​ចំពោះ​ដៃគូ​អ្នក​
​គ្មាន​នរណា​ម្នាក់​ចូល​ចិត្ត​ភាព​ព្រងើយកន្តើយ​ឡើយ ព្រោះ​វា​គឺជា​រឿង​អាក្រក់​ជាង​ការស្រែក​គំហក​ដាក់​គ្នា​ទៅ​ទៀត​។ ការព្រងើយកន្តើយ​លើ​មនុស្ស​ម្នាក់ គឺ​ដូចគ្នា​នឹង​ការនិយាយ​ជាមួយ​គេ​ថា ពួកគេ​ជា​មនុស្ស​មិន​សំខាន់​ចំពោះ​អ្នក​ទៀតឡើយ ហើយ​អ្នក​ក៏​មិន​ចង់​ទៅ​និយាយ​រំខាន​ពួក​គេ​ទៀត​ដែរ​។ បើសិន​ជា​អ្នក​កំពុងតែ​ធ្វើ​ច​រឹត​បែប​នេះ​ដាក់​គ្នា​ទៅវិញទៅមក​មែន​នោះ អ្នក​នឹង​មាន​បញ្ហា​ចំពោះ​ស្នេហា​អ្នក​ជាមិនខាន​ទេ​៕

ប្រភព៖ Health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម