អ្នក​​ណា​ខុស អ្នក​​ណា​ត្រូវ ​ក្រសួង និង ​ក្រុម​ផលិតករ ​បក​ស្រាយ​ផ្សេង​គ្នា​លើ​បម្រាម “ស្បែក​គង់”

 
 

មន្ត្រី​ក្រសួង​វប្បធម៌ និង ​វិចិត្រ​សិល្បៈ និង ​ក្រុម​ផលិតករ​​បក​ស្រាយ​​ផ្ទុយ​ពី​​​គ្នា​លើ​​បម្រាម​រឿង​”ស្បែក​គង់” ដែល​ហាម​មិន​ឱ្យ​ក្មេង​អាយុ​ក្រោម​ ១៥​ ឆ្នាំ​ចូល​ទស្សនា។

ការ​ចេញ​បម្រាម​ពី​ក្រសួង​នេះ ខណៈ​ដែល​ខ្សែ​ភាពយន្ត​ចំណាយ​ទឹក​ប្រាក់​ជាង ៦៨​ ម៉ឺន​ដុល្លារ​ខាង​លើ​កំពុង​ទទួល​ការ​​​ចាប់​អារម្មណ៍ ក៏​ដូច​ជា​ការ​រិះគន់ ​ពី​មហាជន រួម​នឹង​ការ​រក​ចំណូល​ខ្ពស់​ផង​ដែរ​សម្រាប់​រយៈ​ពេល​ ១១​ ថ្ងៃ ​កន្លង​មក។


ផលិតករ និង​ ជា​ចាងហ្វាង​ផលិតកម្ម Angkor Picture លោក ប៉ុល វិបូ បាន​និយាយ​ថា បម្រាម​របស់​ក្រសួង​វប្បធម៌ មិន​មាន​ភាព​ច្បាស់លាស់​​នាំ​ឲ្យ​ផលិតកម្ម​របស់​លោក​​មិន​អាច​ទទួល​យក​​បាន​ទេ។ ​លោក​ថា​ ការ​ធ្វើ​បែប​នេះ​បាន​នាំ​ឱ្យ​រឿង “ស្បែក​គង់”របស់​លោក ខាត​ចំណូល ៤០​ ភាគរយ។

“ខ្ញុំ​សោក​ស្ដាយ​ចំពោះ​​​ក្រសួង។ ​យើង​កំពុង​​រក​ចំណូល​បាន​ខ្ពស់​ផង ស្រាប់​តែ​មក​ចេញ​បម្រាម​ពេល​នេះ ធ្វើ​ឲ្យ​យើង​បាត់បង់​ចំណូល​ជា​ច្រើន​ខុស​ពី​ការ​រំពឹង​ទុក។ ​ខ្ញុំ​គិត​ថា​ ជា​ករណី​ទី​មួយ​សម្រាប់​ប្រទេស​កម្ពុជា”។


ពី​ឆ្វេង​ទៅ​ស្ដាំ លៀក លីដា, ឆាយ បូរ៉ា, ស៊ិន ចន្ទសាយ៉ា, ហ៊ុយ យ៉ាឡេង, ប៉ុល វិបូ

ផលិតករ​ខាង​លើ​បាន​ស្នើ​​ដល់​ក្រសួង​វប្បធម៌ និង​ វិចិត្រ​សិល្បៈ​បើក​ចិត្ត​ឱ្យ​ទូលាយ​ជាង​នេះ​​បន្តិច​ចំពោះ​វិស័យ​ភាពយន្ត​ខ្មែរ​​​បាន​ផលិត និង ​ដាក់​បញ្ចាំង​តាម​រោង​ភាពយន្ត​នានា។ ម្យ៉ាង​ទៀត​លោក​ស្នើ​ឱ្យ​ក្រសួង​វប្បធម៌ ពេល​​​ចេញ​បម្រាម​​លើក​ក្រោយ​​ត្រូវ​មាន​ហេតុផល​ច្បាស់លាស់​ដើម្បី​ឱ្យ​ផលិតករ​​ទទួល​យក​បាន។

គាំទ្រ​នឹង​ការ​លើក​ឡើង​របស់​ លោក ប៉ុល វិបូ ខាង​លើ ផលិតករ និង​ ជា​ចាងហ្វាង LD Picture លោក លៀក លីដា លើក​ឡើង​ថា​ ការ​ធ្វើ​ដូច្នេះ​របស់​ក្រសួង​វប្បធម៌ និង ​វិចិត្រ​សិល្បៈ ​អាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផលិតករ​ដទៃ ហើយ​វិស័យ​ភាពយន្ត​ខ្មែរ​នឹង​មិន​អាច​បោះ​ជំហាន​ទៅ​មុខ​រួច​ទេ។

ផលិតករ​វ័យ​ក្មេង​រូប​នេះ​ បញ្ជាក់​ដូច្នេះ៖ “បង​សួរ! ឱ្យ​កុន​ខ្មែរ​រីក​ចម្រើន​ទៅ​មុខ​ម៉េច​រួច បើ​គ្រាន់​តែ​ប៉ុណ្ណឹង​​ក្រសួង​ចេញ​បម្រាម ធ្វើ​ឱ្យ​គេ​បាត់បង់​ចំណូល​រាប់​ម៉ឺន​ដុល្លារ​​ចឹង”។

​​​លោក លៀក លីដា បន្ត​ថា​ វិស័យ​ភាពយន្ត​របស់​ខ្មែរ​នឹង​ពិបាក​ជ្រៀត​ចូល​ទីផ្សារ​អន្តរជាតិ នា​ពេល​អនាគត ប្រសិន​បើ​ក្រសួង​វប្បធម៌ មិន​ព្រម​ធ្វើ​ឱ្យ​​ប្រសើរ​ជាង​នេះ ជុំ​វិញ​​ធ្វើ​ឱ្យ​ផលិតករ​​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ផលិត​ភាពយន្ត។


ឆ្លើយ​តប​នឹង​ការ​រិះគន់​ពី​សំណាក់​ផលិតករ​ខាង​លើ ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង ​ផ្សព្វផ្សាយ​វប្បធម៌ នៃ​ក្រសួង​វប្បធម៌ និង ​វិចិត្រ​សិល្បៈ ​លោក ស៊ិន ចន្ទសាយ៉ា បាន​ច្រាន​ចោល​ចំពោះ​ការ​លើក​ឡើង​របស់​ផលិតករ​ខាង​លើ។

“ទើប​នឹង​ចេញ​ស្អី បម្រាម​ហ្នឹង​ក្រសួង​​យើង​​ចេញ​តាំង​ពី​មុន​រឿង​​ដាក់​បញ្ចាំង​មក​​ម្ល៉េះ មិន​មែន​ទើប​តែចេញ​ទេ។ យើង​​និយាយ​គ្នា​ច្បាស់​លាស់​ថែម​ទៀត ថា​ក្មេង​អាយុ​ក្រោម​ ១៥ ​ឆ្នាំ​ មិន​អាច​ទស្សនា​បាន​ទេ ហេតុ​អ្វី​មក​ប្រតិកម្ម​នៅ​ពេល​នេះ”។

បម្រាម​របស់​ក្រសួង​វប្បធម៌ និង ​វិចិត្រ​សិល្បៈ​​​​​ហាម​មិន​ឱ្យ​ ក្មេង​អាយុ​ក្រោម ១៥​ ឆ្នាំ​ ចូល​ទស្សនា​ដោយសារ​តែ​​នៅ​ក្នុង​​​ឈុត​ឆាក​ខ្លះ​បង្ហាញ​ ការ​កាប់​សម្លាប់ ព្រៃ​ផ្សៃ រួម​នឹង​ស្នេហា​រោលរាល នាំ​ឱ្យ​ក្មេង​មិន​អាច​ទទួល​យក​បាន។ លោក ស៊ិន ចន្ទសាយ៉ា និយាយ។

ដោយ​ឡែក​ពាក់ព័ន្ធ​នឹង​ការ​​ប្រកាស​ថា បាត់​ចំណូល​ ៤០​ ភាគរយ ​ពី​ការ​ដាក់​បម្រាម​របស់​ក្រសួង​វប្បធម៌ និង ​វិចិត្រ​សិល្បៈ​​ខាង​លើ លោក ស៊ិន ចន្ទ​សាយ៉ា ​ស្នើ​ឱ្យ​ផលិតករ​​រឿង​ ស្បែក​គង់ ​បង្ហាញ​របាយការណ៍​ច្បាស់លាស់ ជា​ជាង​ថា​នឹង​មាត់។

“ខ្ញុំ​សួរ​ថា​ បាត់​ចំណូល ៤០​ ភាគ​រយ​ហ្នឹង បាន​ទិន្នន័យ​មក​ពី​ណា​ ហើយ​មាន​ក្មេង​អាយុក្រោម ១៥​ ឆ្នាំ​ហ្នឹង​ប៉ុន្មាន​នាក់​ចង់​ចូល​ទស្សនា។ កុំ​ចេះ​តែ​ថា កុំ​ចេះ​តែ​និយាយ ត្រូវ​មាន​ទិន្នន័យ​ច្បាស់លាស់​សិន”។ លោក ស៊ិន ចន្ទ​សាយ៉ា បន្ថែម។

យល់ស្របនឹង​ការ​លើក​ឡើង​របស់​មន្ត្រី​ក្រសួង​វប្បធម៌ និង​ វិចិត្រ​សិល្បៈ​ខាង​លើ ផលិតករ និង​ ជា​ចាងហ្វាង​ផលិតកម្ម ដើម​ត្នោត លោក ឆាយ បូរ៉ា និយាយ​ថា ​ការ​ចេញ​លិខិត​របស់​​​ក្រសួង​មិន​មាន​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ទេ​ដល់​រឿង ស្បែក​គង់ទេ។

លោក​បាន​លើក​ឡើង​ថា៖ “ខ្ញុំ​ថា​ដូច​ជា​គ្មាន​អ្វី​ធំដុំ​ទេ​បម្រាម​ប៉ុណ្ណឹង បរទេស​ក៏​គេ​​ចេញ​បម្រាម​ចឹង​ដូច​គ្នា។ ដូច​រឿង បី​កន្លះ​ខ្ញុំ​ចឹង ចាក់​នៅ​ សិង្ហបុរី ក៏​គេ​មិន​អនុញ្ញាត​ឱ្យ​ក្មេង​អាយុ​ក្រោម ១៣​ ឆ្នាំ​ មើលដែរ”។

លោក ឆាយ បូរ៉ា យល់​ថា ​លិខិត​ចេញ​ដោយ​ក្រសួង​វប្បធម៌ និង​ វិចិត្រ​សិល្បៈ​ មិន​​មែន​ជា​បម្រាម​ទេ គឺ​គ្រាន់​តែ​ជា​បទ​បញ្ញត្ត​ ដែល​ផលិតករ​ទូទៅ​ត្រូវ​ដឹង និង​ត្រូវ​អនុវត្ត​ន៍​ពេល​ត្រៀម​ផលិត​ខ្សែ​ភាពយន្ត​និមួយៗ។


ដោយ​ឡែក​អតីត​អ្នក​ដឹក​នាំ​រឿង​ល្បី​ឈ្មោះ​​របស់​ផលិតកម្ម ខេមប្រូ មាន​បទ​ពិសោធន៍​ក្នុង​ការ​ដឹក​នាំ​រឿង​ជាង ១០​ឆ្នាំ និង​ទើប​ប្រឡូក​ចូល​វិស័យ​ភាពយន្ត​វិញ ​លោក ហ៊ុយ យ៉ាឡេង បញ្ជាក់​ថា​ ការចេញ​បម្រាម​ពី​ក្រសួង​វប្បធម៌ និង ​វិចិត្រ​សិល្បៈ មិន​មាន​អ្វី​ខុស​ទេ ព្រោះ​ឈុត​ខ្លះ​ក្នុង​សាច់​រឿង​មិន​អាច​ទទួល​យក​បាន ជា​ពិសេស​ក្មេងៗ​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​ចូល​ទស្សនា​ឡើយ។

លោក ហ៊ុយ យ៉ាង​ឡេង បញ្ជាក់​ថា៖ “ខ្ញុំ​ដឹង​ថា​គាត់​ផលិត​ចង់​ឱ្យ​កុន​ខ្មែរ​ល្អ តែ​ឈុត​សម្ដែង​ក្នុង​សាច់​រឿង​ខ្លះ​ខ្លាំង​ពេក ចឹង​ហើយ​ក្រសួង​ធ្វើ​នេះ​គឺ​ត្រឹម​ត្រូវ​ហើយ”។

តាម​ការ​ឱ្យ​ដឹង​ពី​ លោក ប៉ុល វិបូ ដែល​ជា​​ផលិតករ និង​ ជា​ចាងហ្វាង​ផលិតកម្ម Angkor Picture រយៈ​ពេល ១១ ​ថ្ងៃ ​មក​នេះ​ខ្សែ​ភាពយន្ត ស្បែក​គង់ រក​ចំណូល​បាន​ជាង​ ១៥​ ម៉ឺន​ដុល្លារ ដោយ​សំបុត្រ​លក់​អស់​ក្បែរ ៤​ម៉ឺន​សំបុត្រ។ ខ្សែ​ភាពយន្ត​នេះ​ នឹង​យក​ទៅ​ដាក់​បញ្ចាំង​នៅ​ប្រទេស​ថៃ នា​ថ្ងៃ​ទី ២៣ ខែ​តុលា ខាង​មុខ៕

ប្រភព: sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម