ខ្លាច​ការជោគជ័យ​គួរតែ​ជំនះ​អោយបាន​

 
 

​ថៅកែ​របស់ ឡូ​រ៉ា ទើបតែ​ប្រកាសថា ក្រុមហ៊ុន​ទើបតែ​ដេក​ថ្លៃ​ឈ្នះ​ដើម្បី​បង្កើត​យុទ្ធនាការ​ទីផ្សារ​ថ្នាក់​ជាតិ​មួយ​។ ហើយ​គាត់​កំពុងតែ​ផ្តល់​ជា​យោបល់​ថា គាត់​ចង់អោយ​ឡូ​រ៉ា​ចាត់ចែង​គម្រោង​មួយ​នេះ​។ អ្វីៗ​ទាំងអស់​ដែល​នាង​ត្រូវ​ធ្វើ​នោះ​គឺ​ប្រាប់​គាត់​អោយដឹងថា​នាង​មាន​ចំណាប់អារម្មណ៍​ការងារ​នេះ​នៅ​ថ្ងៃ​សុក្រ​។ 
 
​ឡូ​រ៉ា​តែងតែ​សង្ឈឹមថា​នឹង​មានឱកា​ស​បែប​នេះ​ជា​និច្ច​។ នាង​ដឹងថា ការងារ និង​ជំនាញ​គ្រប់គ្រង​របស់​នាង​គឺ​វា​សាក​សម​នឹង​នាង​សម្រាប់​ការងារ​នេះ​ណាស់​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ពេល​ថ្ងៃ​សុក្រ​មកដល់ នាង​បាន​បង្កើត​នូវ​តារាង​មួយ​ដែល​សុទ្ធតែ​ជា​ហេតុផល​ថា​នាង​មិន​ចង់​ទទួលយក​គម្រោង​មួយ​នោះ​ទៅវិញ​។ នៅ​ទីបំផុត​នាង​នៅ​តែ​មិន​បាន​និយាយ​រឿង​នេះ​ប្រាប់​ចៅហ្វាយ​នាង​ដដែល​។ 
 
តើ​ស្ថានភាព​បែប​នេះ​ស្តាប់​មើលទៅ​ស្រដៀង​គ្នា​នឹង​អ្នក​ដែរ​ទេ​?

​ខ្លាច​ការទទួលបាន​ជោគជ័យ​ពិត​ជា​រឿង​មួយ​ដែល​កើតមាន​ជា​ញឹកញាប់​មែន ហើយ​វា​អាច​ធ្វើអោយ​យើង​បាត់បង់​ឱកាស​ជាច្រើន​ក្នុង​ឆាកជីវិត​ទៀតផង​។ នៅពេល​យើង​ខ្លាច​នឹង​ការប្រឈមមុខ និង​ឈាន​ជើង​ឆ្ពោះទៅមុខ​កាន់​គោលដៅ​របស់​យើង​ពេក ទាំង​ដឹងខ្លួន ឬ​មិន​ដឹង​ខ្លួន វា​សុទ្ធតែ​ធ្វើអោយ​យើង​មាន​ភាព​ធុញទ្រាន់​នឹង​កន្លែង​មួយ ដោយ​មិន​ហ៊ាន​ទាំង​ឈាន់​ទៅ​មុខ និង​បក​ក្រោយ​វិញ​។ 
 
​អត្ថបទ​នេះ យើង​នឹង​ពន្យល់​អំពី​ការខ្លាច​ការទទួលបាន​ជោគជ័យ​ដូចជា​៖ តើ​វា​ជា​អ្វី​, ធ្វើ​ដូចម្តេច​ដឹង​បើ​អ្នក​មាន​បញ្ហា​នេះ​ហើយ​, និង​អ្វី​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​ជំនះ​វា​។​
 
​វេជ្ជបណ្ឌិត ម៉ា​ទីណា ហ័រ​ណឺ (Matina Horner) អ្នកឯកទេស​ខាង​ចិត្តសាស្ត្រ​បានធ្វើ​រោគវិនិច្ឆ័យ​ដំបូង​គេ​ទៅ​លើ​ការភ័យខ្លាច​ការទទួល​បាន​ជោគជ័យ​កាលពីដើមឆ្នាំ ១៩៧០​មកម្ល៉េះ​។ ការស្រាវជ្រាវ​របស់​អ្នកស្រី ជា​ពិសេស​ដែល​មាន​ជាប់​ទាក់ទង​នឹង​បញ្ហា​របស់​មនុស្ស​ស្រី​ផង​ដែរ​នោះ គឺ​ការខ្វែងគំនិត​គ្នា​ដ៏​អស្ចារ្យ​។ 
 
​ទោះបីជា​យ៉ាងណា​ក៏ដោយ ចាប់តាំងពី​ពេលនោះ​មក អ្នកវិទ្យាសាស្ត្រ និង​អ្នកឯកទេស​ខាង​ចិត្តសាស្ត្រ​ភាគច្រើន យល់​ស្រប​ថា ការខ្លាច​ការទទួលបាន​ជោគជ័យ​អាច​កើតឡើង​បាន​ទាំង​មនុស្ស​ប្រុស និង​មនុស្ស​ស្រី​។ 
 
​ខ្លាច​ការទទួលបាន​ជោគជ័យ​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ការខ្លាច​ការ​ប៉ា​រ៉ា​ជ័យ​ដែរ​។ ពួក​វា​ទាំងពីរ​នេះ​មាន​រោគសញ្ញា​ដូចៗ​គ្នា​ជា​ច្រើន ហើយ​ខ្លាច​ទាំងពីរ​នេះ​ធ្វើអោយ​អ្នក​មិន​អាច​ទទួលបាន​ការប៉ង​ប្រាថ្នា និង​គោលដៅ​របស់​អ្នក​បាន​ឡើយ​។ 
 
​រោគសញ្ញា​

​បញ្ហា​ដ៏​ធំ​បំផុត​សម្រាប់​មនុស្ស​ភាគច្រើន​គឺ​ការភ័យខ្លាច​ការទទួល​បាន​ជោគជ័យ​របស់​ពួកគេ​គឺជា​ភាព​គ្មាន​ចេតនា​យ៉ាង​ធំធេង​។ ពួក​គេ​គ្រាន់តែ​មិន​យល់​ថា ពួកគេ​កំពុងតែ​ធ្វើអោយ​ខ្លួន​ឯង​កាន់តែ​មិន​អាច​ធ្វើ​អ្វីៗ​អោយ​កាន់តែ​ប្រសើរ​ទៀត​នោះទេ​។ 
 
​បើសិន​ជា​អ្នក​ធ្លាប់មាន​បទពិសោធន៍​ដូចខាងក្រោម​នេះ អ្នក​ទំនងជា​ភ័យខ្លាច​ការទទួលបាន​ជោគជ័យ​លើ​កម្រិត​មួយចំនួន​ហើយ​៖

  • ​អ្នក​មាន​អារម្មណ៍​ថា​ដូចជា​មាន​កំហុស​ចំពោះ​ជោគជ័យ​ទាំងឡាយ​ដែល​អ្នកមាន មិន​ខ្វល់​ថា​ជា​ជោគជ័យ​តិចតួច​, ដោយសារ​តែ​មិត្តភក្តិ​, គ្រួសារ​, ឬ​អ្នក​ធ្វើការ​ជាមួយគ្នា​មិន​បាន​ទទួល​ជោគជ័យ​ដូចគ្នា​នោះ​ទេ​។​
  • ​អ្នក​មិន​បាន​និយាយ​ប្រាប់​អ្នក​ដទៃ​អំពី​ជ័យជំនះ​របស់​អ្នកទទួលបាន​។
  • ចូលចិត្ត​គេចវេស​ជាមួយនឹង​គម្រោង​ធំៗ ជាពិសេស​គម្រោង​ទាំងឡាយណា​ដែល​អាច​គេ​មាន​ការទទួលស្គាល់​។​
  • អ្នក​ច្រើនតែ​ធ្វើការ​សម្របសម្រួល​ទៅ​លើ​គោលដៅ ឬ​របៀប​វីរៈ​ខ្លួនឯង​ដើម្បី​ចៀសវាង​ការ​មាន​បញ្ហា​នៅក្នុង​ក្រុម ឬ​ជម្លោះ​ក្នុង​គ្រួសារ​។​
  • ​អ្នក​និយាយ​បន្ថោក​ការងារ ឬ​ការ​ប៉ងប្រាថ្នា​របស់ខ្លួន​ឯង​ដោយសារ​អ្នក​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​នឹង​ទទួល​យក​រឿង​នោះ​ធ្វើ​ទេ​។
  • អ្នក​មាន​អារម្មណ៍​ថា អ្នក​មិន​សាក​សម​ទទួលយក​នូវ​ភាព​រីករាយ​នៃ​ជោគជ័យ​ក្នុង​ជីវិត​នោះទេ​។
  • អ្នក​ជឿថា បើសិនជា​អ្នក​ពិតជា​ទទួលបាន​ជោគជ័យ​មែន អ្នក​នឹង​មិន​អាច​រក្សា​វា​អោយបាន​ល្អ​ឡើយ​។ អ្នក​នឹង​ធ្វើអោយ​វា​បាត់បង់​ទៅ​វិញ​។

 
​មូលហេតុ​
​ការខ្លាច​ការបរាជ័យ​មាន​មូលហេតុ​របស់​វា​ជាច្រើន​ដូចជា​៖

  • យើង​ខ្លាច​នូវ​ជោគជ័យ​អ្វី​ដែល​នឹង​ទទួលបាន ដូចជា ភាព​ឯកោ​, សត្រូវ​ថ្មី​, ត្រូវ​រស់នៅ​ដាច់​ឆ្ងាយ​ពី​គ្រួសារ​, ធ្វើការ​ច្រើន​ម៉ោង​, ឬ​ត្រូវគេ​សុំ​លុយ ឬ​ពឹង​អោយ​ធ្វើការ​ច្រើន​។
  • ​អ្នកខ្លាច​ថា កាលណា​ជីវិត​របស់​យើង​ឈាន​ឡើង​កាន់តែ​ខ្ពស់ យើង​នឹង​ធ្លាក់​មក​វិញ​នៅ​ពេល​យើង​សាង​កំហុស​។
  • យើង​ខ្លាច​ការ​ធ្វើការ​បន្ថែម​, ទំនួល​ខុស​ត្រូវ​បន្ថែម ឬ​ការរិះគន់​ជាច្រើន​ដែល​យើង​នឹង​ត្រូវ​ប្រឈមមុខ​។​
  • យើង​ខ្លាច​ថា​ទំនាក់ទំនង​របស់​យើង​នឹង​មាន​ការ​ឈឺផ្សា​បើសិនជា​យើង​ទទួលបាន​ជោគជ័យ​។ មិត្តភក្តិ និង​គ្រួសារ​របស់​យើង​នឹង​មាន​ប្រតិកម្ម​ដោយ​ការ​ច្រណែន ហើយ​យើង​នឹង​បាត់បង់​មនុស្ស​ដែល​យើង​ស្រលាញ់​ទៀតផង​។
  • យើង​ខ្លាច​ថា ការទទួល​បាន​ជោគជ័យ​ប្រហែល​ជា​បង្ក​អោយ​មាន​ការស្តា​យ​ក្រោយ​ដ៏​ខ្លាំងក្លា​មួយ​ដែល​យើង​មិន​បាន​ដឹង​មុន​។

 
ការ​ជំនះ​
​អ្នក​អាច​ប្រើប្រាស់​យុទ្ធិសាស្ត្រ​ផ្សេងៗ​គ្នា​ជា​ច្រើន​ដើម្បី​ជំនះ​ការភ័យខ្លាច​ការទទួល​បាន​ជោគជ័យ​របស់​អ្នក​បាន​។ អ្វី​ដែល​ល្អ​នោះ​គឺថា កាលណា​អ្នក​ប្រឈមមុខ​នឹង​ភាពភ័យខ្លាច​របស់​អ្នក​កាន់តែច្រើន​, យក​វា​មក​ដាក់​មុខ​, និង​វិភាគ​វា​បាន​យ៉ាង​ល្អិតល្អន់​នោះ អ្នក​ទំនងជា​នឹង​អាច​បន្ទន់​ភាពភ័យខ្លាច​ទាំងនោះ​កាន់តែ​ច្រើន​ដែរ ហើយ​អាច​បន្ថយ​នូវ​ភាពស្ទាក់ស្ទើរ​ដើម្បី​សម្រេច​គោលដៅ​របស់​អ្នក​បាន​យ៉ាង​អស្ចារ្យ​ទៀតផង​។ 
 
​ចូរ​ក្រ​ឡែក​មើល​អោយបាន​ច្បាស់លាស់​នូវ​អ្វី​ដែល​នឹង​កើតឡើង​បើសិនជា​អ្នក​បាន​សម្រេច​គោលដៅ​រួច​។ មិន​ត្រូវ​មើល​អ្វី​ដែល​អ្នកនឹង​សង្ឈឹម​ថា​វា​កើត​មាន ឬអ្វី​ដែល​អ្នកខ្លាច​ថា​វា​នឹង​កើត​មាន​ឡើយ​។ តែ​ចូរ​មើល​នូវ​អ្វី​ដែល​វា​ទំនងជា​កើត​មាន​ជំនួស​វិញ​។ 
 
​យក​ល្អ​មិន​ត្រូវ​ឆ្លើយ​សំនួរ​នេះ​លឿន​ពេក​ទេ​។ ចូរ​ចំណាយពេល​យ៉ាងហោចណាស់ ១៥​នាទី​ដើម្បី​ពិនិត្យ​រាល់​រឿងរ៉ាវ​ទាំងអស់ ព្រម​ទាំ​សរសេរ​ចម្លើយ​ចំពោះ​សំណួរ​ដូចខាងក្រោម​នេះ​វិញ​៖

  • តើ​មិត្ត និង​គ្រួសារ​របស់​ខ្ញុំ​នឹង​មាន​ប្រតិកម្ម​ដូចម្តេច​បើសិន​ជា​ខ្ញុំ​សម្រេច​គោលដៅ​មួយ​នេះ​បាន​?
  • ​តើ​ជីវិត​របស់​ខ្ញុំ​នឹង​ប្រែប្រួល​ដូច​ម្តេចទៅ​?
  • ​តើ​មាន​អ្វី​ដែល​អាក្រក់​បំផុត​អាច​កើតឡើង​បាន​ទៅ​បើសិន​ជា​ខ្ញុំ​សម្រេច​បាន​គោលដៅ​នេះហើយ​?
  • ​តើ​មាន​អ្វី​អាច​កើតឡើង​បាន​យ៉ាង​ល្អ​បំផុត​ទៅ​?
  • ​ហេតុអ្វី​បានជា​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​មិន​សាក​សម​នឹង​សម្រេច​បាន​គោលដៅ​មួយ​នេះ​?
  • ​តើ​ខ្ញុំ​គួរ​ធ្វើ​ការលើកទឹកចិត្ត​ដល់​ខ្លួនឯង​ដូចម្តេច​ទៅ​ដើម្បី​ឆ្ពោះ​ទៅកាន់​គោលដៅ​មួយ​នេះ​?
  • តើ​ថ្មីៗ​នេះ​ខ្ញុំ​បាន​បង្ក​បញ្ហា​, ឬ​ធ្វើអោយ​ឈឺចាប់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​ខ្លួនឯង​អ្វី​ខ្លះ​ទៅ​?
  • ​តើ​ខ្ញុំ​អាច​បញ្ឈប់​នូវ​ឥរិយាបថ​បំផ្លាញ​ខ្លួនឯង​បែប​នេះ​ដូច​ម្តេចទៅ​?

