ស្ត្រី​មិន​មក​រដូវ បណ្តាល មកពី​អ្វី​?

 
 

ស្ត្រី​ដែល​មិន​បាន​មក​រដូវ​យ៉ាងហោច​ណាស់​បី​ខែ​ជាប់ៗ​គ្នា ត្រូវ​គេ​បាន​ចាត់ទុកថា មិន​មក​រដូវ ដែល​វា​មាន​លក្ខណៈ​ដូចគ្នា​នឹង​ស្ត្រី​ពេញវ័យ​អាយុ ១៥ ឆ្នាំ មិនទាន់​ចាប់ផ្តើម​មក​រដូវ​អញ្ចឹង​។
​មូលហេតុ​ដែល​កើតមាន​ជា​ញឹកញាប់​បំផុត​ដែល​ធ្វើអោយ​ស្ត្រី​មិន​មក​រដូវ​ នោះ គឺ​ការ​មាន​ផ្ទៃពោះ​តែម្តង​។ មូលហេតុ​ផ្សេងៗ​ទៀត​មាន​ដូចជា បញ្ហា​ទាក់ទង​នឹង​សរីរាង្គ​ប្រដាប់ភេទ ឬ​ក្រពេញភេទ ដែល​ជួយ​សម្រួល​ដល់​កម្រិត​អ័រម៉ូន​។ ការព្យាបាល​លើ​មូលហេតុ ច្រើន​តែ​ដោះស្រាយ​លើ​បញ្ហា​មិន​មក​រដូវ​នេះ​បាន​។
រោគសញ្ញា​
​សញ្ញា​ដ៏​សំខាន់​នៃ​ការ​មិន​មក​រដូវ គឺ​អត់​មាន​ការ​មក​រដូវ ឬ​គ្មាន​ធ្លាក់​ឈាមរដូវ​សោះ​តែ​ម្តង​។ បើ​យោង​ទៅតាម​មូលហេតុ​នៃ​ការ​មិន​មក​រដូវ​នោះ​គឺថា អ្នក​ប្រហែលជា​ធ្លាប់​មាន​រោគសញ្ញា​ផ្សេង​ទៀត​ជាមួយនឹង​ការ​មិន​មក​រដូវ​ហើយ ​ដូចជា ៖
•​    ​ហូរ​ទឹក ដូច​ទឹកដោះ​តាម​ក្បាល​សុដន់​
•​    ​ជ្រុះ​សក់​
•​    ​ឈឺក្បាល​
•​    ​ប្រែប្រួល​គំហើញ​
•​    ​ដុះ​រោម​មុខ​ច្រើន​
•​    ​ឈឺចាប់​ក្នុង​អាង​ត្រគៀក​
•​    ​កើតមុន​។​

​ពេលណា​ត្រូវទៅជួប​គ្រូពេទ្យ​
​ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ បើសិន​ជា​អ្នក​បាត់​រដូវ​យ៉ាងហោចណាស់​បី​ខែ​ជាប់ៗ​គ្នា ឬ​មិន​ធ្លាប់​មក​រដូវ​សោះ នៅពេល​អាយុ​ចាប់ពី ១៥ ឆ្នាំ​ឡើង​ទៅ​។
​មូលហេតុ​
​ការ​មិន​មក​រដូវ​អាច​កើតឡើង​ដោយសារតែ​ហេតុផល​ច្រើន​ប្រភេទ​។ អ្នក​កើត​មាន​បញ្ហា​នេះ​ដោយ​ខ្លួនឯង តែ​ខ្លះទៀត​អាច​ដោយសារ​តែ​ផល​រំខាន​របស់​ថ្នាំ ឬ​សញ្ញា​នៃ​ជំងឺ​ណាមួយ​។
​ការ​មិន​មក​រដូវ​ដោយសារ​តែ​ធម្មជាតិ​
​ក្នុងពេល​ធម្មតា​នៃ​ជីវិត អ្នក​ប្រហែលជា​ធ្លាប់មាន​បញ្ហា​មិន​មក​រដូវ ដោយសារតែ​ហេតុផល​ធម្មជាតិ​ហើយ​ដូចជា​៖
•​    ​ការ​មាន​ផ្ទៃពោះ​
•​    ​បំបៅ​ដោះ​កូន​
•​    ​រាំង​រដូវ​។​
​ការ​ពន្យារកំណើត​
​ស្ត្រី​ខ្លះ​ដែល​ប្រើ​ថ្នាំ​ពន្យា​កំណើត ប្រហែលជា​មិន​មក​រដូវ​នោះទេ​។ ចំណែកឯ​ការ​ពន្យារកំណើត​ដោយ​ការចាក់​ថ្នាំ ឬ​ដាក់​ឧបករណ៍​ក្នុង​ស្បូន​ក៏​អាច​ធ្វើអោយ​អ្នក​មិន​មក​រដូវ​បានដែរ​។
​ការប្រើប្រាស់​ថ្នាំ​
​ថ្នាំ​មួយចំនួន​អាច​ធ្វើអោយ​រដូវ​លែង​មក​បាន​ដូច​ជា ៖
•​    ​ថ្នាំ​សរសៃប្រសាទ​
•​    ​ថ្នាំ​ព្យាបាល​ជំងឺមហារីក​
•​    ​ថ្នាំ​ប្រឆាំង​ការបាក់​ទឹកចិត្ត​
•​    ​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​
•​    ​ថ្នាំ​អា​លែ​ក​ស៊ី​។​
កត្តា​ទាក់ទង​នឹង​របៀប​រស់នៅ​
​ពេលខ្លះ​កត្តា​ទាក់ទង​នឹង​របៀប​រស់នៅ​ក៏​នាំ​អោយ​អ្នក​មិន​មក​រដូវ​ដែរ​ដូចជា​៖
•​    ​ស្គម ៖ ការ​ដែល​ស្គម​ពេក ឬ​មាន​ទម្ងន់​ទាប​ជាង​ទម្ងន់​ធម្មតា ១០ ភាគរយ អាច​នឹង​រំខាន​ដល់​មុខងារ​អ័រម៉ូន​ជាច្រើន​ក្នុង​រាងកាយ ជាពិសេស​ដំណើរកា​រណ៍​នៃ​ការផ្ទុះ​អូវុល​តែម្តង​។ ស្ត្រី​ដែល​មាន​បញ្ហា​នៃ​ការ​ទទួលទាន​ដូចជា មិន​ឃ្លាន​អាហារ ឬ​ញ៉ាំ​ច្រើន​តែ​ក្អួត​មកវិញ ច្រើន​តែ​មាន​បញ្ហា​មិន​មក​រដូវ ដោយសារ​តែ​ការប្រែប្រួល​អ័រម៉ូន​មិនធម្មតា​។
•​    ​ហាត់ប្រាណ​ច្រើនពេក ៖ ស្ត្រី​ដែល​ចូលរួម​ធ្វើ​សកម្មភាព​ទាំងឡាយ​ណា​ដែល​ត្រូវ​ការប្រើ​កម្លាំង​ ខ្លាំងៗ​ពេក​ដូចជា ការ​រាំ​របាំ​បា​ឡេ ប្រហែល​ជា​រដូវ​របស់​ពួក​គេ​រង​ការប៉ះពាល់​ហើយ​។ មាន​កត្តា​ច្រើនណាស់​ដែល​នាំ​អោយ​អ្នក​មិន​មក​រដូវ​ក្នុងពេល​លេង​កីឡា​ អត្តពលកម្ម​ដូចជា​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​តិច ស្ត្រេ​ស និង​ការប្រើ​កម្លាំង​ខ្លាំងពេក​។
•​    ​ស្ត្រេ​ស ៖ ការ​ដែល​មាន​ភាព​តានតឹង​ក្នុង​អារម្មណ៍​អាចធ្វើអោយ​ប្រែប្រួល​មុខងារ​របស់ Hypothalamus ដែល​ជា​កន្លែង​មួយ​ក្នុង​ខួរក្បាល សម្រាប់​គ្រប់គ្រង​លើ​អ័រម៉ូន​ធ្វើអោយ​មាន​រដូវ​។ ការ​មក​រដូវ​ប្រហែល​ជា​ត្រូវ​ឈប់ ប៉ុន្តែ វា​នឹង​ត្រលប់​មក​ធម្មតា​វិញ ពេល​ដែល​អ្នក​លែង​មាន​ស្ត្រេ​ស​។
​អតុល្យភាព​អ័រម៉ូន​
​ជំងឺ​ច្រើន​ប្រភេទ​ណាស់​ដែល​អាច​ធ្វើអោយ​មាន​អតុល្យភាព​អ័រម៉ូន​បាន​ដូច​ជា ៖
•​    ​ចង្កោម​រោគសញ្ញា​ដុំ​សាច់​ច្រើន​ក្នុង​ក្រពេញ​អូ​វ៉ែ ៖ ជំងឺ​មួយ​នេះ​នឹង​ធ្វើអោយ​កម្រិត​អ័រម៉ូន​ឡើង​ខ្ពស់​ជាង​ធម្មតា ជាពិសេស​ដំណើរការ​វដ្ត​រដូវ​តែម្តង​។
•​    ​ក្រពេញ​ទី​រ៉ូ​អ៊ីត​ធ្វើការ​មិន​បាន​ល្អ ៖ ក្រពេញ​ទី​រ៉ូ​អ៊ីត​ធ្វើការ​ខ្លាំងពេក ឬ​ធ្វើការ​មិន​ល្អ អាច​បណ្តាលអោយ​ការ​មក​រដូវ​មិន​ទៀងទាត់ ហើយក៏​មិន​មក​រដូវ​ទៀត​ក៏មាន​ដែរ​។
•​    ​ដុំ​សាច់​ក្នុង​ក្រពេញ Pituitary ៖ ដុំ​សាច់​មិនមែន​មហារីក​ក្នុង​ក្រពេញ Pituitary អាច​នឹង​រំខាន​ដល់​ការសម្របសម្រួល​អ័រម៉ូន​សម្រាប់​ការ​មក​រដូវ​បាន​។
•​    ​ឆាប់​រាំងរដូវ​ពេក ៖ ការ​រាំងរដូវ​ច្រើន​តែ​ចាប់ផ្តើម​នៅ​អាយុ​ជាង ៥០ ឆ្នាំ​។ ប៉ុន្តែ មាន​ស្ត្រី​ខ្លះ ក៏​អាច​រ៉ាង​រដូវ​មុន​អាយុ ៤០ ឆ្នាំ​បាន​ដែរ​។
បញ្ហា​រចនាសម្ព័ន្ធ​
​បញ្ហា​ដែល​ទាក់ទង​នឹង​សរីរាង្គ​ភេទ​ក៏​អាច​ធ្វើអោយ​រាំងរដូវ​បានដែរ​ដូចជា ៖
•​    ​ការ​មាន​សន្លាក​នៅ​ស្បូន ៖ ចង្កោម​រោគសញ្ញា Asherman’s Syndrome ជា​ជំងឺ​មួយ​ប្រភេទ​ដែល​កើត​មាន​សន្លាក​ជាលិកា​ក្នុង​ស្បូន ហើយ​ពេល​ខ្លះ​អាច​កើតឡើង​ក្រោយ​ពី​ការ​គៀរ​ក្នុង​ស្បូន សម្រាលកូន​ដោយ​ការវះកាត់ ឬ​ព្យាបាល​ជំងឺ​ដុំ​សាច់​ក្នុង​ស្បូន​។
•​    ​កង្វះ​សរីរាង្គ​ភេទ ៖ ពេលខ្លះ បញ្ហា​អាច​កើតមាន​ក្នុង​ពេល​វិវត្ត​របស់​កូន​ដែល​ធ្វើអោយ​កូនស្រី​កើត​មក​ គ្មាន​ផ្នែក​សំខាន់​ណាមួយ​នៃ​ប្រដាប់បន្តពូជ​ដូចជា​ស្បូន មាត់ស្បូន ឬ​ទ្វារមាស​។ ដោយសារ​តែ​ប្រព័ន្ធ​ប្រដាប់​ភេទ​របស់​នាង​មិន​លូតលាស់​ដូច​ធម្មតា នាង​ក៏​មិន​អាច​មាន​រដូវ​ដូច​ស្ត្រី​ធម្មតា​បានដែរ​។
•​    ​រចនាសម្ព័ន្ធ​មិន​ធម្មតា​របស់​ទ្វារមាស ៖ ការស្ទះ​តំបន់​ណាមួយ​របស់​ទ្វារមាស​ប្រហែលជា​មិន​អាច​អោយ​យើង​មើលឃើញ​លំហូរ​ ឈាមរដូវ​បានទេ​។ ភ្នា​ស ឬ​ជញ្ជាំង​ប្រហែលជា​អាច​កើតមាន​ក្នុង​ទ្វារមាស និង​បណ្តាលអោយ​ស្ទះ​ដល់​លំហូរ​ឈាម​ចេញពី​ស្បូន និង​មាត់ស្បូន​បាន​៕
 (ប្រភព៖ www.health.com.kh)

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម