មាននិស្សិតខ្មែរ៣៧៤នាក់ហើយដែលជាប់អាហារូបករណ៍របស់សហភាពអឺរ៉ុប
យោងតាមប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ២០០៤ មក មាននិស្សិតខ្មែរ និងបុគ្គលិកសិក្សាចំនួន៣៧៤នាក់ហើយ បានចេញទៅសិក្សានៅបណ្តាប្រទេសនានាជាសមាជិករបស់សហគមន៍អឺរ៉ុប តាមកម្មវិធីអាហារូបករណ៍ Erasmus Mundus។ ក្នុងនោះ មាននិស្សិត១១៤នាក់បានចេញទៅផ្លាស់ប្តូរការសិក្សារយៈពេលខ្លី ១៤៤នាក់ចេញទៅរៀនបន្តថ្នាក់អនុបណ្ឌិត ៤៨នាក់រៀនថ្នាក់បណ្ឌិត ១១នាក់រៀនថ្នាក់ក្រោយបណ្ឌិត និងបុគ្គលិកសិក្សា៥៧នាក់។
ជាក់ស្តែងឆ្នាំ២០១៤ នេះ តាមកម្មវិធី Erasmus Mundus នឹងបញ្ជូននិស្សិតខ្មែរចំនួន៥០នាក់ទៅបន្តការសិក្សានៅតាមប្រទេសជាសមាជិកសហភាពអឺរ៉ុប។ ក្នុងនោះនិស្សិតចំនួន១៧នាក់នឹងចេញផ្លាស់ប្តូរការសិក្សា២២នាក់ទៅរៀនថ្នាក់អនុបណ្ឌិត ៦នាក់ផ្នែកបណ្ឌិត និង៥នាក់ទៀតជាបុគ្គលិកអប់រំ និងសិក្សាជាប់ទៅផ្លាស់ប្តូរបទពិសោធ។ មុខវិជ្ជាដែលពួកគេត្រូវទៅសិក្សាមានដូចជា មុខវិជ្ជា វិទ្យាសាស្ត្រ វិទ្យាសាស្ត្រសង្គម និងមុខវិជ្ជាថ្មីៗជាច្រើន។
លោក Alain Vandersmissen ភារធារីនៃប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រាប់ LIFT ថា៖ «និស្សិតទាំងនេះនឹងចេញទៅរៀនសាលាដែលមានស្តង់ដារខ្ពស់ប្រចាំទ្វីបអឺរ៉ុប ហើយពេលពួកគេត្រឡប់មកវិញ ពួកគេនឹងរកបានការងារល្អៗ។ អ្វីដែលសំខាន់នោះគឺពួកគេនឹងប្រើប្រាស់ជំនាញដែលបានរៀននៅអឺរ៉ុបដើម្បីបម្រើដល់ការអភិវឌ្ឍដល់ប្រទេសកម្ពុជា»។
ជ័យលាភីម្នាក់មកពីក្រុងភ្នំពេញ និស្សិត កើត សាមុត ដែលនឹងត្រូវបន្តការសិក្សាលើជំនាញ Technology Governance នៅឯប្រទេសអេស្តូនី បានប្រាប់ថា មុនវិជ្ជាដែលគាត់រើសជា «មុខវិជ្ជាពិសេស» ទោះបីជាមិនសូវមានគេស្គាល់ក៏ដោយ តែគាត់គិតថា សង្គមខ្មែរពិតជាត្រូវការ។ អតីតនិស្សិតផ្នែកទំនាក់ទំនងអន្តរជាតិរូបនេះ និយាយថា សព្វថ្ងៃនៅស្រុកខ្មែរ មិនទាន់មានធនាគារអេឡិចត្រូនិក ឬការចុះឈ្មោះអេឡិចត្រូនិកទេ តែបើគេអាចប្រើបច្ចេកវិទ្យាដើម្បីសម្រួលដល់របស់ទាំងអស់នេះ ទាំងរដ្ឋ និងប្រជាជននឹងចំណេញពេលវេលា និងថវិកាច្រើនជាងមុន។ លោកពោលថា៖ «ខ្ញុំឃើញថា នៅស្រុកខ្មែរគេមើលមិនទាន់ឃើញពីអត្ថប្រយោជន៍របស់បច្ចេកវិទ្យាក្នុងការជួយរៀបចំគោលនយោបាយ និងពង្រីកសេដ្ឋកិច្ច និងសេវាសង្គមនៅឡើយ»។
ក្រៅពីនិស្សិតមកពីភ្នំពេញ ក្នុងនោះនិស្សិតមកពីខេត្តឆ្ងាយៗក៏មានសមត្ថភាពប្រជែងយកអាហារូបករណ៍ដែរ ដោយក្នុងនោះ ម៉ៅ រ៉ាំបូ មកពីសាកលវិទ្យាល័យបាត់ដំបង ពិតជាសប្បាយចិត្តពេលដឹងថាខ្លួនជាប់ទៅផ្លាស់ប្តូរការសិក្សានៅប្រទេសហុងគ្រី។ លោកបានប្រាប់ថា៖ «ទោះបីជាខ្ញុំរៀននៅខេត្ត ក៏មិនប្រាកដថា ចាញ់អ្នករៀននៅទីក្រុងដែរ។ ផ្នែកកសិកម្មនៅឯខេត្តបាត់ដំបង ក៏មានការអប់រំល្អដែរ ទាំងគ្រូ ទាំងប្រព័ន្ធអប់រំសុទ្ធតែមានកម្រិតស្តង់ដារ»។ និស្សិតសម្បុរស្រអែរូបនេះ ដែលទើបតែការពារសារណារបស់ខ្លួនក្នុងឆ្នាំទី៤នេះបានបញ្ជាក់ថា៖ «ក្រោយពីត្រឡប់មកពីប្រទេសហុងគ្រីវិញ ខ្ញុំនឹងចែករំលែកបទពិសោធរបស់ខ្ញុំទៅឲ្យមិត្តភក្តិ និងគ្រូទាក់ទងនឹងប្រជាពលរដ្ឋ និងកសិកម្មនេះ»។
លោក វ៉ាន់ សុវិជ្ជា ដែលនឹងបន្តថ្នាក់អនុបណ្ឌិត ២ឆ្នាំ នៅប្រទេសស៊ុយអែត ផ្នែក International and Comparative Education គិតថា មិនមែនមានតែសិស្សពូកែក្នុងថ្នាក់ទេ ដែលអាចជាប់អាហារូបករណ៍ទៅរៀននៅប្រទេសក្រៅបាន ពីព្រោះលោកខ្លួនឯងបានប្រាប់ថា កាលគាត់នៅរៀន គាត់រៀនមិនពូកែប៉ុន្មានទេ ប៉ុន្តែគាត់មានបទពិសោធការងារខ្ពស់។ អតីតគ្រូបង្រៀនភាសាអង់គ្លេសរូបនេះ បានបន្ដថា៖ «ខ្ញុំសប្បាយចិត្ត ដែលបានទៅទទួលបទពិសោធថ្មី នៅប្រទេសក្នុងសហភាពអឺរ៉ុប ហើយស៊ុយអែត ក៏ជាប្រទេសដែលជាប់ក្នុងប្រទេសលំដាប់កំពូល ដែលរីកចម្រើនខាង អប់រំ សេដ្ឋកិច្ច វប្បធម៌ បច្ចេកវិទ្យា ធនធានមនុស្ស និងសិទ្ធិមនុស្សផ្សេងៗ»។
ខណៈដែលបរិយាកាសនៃការជួបជុំនិស្សិតដែលបានជាប់អាហារូបករណ៍ទៅសិក្សានៅសហភាពអឺរ៉ុបនេះមានភាពសប្បាយរីករាយ ម្នាក់ៗមានទឹកមុខពោរពេញទៅដោយភាពពេញចិត្ត និងមោទនភាពដែលទទួលបានឱកាសចេញទៅសិក្សា និងដកពិសោធក្នុងទ្វីបអឺរ៉ុប យុវតីម្នាក់ហាក់ដូចជាមិនសូវជាភ្ញាក់ផ្អើលប៉ុន្មានទេ។ កញ្ញាមានភាពស្ទាក់ស្ទើរបន្តិចដែរក្នុងការចេញទៅសិក្សានៅអឺរ៉ុប។ ម៉ារី ថា៖ «ការចេញទៅរៀន វាដូចជាការប្រថុយក៏ថាបាន ព្រោះខ្ញុំត្រូវទៅរៀនពីរឆ្នាំ តែបើយកពីរឆ្នាំមកធ្វើការវិញ ខ្ញុំអាចឡើងតំណែង និងមានបទពិសោធការងារច្រើនឡើងដែរ»។
កញ្ញា ម៉ារី ដែលនឹងចេញទៅរៀនថ្នាក់អនុបណ្ឌិត ផ្នែក Multimedia នៅប្រទេសព័រទុយហ្គាល់ក៏ទទួលស្គាល់ថា ការចេញទៅសិក្សានៅក្រៅប្រទេសនេះ អាចជាឱកាសក្នុងការស្វែងរកបទពិសោធថ្មី ទាំងការសិក្សា និងការរស់នៅ។
ម៉ារីបានពោលទាំងភាព ញញឹមតិចៗថា៖ «បើនៅតែស្រុកខ្មែរ យើងមិនដឹងថា ប្រទេស គេដើរដល់កម្រិតណាទេ។ ខ្ញុំក៏ចង់បានសញ្ញាបត្រមួយទៀត និងរៀនលត់ដំខ្លួនពេលខ្ញុំត្រូវរស់នៅ ម្នាក់ឯង»៕
ប្រភព ៖ ភ្នំពេញប៉ុស្តិ៍
មើលគួរយល់ដឹងផ្សេងៗទៀត
- ផ្លែឪឡឹក ល្អចំពោះសុខភាព
- រោគសញ្ញានៃការរលាកសរសៃប្រសាទភ្នែក
- ទទួលទានចេក១ផ្លែ ក្នុង១ថ្ងៃ អាចបង្ការជំងឺច្រើនយ៉ាង
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!