 
​វិធីសាស្រ្តដ៏​មាន​ប្រយោជន៍​ផ្សេង​មួយ​ន​ទៀត​គឺ​រកអោយឃើញ​ភាពភ័យខ្លាច​របស់​អ្នក​ដោយផ្ទាល់ ហើយ​ចាំ​រៀបចំ​គម្រោង​ដើម្បី​អាច​ជំនះបាន​នូវ​អ្វី​ដែល​ជា​ការបារម្ភ​របស់​អ្នកវិញ​។ 
 
​ឧទាហរណ៍ ចូរ​រំពឹងថា អ្នក​មិន​បាន​ជម្រុញ​ខ្លួនឯង​អោយ​ទទួលបាន​ដំណែង​ឡើយ ហើយ​ហេតុផល​ដ៏​ធំ​បំផុត​គឺ​អ្នក​លួច​ខ្លាច​ថា​វា​អាច​បន្ថយ​នូវ​បញ្ហា​ដែល​ធ្វើអោយ​ប៉ះពាល់​ដល់​ទំនាក់ទំនង​គ្រួសារ និង​សច្ចៈ​ភាព​របស់​អ្នក​។ អ្នក​បារម្ភ​ថា អ្នកនឹង​រវល់​ធ្វើ​ការងារ​ខ្លាំង​ដើម្បី​រក្សា​ជោគជ័យ​របស់​អ្នក​ដែល​ជាហេតុ​ធ្វើអោយ​អ្នក​មិន​អាច​ជួប​គ្រួសារ និង​ប្រហែលជា​ត្រូវ​បង្ខំចិត្ត​ជ្រើសរើស​ការបំផ្លាច​សច្ចៈភាព​របស់​អ្នកទៀ​ត​ផង​ក៏​មិនដឹង​។ 
 
​ដើម្បី​យកឈ្នះ​ការភ័យខ្លាច​ទាំងនេះ ចូរ​ចាប់ផ្តើម​តាមរយៈ​រកអោយឃើញ​បន្ទុក​ការងារ​របស់​អ្នក​។ អ្នក​អាច​បង្កើត​ក្បួន​មួយ​សម្រាប់​ខ្លួនឯង​ដែល​អ្នក​នឹងត្រូវ​មក​ផ្ទះ​វិញ​នៅ​ម៉ោង ៧​ល្ងាច​ជា​និច្ច​។ អ្នក​អាច​ប្រាប់​រឿង​នេះ​ដល់​ចៅហ្វាយនាយ​បាន​បើសិនជា​អ្នក​ត្រូវបាន​គាត់​ផ្តល់​ដំណែង​ថ្មី​អោយ​។ 
 
​សម្រាប់​បញ្ហា​ដែល​ជាប់​ទាក់ទង​នឹង​សច្ចៈ​ភាព អ្នក​តែងតែមាន​ជម្រើស​មួយ​ជានិច្ច​។ បើសិនជា​អ្នកត្រូវការ​រក្សា​សច្ចៈ​ភាព​អោយ​ដូច​ជា​គោលដៅ​កំពូល​របស់​អ្នក ពេល​នោះ​អ្នកនឹង​តែងតែ​មាន​ជម្រើស​យ៉ាង​ត្រឹមត្រូវ​ជា​និច្ច​ជាមិនខាន​៕

ប្រភព៖ Health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម