បុរស​គួរតែ​ប្រើ ផលិតផល​ផ្តល់​សំណើម​ដល់​ស្បែក ខុស​ពី​ស្ត្រី​ដែរឬទេ​?

 
 

​ស្បែក​របស់​យើង​ត្រូវបាន​បង្កើតឡើង​ដោយ​បី​ស្រទាប់​។ ស្រទាប់​ជ្រៅ​ជាង​គេ​ឈ្មោះ​ថា Subcutis ឬ​ស្រទាប់​ខ្លាញ់​ក្រោម​ស្បែក​) ហើយ​វា​ក៏​ជា​អ្នក​ជួយ​ក្នុង​ការទប់ស្កាត់​ការប្រែប្រួល​សីតុណ្ហភាព និង​របួស​ដែរ​។ ស្រទាប់​កណ្តាល​ឈ្មោះថា Dermis ដែល​វា​ផ្ទុក​ទៅ​ដោយ​សរសៃប្រសាទ សរសៃឈាម ក្រពេញ​ញើស និង​គល់​រោម​។ ស្រទាប់​ស្បែក​ក្រៅ​គេ​បង្អោះ​ឈ្មោះថា Epidermis មាន​តួនាទី​ផ្តល់​ជា​ភាពរឹងមាំ​ដល់​ស្បែក និង​ការពារ​កុំអោយ​ជ្រាប​ទឹក​ចូលទៅក្នុង​ស្បែក​បាន​។ ស្រទាប់​ខាងក្រៅ​នេះ​ត្រូវបាន​គេ​អោយឈ្មោះ​ថា Stratum Corneum ដែល​វា​មាន​ប្រយោជន៍​ចំពោះ​ការ​លាប​ឡេ និង​ទឹក​ថ្នាំ​សម្រាប់​គ្រប់គ្រង និង​ការពារ​ស្បែក​ស្ងួត​។

​ខណៈពេលដែល​រូបរាង​កាយសម្ព័ន្ធ​ស្បែក​មនុស្ស​យើង​មាន​លក្ខណៈ​ដូចៗ​គ្នា វា​នៅតែ​មាន​លក្ខណៈ​ខុសគ្នា​មួយចំនួន​ដែរ​ទាក់ទង​នឹង​ដំណើរការ​ធម្មតា​របស់​ស្បែក​តាម​ភេទ​របស់​មនុស្ស​តែ​ម្តង​។ ចាប់តាំងពី​កម្រិត pH ដល់​អ័រម៉ូន សុទ្ធតែ​ជា​រឿង​ដែល​តម្រូវអោយ​មនុស្ស​ប្រុស​ស្រី​ប្រើ​ផលិតផល​ផ្តល់​សំណើម​ខុសគ្នា​ទាំងអស់​។ 

​ភេទ​
​ស្រទាប់​ស្បែក​ខាង​ក្រៅ​របស់​យើង​មាន​របស់​មួយ​ឈ្មោះថា Acid Mantle ដែល​ត្រូវ​បានង្កើតឡើង​ដោយការ​បញ្ចេញ​របស់​ក្រពេញ​ញើស និង​ក្រពេញ​បញ្ចេញ​ជាតិ​ប្រេង​។ អ្នកស្រាវជ្រាវ​បាន​រកឃើញ​នូវ​ភាពខុសៗ​គ្នា​ជា​ច្រើន​នៅពេល​យើង​និយាយ​ដល់​មុខងារ​របស់​ស្បែក​បុរស និង​ស្ត្រី​។ តើ​វា​មានន័យ​ដូច​ម្តេចទៅ​? ស្បែក​បុរស​មាន​ជាតិ​អាស៊ីត​ច្រើនជាង​ស្ត្រី ដោយ​យើង​ដឹង​តាមរយៈ​ការ​វាស់​កម្រិត pH​។ ជា​មធ្យម pH ស្បែក​របស់​មនុស្ស​ស្រី​គឺ ៥,៦ (​អាច​តិចជាង ឬ​ច្រើន​ជាង​នេះ ០,៤) ចំណែក​បុរស​វិញ​គឺ ៤,៣ (​អាច​តិចជាង ឬ​ច្រើន​ជាង ០,៤)​។ ស្បែក​ដែលមាន​សុខភាព​ល្អ គឺ​មាន​ចំនួន Acid Mantle ល្អ​ដែល​អាច​គ្រប់គ្រង​សំណើម​ដែល​បាត់បង់ និង​ទប់ស្កាត់​មេរោគ​ដែល​គ្រោះថ្នាក់​កុំអោយ​ចូល​ក្នុង​ខ្លួន​បាន​។ ស្បែក​ដែលមាន​សុខភាព​ល្អ​បំផុត​ក៏​មាន​កម្រិត pH ក្រោម ៥ ដែរ ដូច្នេះ ការ​ផ្តល់​សំណើម​ដល់​ស្បែក​រាល់ថ្ងៃ​ជាមួយ​នឹង​ផលិតផល pH ដែល​មាន​តុល្យភាព គឺជា​រឿង​សំខាន់​ដើម្បី​កុំអោយ​បាត់បង់​សំណើម បង្កើន​ជាតិ​ទឹក​ដល់​ស្បែក និង​ស្បែក​មាន​សុខភាព​ល្អ​។

​តាម​ការសិក្សា​មួយ​ដែល​បាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Optics Letters បាន​រកឃើញថា អាយុ​របស់​ស្បែក​ស្ត្រី​មាន​លក្ខណៈ​លឿន​ជាង​បុរស ហើយ​រឿង​នេះ​ក៏​មិន​ត្រឹមតែ​កើតមាន​លើ​ផ្ទៃ​ស្បែក​ខាងលើ​ទេ ស្រទាប់​ស្បែក​កណ្តាល​ក៏​អញ្ចឹង​ដែរ​។ កម្រិត​នៃ​សារធាតុកូឡា​ជែន និង​អេ​ឡា​ស្ទី​ន​ដែល​មាន​ក្នុង​ស្រទាប់ Dermis នឹង​ថយចុះ​ពេលដែល​យើង​អាយុ​ច្រើន (​ទាំង​បុរស និង​ស្រី​) ហើយ​រាងកាយ​នឹង​ផលិត​សារធាតុ​នេះ​កាន់តែ​តិចៗ​ទៅ​ដែរ ប៉ុន្តែ ការបាត់បង់​នេះ​នឹង​កើតមាន​លើ​មនុស្ស​ស្រី​លឿន​ជាង​គេ​បន្តិច​។ បន្ទាប់មក ស្បែក​នឹង​ចាប់ផ្តើម​ទៅ​ជា​ស្តើង ស្ងួត និង​បាត់បង់​ភាព​យឺត ព្រមទាំង​មាន​លក្ខណៈ​ដូចជា​ជ្រីវជ្រួញ និង​យារ​។ ស្បែក​ដែល​ចាស់​ទៅ​តាម​អាយុ​ក៏​ងាយ​នឹង​ខូច​ដោយសារ​តែ​បរិដ្ឋាន​ជុំវិញ​ខ្លួន សំណើម ការបង្ក​រោគ​ដោយ​បាក់តេរី ប៉ុន្តែ អ្នក​នឹង​ទទួលបាន​ប្រយោជន៍​ការពារ​វិញ​តាមរយៈ​ផលិតផល​ផ្តល់​សំណើម​ដល់​ស្បែក ព្រោះ​វា​មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​ភាព​ចាស់ និង​ជ្រីវជ្រួញ​ដូចជា Alpha-Hydroxy Acids និង​សារធាតុ​ដែល​ចម្រាញ់​ចេញពី​វីតាមីន A​។

​បញ្ហា​អ័រម៉ូន​
​រឿង​មួយ​ទៀត​ដែលថា ស្បែក​យើង​ខុស​គ្នា​នោះ គឺ​អ័រម៉ូន​នេះហើយ​។ បុរស និង​ស្ត្រី​មាន​ចំនួន​អ័រម៉ូន​ចរាចរ​ក្នុង​រាងកាយ​ខុសៗ​គ្នា ហើយ​ចំពោះ​អ័រម៉ូន Androgens និង Estrogens មាន​ឥទ្ធិពល​ច្រើន​ណាស់​ទៅ​លើ​មុខងា​រាងកាយ រាប់​ចាប់តាំងពី​ការបន្ត​ពូជ​រហូតដល់​ការបណ្តុះ​រោម  ព្រមទាំង​ដំណើរការ​ធម្មតា​របស់​ស្បែក​ទៀតផង​។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា ភាពខុស​គ្នា​នៃ​ចំនួន​អ័រម៉ូន ជាពិសេស​អ័រម៉ូន Androgens ដែល​មាន​ក្នុង​រាងកាយ​បុរស គឺ​ច្រើន​ជាង​មនុស្ស​ស្រី ដូច្នេះ វា​ធ្វើអោយ​ស្បែក​បុរស​មាន​ជាតិ​ប្រេង​ច្រើន​ជាង​ស្ត្រី​ដែរ​។

​ស្បែក​ដែលមាន​ជាតិ​ប្រេង គួរតែ​ផ្តល់​សំណើម​អោយ​ដូចជា​ស្បែក​ស្ងួត​ដែរ ប៉ុន្តែ អ្វី​ដែល​ខុស​គ្នា​នៅពេលនេះ​មិន​មែន​និយាយ​អំពី​ផលិតផល​ផ្តល់​សំណើម​ដែល​បង្កើតឡើង​សម្រាប់​បុរស និង​ស្ត្រី​ទេ តែ​ជា​ការនិយាយ​អំពី​ធាតុ​ផ្សំ​ដែលមាន​ក្នុង​ផលិតផល​ដែល​ត្រូវ​ប្រើ​ចំពោះ​ស្បែក​មាន​ជាតិ​ប្រេង និង​ស្បែក​ស្ងួត​ទៅវិញ​ទេ​។ ចំពោះ​ស្បែក​ដែល​មាន​ជាតិ​ប្រេង​ច្រើន អ្នក​គួរតែ​រក​ផលិតផល​ផ្តល់​សំណើម​ណា​ដែល​គ្មាន​ជាតិ​ប្រេង និង​មិន​ធ្វើ​អោយ​ស្ទះ​រន្ធ​ញើស​។ ផលិតផល​ផ្តល់​សំណើម​ដែល​ផ្ទុក​ទៅដោយ​ធាតុ​ផ្សំ​សម្រាប់​ការពារ​ជំងឺ​មុន​ដូចជា Salicylic Acid និង Benzoyl Peroxide ក៏​មាន​ប្រយោជន៍​ដែរ​។

​នៅពេល​បុរស​មាន​អាយុ​កាន់តែច្រើន ចំនួន​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​ពួកគេ​នឹង​ថយចុះ ហើយ​ស្បែក​ក៏​កាន់តែ​ស្ងួត​ជាង​មុន​ដែរ​។ អ្នក​ដែល​មាន​បញ្ហា​ស្បែក​ស្ងួត គួរតែ​ស្វែងរក​ផលិផល​ណា​ដែល​មាន​ជាតិ​ទឹក​ច្រើន និង​ធ្វើអោយ​ស្បែក​ទន់ ដើម្បី​អាច​ទាញ​ជាតិ​ទឹក​ចេញ​ពី​ក្រោម​ស្បែក​សម្រាប់​ផ្តល់​ជា​សំណើម​ធម្មជាតិ​ការពារ​ស្បែក​។ ផលិតផល​ដែល​ផ្ទុក​ទៅ​ដោយ​សារធាតុ Petrolatum, Lanolin, Glycerin, Shea Butter និង Fatty Oils ដូចជា​ប្រេង​អូ​លីវ ឬ​ផ្លែ​បឺ​សុទ្ធតែ​មាន​ប្រយោជន៍​ចំពោះ​ស្បែក​ស្ងួត​ទាំងអស់​៕

ប្រភព៖ health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម